ស្ថានភាពស្រ្តីចាមមានគក៌ក្នុងរបបខ្មែរក្រហម

អ្នកស្រាវជ្រាវ៖ ហេន ស្រីនិត គ្រូបង្រៀនឯកទេស៖ អក្សរសាស្រ្តខ្មែរ នៃ វិទ្យាល័យក្រូចឆ្មារ(ខេត្តត្បូងឃ្មុំ)

I.សេចក្តីផ្តើម

     ការគោរព​ប្រពៃណី​ ​សាសនា​ ​ទំនៀមទម្លាប់​របស់​មនុស្ស​ ​ធ្វើឡើង​បែប​ជនជាតិ​ ​និង​ទីកន្លែង​។​ ​ករណី​ស្រាវជ្រាវ​ខាងក្រោម​នេះ​ ​បាន​ផ្ដោត​លើ​ស្រ្តី​សម្រាលកូន​ ​ជនជាតិ​ចាម​ក្នុង​របប​ខ្មែរក្រហម​ ​នៅក្នុង​ស្រុក​ក្រូចឆ្មារ​ ​ខេត្ត​ត្បូងឃ្មុំ​ ​។​

     ភាពមានផ្ទៃពោះរបស់ស្រ្តីជនជាតិចាម ជាសញ្ញាដ៏សំខាន់មួយប្រាប់ដល់បុរសដែលជាប្តីថាត្រូវ តែយកចិត្តទុកដាក់ខ្ពស់ក្នុងការមើលថែប្រពន្ធរហូតដល់ថ្ងៃសម្រាល និង ក្រោយថ្ងៃសម្រាល។ ការចិញ្ចឹមបីបាច់កូនតូចរហូតដល់ធំនឹងក្លាយជាកូនដែលស្តាប់បង្គាប់ឪពុកម្តាយ និង អាចក្លាយជាអ្នកគោរពសាសនាឥស្លាមខ្ជាប់ខ្ជួន រិតតែជាកិច្ចការចម្បងរបស់ឪពុកម្តាយ ព្រោះជាការបង្ហាញប្រាប់អ្នកផ្សេងទៀតថាគ្រួសារខ្លួនចិញ្ចឹមកូនបានល្អនឹងត្រឹមត្រូវ។ ដើម្បីទទួលបានលទ្ធផលជាកូនល្អក្នុងគ្រួសារ ទារកដែលទើបនឹងកើតគឺត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីឪពុកម្តាយនិងសហគមន៍ ព្រោះថាជាក្មេងដែលប្រៀបបាននឹងក្រដាសសមួយសន្លឹក ដែលពុំមានស្នាមប្រឡាក់អ្វីសោះ។ ឪពុករបស់ទារក គឺជាអ្នកដែលបាននិយាយ(សូត្រធម៌សាសនា)ដាក់ត្រចៀកកូនខ្លួនមុនគេបង្អស់ នៅពេលដែលទារកទើបតែបានសម្រាលរួច។ តាមជំនឿរបស់សាសនាឥស្លាមបានបញ្ជាក់ថា ការនិយាយដាក់ត្រចៀកកូនខ្លួនគឺជាសារដ៏មានសារសំខាន់បំផុត ដើម្បីឲ្យកូននោះក្លាយជាអ្នកគោរពប្រណិបត្តិសាសនាឥស្លាមយ៉ាងហ្មត់ចត់ម្នាក់នៅពេលដែលទារកនោះចម្រើនវ័យ និងដើម្បីបង្ហាញអ្នកផងថា ខ្លួនបានបំពេញតួនាទីជាឪពុកម្នាក់ចំពោះកូន។ ចំណែកម្តាយវិញ គឺមានតួនាទីសំខាន់ណាស់ក្នុងការបន្តការចិញ្ចឹមនិងថែរក្សាទារកឲ្យរីកធំធាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះ ការបញ្ជ្រាបការអប់រំបែបសាសនាបន្តិចម្តងៗជាមួយសកម្មភាពប្រចាំថ្ងៃទៅកាន់ទារក ក៏បានប្រព្រឹត្តឡើងជាប្រចាំដែរតាមរយៈការច្រៀងបំពេកូនឲ្យដេក។ ប្រសិនបើឪពុកម្តាយណាម្នាក់ដែលមិនបានផ្តល់ដល់ទារករបស់ខ្លួននូវការផ្តល់ដំបូន្មានបឋមពីពាក្យពេជន៍សាសនាទេ មានន័យថាឪពុកម្តាយនោះបានប្រព្រឹត្តកំហុសឆ្គងដ៏ធំមួយសម្រាប់សាសនាខ្លួនឯង ព្រោះបានធ្វើឲ្យទារកនោះក្លាយជាមនុស្សឥតមានសាសនាច្បាស់លាស់ និងមិនបានធ្វើឲ្យអ្នកផ្សេងទៀតក្នុងសហគមន៍ចាមទទួលស្គាល់ទារកឬក្មេងនោះ ថាជាក្មេងដែលមានសាសនាត្រឹមត្រូវ។

ផែនទីខេត្តត្បូងឃ្មុំ (រូបភាពក្រុមហ៊ុនហ្គូហ្គល)

     ដោយសារតែសង្គមកម្ពុជាមានការផ្លាស់ប្តូរពីមួយជំនាន់ទៅមួយជំនាន់ ការប្រណិប័តន៍សាសនា ទំនៀមទម្លាប់ និងប្រពៃណី ប្រព្រឹត្តឡើងមិនដូចគ្នាឡើយ។ នៅក្នុងរបបខ្មែរក្រហម ការអនុវត្តន៍ប្រពៃណី ទំនៀមទម្លាប់ និងសាសនានានា ត្រូវបានហាមឃាត់ទាំងស្រុង។ ជនណាម្នាក់ដែលហ៊ានបំពានចំពោះគោលនយោបាយរបស់ខ្មែរក្រហម ច្បាស់ជាត្រូវចាប់ខ្លួន និងនាំខ្លួនយកទៅកសាង ឬរៀនសូត្រ ឬផ្លាស់ប្តូរទីលំនៅ ឬកម្ទេចចោល។ តើច្បាប់វិន័យដែលខ្មែរក្រហមបានដាក់ចំពោះប្រជាជនទូទៅ ជាពិសេសជនជាតិឥស្លាម ពិតជាមានប្រសិទ្ធិភាពមែនឬទេ? ហើយតើការហាមឃាត់របស់ខ្មែរក្រហមចំពោះការគោរពសាសនាក្នុងអំឡុងពេលដែលខ្លួនកាន់កាប់អំណាច បានធ្វើឲ្យប៉ះពាល់អ្វីខ្លះដល់ការប្រណិប័តន៍សាសនារបស់ជនជាតិឥស្លាម ជាពិសេសការបញ្ជ្រាបពាក្យពេជន៍សាសនានៅក្នុងបទចំរៀងបំពេកូនរបស់ ស្រី្តជនជាតិឥស្លាម ?
     ដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅពីរឿងរ៉ាវដែលបានកើតឡើង ចំពោះអ្នកប្រណិប័តន៍សាសនាឥស្លាមទាក់ទងនឹងការបំពេកូនតាមរយៈបទចម្រៀងដែលមានលាយឡំនឹងការអប់រំសាសនាឥស្លាម អត្ថបទនេះនឹងលើកយកដំណើររឿងរបស់ស្រី្តជនជាតិឥស្លាមចំនួន២នាក់៖ ១) ស្ថានភាពទូទៅក្នុងពេលមានផ្ទៃពោះក្នុងរបបខ្មែរក្រហម, ២) លក្ខខណ្ឌការងារសម្រាប់អ្នកមានផ្ទៃពោះក្នុងរបបខ្មែរក្រហម, ៣) ការសម្រាលកូនក្នុងរបបខ្មែរក្រហម, ៤) លក្ខខណ្ឌរស់នៅក្រោយការសម្រាលកូន, ៥) ការមើលថែកូន និងការបំពេកូនក្នុងរបបខ្មែរក្រហម និង ៦) ជីវិតក្រោយការដួលរលំនៃរបបខ្មែរក្រហម មករៀបរាប់ដូចខាងក្រោម៖

I. ស្ថានភាពទូទៅនៃជីវិតអ្នកមានផ្ទៃពោះក្នុងរបបខ្មែរក្រហម

     បន្ទាប់ពី​រដ្ឋប្រហារ​របស់​ឧត្តមសេនីយ៍​ ​លន់​ ​នល់​ ​នៅ​ថ្ងៃទី១៨​ ​ខែមីនា​ ​ឆ្នាំ១៩៧០​ ​ប្រជាជន​ខ្មែរឥស្លាម​ភាគច្រើន​ដែល​រស់នៅ​ក្នុង​ស្រុក​ក្រូចឆ្មារ​ ​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ចលនា​ទាមទារ​ឲ្យ​សម្តេច​ព្រះ​ ​នរោត្តម​ ​សីហនុ​ ​ចូល​មកកាន់​តំណែង​ជា​ប្រមុខរដ្ឋ​វិញ​។​ ​កងកម្លាំង​រណសិរ្ស​រួបរួម​ជាតិ​នៅក្នុង​ស្រុក​ក្រូចឆ្មារ​ ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​ ​និង​បាន​គ្រប់គ្រង​ស្រុក​នេះ​ទាំងមូល​ ​បន្ទាប់ពី​បាន​វាយ​ដណ្តើម​យក​ទីតាំង​ជាបន្តបន្ទាប់​ក្នុង​ស្រុក​ក្រូចឆ្មារ​ពី​ការគ្រប់គ្រង​របស់​ ​លន់​ ​នល់​។​ ​នៅ​ឆ្នាំ១៩៧៣​ ​ស្រុក​ក្រូចឆ្មារ​ទាំងមូល​បាន​ធ្លាក់​មក​ក្រោម​ការគ្រប់គ្រង​របស់​ខ្មែរ​រំដោះ​។​ ​នៅពេល​នោះ​ ​ក្រុមសាមគ្គី​ ​ឬ​ក្រុម​ប្រវាស់ដៃ​ ​បាន​ត្រូវ​បង្កើត​ឡើង​ដើម្បី​បង្ហាញ​ពី​ការ​រួបរួម​ដែល​មិន​អាច​បំបែក​បាន​។​ ​នៅ​ឆ្នាំ១៩៧៣​ ​ការរៀបចំ​ប្រជាជន​តាម​ក្រុម​បែប​ថ្មី​មួយទៀត​ត្រូវ​បាន​បង្កើត​ឡើង​។​ ​នោះ​គឺ​ការ​ជា​ការបង្កើត​«​សហករណ៍​កម្រិតទាប​»​ ​ដែល​មាន​សមាជិក​ចំនួន២៥គ្រួសារ​ ​ឬ​តិច​និង​ច្រើនជាង​នេះ​ក្នុង​មួយ​សហករណ៍​។​ ​សមាជិក​សហករណ៍​ទាំងអស់​ត្រូវ​លះបង់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ ​ទុក​តែ​ផ្ទះសម្បែង​តែប៉ុណ្ណោះ​។​ ​ស្រប​ពេលនេះ​ដែរ​ ​នៅ​តាម​ភូមិ​ទូទាំង​ស្រុក​ ​សហករណ៍​ពិសេស​មួយ​ ​ដែល​ហៅថា​ ​«​សហករណ៍​លក់ដូរ​»​ ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​សម្ភារៈ​ផ្សេង​ៗ​ដូចជា​សម្លៀកបំពាក់​ ​គ្រឿងឧបភោគបរិភោគ​ ​និង​ប្រដាប់​ប្រដា​ប្រើប្រាស់​ក្នុង​សហករណ៍​។​ ​

     ក្រោយ​ថ្ងៃ​រំដោះ​ទី១៧​ ​ខែមេសា​ ​ឆ្នាំ១៩៧៥​ ​កម្មាភិបាល​ដែល​ធ្វើការ​នៅក្នុង​ ​“​សហករណ៍​លក់ដូរ​”​ ​ទាំងអស់​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​នាំ​ខ្លួន​មក​ដាក់​នៅក្នុង​មន្ទីរ​សន្តិសុខ​(​គុក​)​ ​ហើយ​ចុងក្រោយ​ត្រូវ​នាំ​យក​ទៅ​សម្លាប់ចោល​ ​ដោយ​ចោទប្រកាន់​ថា​បាន​លួច​ផ្តល់​ស្បៀង​ទៅ​ឱ្យ​ខ្មាំង​ ​ដែល​ជា​កងកម្លាំង​ ​លន់​ ​នល់​។​

     របប​នេះ​គឺ​ចង់​ដឹកនាំ​ប្រទេស​ឱ្យ​ក្លាយ​ ​ជា​ប្រទេស​ដែល​រីកចម្រើន​ខាង​កសិកម្ម​។​ ​ដើម្បី​សម្រេច​បាន​គោលបំណង​នេះ​ ​ខ្មែរក្រហម​បាន​លុបបំបាត់​ទីផ្សារ​ ​វត្តអារាម​ ​សាលារៀន​ ​រហូតដល់​រូបិយវត្ថុ​។​ ​ហើយ​ខ្មែរក្រហម​បាន​បង្កើត​គោលនយោបាយ​កែប្រែ​សង្គម​ទាំងមូល​ ​ដោយ​ការ​ជម្លៀស​ប្រជាជន​ចេញពី​រាជធានី​ភ្នំពេញ​និង​ទីប្រជុំជន​នានា​ ​មកកាន់​ទី​ជនបទ​ដើម្បី​ជ​ម្រុ​ញ​ ​វិស័យ​កសិកម្ម​។​ ​ខ្មែរក្រហម​បាន​ហាមឃាត់​ការប្រើ​ប្រាស់​ភាសា​ទាំងអស់​ ​លើកលែងតែ​ភាសាខ្មែរ​។​ ​ក្រោម​របប​ខ្មែរក្រហម​ ​ប្រជាជន​រស់នៅ​យ៉ាង​លំបាក​វេទនា​មិន​នឹកស្មាន​ដល់​។​ ​ប្រជាជន​ទាំងអស់​ត្រូវ​ស្លៀកពាក់​ខ្មៅ​ជា​របៀប​អ្នកស្រែ​ ​គ្មាន​សិទ្ធិ​សេរីភាព​ ​គ្មាន​ការ​តវ៉ា​។​ ​ក្នុងរយៈពេល៣ឆ្នាំ​ ​៨ខែ​ ​និង២០ថ្ងៃ​ប្រជាជន​ជិត២លាន​នាក់​ ​ប្រហែល១ភាគ៣នៃ​ប្រជាជន​សរុប​បាន​ស្លាប់​ដោយសារ​បាក់កម្លាំង​ ​ការអត់ឃ្លាន​ ​ជំងឺ​ ​និង​ការ​វាយសម្លាប់​។​ ​របប​ខ្មែរក្រហម​ត្រូវ​ផ្តួល​រលំ​ដោយ​កងទ័ព​វៀតណាម​និង​ទ័ព​រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​ ​ ​កម្ពុជា​នៅដើម​ខែមករា​ ​ឆ្នាំ១៩៧៩​។​

     មីង​សា​ទី​ម៉ះ​ ​មាន​អាយុ៦២ឆ្នាំ​ ​មុន​សម័យ​ខ្មែរក្រហម​គាត់​បាន​រស់នៅ​ក្នុង​ភូមិ​ស្វាយឃ្លាំង​។​ ​ពួក​ខ្មែរក្រហម​បាន​ជម្លៀស​គាត់​ទៅ​គីឡូ១៣​ ​(​នៅ​ខាង​បែក​អន្លូង​ ​ស្រុក​ចម្ការលើ​ ​ខេត្ត​កំពង់ចាម​)​។​ ​ក្រោយពី​របប​ខ្មែរក្រហម​បាន​ដួល​រលំ​ទៅ​ ​ក៏​មក​រស់នៅ​ក្នុង​ស្រុក​វិញ​។​ ​សព្វថ្ងៃ​គាត់​ពុំ​ប្រកបការងារ​អ្វី​ឡើយ​គឺ​គាត់​រស់នៅ​ជាមួយ​កូន​ ​៥នាក់​ប្រុស២នាក់​ ​និង​ស្រី៣នាក់​។​ ​

     កាលពី​កុមារភាព​អ្នកមីង​ ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ ​ប្រកបរបរ​ធ្វើស្រែ​ចម្ការ​ ​ពេល​អាយុ​បាន៦ឆ្នាំ​គាត់​ចូលរៀន​នៅ​សាលា​សង្គម​ ​លី​ ​មូសា​ ​(​ក្រោយមក​បាន​ប្តូរ​ឈ្មោះថា​សាលា​សាមគ្គី​)​ ​ដោយ​រៀន​តែ​ភាសា​ចាម​តែប៉ុណ្ណោះ​។​ ​គាត់​ក៏បាន​ឈប់​រៀន​នៅក្នុង​ឆ្នាំ១៩៧០​ ​ពេលនោះ​គាត់​មាន​អាយុ១៣ឆ្នាំ​ ​គាត់​ត្រូវ​នៅផ្ទះ​ ​ហើយ​ម៉ែ​ជា​អ្នក​ចិញ្ចឹម​ដោយ​ប្រកបរបរ​ធ្វើស្រែ​ចម្ការ​ប្រវាស់ដៃ​គ្នា​។​ ​ក្រោយមក​អាយុ១៧ឆ្នាំ​ ​ក៏បាន​រៀបការ​ជាមួយ​អ្នកភូមិ​ ​ឈ្មោះ​ម៉ាន​ ​គាត់​ជា​គ្រូពេទ្យ​។​ ​រៀបការ​បាន​មួយឆ្នាំ​ក៏​ត្រូវ​គេ​ជម្លៀស​ចេញពី​ភូមិ​ ​ដោយ​ប្រាប់​ថា​ចេញ​តែ២​ ​ឬ៣ថ្ងៃ​ ​នឹង​វិលត្រឡប់​មកវិញ​ហើយ​មិនបាច់​យក​សម្លៀកបំពាក់​អ្វី​ ​ឡើយ​។​ ​ក្នុង​ការ​ជម្លៀស​នេះ​គាត់​និង​គ្រួសារ​ ​បាន​ធ្វើដំណើរ​ដោយ​ទូក​តាម​ការ​បញ្ជា​របស់​អង្គការ​ ​រួម​ជាមួយនឹង​ ​បងប្អូន​ខ្មែរ​ដែរ​។​ ​នៅ​អំឡុង​ពេល​ជម្លៀស​នេះ​គាត់​ពុំ​ទាន់​មានកូន​ម្នាក់​ឡើយ​ ​ចំណែក​ក្រុម​គ្រួសារ​របស់​គាត់​ ​ក៏បាន​ទៅ​គីឡូ១៣ទាំងអស់គ្នា​។​ ​តែ​មិនបាន​នៅ​ជួបជុំគ្នា​ឡើយ​ព្រោះ​អង្គការ​បាន​បែងចែក​ការងារ​តាម​មុខ​ព្រួញ​ខុស​ៗ​គ្នា​ ​នៅ​ទីនោះ​អង្គការ​បានឱ្យ​គាត់​ទៅ​កាប់​អុស​ជាមួយ​បងប្អូន​ខ្មែរ​ ​គាត់​បន្ត​ទៀត​ថា​កាប់​អុស​នេះ​គឺ​ពិតជា​ហត់​ណាស់​ ​ព្រោះ​អង្គការ​បែងចែក​មួយ​ក្រុម​ ​តែ២០នាក់​ប៉ុណ្ណោះ​ហើយ​សុទ្ធ​តែ​ស្រី​ៗ​ ​និង​មានតែ​មនុស្ស​ប្រុស​ចាស់​ម្នាក់​សម្រាប់​តែ​សម្លៀ​ង​កាំបិត​។​ ​ទោះបី​ ​ជា​ការងារ​នេះ​ហត់​យ៉ាងណាក៏ដោយ​ ​ក៏​គាត់​មិន​ហ៊ាន​ខ្ជិល​ឬ​ត្អូញត្អែរ​ដែរ​ ​ព្រោះ​ខ្លាច​អង្គការ​សម្លាប់​។​ ​គាត់​មិនសូវ​បាន​ជួប​ប្តី​របស់​គាត់​ទេ​ ​ព្រោះ​ប្តី​របស់​គាត់​មានការ​ងារ​ខុសពី​គាត់​ ​ពោល​គឺ​តាម​ការចាត់តាំង​របស់​អង្គការ​ ​១ខែ​ទើប​គាត់​បាន​ជួប​ប្តី​គាត់​ម្តង​។​ ​គាត់​ធ្វើការងារ​គ្មាន​ពេលសម្រាក​អស់ពី​កាប់​អុស​ក៏​ធ្វើ​ស្រូវ​ទៀត​ ​មួយ​ថ្ងៃ​ៗ​ត្រូវ​ធ្វើការ២ពេល​គឺ​ ​ចាប់ពី​ម៉ោង៦ព្រឹក​រហូតដល់​ម៉ោង១១ព្រឹក​ ​និង​ពី​ម៉ោង១រសៀល​ដល់ម៉ោង៥ល្ងាច​ ​ជួនជា​ពេលខ្លះ​ត្រូវ​ដកសំណាប​ពី​ម៉ោង៧ដល់ម៉ោង១០យប់​ទៀត​ ​គាត់​ថា​ក្នុង​ការ​ដកសំណាប​ពិបាក​ណាស់​ ​ទឹក​ជោគជាំ​ឬ​វា​ត្រូវ​ជាប់​ដី​ច្រើន​ ​ពិបាក​បោក​ ​ជើង​ក៏​ឡើង​ហើម​ ​តែ​រឿង​ហូបចុក​ពុំសូវ​ពិបាក​នោះ​ទេ​ព្រោះ​ខាង​គាត់​សម្បូរ​ស្រូវ​អង្ករ​ ​ពេលខ្លះ​គាត់​បាន​ហូបបាយ​ ​បើ​បបរ​ក៏​មិន​រាវ​ដែរ​។​ ​នៅក្នុង​ឆ្នាំ១៩៧៨​ ​ទើប​គាត់​មានកូន​ជាលើកដំបូង​។​

     លោកយាយសុះ សះ អាយុ៨៦ឆ្នាំ។ កាលពីមុន គាត់បានរស់នៅក្នុងភូមិស្វាយឃ្លាំង តែនៅពេលដែលរបបខ្មែរក្រហម គាត់ត្រូវបានជម្លៀសទៅរស់នៅភូមិប៉ើស ហើយក្រោយពីដួលរលំរបបនេះ ពួកគាត់ក៏បានមករស់នៅក្នុងឃុំស្វាយឃ្លាំងដដែល។ គាត់មានកូន១៥នាក់  សព្វថ្ងៃមានវ័យចាស់ជរាណាស់ទៅហើយ គាត់មិនអាចប្រកបការងារអ្វីឡើយកូនជាអ្នកមើលថែគាត់។

     កាលពីកុមារភាពដល់វ័យចូលរៀន គាត់បានទៅរៀន តែភាសាអារ៉ាប់តែប៉ុណ្ណោះ  គោលបំណង គឺដើម្បីប្រតិបត្តិសាសនា ដែលមានទួន(គ្រូបង្រៀនខាងសាសនាឥស្លាម)ប្រហែល៧ឬ៨នាក់ តែនៅពេលដែលខ្មែរក្រហមគ្រប់គ្រង ទួនក៏ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ទាំងអស់។ ឪពុករបស់គាត់បានស្លាប់តាំងពីគាត់មានអាយុ១២ឆ្នាំមកម្ល៉េះ គាត់នៅត្បាញក្រមាជាមួយម្តាយដើម្បីរកប្រាក់សម្រាប់ផ្គត់ផ្គង់ដល់គ្រួសារ។ នៅពេលដែលមានបាតុកម្មគាត់បានឈប់រៀន គាត់ក៏នៅតែប្រកបត្បាញក្រមាជាមួយម្តាយ ហើយគាត់ក៏ត្រូវក្រោកពីព្រលឹមផងដែរដើម្បីជួយការងារម្តាយរបស់គាត់បានច្រើន។ ក្រោយមកគាត់អាយុ១៨ ក៏បានរៀបការជាមួយអ្នកភូមិ ដែលនៅជិតផ្ទះរបស់ដែរឈ្មោះ យ៉ាទូឡាស់ ប្តីគាត់ជាអ្នកនេសាទនៅតាមដងទន្លេ។ នៅមុនសម័យប៉ុល ពត គាត់មានកូន៥នាក់ តែក្រោយមកគាត់មានកូនទាំងអស់១៥នាក់ តែឥឡូវប្តីរបស់លោកយាយបានស្លាប់បាត់ទៅហើយ។ នៅមុនពេលជម្លៀស ខ្មែរក្រហមបានប្រមូលទូកទាំងអស់ ហើយបែងចែកជាក្រុមតូចៗ ក្នុងក្រុមមានពី១០ទៅ២០ទូកដើម្បីងាយស្រួលក្នុងការបែងចែកទៅតាមតំបន់ ក្រោយមកពួកខ្មែរក្រហមក៏បានប្រាប់ទៅមនុស្សទាំងអស់គ្នាថា ឱ្យឡើងទៅលើទូករបស់គេរៀងៗខ្លួន។ ចំណែកឯរូបគាត់និងគ្រួសារត្រូវចេញដំណើរទៅឈប់នៅភូមិប៉ើស រីឯអ្នកប៉ើស ត្រូវបានអង្គការជម្លៀសទៅកន្លែងផ្សេងទៀត។ ទៅដល់ពួកគាត់បានឃើញមនុស្សរស់នៅទីនោះពាសពេញ តែអ្នកដែលរស់នៅគឺអ្នកដែលត្រូវអង្គការជម្លៀសដូចពួកគាត់ដែរ គាត់បន្ថែមទៀតថាអ្នកដែលមកនៅលើផ្ទះមុនគេនោះគឺប្រជាជនដែលរស់នៅខាងស្វាយរៀង ឬប្រហែលអ្នកខាងព្រៃវែង។ គាត់ពុំសូវមានអារម្មណ៍ភ័យខ្លាចអ្វីឡើយ ព្រោះគាត់ឃើញមានបងប្អូនឥស្លាមដែលអង្គការជម្លៀសទៅប៉ើសជាមួយគាត់ មានប្រហែល២០គ្រួសារដែរ។ នៅពេលដែលគ្រួសារគាត់បានទៅដល់នៅកន្លែងនោះ អង្គការក៏បានបំបែកកូនទាំង៥របស់គាត់ឱ្យទៅធ្វើការតាមមុខព្រួញរៀងៗខ្លួន រីឯប្តីរបស់គាត់អង្គការបានចាត់ឱ្យទៅរកត្រី ដើម្បីផ្គត់ផ្គង់សហករណ៍ដល់ទៅ៤កន្លែង។ ចំណែករូបគាត់វិញដោយអង្គការយល់ថា គ្រួសាររបស់គាត់បានបម្រើអង្គការយ៉ាងច្រើនសន្ធឹកសន្ធាប់ណាស់ទៅហើយ មួយវិញទៀតដោយសាររូបគាត់មានផ្ទៃពោះ៧ខែជាងទៅហើយ ទើបអង្គការមិនបានចាត់តាំងឱ្យគាត់ធ្វើការអ្វីឡើយ។

លោកយាយតាំ សម្ជស្ស រស់នៅឃុំស្វាយឃ្លាំង ធ្លាប់បានឆ្លងកាត់ការសម្រាលកូនក្នុងរបបខ្មែរក្រហម។

     លោកយាយតាំ សម្ជស្ស មានអាយុ៨២ឆ្នាំ។ មុនរបបខ្មែរក្រហមគាត់នៅក្នុងភូមិស្វាយឃ្លាំង តែក្នុងរបបខ្មែរក្រហម អង្គការបានជម្លៀសឱ្យគាត់ទៅរស់នៅកំពង់ក្របី ក្រោយមកក៏ទៅនៅខាងសម្ភាសវិញ ក្រោយពីដាច់របបខ្មែរក្រហមមក គាត់ក៏វិលត្រឡប់មករស់នៅឃុំស្វាយឃ្លាំងដដែលវិញ។ សព្វថ្ងៃគាត់ស្នាក់នៅជាមួយកូនព្រោះគាត់មិនអាចប្រកបការងារអ្វីឬដើរឆ្ងាយបានឡើយ ម្យ៉ាងទៀតគាត់មានជំងឺចុកដៃ ចុកជើង។ គាត់បន្តទៀតថាជំងឺនេះគឺបណ្តាលមកពីគាត់ធ្វើការហួសកម្លាំងក្នុងរបបខ្មែរក្រហម ជាពិសេសគឺធ្វើការធ្ងន់ធ្ងរនៅពេលគាត់ទើបសរសៃខ្ចីនៅឡើយ។ គាត់មានកូន៧នាក់ តែត្រូវស្លាប់ម្នាក់នៅក្នុងរបបខ្មែរក្រហម។

     កុមារភាពរបស់គាត់កំសត់ណាស់ គាត់និយាយបណ្តើរហូរទឹកភ្នែកបណ្តើរ ហើយគាត់បន្ត គាត់ជាក្មេងកំព្រាឪពុកតាំងពីក្មេងមកម្ល៉េះ គាត់មានតែម្តាយប៉ុណ្ណោះដូចនេះជីវភាពរស់នៅរបស់គាត់លំបាកណាស់។ គាត់មានបងប្អូនតែ២នាក់ប៉ុណ្ណោះ ហើយប្អូនរបស់គាត់ត្រូវបានអង្គការខ្មែរក្រហមយកទៅសម្លាប់នៅស្ពឺ ។ គាត់ពុំសូវបានរៀនសូត្រអ្វីឡើយ បានរៀនតែភាសាឥស្លាមបន្តិចបន្តួច ហើយការរៀននោះគឺគាត់បានរៀនតែពេលយប់តែ ពេលថ្ងៃគាត់ត្រូវទៅជួយរកស៊ីម្តាយគឺជាអ្នកត្បាញក្រមា។

II. លក្ខខណ្ឌការងាររបស់ស្រ្តីមានផ្ទៃពោះក្នុងរបបខ្មែរក្រហម

     កំណើតទារកនៅក្នុងសាសនាឥស្លាមត្រូវបានចាត់ទុកថា ជាអំណោយរបស់ព្រះចំពោះស្រ្តី ដូច្នេះសម្រាប់ស្ត្រីមូស្លីម ការពពោះគឺជាឱកាសសំខាន់មួយនៅក្នុងជីវិតរបស់គាត់និងជីវិតគ្រួសារគាត់។ បុរសជាប្តីនិងសមាជិកគ្រួសារខាងស្រ្តីត្រូវយកចិត្តទុកដាក់យ៉ាងល្អបំផុត។ តួយ៉ាងនៅអំឡុងពេលដែលស្រ្តីមានផ្ទៃពោះ    ម្តាយត្រូវថែទាំសុខភាពច្រើនណាស់ ដើម្បីឱ្យមានសុខភាពល្អទាំងម្តាយទាំង កូន។ ហើយដើម្បីឱ្យកូនងាយស្រួលក្នុងការសម្រាលត្រូវផឹកឱសថបុរាណមានដូចជា ថ្នាំបុរាណ       ឬសឈើ ឬសំបកឈើ ផ្សេងៗយកមកដាំផឹកដើម្បីជួយដល់សុខភាពផងដែរ។​ ម្យ៉ាងវិញទៀតស្រ្តីដែលមានផ្ទៃពោះមិនអាចធ្វើការឬលើកអ្វីធ្ងន់ៗបានទេ ព្រោះប្រការបែបនេះអាចឱ្យកូនពុំនៅ​ ឬអាចប៉ះពាល់ដល់កូនយ៉ាងធ្ងន់ធ្ងរ។ ជាពិសេសនោះគឺមិនឱ្យឈោងយកអ្វីដែលខ្ពស់ផុតពីដៃបានឡើយ ព្រោះអាចឱ្យកូននៅក្នុងផ្ទៃរបូតទងសុក បណ្តាលឱ្យស្លាប់នៅក្នុងផ្ទៃ ហើយម្តាយក៏អាចជួបនឹងគ្រោះថ្នាក់រហូតដល់ស្លាប់ក៏មានដែរ។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ស្រ្តីជាម្តាយក៏ដូចជាស្រ្តីផ្សេងទៀតដែរ មានការព្រួយបារម្ភចំពោះសុខភាពរបស់ខ្លួននិងទារករបស់ខ្លួនណាស់ ព្រោះថានៅពេលមានផ្ទៃពោះស្រ្តីជាម្តាយពុំបានសម្រាកឡើយ ហើយត្រូវធ្វើការធ្ងន់ៗ រីឯរបបអាហាររាល់ពេលក៏គ្មានជីវជាតិអ្វីឡើយសម្រាប់ចិញ្ចឹមដល់ទារកក្នុងផ្ទៃ។ ដូចនេះកូនដែលកើតមកអាចមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬមានលក្ខណៈមិនប្រក្រតីដូចជារូបរាងស្គមខុសពីក្មេងទូទៅដែលកើតខុសពីរបបខ្មែរក្រហម។

     តាមមីងសាទីម៉ះ នៅពេលមានផ្ទៃពោះ គឺគាត់ត្រូវធ្វើការដូចធម្មតា មិនបានសម្រាលការងារអ្វីឡើយ គាត់ត្រូវខំប្រឹងធ្វើការមិនហ៊ានឈប់ឡើយព្រោះ​ខ្លាចអង្គការរករឿងយកទៅសម្លាប់ជាដើម។ ម្យ៉ាងវិញទៀតប្រសិនបើទៅធ្វើការរាល់ថ្ងៃ អ្នកកងចល័ត(បងប្អូនខ្មែរ) លួចប្រាប់ពីដំណើរការអង្គការឬរឿងផ្សេងៗទៀតទាក់ទងនឹងការងារ។ ថ្វីដ្បិតតែគាត់មានផ្ទៃពោះជិតគ្រប់ខែក៏ដោយ ក៏គាត់នៅតែធ្វើការធ្ងន់ៗដួចជាស្ទូងស្រូវស្ទើរគ្មានពេលសម្រាក ហើយពេលខ្លះទៀតគាត់ត្រូវកាប់ដើមឈើធំៗតាមការបញ្ជារបស់អង្គការ។ ក្នុងការកាប់ដើមឈើនេះលំបាកណាស់ ព្រោះក្នុងដើមឈើមួយដើម មានអ្នកកាប់សុទ្ធតែស្រីប្រមាណ២០នាក់ ហើយមានតែតាចាស់ម្នាក់ប៉ុណ្ណោះសម្រាប់សម្លៀងកាំបិត។ គាត់បានរៀបរាប់បន្តទៀតថានៅពេលគាត់មានផ្ទៃពោះបាន២ខែ កាត់មានអាការៈចាញ់បន្តិចបន្តួចដែរ តែគាត់មិនហ៊ានឈប់សម្រាកឡើយ គាត់ថាចេះតែទ្រាំពីមួយថ្ងៃទៅមួយថ្ងៃ ​ព្រោះខ្លាចអង្គការចោទថាខ្ជិល ហើយយកទៅសម្លាប់ចោល។ ដល់ចំណុចនេះ គាត់ធ្លាក់ទឹកមុខបន្តិចមកគាត់ក៏បន្ថែមទៀតថា នៅពេលគាត់ពពោះបាន៨ខែ ស្រាប់តែពេលនោះគាត់ត្រូវគេតម្រូវឱ្យទៅព្រៃដើម្បីកាប់ដើមឈើ គាត់ពិបាកក្នុងការដើរណាស់ ព្រោះពោះកាន់តែធំ ហើយត្រូវប្រឹងដើរឱ្យទាន់គេ ខ្លាចសត្វសាហាវដែលរស់នៅក្នុងព្រៃ មកខាំស៊ីគាត់។ គាត់ត្រូវធ្វើដំណើរកាត់ភ្នំ ហើយត្រូវតោងវល្លិ៍ធំៗ ដើម្បីឡើងលើភ្នំទើបរកបានឈើធំៗល្អៗ។ ក្នុងការធ្វើដំណើរនេះ អង្គការបានវេចខ្ចប់អង្ករសម្រាប់ដាំហូបនៅក្នុងព្រៃតែម្តង ពេលល្ងាចទើបត្រឡប់មកវិញ។ គាត់បន្តទៀតថាទីតាំងដែលគាត់ត្រូវបានគេជម្លៀសនេះ ពុំសូវមានការខ្វះខាតរឿងអង្ករប៉ុន្មានទេ អាចហូបបាយបានខ្លះ យ៉ាប់តែម្យ៉ាងប៉ុណ្ណោះគឺធ្វើការច្រើនលើសលុបគ្មានពេលសម្រាក។ ពេលគាត់គ្រប់ខែ គាត់ក៏បានទៅប្រាប់អង្គការ ដើម្បីសុំឈប់សម្រាកដើម្បីសម្រាល ពេលនោះអង្គការមិនបានថាអ្វីទេ ព្រោះគេឃើញគាត់ប្រឹងធ្វើការមិនហ៊ានឈប់ ទើបយល់ព្រមអនុញ្ញាតឱ្យបែបនេះ។ គាត់និយាយថាការងារនេះធ្ងន់ណាស់ វាមិនសមស្របជាមួយអ្នកមានកូនដូចជារូបគាត់នេះឡើយ តែគាត់ថាត្រូវតែទ្រាំ ព្រោះខ្លាចតែម្យ៉ាងគឺខ្លាចគេយកទៅសម្លាប់ ធ្វើការមួយថ្ងៃដើម្បីតែរស់មួយថ្ងៃ គាត់ពុំបានគិតអ្វីច្រើនឡើយដោយសារភាពភ័យខ្លាចពេករហូតដល់ពេលខ្លះភ្លេចឈឺទៀតក៏មាន។ គាត់និយាយថាដូចជាសំណាងល្អដែរដោយបានព្រះជួយថែរក្សា កូនគាត់មិនបានធ្វើបាបគាត់ឡើយ ហើយបញ្ហាសុខភាពរបស់គាត់មិនមានបញ្ហាអ្វីធំដុំឡើយ គ្រាន់តែមិនស្រួលខ្លួនដូចជាផ្តាសាយបន្តិចបន្តួច គាត់ក៏បានទៅសុំថ្នាំអង្គការមកលេប ពោលគឺថ្នាំអាចម៍ទន្សាយ។ គាត់បន្តទៀតថាគាត់មិនហ៊ានឱ្យគេចាក់ឡើយ ទោះបីឈឺប៉ុណ្ណាក៏ដោយ ព្រោះគាត់ធ្លាប់ឃើញអ្នកនៅកងចល័តជាមួយគ្នានោះ គេបានទៅចាក់ថ្នាំស្រាប់តែទៅជាហើមប៉ោង ហើយស្រែកយំរាល់ពេល។ ពេលផឹកថ្នាំអាចម៍ទន្សាយនោះ មិនដឹងថាមានប្រសិទ្ធភាពឬអត់ទេ ចេះតែផឹកទៅៗយូរទៅៗក៏បាត់(គាត់សើច)។ នៅក្នុងអំឡុងពេលគាត់មានកូន គាត់មិនបានពិសាថ្នាំបុរាណអ្វីសោះឡើយ តែមានយាយឆ្មបគាត់ចិត្តល្អហើយឧស្សាហ៍ហៅគាត់ឱ្យទៅជួបគាត់ ដើម្បីឱ្យគាត់បានជួយកាយពោះនិងជួយតម្រង់ក្បាលកូនឱ្យផងដែរ។ លោកយាយឆ្មបនោះគឺអង្គការបានប្រមូលមកពីភូមិផ្សេងៗគ្នា ដោយក្នុងមួយភូមិមាន៤-៥នាក់ ដើម្បីជួយសម្រួលដល់អ្នកមានផ្ទៃពោះ។

     លោកយាយសុះ សះ គាត់មិនមានធ្វើការអ្វីឡើយ ដោយគាត់ពេលគេជម្លៀសនោះគឺគាត់មានកូនជិតគ្រប់ខែដែរហើយ គឺគាត់ពិបាកតែរឿងម្យ៉ាងតែប៉ុណ្ណោះ គាត់ត្រូវធ្វើដំណើរតាមទូកតាមការបញ្ជារបស់អង្គការដែលត្រូវចាត់តាំងឱ្យផ្លាស់ប្តូរកន្លែងរស់នៅ។ នៅពេលគាត់មកដល់ប៉ើស អង្គការរកកន្លែងសម្រាកហើយបានទៅនៅក្រោមផ្ទះរបស់បងប្អូនខ្មែរ។ ពេលនោះដែរកូនៗទាំង៥របស់គាត់ត្រូវអង្គការចាត់ចែងការងារឱ្យធ្វើរៀងៗខ្លួន រីឯប្តីរបស់គាត់ត្រូវអង្គការចាត់ទៅរកត្រីដើម្បីយកមកផ្គត់ផ្គងសហករណ៍៤  កន្លែង។ ចំណែករូបគាត់វិញអង្គការមិនបានចាត់តាំងឱ្យធ្វើអ្វីឡើយ ដោយគាត់មានពោះកាន់តែធំ ហើយម្យ៉ាងដោយក្រុមគ្រួសារគាត់ទាំងមូលបានជួយដល់អង្គការច្រើនណាស់ទៅហើយ ទើបអង្គការមិនបានចាត់ចែងឱ្យគាត់ត្រូវធ្វើការបែបនេះ។ គាត់បន្តទៀតថាក្នុងអំឡុងពេលគាត់មានផ្ទៃពោះ គាត់មិនបានហូបឬសឈើអ្វីឡើយ។

     លោកយាយតាំ សម្ជស្ស នៅពេលគាត់មានផ្ទៃពោះគាត់ត្រូវធ្វើការដូចមុន គឺត្រូវបុកស្រូវ ដើម្បីយកអង្ករសម្រាប់ផ្គត់ផ្គង់ដល់រោងបាយ ហើយនៅពេលដែលគាត់បុកស្រូវរួចមុនម៉ោងកំណត់គឺគេឱ្យគាត់ថែមមួយល្អីទៀត តែបើគាត់បុកមិនរួចវិញ គេថាគាត់ជាមនុស្សខ្ជិល ធ្វើការមួយៗ។ នៅពេលដែលគាត់ជិតដល់ថ្ងៃសម្រាល គាត់ក៏បានទៅសុំអង្គការសម្រាក តែអង្គការស្រែកខ្លាំងតបគាត់វិញថា គាត់និយាយកុហក គឺដើម្បីចង់ឈប់ពីការងារយូរតែប៉ុណ្ណោះ តែគាត់ប្រាប់វិញថាគាត់មិនបានកុហកទេ ហើយគាត់ថែមថាគាត់ស្បថទៀតផង ដោយគាត់និយាយបែបនេះ ទើបអង្គការអនុញ្ញាតឱ្យគាត់សម្រាក។ ពិតជាសំណាងណាស់ដែលកូនគាត់មិនមានបញ្ហាច្រើននោះទេ ទោះបីគាត់បានធ្វើការធ្ងន់បែបនេះក៏ដោយ តែគាត់ធ្លាប់មានបញ្ហាតិចតួចដែរដូចជាឈឺចង្កេះ ចុកពោះម្តងដែរនៅពេលគាត់កំពុងបុកស្រូវស្រាប់តែគាត់ទប់ដងអង្រែមិនជាប់ ក៏បុកត្រូវពោះគាត់ ពេលនោះកូនគាត់ជិតគ្រប់ខែដែរហើយ ជាសំណាងល្អរបស់គាត់ដែលមិនមានបញ្ហាធ្ងន់ធ្ងរ គាត់អង្គុយមួយស្របក់មកក៏ធម្មតាវិញ។ ការងារបែបនេះសម្រាប់រូបគាត់មានកូនបែបនេះ ពិតជាប៉ះពាល់សុខភាពគាត់ធ្ងន់ធ្ងរណាស់ដូចជា ក្រោយពីរបបនេះដួលរំលំ គាត់ធ្វើការអ្វីពុំសូវបានឡើយ សូម្បីតែដើរក៏មិនបានឆ្ងាយដែរ គាត់ឈឺជាប្រចាំ ហើយដៃជើងរបស់គាត់ចុកស្រពន់អស់ហើយ កាន់អ្វីៗក៏មិនសូវជាប់ដែរ។ ពេលគាត់ពរពោះនោះគាត់ពុំបានពិសាឱសថបុរាណអ្វីឡើយ ព្រោះធ្វើការគ្មានពេលសម្រាក។

III.ការសម្រាលកូនក្នុងរបបខ្មែរក្រហម

     ការសម្រាលកូនជារឿងមួយដ៏សំខាន់និងធំជាងគេក្នុងជីវិតរបស់ស្រ្តីជាម្តាយ។ ទោះបីយ៉ាងណាក៏ដោយ សម្រាប់ស្រ្តីជាម្តាយ កូននាំមកនូវសុភមង្គលដល់ជីវិតរបស់គាត់ ព្រោះគាត់យល់ថាទារកថ្មីគឺជាជីវិតថ្មីដែលជាក្តីសង្ឃឹមនិងជាចំណងស្នេហារវាងគាត់និងប្តីរបស់គាត់។ តាមរយៈការសម្ភាសន៍បានឱ្យដឹងថាស្រ្តីជាម្តាយនៅមុននិងក្រោយពេលសម្រាលកូន គឺចង់ឱ្យមានការជួយជ្រោមជ្រែងនិងការយកចិត្តទុកដាក់ពីប្តី តែការសម្រាលកូនរបស់គាត់ពុំមានវត្តមានប្តីរបស់គាត់មកមើលថែឬមកសួរសុខទុក្ខគាត់ឡើយ ព្រោះខាងអង្គការមិនអនុញ្ញាត ហើយត្រូវធ្វើការតាមមុខព្រួញតាមការបញ្ជារបស់ពួកខ្មែរក្រហម   សូម្បីតែការសម្រាលកូនរបស់គាត់ ក៏ប្តីរបស់គាត់ពុំបានដឹងឡើយ។

     នៅពេលសម្រាលមានយាយឆ្មប៥នាក់ សម្រាប់ជួយគាត់តែសុទ្ធជាបងប្អូនខ្មែរទាំងអស់។ យាយឆ្មបម្នាក់ជាអ្នកដាំទឹកសម្រាប់លាងសម្អាតនិងលាងកូនឱ្យផងដែរ តែរឿងប្រដាប់ប្រដាដូចជាកន្ត្រៃជាដើម គាត់មិនដឹងថាស្អាតឬមិនស្អាតឡើយ ព្រោះពេលនោះគាត់ឈឺពោះខ្លាំងពេក ពុំបានពិនិត្យឱ្យបានហ្មត់ចត់ឡើយ។ ការសម្រាលនោះពុំមានបញ្ហាអ្វីឡើយ ព្រោះឆ្មបបានជួយសម្រាល ព្រមទាំងបានសម្អាត។ គាត់បន្ថែមទៀតថាគាត់ពុំសូវបានដឹងរឿងនេះប៉ុន្មានទេ​ ព្រោះនេះជាកូនដំបូងរបស់គាត់ គាត់ចេះតែធ្វើតាមអ្វីដែលឆ្មបប្រាប់ ចំណែកឯកូនក៏កើតមកស្រួលធម្មតា។ នៅពេល សម្រាលនោះ ប្តីគាត់មិនបានដឹងអ្វីឡើយ ម្យ៉ាងអង្គការក៏មិនឱ្យប្តីគាត់មកមើលប្រពន្ធឡើយ ព្រោះត្រូវបំពេញភារកិច្ចតាមមុខព្រួញរៀងខ្លួន។

     ចំណែកយាយម្នាក់ទៀតឈ្មោះ សុះ សះ ក៏បានសម្រាលកូន នៅក្នុងរបបខ្មែរក្រហមដែរ គាត់និយាយថា គាត់មិនមានគ្រួសារនៅជាមួយឡើយ ជាសំណាងល្អគាត់បានអ្នកនៅលើផ្ទះមានចិត្តជួយសម្រាលឱ្យគាត់។ ពេលគាត់ឆ្លងទន្លេ គាត់មានតែសំពត់អាវនិងក្រមា ហើយគាត់បានហែកក្រមាពាក់កណ្តាលមកបិតបាំងខ្លួនគាត់ ឯពាក់កណ្តាលទៀត គាត់ទុកយកទៅរុំកូនរបស់គាត់ ហើយនិងកន្ត្រៃមួយតែប៉ុណ្ណោះ។ ក្នុងការសម្រាល គាត់ថាមិនសូវពិបាកអីប៉ុន្មានទេ ដោយគាត់គិតថាព្រះជាម្ចាស់បានជួយ ទើបគាត់ពុំមានការឈឺចុកចាប់អ្វីឡើយ។ អ្នកដែលបានជួយសម្រាលដល់គាត់ គឺបងប្អូនខ្មែរដែលរស់នៅលើផ្ទះនោះ គាត់បន្ថែមថាអ្នកជួយសម្រាលនោះមិនមែនឆ្មបនោះឡើយ តែចេះតែជួយគាត់ទៅ។

​     ចំណែកលោកយាយ តាំ សម្ជស្ស និយាយថាការពពោះរបស់លោកយាយចាប់ពីមានផ្ទៃពោះរហូតជិតសម្រាលពុំដែលបានឱ្យឆ្មបពិនិត្យ ឬកាយពោះម្តងណាឡើយ គឺគាត់ត្រូវធ្វើការតាំងពីថ្ងៃរហូតដល់ព្រលប់ទើបបានសម្រាក សូម្បីតែការហូបចុកក៏មិនគ្រប់គ្រាន់ដែរ។ នៅក្រោយពេលសុំសម្រាកតែពីរបីថ្ងៃគាត់ក៏ឈឺពោះកើតកូន នៅក្រោមផ្ទះពួកមូលដ្ឋានចាស់ ជាបងប្អូនខ្មែរ។ ឆ្មបដែលជួយសម្រាលឱ្យកូនគាត់នោះគឺបងប្អូនខ្មែរ ហើយក្នុងការសម្រាលនោះទៀតសោតពុំមានប្រដាប់ប្រដាអ្វីច្រើននោះឡើយ គឺមានតែកន្ត្រៃ១និងសំពត់មួយតែប៉ុណ្ណោះ។ គាត់ឃើញគេដាំទឹកយកមកលាងសំអាតឱ្យកូនគាត់និងរូបគាត់ផងដែរ តែការសម្អាតនោះមិនដឹងថាស្អាតឬក៏អត់ទេព្រោះគាត់រវល់តែឈឺមិនដឹងដែរ ប៉ុន្តែគាត់ថាដូចមិនមានបញ្ហាអ្វីឡើយ។ នៅថ្ងៃសម្រាលនោះ ប្តីរបស់គាត់បានមកមើលគាត់ដែរ តែអង្គការបានដេញប្តីរបស់គាត់ឱ្យវិលត្រលប់ទៅធ្វើការងាររបស់ខ្លួនវិញ។ គាត់ថានៅពេលសម្រាលនោះគ្មានបងប្អូនណាជួយមើលឡើយ ព្រោះគាត់មានតែម្តាយ និងបងប្អូន២ម្នាក់ ហើយប្អូនគាត់របស់ត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់បាត់ទៅ ហើយនៅសល់តែគាត់ម្នាក់ប៉ុណ្ណោះ។ ដូច្នេះអ្នកដែលអាចជួយគាត់ក្នុងការសម្រាលកូននោះ មានតែពួកមូលដ្ឋានអ្នកជិតខាងរបស់គាត់។

IV.លក្ខខណ្ឌរស់នៅក្រោយពេលសម្រាល

     ស្រ្តីក្រោយពីសម្រាលកូនរួច ត្រូវការមើលថែទាំយកចិត្តទុកដាក់ពីសំណាក់គ្រួសាររបស់ខ្លួន ព្រោះថាស្រ្តីដែលទើបឆ្លងទន្លេរួច ត្រូវអាំងភ្លើងដើម្បីឱ្យសាច់របស់ស្រ្តីស្អាតនិងនៅចាំមិនហើម។ ជាទូទៅស្រ្តីត្រូវអាំងភ្លើងចំនួន១ខែដើម្បីឱ្យស្បូនវារួញទៅវិញដូចធម្មតា ហើយស្រ្តីអាចទៅធ្វើការធ្ងន់បានក្រោយការសម្រាលបាន១ឆ្នាំ ចំណែកការងារស្រាលៗក្រោយពីការសម្រាល៦ខែ។  តែភាគច្រើនស្រ្តីដែលឆ្លងទន្លេនៅក្នុងរបបកម្ពុជា  នតេយ្យ ស្រ្តីបានអាំងភ្លើងតែ្ងន់ធ្ងរ ហើយគ្មានពេលមកមើលថែួន ព្រោះថាស្រ្តីដែលទើបឆ្លងទន្លេរួច ត្រូវអាំងភ្លើងដើម្បីឱ្យសាច់របស់សប្រជាធិបតេយ្យ បានអាំងភ្លើងតែ៥ថ្ងៃប៉ុណ្ណោះ ហើយត្រូវទៅធ្វើការស្រាលដូចជាមើលថែទាំកូនក្មេងៗពី៥ទៅ២០នាក់ ពេលដែលសម្រាលកូនបាន១ខែឬ២ខែ។ ចំណែកឯស្រ្តីខ្លះសម្រាលបានតែ២ខែប៉ុណ្ណោះត្រូវឱ្យទៅធ្វើការធ្ងន់ៗ ហើយគ្មានពេលមកមើលថែទាំកូនគាត់ទៀត។ ការធ្វើការងារយ៉ាងឆាប់រហ័សបែបនេះ ទោះបីជាការងារមើលក្មេងក៏ដោយ វាក៏អាចមានបញ្ហាដល់សុខភាពរបស់ស្រ្តីជាម្តាយផងដែរ កុំថាឡើយដល់ធ្វើការធ្ងន់ធ្ងរទៀតនោះ។ ក្រោយពីសម្រាលកូនរួច ស្រ្តីជាម្តាយត្រូវការអ្នកថែទាំយ៉ាងយកចិត្តទុកបំផុតពីសំណាក់ក្រុមគ្រួសាររបស់ខ្លួន ព្រោះស្ត្រីសម្រាលរួចមានសភាពទន់ខ្សោយនិងអស់កម្លាំង ពេលសម្រាលត្រូវបាត់បង់ឈាមច្រើន ដូច្នេះស្រ្តីទើបសម្រាលត្រូវបរិភោគច្រើន ដើម្បីមានកម្លាំងឡើងវិញ។ តាមការសម្ភាសន៍ជាមួយស្រ្តីចាមអ្នកឆ្លងទន្លេត្រូវការអង្ករ៣ទៅ៤កំប៉ុងក្នុងមួយថ្ងៃសម្រាប់ហូប ព្រោះគាត់ហាក់ដូចប្រហោងពោះខ្លាំងណាស់ ពេលខ្លះគាត់ហូបបាយទើបតែរួចសោះ ក៏ស្រាប់តែឃ្លានទៀតក៏មាន ប៉ុន្តែអង្គការឱ្យគាត់២កំប៉ុងតែប៉ុណ្ណោះសម្រាប់មួយថ្ងៃ គាត់ថាហូបមិនសូវឆ្អែតទេ បើតាមគាត់ឃ្លានគាត់ហូបតែ១ពេលអស់ហើយ។ ចំណែកឯម្ហូបវិញត្រូវបរិភោគឱ្យបានច្រើន ដោយសាសនាឥស្លាមមិនអាចហូបសត្វជ្រូកបាន ដូច្នេះគាត់អាចពិសារសាច់គោឬសាច់ត្រីឱ្យច្រើន ដើម្បីឱ្យរាងកាយរបស់គាត់មានកម្លាំងនិងឆាប់វិលមករកសភាពដើមវិញ។ ក្នុងរបបនោះរឿងម្ហូបអាហារពុំសូវមានច្រើន សម្រាប់ឱ្យស្រ្តីហូបច្រើននោះទេ តំបន់ខ្លះមិនដែលបានត្រីហូបឡើយ បានតែបាយជាមួយអំបិល រីឯតំបន់ខ្លះបានត្រីហូប នេះចាត់ទុកថាមានសំណាងហើយ។ ចំពោះស្រ្តីដែលទើបសម្រាលកូនរួច ពុំអាចឱ្យបរិភោគបន្លែច្រើនពេកទេព្រោះវាអាចឱ្យរាគជាដើម ជាទូទៅអ្នកស្រុកហៅថាទាស់ចំណី។ ជាពិសេសទាក់ទងទៅនឹងអារម្មណ៍វិញ ស្រ្តីសម្រាលកូនត្រូវថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្តី ហើយមិនត្រូវឱ្យស្រ្តីមានអារម្មណ៍ភ័យខ្លាច ឬតានតឹងពេកឡើយ ព្រោះវាអាចបណ្តាលឱ្យគាត់កើតជំងឺទាស់រាំរ៉ៃ។ ស្រ្តីសម្រាលកូនរួចនៅរបបខ្មែរក្រហមពុំមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រួសារឡើយ គាត់ត្រូវរស់នៅយ៉ាងក្រៀមក្រំ នៅក្នុងសភាពភ័យខ្លាច គេយកទៅសម្លាប់ទាំងម្តាយទាំងកូន។

     មីងសាទីម៉ះ ក្រោយពីបានសម្រាលកូនរួច គាត់បានអាំងភ្លើងបានចំនួន៥ថ្ងៃ ដោយមានការរៀបចំ ពីលោកយាយឆ្មប។ ភ្លើងដែលយកមកសម្រាប់អាំងអ្នកសម្រាលកូនរួចនេះ មិនបានធ្យូងអ្វីឡើយ មានតែអុសធម្មតាដែលមានផ្សែង ធ្វើឱ្យហូរទឹកភ្នែកហើយ ក្តៅខ្លាំង តែគាត់ថាចេះតែទ្រាំ។ គាត់បានក្មួយស្រីខាងប្តីរបស់គាត់មកជួយមើលផងដែរ អំឡុងគាត់អាំងភ្លើង ព្រោះកាលនោះអង្គការបានអនុញ្ញាតឱ្យបងប្អូនឱ្យជួយមើលថែ ហើយក្មួយនោះស្ថិតនៅក្នុងវ័យកុមារភាព អាចជួយការងារស្រាលៗមួយចំនួនផងដែរ។ ក្នុងអំឡុងពេលនោះគាត់បានហូបឬសឈើនិងសំបកឈើមួយចំនួន លោកយាយឆ្មបគាត់បានរៀបចំដាំឱ្យផឹក ហើយក្រោយមកប្តីគាត់ក៏យកឬសឈើមួយចំនួនដែលជួយដល់អ្នកសរសៃខ្ចី។ គាត់មិនសូវបានមកជួបគ្នាទេ ប្តីគាត់ត្រូវធ្វើការតាមមុខព្រួញដែលអង្គការតម្រូវឱ្យធ្វើ ហើយគាត់បានមកជួបតែមួយភ្លែតតែប៉ុណ្ណោះ ទោះបីប្រពន្ធគាត់ឆ្លងទន្លេក៏ដោយ ពុំបានមើលថែអ្វីឡើយ។ ក្រោយពីអាំង    ភ្លើងបាន៥ថ្ងៃមក អង្គការបានឱ្យគាត់ទៅធ្វើការថ្មីមួយទៀត គឺឱ្យគាត់ទៅមើលថែកូនក្មេងតូចៗ ចំនួន១០នាក់រួមទាំងកូនរបស់លោកយាយផងដែរ គាត់មើលតាំងពីម៉ោង៥ព្រឹក រហូតដល់ម៉ោង៦ល្ងាចទើបម្តាយរបស់ពួកគេយកកូនត្រលប់ទៅផ្ទះវិញ។ គាត់បន្តទៀតថាការងារដែលធ្វើនេះមិនធ្ងន់ធ្ងរឬពិបាកអ្វីឡើយ ហើយគាត់ក៏មិនបានទាស់អ្វីឡើយ កូនរបស់គាត់ក៏មិនដែលឈឺនាំឱ្យគាត់ពិបាកឡើយ គឺចេះតែសុខសប្បាយរហូត។ គាត់មើលកូនក្មេងបណ្តើរ ក៏នៅតែផឹកទឹកថ្នាំឬសឈើបណ្តើររហូតដល់ទៅ៧ខែ ទើបគាត់ត្រូវផ្លាស់ប្តូរការងារដូចដើមវិញ។ រីឯអាហារដែលលោកយាយហូបក្នុងពេលអំឡុងពេលសម្រាលនោះ គឺត្រីអាំង ដោយខាងរោងបាយហុចត្រីស្រស់ៗឱ្យគាត់យកទៅប្រឡាក់សម្រាប់ហូបខ្លះដែរ ពុំសូវជាអត់ប៉ុន្មានទេ។ គាត់បានមើលថែកូនគាត់ដិតដល់។

     លោកយាយសុះ សះ ក្រោយពីសម្រាលកូនរួចគាត់បានអាំងភ្លើងបាន២-៣ថ្ងៃដែរ ប៉ុន្តែពុំមានធ្យូងឡើយ គឺបានត្រឹមតែអុសធម្មតា ហើយអ្នកខាងលើផ្ទះរបស់គាត់ជាអ្នករៀបចំឱ្យទាំងអស់ សូម្បីតែសំបកថ្នាំ ឬឫសឈើមួយចំនួនក៏គាត់ជាអ្នករកឱ្យដែរ (គាត់សរសើរពីអ្នកដែលបានជួយគាត់នៅពេលនោះរហូត)។ ប៉ុន្មានថ្ងៃក្រោយមក គាត់ក៏ត្រូវចេញពីប៉ើសដោយធ្វើដំណើរតាមទូក ស្រាប់តែជួបនឹងភ្លៀង។ នៅពេលគាត់មកដល់ផ្ទះវិញ ស្រាប់តែខ្លួនគាត់ក្តៅផងរងាផង ពេលនោះគាត់គិតថាប្រហែលជាខ្លួនមិនរស់ទេ ព្រោះម្តងក្តៅ ម្តងរងា(គាត់និយាយលាយទឹកភ្នែក ហើយគាត់ក៏ស្រែកថាគាត់អរគុណព្រះជាម្ចាស់ដែល    ឱ្យជីវិតគាត់រស់នៅ)។ នៅពេលគាត់មានអាការៈបែបនេះ ស្រាប់តែបងប្អូនខ្មែររស់នៅខាងលើផ្ទះ យកដបប៉ុនកដៃឱ្យគាត់ផឹក គាត់ពុំដឹងថាជាអ្វីឡើយ តែគាត់មិនចេះផឹកឡើយគ្រាន់តែយកដបស្រាប៉ុនមេដៃដាក់ចូលក្នុងមាត់ភ្លាម គាត់ក៏ក្អួតចេញមកទាំងអស់ភ្លាម ក្រោយមកទើបគាត់ដឹងថាដបនោះជាស្រាសម្រាប់អ្នកទាស់សរសៃ។ អ្នកដែលយកដបស្រាមកឱ្យ ឃើញបែបនេះក៏ទៅរកសំបកឈើនិងជីកមើមថ្នាំ ហើយដាំឱ្យគាត់ផឹក គាត់ក៏មានអារម្មណ៍ធូរស្បើយជាងមុន។ ក្រោយពីសម្រាលរួច អង្គការបានឱ្យទៅមើលក្មេងចំនួន១០នាក់រួមនឹងកូនរបស់គាត់ផងដែរ តែមានស្ត្រីដែលមានវ័យប្រហាក់ប្រហែលគាត់និងជាអ្នកទើបសម្រាលកូនចំនួន២នាក់ទៀតជួយមើលថែក្មេងទាំងនោះដែរ ពេលគាត់មានតួនាទីជាអ្នកដាំបបរ ហើយបញ្ចុកកូនក្មេងទាំងនោះគ្រប់ៗគ្នា គាត់ក៏ត្រូវយកទឹកដោះរបស់គាត់ទៅបំបៅកូនក្មេងផ្សេងៗទៀតផងដែរ។ បើតាមសាសនាឥស្លាម ការបំបៅកូនអ្នកដទៃគឺខុសទៅនឹងប្រពៃណី បើចង់ឱ្យកូនគេបៅត្រូវសុំអនុញ្ញាតពីស្វាមីសិន តែដោយខ្មែរក្រហមត្រូវបង្ខំបែបនេះ ទើបគាត់ធ្វើតាម តែក្រោយពីត្រលប់មកវិញ គាត់ក៏សុំខមាទោសពីស្វាមី ហើយស្វាមីគាត់ក៏មិនប្រកាន់ខឹងអ្វីដោយគេជាអ្នកបង្ខំ។ នៅពេលគាត់ចាស់ខែថ្ងៃមក អង្គការបានចាត់តាំងឱ្យគាត់ជាអ្នកយកខោអាវជ្រលក់មាក់ក្លឿ ព្រោះអង្គការតម្រូវឱ្យប្រជាជនទាំងអស់ត្រូវស្លៀកពាក់ពណ៌ខ្មៅ។ គាត់ត្រូវទៅបេះយកផ្លែមាក់ក្លឿមកជាន់ជាមួយខោអាវ រួចយកទៅហាលថ្ងៃឱ្យស្ងួតខោអាវច្រើនគួរសមដែរ។  ចំពោះអាហារនៅពេលគាត់សម្រាល គាត់មានតែបបរបន្តិចបន្តួច លាយជាមួយពងទា ចំណែកឯប្តីរបស់គាត់មិនបានយកត្រីមកឱ្យគាត់បានពិសាឡើយ ព្រោះអង្គការមិនអនុញ្ញាតឡើយ ហើយប្តីរបស់គាត់មិនហ៊ានក្បត់ជាមួយអង្គការឡើយ ខ្លាចត្រូវគេយកទៅសម្លាប់។ គាត់បន្ថែមទៀតថាពេលខ្លះគាត់ក៏ត្រូវហូបសាច់ជ្រូកផងដែរ ព្រោះនៅពេលបរិភោគអាហារម្តងៗមានតែសាច់ជ្រូកមួយមុខប៉ុណ្ណោះ ហើយត្រូវឱ្យហូបជាមួយបងប្អូនខ្មែរផងដែរ មានកងឈ្លបជាអ្នកដើរមើលខុសត្រូវ ខ្លាចថាពួកគាត់មិនហូបសាច់ជ្រូកគេនឹងយកគាត់ទៅសម្លាប់ បងប្អូនឥស្លាមទាំងអស់សឹងហូបសាច់ជ្រូកស្ទើរតែគ្រប់ៗគ្នា ដូចនេះគាត់ត្រូវតែហូប តែគាត់ថាគាត់មិនសូវហូបបានច្រើននោះទេ ទាល់តែកងឈ្លបមកទើបគាត់ធ្វើជាហូបបន្តិច លុះដល់កងឈ្លប់ដើរផុតគាត់ក៏ហូបជាមួយអំបិលតែប៉ុណ្ណោះ។

     លោកយាយ តាំ សម្ជស្ស ក្រោយពីសម្រាលរួចបងប្អូនខ្មែរដែលនៅលើផ្ទះនោះ គាត់ក៏បានរៀបចំចង្រ្កានឱ្យគាត់បានអាំងភ្លើងចំនួន៥ថ្ងៃ តែមិនមានធ្យូងអ្វីឡើយ គឺមានតែអុសដែលសម្រាប់ដាំបាយនោះទេ បន្ទាប់មកទៀតបងប្អូនខ្មែរនៅខាងលើផ្ទះក៏ទៅរកសំបកថ្នាំមកឱ្យគាត់បានដាំហូប។ គាត់បន្ថែមទៀតថាព្រះជាម្ចាស់ពិតជាស្រឡាញ់គាត់ណាស់ ដែលគាត់បាននៅក្រោមផ្ទះដែលមានចិត្តល្អបែបនេះ។​​  គាត់បាននៅជាមួយកូននិងមើលថែកូនបានតែ២ខែតែប៉ុណ្ណោះ ហើយអង្គការតម្រូវឱ្យគាត់ទៅធ្វើការធម្មតា។ ជួនកាលថ្ងៃខ្លះ ពេលគាត់បុកស្រូវរែងយកអង្កររួចហើយ គាត់ត្រូវដើរ៣គីឡូដីដើម្បីទៅបោកស្រូវទៀតផង ជាការងារដែលហួសកម្លាំងរបស់គាត់។ គាត់ត្រូវធ្វើការយ៉ាងធ្ងន់ធ្ងរ ហើយពុំសូវមានពេលបានមកមើលកូនគាត់ឡើយ គាត់និយាយថាកូនរបស់គាត់រើសណាស់(មានន័យថាកូនគាត់មិនបៅទឹកដោះអ្នកផ្សេងក្រៅពីគាត់នោះឡើយ) ហើយកូនគាត់ចេះតែយំរហូត ដោយសារកត្តាទាំងនេះហើយ ទើបកូនរបស់គាត់អាយុបានតែ៥ខែតែប៉ុណ្ណោះ ក៏ស្លាប់បាត់ទៅ។ គាត់ពិតជាសោកស្តាយណាស់(គាត់យំបណ្តើរនិយាយបណ្តើរ)។ ខណៈដែលគាត់បានទៅធ្វើការនោះខ្លួនគាត់មិនមានឈឺអ្វីឡើយ តែដោយសារតែអារម្មណ៍ភ័យខ្លាចរបស់គាត់ច្រើនលើសលុបទើបគាត់ពុំដឹងថាខ្លួនគាត់កំពុងតែទាស់។ ក្រោយពេលសម្រាលរួចខាងអង្គការបានចែកឱ្យអង្ករ២កំប៉ុងសម្រាប់មួយថ្ងៃ។ គាត់ថាអង្ករ២កំប៉ុងមួយថ្ងៃ គាត់ពិសាមិនឆ្អែតឡើយ ព្រោះស្រ្តីដែលសម្រាលរួចត្រូវហូបបាយច្រើនណាស់ដើម្បីឱ្យឆាប់មានកម្លាំង មួយវិញទៀតគឺពោះធ្លាប់តែធំ ទាល់តែមកតូចវិញចឹងត្រូវតែហូបច្រើនទើបឆ្អែត។ ម្ហូបគាត់ពិសាក្នុងរបបនោះគឺបាយជាមួយអំបិល គាត់ពុំធ្លាប់បានត្រីសាច់ហូបឡើយ ចំណែកឯប្តីរបស់លោកយាយ ថ្វីដ្បិតតែជាអ្នកនេសាទតែប្តីរបស់គាត់មិនហ៊ានយកត្រីដែលប្តីរកបានយកមកឱ្យប្រពន្ធហូបបាន ម្តងឡើយ ខ្លាចអង្គការយកទៅសម្លាប់។ គាត់ថាពេលនោះមានអង្គការបានមកស៊ើបនៅកន្លែងគាត់ ព្រោះអង្គការមិនទុកចិត្តប្តីរបស់គាត់ គិតថាប្តីរបស់គាត់យកត្រីមកឱ្យគាត់ហូប តែនៅពេលស៊ើបមិនមានអ្វីទេ គេក៏ត្រលប់ទៅក៏ពុំមានបញ្ហាអ្វីឡើយ។

V.ការមើលថែកូនខ្ចីនិងការបំពេកូន

១.ការមើលថែកូនខ្ចីនិងការបំពេកូន

     សម្រាប់ស្រ្តី កូនគឺជាអំណោយរបស់ព្រះ ដូច្នេះស្រ្តីជាម្តាយមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំកូនឱ្យក្លាយជាពលរដ្ឋល្អ និងជាអ្នកគោរពសាសនាដ៏ល្អមួយរូប។ ម្តាយត្រូវនៅជិតកូនគ្រប់ពេលវេលាដើម្បីអប់រំទូន្មានណែនាំកូនឱ្យក្លាយខ្លួនជាអ្នកកាន់សាសនាខ្ជាប់ខ្ជួន គឺត្រូវអប់រំតាំងពីកើតមកម្ល៉េះ។ តែនៅក្នុងរបបខ្មែរក្រហម ម្តាយមិនត្រូវបានអនុញ្ញាតឱ្យនៅជាប់ជាមួយកូនរបស់ខ្លួនឬលះបង់ពេលវេលាដ៏ក្រាស់ក្រែលឡើយសម្រាប់ការថែរក្សាទារក ដោយសារខ្មែរក្រហមជឿថា ការមើលថែបែបនេះអាចធ្វើឱ្យថមថយឬខាតបង់កម្លាំងពលកម្មក្នុងការបង្កបង្កើនផល។ អង្គការខ្មែរក្រហមបានបង្កើតមណ្ឌលកុមារ ដើម្បីមើលថែទាំកូន។ ជាធម្មតាស្រ្តីវ័យចំណាស់ៗ ឬស្រ្តីដែលទើបសម្រាលកូនរួច ត្រូវអង្គការចាត់ឱ្យមើលក្មេងជាមធ្យមពី១០នាក់ឬទៅ២០នាក់។ ស្រ្តីជាម្តាយនាំយកកូនរបស់ខ្លួនទៅដាក់មណ្ឌលកុមារនៅពេលព្រឹក ហើយយកកូនត្រលប់ទៅផ្ទះវិញនៅពេលល្ងាច តែស្រ្តីខ្លះពេលថ្ងៃត្រង់ពេលសម្រាកពីការងារបន្តិចបន្តួចបានរត់មកជួបកូនបំបៅដោះក៏មាន។

     មីងសាទីម៉ះ និង យាយសុះ សះ ក្រោយពេលសម្រាលរួចគាត់ត្រូវបានអង្គការឱ្យគាត់ជា អ្នកមើលថែកូនក្មេងផ្សេងៗព្រមជាមួយកូនរបស់លោកយាយផងដែរ។ គាត់មានពេលវេលាអាចមើលថែកូនគាត់និងអាចមានលទ្ធភាពចិញ្ចឹមកូនបានល្អ តែជាអកុសលគាត់ពុំបានបង្រៀនកូនរបស់គាត់ឱ្យយល់ដឹងពីសាសនា និងស្គាល់ពីសាសនាឡើយ ហើយកូនរបស់គាត់ក៏មិនអាចក្លាយជាអ្នកកាន់សាសនាដ៏ល្អមួយរូប។ គាត់ពុំមានលទ្ធភាពក្នុងសូត្រគម្ពីរឱ្យកូនរបស់បានស្តាប់ឡើយ ព្រោះអង្គការហាមដាច់ខាតមិនឱ្យជនជាតិឥស្លាមទាំងអស់ គោរពសាសនារបស់ខ្លួនឡើយ ហើយក៏ពុំមានសិទ្ធិក្នុងការធ្វើបាប ឬសូត្រគម្ពីរសាសនាឱ្យកូនរបស់ខ្លួនស្តាប់ឡើយ ព្រោះកូនក្មេងទាំងអស់នោះជាកូនរបស់អង្គការ។ ម្តាយពុំមានសិទ្ធិអ្វីទាំងអស់ដូចជាការវាយ ឬការណែនាំអប់រំប្រៀនប្រដៅកូនរបស់ខ្លួនឡើយ។ គាត់និយាយថាកូនគាត់ហាក់បីជាមិនមែនជាកូនរបស់គាត់។

     យាយតាំង សម្ជស្ស គាត់គ្មានពេលគ្រប់គ្រាន់ក្នុងការមើលថែកូនគាត់ឱ្យបានដិតដល់ឡើយ គាត់ក្រោយពីសម្រាលរួចបាន២ខែគាត់ត្រូវឃ្លាតឆ្ងាយពីកូន។ គាត់ត្រូវយកកូនទៅផ្ញើនៅមណ្ឌលកុមារតាំងពីព្រលឹមរហូតដល់ល្ងាចទើបគាត់បានជួបមុខកូនគាត់វិញ។ គាត់ធ្វើការបណ្តើរនឹកមកដល់កូនបណ្តើរ។

២. ការបំពេកូន

     ជនជាតិណាក៏មានប្រពៃណីទំនៀមទម្លាប់រៀងៗខ្លួន ជនជាតិឥស្លាមក៏មានទំនៀមទម្លាប់ប្រពៃណីដោយឡែករបស់ខ្លួនដែរ។ ជាក់ស្តែងដូចជាទាក់ទងនឹងការបំពេកូន ជនជាតិឥស្លាមក៏មានចម្រៀង សម្រាប់បំពេកូនឱ្យឆាប់ដេកលក់ផងដែរ។ តាមការសាក់សួរពីសំណាក់ចាស់ៗបុរាណបានឱ្យដឹងថា ដំបូងឡើយ នៅពេលដែលជនជាតិចាមចូលមកដល់ទឹកដីកម្ពុជាមុនដំបូងនោះ ពួកគាត់បានប្រើចម្រៀងបំពេកូនដូចជា«អើង  អើយ កូនអើយដេកទៅ» ឬក៏ប្រើពាក្យថា«អើងអើយៗ…» ដែលប្រើប្រាស់តាមភាសារបស់ខ្លួន។ មិនតែប៉ុណ្ណោះ ចាស់ៗពីដើមក៏បញ្ចូលនូវពាក្យសម្តីមួយចំនួនទៀត ដែលប្រៀបបីដូចជាពាក្យបញ្ឆោត បន្លាចដើម្បីឱ្យកូនចេះខ្លាច ចេះភ័យ និងឆាប់ដេកលក់ ដូចជាប្រើពាក្យបន្លាចថា កូនអើយ ដេកទៅ ប្រយ័ត្នខ្លាមកខាំស៊ី ខ្លាមកហើយ ឆាប់ដេកទៅ…»។ ឬក៏អាចបន្លាច ដោយយកឈ្មោះសត្វព្រៃសាហាវផ្សេងៗទៀត ដើម្បីឱ្យកូនខ្លាច និងឆាប់គេងលក់ក្នុងដំណេក។ នៅពេលពួកគាត់ចាប់ផ្តើមមានចំណេះដឹងខ្លះៗ ពួកគាត់ក៏ចេះមានគំនិតច្នៃប្រឌិតយកពាក្យសម្តី២ឃ្លា ដែលជាសាក្សីសំខាន់នៃការគោរពជឿជាក់ទៅលើសាសនាឥស្លាម មកធ្វើជាចម្រៀងក្នុងការបំពេកូនជំនួសវិញ។ ដែលពាក្យសម្តីនោះគឺសរសេរជាភាសាអារ៉ាប់ មានន័យថា«គ្មានទេព្រះដែលត្រូវគេគោរពសក្ការៈបូជាពិតប្រាកដនោះគឺលើកលែងតែព្រះអាល់ឡោះ មូហាម៉ាត់ជាអ្នកនាំសាររបស់អាល់ឡោះ»។ ពាក្យសម្តី២ឃ្លាខាងលើនេះត្រូវបានគេពេញនិយមនិងបន្តការប្រើប្រាស់គ្រប់ស្រទាប់វណ្ណៈ គ្រប់តំបន់ រហូតមកដល់បច្ចុប្បន្ន។ តែក្នុងរបបខ្មែរក្រហមសាសនាត្រូវបានលុបបំបាត់ទាំងស្រុង មិនត្រូវឱ្យគោរពអ្វីទាំងអស់ មិនលើកលែងសូម្បីការបំពេកូនជាដើម។ ប្រសិនបើមានស្រ្តីចាមមូស្លីមណាម្នាក់ហ៊ានគោរពសាសនា ឬច្រៀងចម្រៀងបំពេកូនជាភាសាឥស្លាមនោះនឹងត្រូវយកទៅសម្លាប់ភ្លាមៗតែម្តង ដោយសារកត្តាទាំងនេះទើបស្រ្តីជាម្តាយពុំហ៊ានច្រៀងបំពេកូនជាភាសាឥស្លាមឡើយ។

     មីងសាទីម៉ះ នៅពេលដែលកូនគាត់យំម្តងៗ គាត់មិនដែលច្រៀងបំពេរអ្វីច្រើនឡើយ គ្រាន់តែរលាក់តិចៗហើយច្រៀងថា អឺៗអឺៗ តែប៉ុណ្ណោះ តែបើវាយំខ្លាំងលួងមិនព្រមបាត់ គាត់ប្រគល់ឱ្យយាយឆ្មបម្នាក់ គាត់ពូកែលួងកូនក្មេងណាស់ កូនក្មេងណាដែលយំខ្លាំងលួងមិនព្រមបាត់ ក៏យកក្មេងដាក់លើដៃហើយបំពេតែបន្តិចក៏បាត់យំភ្លាម។ គាត់បន្តថាគ្មានជនជាតិចាមណាហ៊ានច្រៀងបំពេជាភាសា    ចាមឡើយ បើអង្គការដឹងគេនឹងយកទៅសម្លាប់ចោលជាមិនខាន។ គាត់បានដឹងថាកាលនោះមានជនជាតិចាមម្នាក់បានច្រៀងបំពេកូនជាភាសាចាម ហើយត្រូវអង្គការស៊ើបដឹងក៏យកទៅចូលព្រៃបាត់ទៅ ដូចនេះគាត់ពុំហ៊ានច្រៀងឡើយខ្លាចគេយកទៅសម្លាប់។

     លោកយាយសុះ សះ គាត់បាននៅជាមួយកូននិងមើលថែកូនបានគ្រប់ពេលវេលា នៅពេលកូនគាត់យំម្តងៗ គាត់ត្រូវច្រៀងបំពេជាភាសាខ្មែរគឺច្រៀងថា«អឺៗ អឺៗ»តែប៉ុណ្ណោះ។ គាត់ពុំច្រៀងបំពេជាភាសាឥស្លាមឡើយ ព្រោះខ្លាចគេដឹងគាត់នឹងត្រូវយកសម្លាប់ចោល គាត់មានអារម្មណ៍ភ័យខ្លាចណាស់។ សូម្បីតែគាត់ឈរស្ងៀម ក៏អង្គការមិនឱ្យឈរស្ងៀមបែបនេះឡើយ ព្រោះអង្គការខ្លាចពួកគាត់គោរពសាសនា។

ទិដ្ឋភាពសម្ភាសជាមួយមីងសាទីម៉ះ អំពីការរស់នៅអំឡុងគាត់កំពុងមានផ្ទៃពោះ

     លោកយាយតាំ សម្ជស្ស ​ ក្រោយពី២ខែមក គាត់ពុំសូវបានជួបមុខកូន និងលួងលោមកូនឡើយ តែរយៈពេលដែលគាត់បាននៅជាមួយកូន គាត់បានថែកូនគាត់បានល្អ ហើយនៅពេលកូនយំម្តងៗ ឬពេលកូនគាត់រៀបគេង គាត់ក៏បានលួងលោមកូនដោយច្រៀងបំពេ ច្រៀងជាភាសាខ្មែរ ពុំបានច្រៀងជាភាសាឥស្លាមឡើយ ព្រោះខាងអង្គការពុំបានអនុញ្ញាតឱ្យនិយាយឬគោរពសាសនាឥស្លាមឡើយ បើពុំដូចនោះនឹងត្រូវយកទៅសម្លាប់។ គ្មានបងប្អូនឥស្លាមណាម្នាក់ ហ៊ានគោរពឬនិយាយជាភាសាឥស្លាមឡើយ គឺត្រូវនិយាយជាភាសាខ្មែរទាំងអស់។ តែគាត់ធ្លាប់លួចបំពេកូនជាភាសាឥស្លាមក្នុងចិត្តផងដែរ តែអង្គការឃើញបែបនេះ ក៏ហៅលោកយាយសួរថា មិត្តកំពុងធ្វើអ្វីឬបួងសួងអ្វីមែន? តែគាត់តបវិញថាមិនបានធ្វើអ្វីឡើយ ហើយអង្គការបានប្រាប់គាត់ថា ថ្ងៃក្រោយមិត្តឯងកុំឈរស្ងៀមបែបនេះទៀត។

V.ការមើលថែកូនខ្ចីនិងការបំពេកូន

     នៅក្នុងឆ្នាំ១៩៧៩របបខ្មែរក្រហមត្រូវបានដួលរលំ ដោយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានិងកងទ័ពវៀតណាម ប្រជាជនទាំងអស់នាំគ្នីគ្នាបងប្អូនដើម្បីវិលមកកាន់ទីកន្លែងកំណើតរបស់ខ្លួន ឬតាំងទីលំនៅថ្មីផ្សេងទៀត។ ហើយក៏មានគ្រួសារមួយចំនួនធំត្រូវបានបាត់បងប្អូនដោយស្លាប់ ហើយក៏មានអ្នកខ្លះទៀតបែងបាក់គ្នាតាំងពីពេលជម្លៀសមកម្ល៉េះ។ ក្នុងដំណើរមកស្រុកវិញនេះ អ្នកស្រុករស់នៅស្វាយឃ្លាំងគាត់វិលមករស់នៅក្នុងទីកន្លែងកំណើតរបស់គាត់វិញ។ ពេលគាត់ត្រលប់មកផ្ទះវិញ របស់របរក្នុងផ្ទះរបស់គាត់ពុំមានអ្វីសោះឡើយ ព្រោះអំឡុងពេលគេជម្លៀសអង្គការដើរប្រមូលទ្រព្យសម្បត្តិយកទៅទុកក្នុងឃ្លាំងអស់ហើយ រីឯដីស្រែចម្ការរបស់គាត់ក៏ត្រូវដាក់ជារបស់រួមអស់ដែរ។ ហើយម្យ៉ាង ប្រជាជនមិនហ៊ានទៅយករបស់របរនៅក្នុងឃ្លាំងឬដីស្រែមកធ្វើឡើយ ព្រោះអារម្មណ៍ភ័យខ្លាចនៅតែកើតឡើងចំពោះគាត់ដដែល ទោះបីរបបមួយនេះដួលរលំហើយក៏ដោយ។ អ្វីដែលប្រជាជនអាចធ្វើបាន ដើម្បីចិញ្ចឹមជីវិតសម្រាប់ឱ្យរស់តែមួយថ្ងៃៗគឺគាត់នាំគ្នីគ្នាទៅ បូតស្រូវ បេះល្ពៅ ត្រឡាច និងបន្លែផ្សេងៗទៀតនៅលើកោះដែលប្រជាជនបានដាំក្នុងរបបខ្មែរក្រហមតែប៉ុណ្ណោះ។

     មីងសាទីម៉ះ នៅពេលគាត់បានផ្លាស់ប្តូរការងារទៅ​ធ្វើការកន្លែងដូចដើម គឺស្ទូងស្រូវបាន២ខែក៏មានការជួយរំដោះពីកងទ័ពវៀតណាមនិងកងទ័ពរណសិរ្សស្នេហាជាតិ។ ពេលនោះគាត់មិនដឹងច្រើនទេ គាត់ដឹងត្រឹមតែថាខ្មែរក្រហមបានរត់គេចខ្លួនបាត់អស់ហើយ ក៏នាំគ្នាជួបជុំជាមួយបងប្អូន ប្តី និងកូនគាត់វិញ ហើយក៏ទៅសុំខាងមេកងចល័តវិលទៅស្រុកវិញ គេក៏បានចែកឱ្យស្រូវមួយល្អី ហើយក៏ប្រញាប់ប្រញាល់រត់មក គាត់មានតែបង្វេចខោអាវតូចមួយ កូន ប្តី សាច់ញាតិខាងប្តី និងអង្ករមួយល្អីតែប៉ុណ្ណោះ ក៏ធ្វើដំណើរពីគីឡូ១៣ មកកាត់តាមស្ទឹងត្រង់ ដើម្បីឆ្លងមកភូមិស្វាយឃ្លាំង។ ទូកនោះធំណាស់ ហើយឡើងចាស់ពុកផុយដែរហើយ ទូកនោះពុំមានចង្វាសម្រាប់អុំទេ ក៏នាំគ្នាយកកំណាត់ឬស្សីជួយគ្នាអុំទៅផ្ទះវិញ។ ពេលដល់ផ្ទះគាត់ពុំបានឡើងនៅលើផ្ទះឡើយ ព្រោះមានបងប្អូនខ្មែរនៅលើផ្ទះពេញ គាត់នៅតែក្រោមផ្ទះ។ បន្ទាប់មកក៏គេកោះហៅប្រជុំឱ្យវិលទៅរស់នៅកន្លែងដើមវិញ ហើយគាត់បានផ្ទះដែលគាត់ធ្លាប់រស់នៅមកវិញ។ បន្ទាប់ពីរំដោះភ្លាមៗ គាត់ពុំបានប្រកបរបរអ្វីឡើយ គឺគាត់នាំគ្នាទៅជីកដំឡូងនៅលើកោះ។ ឥឡូវកូនគាត់រស់នៅក្នុងឃុំស្វាយឃ្លាំង អាយុ៤១ឆ្នាំហើយ កូនគាត់រៀនបានតិចតួចប៉ុណ្ណោះ ហើយឥឡូវកូនគាត់មានប្រពន្ធហើយ រកស៊ីលក់ដូរ ហើយសព្វថ្ងៃគាត់រស់នៅជាមួយកូនដែលកើតក្នុងសម័យប៉ុលពត។ គាត់ធ្លាប់ប្រាប់រឿងរ៉ាវទាំងនេះទៅកាន់កូនៗគាត់គ្រប់ៗគ្នា តែកូនគាត់ខ្លះហាក់បីដូចមិនជឿអ្វីដែលគាត់ធ្លាប់ឆ្លងកាត់ឡើយ ហើយទាំងនិយាយថាមិនដែលប្រើមនុស្សដូចសត្វធាតុបែបនេះឡើយ។ គាត់មានអារម្មណ៍សប្បាយចិត្ត ពេលបានវិលមកផ្ទះរបស់គាត់វិញ តែគាត់នៅតែមានអារម្មណ៍ភ័យនូវអ្វីដែលគាត់បានឆ្លងកាត់ពីមុន ហើយគាត់មិនចង់ឱ្យព្រឹត្តិការណ៍ទាំងនេះវិលមកកាន់ជីវិតគាត់ម្តងទៀតឡើយ។

     លោកយាយសុះ សះ ក្រោយមកក៏មានកប៉ាលមួយយ៉ាងធំដឹកជញ្ជូនពួកគាត់ទៅកាន់កន្លែងផ្សេង។ គាត់ថាគេនឹងយកគាត់ទៅសម្លាប់ហើយ។ ការជម្លៀសនេះកប៉ាល់ដែលដឹកគាត់នោះ ទៅឈប់នៅស្ទឹងត្រែង រួចក៏ឆ្ពោះទៅកំពង់ធំ។ នៅពេលទៅដល់កំពង់ធំ គាត់ឃើញមានខ្ទមតូចៗ ហើយស្រាប់តែមានប្រជាជនចាស់ដែលរស់នៅទីនោះប្រាប់ថា អ្នកដែលធ្លាប់រស់នៅក្នុងខ្ទមនេះពីមុន គឺគេយកទៅសម្លាប់ចោលអស់ហើយ គាត់បន្តប្រាប់គាត់ទៀតថា ២-៣ថ្ងៃទៀត គេនឹងធ្វើនំបញ្ចុកឱ្យហូប ហើយគេបញ្ជូនពួកមូលដ្ឋាននៅភូមិភាគបូព៌ាឱ្យទៅប្រជុំ ហើយពេលនោះគេនឹងបោះគ្រាប់បែកសម្លាប់ចោលទាំងអស់។ បន្តិចក្រោយមកស្រាប់តែគាត់ឮគ្រាប់កាំភ្លើង ហើយទាហានតូចៗអូសកាំភ្លើងដល់ដីរត់ទៅ គាត់ក៏បានសួរទាហានតូចនោះ ទាហានប្រាប់ថាគេកំពុងកាប់អុស ការប្រាប់បែបនេះគឺដើម្បីកុំឱ្យប្រជាជនចលាចល។ តែក្រោយមកទើបគាត់ដឹងពីស្ថានភាព គឺជាការប្រយុទ្ធគ្នាយ៉ាងធំធេងរវាងកងទ័ពខ្មែរក្រហមនិងកងទ័ពវៀតណាម គាត់ក៏រត់ត្រលប់ថយក្រោយវិញជាមួយបងប្អូនខ្មែរដទៃទៀតមកស្រុកកំណើតវិញ។ ពេលគាត់មកដល់ភូមិវិញគាត់ដឹងថា គាត់បានបាត់បង់បងប្អូនឪពុកមា២នាក់និងម្តាយធំ២នាក់ ហើយប្រហែលជាមានច្រើនទៀត តែគាត់ពុំបានដឹងព្រោះពេលជម្លៀសនោះគឺផ្សេងៗពីគ្នា ដូចនេះគាត់មិនដឹងថាបាត់បង់អ្នកណាខ្លះឡើយ។ គាត់បានរំឭករឿងនេះទៅដល់កូនៗ និងចៅរបស់គាត់ផងដែរ។ សម្រាប់លោកយាយ គាត់មានអារម្មណ៍ថារបបខ្មែរក្រហមនេះជារឿងធម្មតាទេ គ្រាន់តែគាត់មិនបាននៅជិតបងប្អូនរបស់គាត់តែប៉ុណ្ណោះ។

     លោកយាយ តាំ សម្ជស្ស ក្រោយថ្ងៃរំដោះគាត់ក៏នាំកូននិងប្តីរបស់គាត់វិលត្រលប់មកផ្ទះវិញ តែមិនទាន់បានមកដល់ផ្ទះភ្លាមៗនោះទេ គាត់ត្រូវឈប់នៅខាងខ្ពបសិនដោយសារប្តីរបស់គាត់ឈឺមិនអាចបន្តដំណើរទៀត ហើយម្យ៉ាងគាត់មានផ្ទះបងប្អូនខ្មែរខាងខ្ពប ពួកគេរាប់អានគាត់ណាស់ទើបសម្រាកនៅទីនោះប្រហែល១ខែទើបគាត់ត្រលប់មកផ្ទះវិញ។ ពេលត្រលប់មកដល់ភូមិវិញ គាត់មិនទាន់ហ៊ានចូលភូមិវិញឡើយ គាត់រស់នៅប្រមូលផ្តុំគ្នាជាមួយបងប្អូនចាមសិន ព្រោះខ្លាចមានរឿងអ្វីកើតឡើងម្តងទៀតនឹងអាចជួយគ្នាបានខ្លះ។ តែក្រោយមកដោយគេបានប្រជុំ ហើយហៅអំពាវនាវឱ្យប្រជាជនមករស់នៅលើផ្ទះរៀងៗខ្លួនវិញ ទើបគាត់បានរស់នៅលើផ្ទះរបស់គាត់ធម្មតាវិញ។ នៅពេលតែជុំគ្នាម្តងៗគាត់តែងតែលើកយករឿងទាំងនេះទៅប្រាប់កូនៗនិងចៅរបស់គាត់ជានិច្ច។ គាត់និងកូនៗរបស់គាត់មានកំហឹងយ៉ាងខ្លាំងចំពោះរបបមួយនេះ ពួកគាត់ស្អប់របបមួយនេះណាស់ គាត់បន្តទៀតថារបបនេះជារបបឃោរឃៅបំផុតចំពោះរូបគាត់។ បន្ទាប់ពីមកដល់ភូមិភ្លាមៗគាត់ពុំបានប្រកបការងារអ្វីឡើយ គាត់ត្រូវទៅជីកដំឡូងនិងបេះល្ពៅដែលគេដាំកាលពីនៅកងចល័ត និងអង្ករបន្តិចបន្តួចក៏ចែកគ្នាហូបឱ្យតែរស់សិន។ គាត់បន្តទៀតថាទោះបីចូលភូមិលំបាករឿងហូបចុក តែក៏សប្បាយព្រោះគាត់បានជួបជុំគ្រួសារគាត់និងការងារពុំហត់ដូចមុន។

សន្និដ្ឋាន

     នៅក្នុងរបបខ្មែរក្រហមស្ត្រីក៏ត្រូវធ្វើការយ៉ាងពេញទំហឹងដូចបុរសផងដែរ ទោះបីស្រ្តីត្រូវទទួលស្គាល់ក្នុងកម្លាំងទន់ខ្សោយក៏ដោយ ក្នុងគោលបំណងបំពេញកម្លាំងពលកម្មយ៉ាងសកម្មក្នុងការប្រកបរបរកសិកម្ម។ ស្ត្រីត្រូវកាត់ផ្តាច់ចេញពីសាច់ញាតិ កូន និងប្តីរបស់ខ្លួន ទោះបីស្រ្តីកំពុងមានផ្ទៃពោះយ៉ាងណាក៏ដោយ ខ្មែរក្រហមមិនអនុញ្ញាតឱ្យក្រុមគ្រួសារស្រ្តីបានមើលថែទាំឡើយ។ កត្តាទាំងនេះធ្វើឱ្យស្ត្រីហាក់បីដូចរស់នៅតែម្នាក់ឯង ហើយខ្វះភាពកក់ក្តៅពីក្រុមគ្រួសារ។

     នៅពេលស្ត្រីមានផ្ទៃពោះ ស្រ្តីត្រូវបង្ខំឱ្យទៅធ្វើការរហូតដល់ថ្ងៃសម្រាលឬមុនថ្ងៃសម្រាល២ឬ៣ថ្ងៃតែប៉ុណ្ណោះ។ ការធ្វើការទាំងស្រ្តីមានផ្ទៃពោះបែបនេះ ជាមូលហេតុអាចបណ្តាលឱ្យស្រ្តីជួបនូវគ្រោះទាំងជីវិតម្តាយនិងកូន ព្រមទាំងប៉ះពាល់ដល់បញ្ហាសុខភាពស្រ្តីយ៉ាងធ្ងន់ធ្ងរផងដែរ។ បន្ទាប់ពីសម្រាលកូនរួច ស្ត្រីត្រូវបានខ្មែរក្រហមបង្ខិតបង្ខំឱ្យធ្វើការតាំងពី១ខែ។ ស្រ្តីត្រូវធ្វើការជាអ្នកមើលថែក្មេងរហូតដល់ចាស់ខែបន្តិចទើបធ្វើការធ្ងន់វិញ។ ស្រ្តីមួយចំនួនសម្រាលកូនបាន៧ខែទើបខ្មែរក្រហមឱ្យចូលធ្វើការធ្ងន់ តែស្រ្តីខ្លះទៀតត្រូវធ្វើការធ្ងន់ក្នុងអំឡុងសម្រាលរួចបាន២ខែតែប៉ុណ្ណោះ។

     លើសពីនេះទៀត ក្នុងរបបខ្មែរក្រហមមានការខ្វះខាតគ្រឿងបរិក្ខាថែទាំងសុខភាពនិងថ្នាំពេទ្យ។ ជាក់ស្តែងស្រ្តីដែលសម្រាលក្នុងរបបនេះ ភាគច្រើនស្រ្តីពុំមានសម្ភារគ្រប់គ្រាន់ក្នុងការសម្រាលឡើយ មានតែកន្ត្រៃមួយសម្រាប់កាត់ផ្ចិតឱ្យទារក រីឯថ្នាំពេទ្យក៏ពុំមានដែរ ស្រ្តីត្រូវហូបឱសថបុរាណ(ឫសឈើ សំបកឈើជាដើម)។ របបនេះពុំបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ សុខភាពរបស់ប្រជាជនឡើយ។ រីឯក្នុងតំបន់ខ្លះពុំមានធ្មបបុរាណឡើយ មានតែស្រ្តីនៅជិតខាងជាអ្នកជួយសម្រាលឱ្យ ពួកគាត់ពុំមានជំនាញអ្វីឡើយ ជួយសម្រាលតាមអ្វីដែលគាត់ធ្លាប់ឃើញតែប៉ុណ្ណោះ។ ចំណែកអនាម័យក្នុងពេលសម្រាលនិងក្រោយសម្រាលវិញ ក៏ពុំសូវបានសម្អាតឱ្យបានល្អម៉ត់ចត់ឡើយ។ ការហូបចុករបស់ស្រ្តីក្នុងតំបន់ខ្លះគ្មានអ្វីហូបឡើយ មានតែអំបិលតែប៉ុណ្ណោះ ធ្វើឱ្យសុខភាពស្រ្តីទន់ខ្សោយយ៉ាងខ្លាំង។

     ឆ្លងតាមការស្រាវជ្រាវប្រធានបទដំបូងនេះមក ឃើញថាពិតជាសារៈសំខាន់ណាស់សម្រាប់រូបនាងខ្ញុំផ្ទាល់ក៏ដូចអ្នកសិក្សាស្រាវជ្រាវទូទៅ និងសិស្សានុសិស្ស។ ប្រធានបទមួយនេះធ្វើឱ្យនាងខ្ញុំយល់កាន់តែច្បាស់ពីការសម្រាលកូន ការថែទាំកូនក្នុងរបបកម្ពុជាធិបតេយ្យ និងវប្បធម៌មួយចំនួនទៀតដែលទាក់ទងនឹងប្រពៃណីរបស់ជនជាតិចាមក្នុងឃុំស្វាយឃ្លាំង។ ប្រសិនបើមានឱកាស នាងខ្ញុំសង្ឃឹមថានឹងបានសិក្សាស្រាវជ្រាវពីការសម្រាលកូនក្នុងរបបខ្មែរក្រហមគ្រប់តំបន់ទាំងអស់ក្នុងខេត្តត្បូងឃ្មុំជាបន្តទៀត។