អំពើប្រល័យពូជសាសន៍របស់ខ្មែរក្រហមទៅលើព្រះវិហារកាតូលិកនៅក្នុងប្រទេសកម្ពុជា

សេចក្តីសម្រចនៅក្នុងសំណុំរឿង០០២/០២ របស់សាលាក្តីខ្មែរក្រហមបានផ្តល់​ឱកាស​ដើម្បីគិត ពិចារណាជាចម្បងទៅលើយុត្តិធម៌ ប៉ុន្តែយើងត្រូវតែទទួលស្គាល់ពី​ភាព​ខ្វះខាត និង​ដែន​កំណត់​របស់សាលាក្តីនេះ ដោយមិនបានផ្តល់ឱកាសដល់ជនរងគ្រោះជា​ច្រើន​ចែករំលែក​បទពិសោធន៍ របស់ខ្លួន។

អំពើប្រល័យពូជសាសន៍គឺមិនងាយស្រួលកាត់ទោសនោះទេ។ ការដាក់ទោស​ទណ្ឌ​លើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទាមទារឲ្យមានមូលដ្ឋានច្បាស់លាស់ រួមមាន “ចេតនា” ក្នុងការសម្លាប់ ការផ្លាស់ទីកន្លែងប្រជាជន ដោយផ្តោតលើហេតុផលអត្ត​សញ្ញាណ​ក្រុមជាតិ ជាតិពន្ធុ ពូជសាសន៍ ឬសាសនាជាដើម។ សាលាក្តីខ្មែរក្រហមដែលប្រជាជនទូទៅដឹងឮជាផ្លូវ​ការថា អង្គ​ជំនុំជម្រះ​វិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) មានយុត្តាធិការកាត់ទោស​អំពើ​ប្រល័យ​ពូជសាសន៍លើប្រជាជនដោយផ្តោតលើសាសនា ដូចឧក្រិដ្ឋកម្មដ៏ទៃទៀតដែរ។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាមានយុត្តាធិការដោយព្យាយាមនាំយកជនសង្ស័យដែល បានធ្វើទុកបុកម្នេញលើសាសនាមកកាត់ទោស ដែលច្បាប់នេះ​ស្ថិតនៅ​ក្រោម​​ក្រម​ព្រហ្ម​ទណ្ឌ ឆ្នាំ១៩៥៦ រួមទាំងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិសម្រាប់​ទង្វើទាំងឡាយណា​ដែលបានប្រព្រឹត្តក្នុងទ្រង់ទ្រាយធំធេង ឬជាប្រព័ន្ធ សំដៅប្រឆាំងទៅនឹងប្រជាជនដោយសារ​ហេតុផលសាសនា។

សាលាក្តីខ្មែរក្រហមមានសិទ្ធិអំណាចនាំយកជនសង្ស័យមកកាត់ទោស ដោយសារ​ការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌អនុលោមតាមអនុសញ្ញាក្រុងឡាអេ ឆ្នាំ១៩៥៤ ដែលចែងអំពី​ការការពារសម្បត្តិ​វប្បធម៌​នៅក្នុង​ជម្លោះប្រដាប់អាវុធ។ នៅខណៈពេលដែលកាលៈទេសៈជុំវិញ​ឧក្រិដ្ឋកម្ម​ទាំងនេះត្រូវបានពិភាក្សានៅក្នុង​សេចក្តីសម្រចរបស់អង្គជំនុំជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា ទាក់ទងទៅនឹងពុទ្ធសាសនិក​ និងអ៊ីស្លាមសាសនិកនោះ​ មិនមានការ​លើក​​ឡើង​អំពី​ឧក្រិដ្ឋកម្ម ឬសកម្មភាពទាំងឡាយដែលប្រឆាំងនឹងគ្រិស្តសាសនា ឬអ្នកមានជំនឿ​លើសាសនា​គ្រិស្តឡើយ។

នៅចន្លោះពីខែមករា ឆ្នាំ១៩៧៥ ដល់ ខែមេសា ឆ្នាំ១៩៧៩ ខ្មែរក្រហមបានវាយកម្ទេច​ព្រះវិហារសាសនាគ្រិស្តសំខាន់ជាច្រើន និងបានសម្លាប់គ្រិស្តសាសនិកអស់ជាច្រើននាក់។ ព្រះវិហារកាតូលិកដំបូងនៅទីក្រុងភ្នំពេញ ដែលមានឈ្មោះថា ព្រះមាតា ត្រូវបានវាយបំផ្លាញ និងព្រះវិហារកាតូលិក​នៅភ្នំពេញ ដែលអាចផ្ទុកមនុស្សបានរហូតដល់១០.០០០នាក់ ក៏ត្រូវបាន​ដាក់គ្រាប់បែក​បំផ្លាញដែរ។ មានរឿងរ៉ាវជាច្រើនពីសម័យនោះដែលបានរៀបរាប់ពីព្រះវិហារ​គ្រិស្តដែលត្រូវ​បានបំផ្លាញទាំងស្រុង ហើយមានបុព្វជិតជនជាតិខ្មែរជាច្រើនត្រូវបានសម្លាប់ រួមមាន ចូសេប ច្មារ សាលាស ដែលជា​សង្ឃរាជកាតូលិកជនជាតិខ្មែរនៅកម្ពុជា។

សាលាក្តីខ្មែរក្រហមត្រូវបានកម្រិតជាមួយអ្វីដែលសាលាក្តីនេះអាចធ្វើសម្រាប់ជនរងគ្រោះ។ តុលាការឧក្រិដ្ឋកម្មជាទូទៅមិនមានសំណងសម្រាប់ជនរងគ្រោះទេ ហើយសំណង​ណាមួយ​ដែលសាលាក្តីផ្តល់ឲ្យជារឿយៗគឺជាសំណងបែបនិមិត្តរូបធំធេង។ ការចូលរួមចំណែក​យ៉ាងសំខាន់បំផុតដែលតុលាការជាច្រើនបានផ្តល់ឲ្យគឺការបង្កើតឯកតកម្ម។

ឯកតកម្មរបស់តុលាការផ្តល់ឱកាសឲ្យជនរងគ្រោះនិយាយទៅកាន់ជនជាប់ចោទ ទៅកាន់សាធារណៈ និងក្មេងជំនាន់ក្រោយពីបទពិសោធន៍របស់គាត់ដែលបានឆ្លងកាត់របបខ្មែរ​ក្រហម។ សូម្បីតែជន​រងគ្រោះដែលមិនអាចនិយាយពីរឿងរ៉ាវរបស់ខ្លួនបាន កំណត់ត្រា​របស់​តុលាការ​មានសារសំខាន់ណាស់ ប្រសិនបើសម្រាប់តែគោលបំណងនៃការទទួលស្គាល់​ការឈឺ​ចាប់ជារួម។ ការទទួលស្គាល់រឿងរ៉ាវឈឺចាប់ជា​រួមនៅក្នុងតុលាការ​ផ្តល់នូវការគោរព​ដល់ជនរង​គ្រោះម្នាក់ៗ និងសមាជិកគ្រួសារជនរងគ្រោះដែលនៅរស់រានមានជីវិត ព្រមទាំងផ្តល់ឲ្យអ្នក​ប្រវត្តិសាស្រ្តជាមួយអំណះអំណាងកាន់តែច្រើន​សម្រាប់កិច្ចការងារស្រាវ​ជ្រាវ​​របស់​ខ្លួន ដើម្បី​ពិព័រនានូវហេតុការណ៍ដែលបានកើតឡើង និងមូលហេតុដែលហេតុការណ៍នោះបានកើត ឡើង។

ប៉ុន្តែវាតែងតែមានតុល្យភាពរវាងការបង្កើនទំហំកំណត់ត្រានៃអ្វីដែលបានកើតឡើង និង​មូលហេតុដែលបានកើតឡើងជាមួយនឹងដែនកំណត់នៃប្រភពធនធានរបស់តុលាការ។ សំណួរ​គឺថាតើយើងគួរ​អនុញ្ញាត​​ឲ្យការអភិរក្សធនធានរបស់តុលាការ (ឬហេតុផលផ្សេងទៀតណា​ដែលត្រូវ​បានផ្តល់ឲ្យ) ដើម្បីអនុញ្ញាតឲ្យមានការបង្ហាញមិនគ្រប់គ្រាន់ ឬការបង្ហាញខុសពី​បទពិសោធន៍ពិតប្រាកដរបស់ក្រុម​ជន​រងគ្រោះឬអត់។

ហាក់ដូចជាមានការសង្ស័យតិចតួច ដែលគ្រិស្តសាសនិកត្រូវខ្មែរក្រហមធ្វើទុក្ខមុកម្នេញ។ គ្មានអ្វីដែលគួរឲ្យសង្ស័យឡើយថាគ្រិស្តសាសនាដូចដែលបានបង្ហាញ នៅក្នុងស្ថាបត្យកម្ម ពិធី​បុណ្យ និងទំនៀមទម្លាប់ផ្សេងៗទៀតពីអតីតកាលភាគច្រើនបានបាត់បង់ក្នុងសម័យខ្មែរក្រហម។ សំណួរសំខាន់គឺថា តើគ្រិស្តបរិស័ទត្រូវបានកំណត់គោលដៅដោយផ្អែកលើហេតុផលសាសនា ដូចគ្នា​នឹង​ពុទ្ធសាសនិក​ ឬអ៊ីស្លាមសាសនិកដែរឬទេ។ អង្គជំនុំជម្រះបានរកឃើញថាក្រុមមួយ​ចំនួនត្រូវ​បានខ្មែរក្រហមកំណត់គោលដៅដោយផ្អែកលើភាពខុសគ្នាខាងសាសនា។ អង្គជំនុំជម្រះបាន​រកឃើញថា​ ជនជាតិចាមទទួល​រងការគាបសង្កត់ចំពោះការអនុវត្តខាង​សាសនារបស់ខ្លួន ហើយអ្នកទាំងនេះត្រូវបានធ្វើទុក្ខបុកម្នេញដោយសារជំនឿសាសនា។

អង្គជំនុំជម្រះក៏បានរកឃើញថា ពុទ្ធសាសនិកក៏ត្រូវទទួលរងការធ្វើទុក្ខបុកម្នេញ​ដោយសារ​ការ​ប្រតិបត្តិ​សាសនាដែរ។ ខណៈពេលដែលអង្គជំនុំជម្រះបានរកឃើញថា ​ជន​ជាតិវៀតណាម​ត្រូវ​បាន​កំណត់គោលដៅដោយផ្អែកលើពូជសាសន៍ និងជាតិពន្ធុ អង្គជំនុំជម្រះ​បែរ​ជាមិនធ្វើការ​ស៊ើប​អង្កេត មិន​ពិភាក្សា ​ឬឆ្លើយសំណួរណាមួយ ដែលទាក់ទងនឹងការគោរ​ពជំនឿគ្រិស្តសាសនារបស់​ជនជាតិ​វៀត​ណាម​ទាំងនេះ ការធ្វើទុក្ខបុកម្នេញទៅលើអ្នកដែល​មានជំនឿលើសាសនាគ្រិស្តឡើយ។

ប្រវត្តិសាស្រ្តនៃគ្រិស្តសាសនានៅក្នុងប្រទេសកម្ពុជា មានតាំងពីរាប់រយឆ្នាំមកហើយ។ ក្រុមអ្នកផ្សព្វផ្សាយសាសនាដំបូងបានមកដល់ប្រទេសកម្ពុជានៅសតវត្សរ៍ទី១៦ ហើយអ្នកទាំង​នោះបានចូលរួម ឬគាំទ្រការងារផ្នែកសប្បុរសធម៌ ការងារល្អ វប្បធម៌ និងការសិក្សារៀនសូត្រ។ យើងអាចនិយាយបានថា ការខ្វះការយកចិត្តទុកដាក់ចំពោះការប្រព្រឹត្ដមកលើក្រុមគ្រិស្តបរិស័ទ​គឺអាច​ផ្អែកទៅលើចំនួនតូច​នៃក្រុមគ្រិស្តបរិស័ទដែលមាននៅក្នុងប្រទេសកម្ពុជានៅពេលនោះ។ មានការប៉ាន់ស្មានមួយបង្ហាញថា យ៉ាងហោចណាស់ នៅឆ្នាំ១៩៧០ មានក្រុមកាតូលិកជាង​៦០.០០០នាក់ នៅក្នុងប្រទេសកម្ពុជា។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ប្រទេសកម្ពុជានឹងប្រារព្ធពិធីជាប្រវត្តិសាស្រ្តនៃការបញ្ចប់​ចលនា​​ខ្មែរក្រហម។ នៅថ្ងៃនេះ គឺមានរយៈពេល២០ឆ្នាំកន្លងទៅហើយដែល ខៀវ សំផន និង នួន ជា បានរត់គេចពីខ្មែរក្រហម។ នៅថ្ងៃនោះ ខៀវ  សំផន បានជំរុញឲ្យប្រជាជនកម្ពុជាចាត់​ទុក​ “រឿងរ៉ាវដែលកន្លងហួស ឲ្យវាហួសទៅចុះ” ទាក់ទងនឹងការស្លាប់របស់ប្រជាជនកម្ពុជាជាង​មួយ​លាន​នាក់ ហើយ នួន ជា បាននិយាយថា “សូមទុក (ការស្លាប់នេះ) ឲ្យទៅជាប្រវត្តិសាស្រ្ត។ នេះគឺ​ជា​រឿងចាស់។ សូមទុកវាជារឿងអតីតកាល”។

អតីតកាលមិនដែលស្លាប់នោះទេ។ តាមការពិត​ អតីតកាលនៅតែបន្តឮ នៅក្នុងអ្វី​ដែលយើង ដឹង  គិត និងធ្វើ។ យើងទាំងអស់គ្នាមានកាតព្វកិច្ចមិនភ្លេចអតីតកាលទេ។ យើងមិន​អាច​រំពឹងថាតុលាការនឹងទទួលខុសត្រូវទាំងស្រុងក្នុងការកត់ត្រាអតីតកាលនោះទេ។ យើងត្រូវ​តែបន្តពីចំណុចដែលសាលាក្តីបានចាកចេញពីយើង បានបន្សល់ទុកឲ្យយើង ហើយខិតខំប្រឹង​ប្រែងដើម្បីធានាឲ្យបានថា​ប្រវត្តិ​សាស្ត្រ ដូចដែលបានឃើញតាមរយៈជនរងគ្រោះម្នាក់ៗត្រូវ​បានថែរក្សាទុកសម្រាប់មនុស្សជំនាន់​ក្រោយ។​នៅត្រង់ចំណុចដែលកំណត់ត្រា​របស់តុលាការ​មានកម្រិត មិនពេញលេញ ឬមិនគ្រប់គ្រាន់ យើងត្រូវតែផ្តួចផ្តើមដើម្បីការពារប្រវត្តិសាស្រ្តនេះ ដូច្នេះសំឡេងរបស់ជនរងគ្រោះ​ទាំងអស់​អាចត្រូវបានឮគ្រប់ពេលវេលា។

លោក ឆាំង យុ គឺជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាអង្គការមិនមែន​រដ្ឋាភិបាលឯករាជ្យមួយដែលចងក្រងឯកសារធំបំផុតរបស់ពិភពលោកពីរបបកម្ពុជាប្រជាធិបតេយ្យ។ អង្គការរបស់លោកបានផ្តល់ឯកសារភ័ស្តុតាងជាងកន្លះលានទំព័រទៅឲ្យសាលាក្តីខ្មែរ​ក្រហម។ លោក ឆាំង យុ​ គឺជាម្ចាស់ពានរង្វាន់ណូបែលអាស៊ី ៖ រ៉ាម៉ុន ម៉ាសេស៍សេស៍ នៅឆ្នាំ២០១៨។