ការអប់រំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ

ប្រជាជនកម្ពុជាយ៉ាងហោចណាស់ ១.៧ លាន នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត ទទួលរងការឈឺចាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលគ្រប់គ្រងដោយ ប៉ុល ពត។ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ខ្មែរក្រហមបានអនុវត្តរបបកុម្មុយនិស្តផ្តាច់ការ ដែលបានផ្លាស់ប្ដូរសង្គមកម្ពុជាលើគ្រប់វិស័យរាប់ទាំងការបំផ្លាញវប្បធម៌ប្រពៃណី ភាសា សម្លាប់អ្នកចេះដឹង និងប្រែក្លាយប្រទេសឲ្យទៅជាប្រទេសសេដ្ឋកិច្ចកសិកម្មដ៏មហិមាមួយ។ បដិវត្ដន៍បាននាំមកជាមួយនូវការសម្លាប់ ធ្វើការហួសកម្លាំង អត់អាហារ ជំងឺ និងការបែកបាក់គ្រួសារ។ ជនឧក្រិដ្ឋនៃអំពើប្រល័យពូជសាសន៍ គឺជាកម្មាភិបាលជាន់ខ្ពស់ដែលអនុវត្តការដឹកនាំសម្ងាត់ដ៏តឹងរ៉ឹងមួយ ដូចជាប៉ុល ពត និងកម្មាភិបាលនយោបាយកំពូលៗដទៃទៀត។ ប្រព័ន្ធនយោបាយនេះ បានដួលរលំបន្ទាប់ពីការវត្តមានរបស់កងទ័ព វៀតណាម នៅឆ្នាំ១៩៧៩។

បេសកកម្ម

«ក្មេង​ៗ​ជំនាន់​ក្រោយ​ ​មានការ​យល់ដឹង​តិចតួច​ពី​អំពើឃោរឃៅ​នៃ​របប​ខ្មែរក្រហម​។​ ​អ្នក​ទាំងនោះ​ ​មិន​ជឿ​ថា​មានរបប​នេះ​កើតឡើង​ឡើយ​។​ ​ឯកសារ​ទាំងអស់​នៅក្នុង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នេះ​ ​នឹង​ក្លាយជា​ភ័ស្តុតាង​យ៉ាង​សំខាន់​សម្រាប់​បង្រៀន​ក្មេង​ៗ​ជំនាន់​ក្រោយពី​រឿងរ៉ាវ​អតីតកាល​។​»