ការថែរក្សាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា៖ ការសិក្សាស្រាវជ្រាវអំពីច្បាប់ក្នុងស្រុក និងអន្តរជាតិ

ប្រាសាទរាប់ពាន់​ដែលមានទីតាំង​​នៅ​លើ​សណ្ឋានដីនៃប្រទេស​កម្ពុជា មាន​តួនាទីក្នុងការក្រើន​រំឭក​អំពី​វប្បធម៌ដ៏សម្បូរ​បែប​របស់​ប្រទេសនេះ​ពី​អតីតកាលដ៏យូរលង់ណាស់មកហើយ។​ ប្រាសាទជានិមិត្តរូបនានា រួមមានប្រាសាទ​អង្គរវត្តជាអាទិ៍ គឺជា​មោទនភាព​របស់​ប្រជាជន​កម្ពុជា ព្រមទាំង​ត្រូវ​បាន​ទទួល​ស្គាល់​ថាជា​ផ្នែក​​ដ៏សំខាន់មួយ​នៃ​បេតិកភណ្ឌ​របស់​មនុស្សជាតិ​។ ប្រាសាទ​អង្គរវត្ត​ និង​​ប្រាសាទដទៃទៀត ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាបត្រូវ​បានអភិរក្ស​យ៉ាង​ល្អ តាម​រយៈ​ការផ្តួច​ផ្តើម​របស់​រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយអង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​អង្គការសហប្រជាជាតិដើម្បី​​ការអប់រំ ការស្រាវជ្រាវ​បែប​វិទ្យា​សាស្ត្រ និង​វប្បធម៌ ឬហៅកាត់ថា អង្គការ​យូណេស្កូ។ បន្ថែម​លើសពីនេះទៀត តំបន់​​ប្រាសាទ​ទាំង​នេះ​ក៏ជា​ទីតាំង​ទាក់​ទាញ​ភ្ញៀវទេសចរ​ដ៏ចម្បងដែរ។ បេតិកភណ្ឌ​វប្បធម៌​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ក្រៅពី​ប្រាសាទ​អង្គរ​វត្ត គឺ​ពុំ​មានសំណាង​បែប​នេះ​ឡើយ។ ភាគ​ច្រើន​នៃ​បេតិក-ភណ្ឌ​វប្បធម៌​​ដែល​មិនអាចកាត់ថ្លៃបាន​របស់កម្ពុជា​ ត្រូវ​បានរឹបអូស​និង​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការគ្រប់ គ្រង​របស់​អាណានិគម ឬ​ទទួល​រង​ឥទ្ធិពលពីសង្គ្រាមនិង​ប្រឈម​ទៅ​នឹង​​ការ​​លួចបំផ្លាញ។ ជាលទ្ធផល តំបន់​​ប្រាសាទ​ទាំងនោះស្ថិតក្នុង​ស្ថានភាពលំបាក។

“ប្រសិនបើអ្នកបានរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ អ្នកគឺជាមនុស្សដែលមានសំណាងខ្លាំងណាស់។ អ្នកអាចចាប់ផ្តើមជីវិតសារជាថ្មីម្តងទៀត។ អ្នកអាចមានទីជម្រក មានផ្ទះសម្បែង មានការងារធ្វើ មានមិត្តភ័ក្ត្រ និងចាប់ផ្តើមកសាងគ្រួសារថ្មីមួយ។ ប៉ុន្តែអ្នកនឹងមានការរំខានដោយសារតែរឿងរ៉ាវជាច្រើនដែលបានកើតឡើងមកលើខ្លួនអ្នក។ ជីវិតនិងផ្លូវចិត្តរបស់អ្នកទទួលរងការបែកបាក់។ បេះដូងរបស់អ្នកទទួលរងការឈឺចាប់ពីការបាត់បង់មនុស្សជាទីស្រឡាញ់។ អ្នកត្រូវបានរំខានដោយការចងចាំរបស់  អ្នក។ អ្នកមានអារម្មណ៍ថាមានកំហុសដោយសារតែអ្នកអាចរស់រានមានជីវិត ខណៈដែលមនុស្សជាច្រើននាក់ផ្សេងទៀតបានបាត់បង់ជីវិត ហើយអ្វីដែលអាក្រក់ជាងនេះទៀតនោះ គឺអ្នកអាចបាត់បង់ក្តីសង្ឃឹម”។ — ឆាំង យុ

ការ​គំរាម​កំហែង​ចំពោះ​បេតិកភណ្ឌ​វប្បធម៌របស់​កម្ពុជា បានកើត​មាន​ឡើង​ជាច្រើន​ទម្រង់។ នៅដើម​សតវត្សរ៍ទី​១៩ ជនជាតិបារាំង​បាន​រឹបអូស​​យក​ស្នាដៃ​សិល្បៈដ៏មាន​តម្លៃរបស់​កម្ពុជា ព្រមទាំង​បញ្ជូនស្នាដៃទាំងនោះ​ទៅ​កាន់​ទ្វីប​អឺរ៉ុប​។ សម្បត្តិ​វប្បធម៌​​កម្ពុជា​ជាច្រើន បច្ចុប្បន្នត្រូវបានតម្កល់​នៅក្នុង​សារមន្ទីរ​នានា​ក្នុង​ទ្វីប​អឺរ៉ុប ដែលប្រហែលជាមិនត្រូវ​បាន​ប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញនោះ​ទេ។

បន្ទាប់ពីទទួលបានឯករាជ្យពី​អាណានិគម​បារាំង សង្គ្រាម​បានកើតមានឡើងដែល​បង្កឲ្យមាន​ការ​ខូច​ខាត​ដល់​បេតិកភណ្ឌ​របស់​កម្ពុជា។ បន្ទាប់មកទៀត របបខ្មែរ​ក្រហម​បាន​លេចឡើង ព្រមទាំងបាន​នាំមកនូវ​ការសម្លាប់​រង្គាលនិង​ភាពចលាចលក្នុងប្រទេស។ ក្នុង​អំឡុងពេលនៃការកាន់កាប់ប្រទេស របស់ខ្មែរក្រហម បញ្ញវន្តទាំងឡាយ​ត្រូវបាន​សម្លាប់យ៉ាងរង្គាល​ស្ទើរផុតពូជ។ មានតែ​បុរាណវិទូ និង​អ្នកអភិរក្ស​មួយចំនួន​តូច​តែប៉ុណ្ណោះដែលបានរស់រានមានជីវិត​ ដើម្បី​ជួយដល់ការថែរក្សានិងការពារតំបន់

បេតិ​កភណ្ឌវប្បធម៌របស់ជាតិ។ បន្ទាប់ពីការ​ដួលរលំ​នៃ​របប​ខ្មែរ​ក្រហម ក្រុមទាហានបាន​ចល័តចូលក្នុង​តំបន់​ប្រាសាទនានាដែលជា​បេតិកភណ្ឌ​វប្បធម៌ ដើម្បី​ស្វែង​រក​ខ្មាំងសត្រូវ​របស់​ខ្លួន។ ស្ថិតក្នុង​ភាពចលាចលនាក្នុងអំឡុង​ពេលសង្គ្រាម​​ស៊ីវិល អ្នកជំនួញឱកាស​និយមមួយចំនួនបាន​​លួច​យក និងលក់​សម្បត្តិវប្បធម៌ទៅឲ្យបរទេស ដើម្បី​បំពេញ​​តម្រូវការ​អន្តរជាតិដែល​កំពុងកើនឡើង​។

ទោះបីជា​បេតិកភណ្ឌ​វប្បធម៌មិនត្រូវបានទទួល​ស្គាល់​ថា ​ជា​ផ្នែកដ៏សំខាន់​​នៃ​សង្គ្រាមនិងអំពើ​ប្រល័យពូជសាសន៍ក៏ដោយ ក៏​ប្រជាជន​កម្ពុជា​បាន​បាត់​បង់​បេតិកភណ្ឌ​របស់​ខ្លួនជាច្រើន​អនេកដោយ សារអំពើឃោរឃៅ ព្រមទាំងបាន​បន្ត​បាត់​បង់ជាច្រើនថែមទៀត បន្ទាប់​ពី​អំពើ​ឃោរឃៅ​នោះ​ត្រូវបានបញ្ចប់ទៅ។ ប្រជាជន​កម្ពុជា​បាន​រងទុក្ខ​វេទនា​ដោយ​សារសង្គ្រាម និង​ភាពវឹកវរ​ជាច្រើន​ទសវត្សរ៍។ ដើម្បីថែរក្សា​ការចងចាំ​អំពី​របបខ្មែរក្រហម និងអាចឈាន​ទៅរក​មនសិការ​ជាតិ​កាន់តែរឹង​មាំតាម​រយៈអត្តសញ្ញាណ​រួម និង​មោទនភាព​របស់​ប្រជាជនកម្ពុជា បេតិកភណ្ឌ​វប្បធម៌​របស់​ជាតិ​ត្រូវតែ​ទទួល​បាន​ការអភិរក្ស។ ប្រទេសកម្ពុជាគួរតែជាសះស្បើយទាំងស្រុងតាមរយៈការ​រកអ្វីមួយ​មកបំពេញនូវភាពដែល បានបាត់បង់ទៅ។ ប្រទេស​កម្ពុជា គឺ​ជា​ជាតិ​មួយដែល​សម្បូរ​ទៅដោយ​បេតិកភណ្ឌ​វប្បធម៌​ដ៏ថ្លៃថ្លា។ ក្រសួងរប្បធម៌​និងវិចិត្រសិល្បៈបាន​ធ្វើសេចក្តីសន្និដ្ឋានថា ប្រទេស​កម្ពុជា​មាន​ប្រាសាទ​យ៉ាងតិច៤ពាន់ ប្រាសាទ។ ដើម្បី​ស្វែងរក​ក្តីសង្ឃឹម ប្រទេសកម្ពុជាគួរគប្បីក្រឡេកមើលអតីតកាល​របស់ខ្លួន កសាងឡើងវិញ ផ្សះផ្សា និង​ព្យាបាលរបួសផ្លូវចិត្តអ្នកដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម។

កិច្ចការស្រាវជ្រាវ​នេះ​ មាន​គោលបំណងសំខាន់ៗ​ចំនួន៣គឺ៖ ១) ​ដើម្បី​រារាំងគ្រោះ​មហន្តរាយផ្សេងៗ​ទៅលើតំបន់​​បេតិកភណ្ឌ​វប្បធម៌ តាមរយៈ​ការលើក​កម្ពស់​ការយល់ដឹង​អំពី​ផល​ប៉ះ​ពាល់​នានា​ស្តីពីការបំផ្លិចបំផ្លាញ​បេតិកភណ្ឌ​វប្បធម៌ ដែលស្ថិតនៅក្រោមច្បាប់កម្ពុជា​និងច្បាប់​អន្តរជាតិ។ ២) បង្កើន​ការអប់រំដល់សិស្សានុសិស្ស និងកងទ័ព​ដែល​មានតួនាទី​រក្សាការពារ​បេតិកភណ្ឌជាតិ ស្តីពី​បេតិកភណ្ឌ​របស់​ប្រទេសខ្លួន ព្រមទាំង​ប្រវត្តិសាស្ត្រតាម​​ភូមិឲ្យកាន់តែច្រើនជាងមុន និង៣) ​លើក​កម្ពស់​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ការទទួលស្គាល់ពីទីកន្លែងដែល​យើងកំពុងរស់នៅ និង​ការការពារ​បេតិកភណ្ឌ​    វប្បធម៌របស់​យើង​ ដើម្បី​ធ្វើឲ្យប្រទេស​កម្ពុជាជាសះ​ស្បើយទាំងស្រុង​ពីអំពើ​ឃោរឃៅ​របស់ខ្មែរក្រហម​ តាមរយៈការ​បំពេញនូវភាពដែលបានបាត់បង់ទៅ ដោយ​បេតិកភណ្ឌវប្បធម៌​ដ៏សម្បូរ​បែប​របស់​កម្ពុជា។ ខណៈ​ដែល​បេតិកភណ្ឌវប្បធម៌របស់​កម្ពុជា​ភាគច្រើន​ទទួល​រង​ការ​បំផ្លិចបំផ្លាញ នៅមាន​តំបន់​បេតិក-ភណ្ឌជាច្រើនដែល​នៅសេសសល់ និងទាមទារឲ្យមានការ​ការពារ។​

ទិដ្ឋភាពប្រវត្តិសាស្ត្រស្តីពីការ​លួចសម្បត្តិវប្បធម៌​នៅក្នុង​ប្រទេស​កម្ពុជា

ប្រទេសកម្ពុជាជា​ដែនដីសម្បូរដោយ​បេតិកភណ្ឌវប្បធម៌ ក៏ប៉ុន្តែនៅពេល​ដែលប្រទេសនេះស្ថិត ក្នុង​​ភាពក្រីក្រនិង​កណ្តោចកណ្តែង ស្ថានភាពនានាដែល​នាំ​ទៅរក​ការរុករាន និង​លួចសម្បត្តិវប្បធម៌​ បានកើតមាន​ឡើង។

(ក) អាណានិគមបារាំង

ស្ថិតក្រោមអាណានិគមបារាំងចាប់ពី​ឆ្នាំ​១៨៦៣​រហូត​ដល់​ឆ្នាំ​១៩៥៣ បារាំង​បានប្រព្រឹត្តការរុករានលួចសម្បត្តិ​វប្បធម៌​ទ្រង់ទ្រាយធំ​នៅទូទាំង​ប្រទេស​កម្ពុជា។ ក្នុងនាមជាប្រទេសស្ថិតក្រោមអាណា និគម​បារាំង បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជាត្រូវ​បាន​លួចយកទៅដោយ​ខុសច្បាប់។ អាជ្ញាធរ​នៃអាណានិគម​បារាំង ​គឺជាអ្នក​អនុញ្ញាតឲ្យ​មាន​ទង្វើរនេះកើតមានឡើង ដោយ​ជឿជាក់ថានេះ​ជា“សិទ្ធិ”[1] របស់  ខ្លួន។ ប្រាសាទ​នានា​ត្រូវបាន​គាស់​រំលើង​ដោយ​បុរាណវិទូ ដើម្បីយក​រូបចម្លាក់។ រូបចម្លាក់ទាំងនោះ ក៏បាន​បង្ហាញរូបរាងជាថ្មីម្តងទៀតនៅក្នុងសារមន្ទីរបារាំងក្រោមប្រធានបទ “ដើម្បី​អប់រំជនជាតិបារាំងអំពី​សិល្បៈខ្មែរ”[2]។ ជួនកាលមន្ត្រីរបស់​អាណានិគមបារាំង បានលួចយករូចម្លាក់មុន​បុរាណវិទូទៅទៀត។ ក្នុង​ឆ្នាំ​១៩២០ នៅពេលដែល​ទ្រព្យសម្បត្តិរបស់ភរិយាគាត់ត្រូវហិនហោច លោក អង់ដ្រេ ម៉ាលរ៉ូក ដែលជា​កវីនិពន្ធសញ្ជាតិបារាំងម្នាក់ បានធ្វើដំណើរមកកាន់ប្រទេស​កម្ពុជា ដើម្បីលួចយករូប​ចម្លាក់​ធ្វើជា​ប្រភពចំណូល​របស់ខ្លួន។ ម៉ាលរ៉ូក ​ត្រូវបានចាប់ខ្លួន កាត់ទោស និងផ្តន្ទាទោសឲ្យជាប់​ពន្ធនាគារ​ចំនួន៣ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ ម៉ាលរ៉ូក មិន​ដែល​ទទួលទោសនេះដែរ។ ក្រោយមក ស្សាល​ ឌឺហ្គោល បានតែងតាំង​ ម៉ាលរ៉ូក ជា​រដ្ឋមន្ត្រីទីមួយនៃក្រសួង​វប្បធម៌របស់​បារាំង។[3]

វត្ថុបុរាណ​របស់​កម្ពុជា​ដែលបារាំងបាន​លួច គឺកំពុងតែស្ថិត​នៅក្នុង​សារមន្ទីរ​បារាំងនៅឡើយ។ ដោយ​សារ​តែពុំមាន​សន្ធិសញ្ញា​អន្តរជាតិ​ណាមួយ តម្រូវ​ឲ្យ​មាន​ការ​ប្រគល់​វត្ថុ​បុរាណ​ដែល​ត្រូវបានលួចយកទៅនៅក្នុង​អំឡុង​អាណានិគម​បារាំង ​មកឲ្យកម្ពុជាវិញ “ជនជាតិ​បារាំង​យល់ថា ​ខ្លួន​ជាម្ចាស់លើ​វត្ថុបុរាណដែលត្រូវបានលួចទាំងនោះ ហើយ​កម្ពុជាក៏ជាកម្មសិទ្ធិរបស់​ខ្លួនដែរ”[4]

[1] អេមីលី វាយធ៍ រិកធាតុនៃប្រាសាទកោះកេរ្តិ៍ សារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍ (ថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០១៤) តំណភ្ជាប់៖ https://www.phnompenhpost.com/7days/relics-koh-ker [2] ដូចខាងលើ។ [3] ជេន ភឺរឡេហ្ស៍ ពូជសាសន៍ដ៏ព្រៃផ្សៃដែល​លួច​យក​សម្បត្តិវប្បធម៌ត្រចះត្រចង់របស់​អង្គរ សារព័ត៌មាន ញូយ៉ក ថាមស៍ (ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥) តំណភ្ជាប់៖ https://www.nytimes.com/2005/03/21/world/asia/a-cruel-race-to-loot-the-splendor-that-was-angkor.html [4] អេមីលី វាយធ៍ រិកធាតុនៃប្រាសាទកោះកេរ្តិ៍ សារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍ (ថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០១៤) តំណភ្ជាប់៖ https://www.phnompenhpost.com/7days/relics-koh-ker