សេចក្តីសង្ខេបអំពីចោរកម្មលើវត្ថុបុរាណ
អ្នកភូមិចាប់ផ្តើមស្វែងរកវត្ថុបុរាណបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ នៅពេលដែលស្រុកអង្គរបុរីជួបប្រទះនឹងបញ្ហាអស្ថេរភាពផ្នែកសេដ្ឋកិច្ច។ ចាប់តាំងពីឆ្នាំ១៩៩១រហូតដល់ឆ្នាំ១៩៩៣ អ្នកភូមិបានចាប់ផ្តើមរុករកមាស ហើយមាសភាគច្រើនត្រូវបានរកឃើញនៅតាមដងទន្លេ។ ប្រជាជនមានជំនឿថា ការប្រទះឃើញមាសនៅតាមដងទន្លនេះ គឺជាស្នាដៃរបស់កម្មាភិបាលខ្មែរក្រហមដែលបានកប់នៅមុនពេលដែលខ្លួនត្រូវបានវាយបណ្តេញដោយវៀតណាម ព្រោះពុំមានអ្នកភូមិណាម្នាក់អាចរកឃើញរបស់របរអ្វីទាំងអស់នៅមុនឆ្នាំ១៩៧៩។ ពាក្យចចាមអារាមដែលថា ខ្មែរក្រហមផ្សេងទៀត “កប់កំណប់” នៅក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ត្រូវបានបញ្ជាក់ថាមិនមែនជាការពិតឡើយ។ អ្នកភូមិភាគច្រើនស្វែងរករបស់របរនៅក្នុងទីតាំងដីដែលជាកម្មសិទ្ធិរបស់ខ្លួនផ្ទាល់។ ប៉ុន្តែអ្នកភូមិផ្សេងទៀត បានរុករកឃើញមាសឬគ្រឿងស្មូនផ្សេងៗ នៅតាមដងទន្លេដែលមិនមែនជាដីកម្មសិទ្ធិ។ អ្នកភូមិភាគច្រើន បានផ្អើលជីកដីកម្មសិទ្ធិរបស់ខ្លួននិងនៅតាមដងទន្លេយ៉ាងសស្រាក់សស្រាំ ដើម្បីស្វែងរកមាសនិងវត្ថុផ្សេងៗទៀតយកទៅលក់ ខណៈអ្នកភូមិខ្លះទៀតបានរកឃើញវត្ថុបុរាណដោយចៃដន្យ។ បន្ទាប់ពីភ្លៀងធ្លាក់ជោគជាំរួចមក មាសក៏លេចឡើងនៅលើដី។ នៅក្នុងការស្វែងរកមាស អ្នកភូមិក៏បានរកឃើញរបស់របរផ្សេងដែរ ដូចជាគ្រឿងស្មូន អង្កាំ និងឆ្អឹងមនុស្ស។
អ្នកភូមិភាគច្រើន បានលក់របស់របរដែលខ្លួនរកឃើញ ក៏ប៉ុន្តែពុំមានអ្នកភូមិណាម្នាក់អាចវាយតម្លៃលើរបស់របរដែលខ្លួនបានលក់នោះទេ។ នៅពេលដែលអ្នកភូមិរកបានវត្ថុបុរាណណាមួយ ការរកឃើញនេះបានលេចឮដល់ឈ្មួញក្នុងស្រុក ហើយឈ្មួញទាំងនោះបានទិញយកវត្ថុដែលរកបានក្នុងតម្លៃថោក។ ប្រសិនបើប្រជាជនដែលរុករកបានវត្ថុបុរាណទាំងឡាយ លក់អ្វីដែលខ្លួនបានរកទៅឲ្យសារមន្ទីរ ប្រជាជនទាំងនោះអាចនឹងទទួលបានកម្រៃប្រសើរជាងលក់ឲ្យឈ្មួញ។ ជាទូទៅ ឈ្មួញទិញយកវត្ថុបុរាណពីប្រជាជនក្នុងតម្លៃចន្លោះពី៣ពាន់ទៅ៦ពាន់រៀល ខណៈពេលដែលសារមន្ទីរផ្តល់ថវិកាយ៉ាងតិច៥ពាន់រៀលដល់អ្នកបរិច្ចាគវត្ថុបុរាណ។ អ្នកភូមិ យកប្រាក់កាសដែលខ្លួនរកបានទៅទិញស្បៀង និងរបស់ប្រើប្រាស់ដើម្បីផ្គត់ផ្គង់គ្រួសារ ហើយអ្នកទាំងនោះបានចាត់ទុកថា ការរុករកវត្ថុបុរាណនិងលក់សម្បត្តិវប្បធម៌ទាំងនោះ គឺជាការងារបន្ទាប់បន្សំបន្ថែមក្រៅពីការងារស្រែចម្ការ។
អ្នកភូមិពុំបានទាក់ទងទៅកាន់អាជ្ញាធរឡើយ នៅពេលដែលខ្លួនបានរកឃើញវត្ថុបុរាណ ព្រោះអ្នកទាំងនោះយល់ថា ខ្លួនមានសិទ្ធិនិងជាម្ចាស់នៃវត្ថុបុរាណដែលរកឃើញ។ អ្នកភូមិមានការភ័ន្តច្រឡំនិងបកស្រាយខុសលើច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌កម្ពុជា ឬពុំបានដឹងទាល់តែសោះថា មានច្បាប់ការពារសម្បត្តិបេតិកភណ្ឌ។ អ្នកភូមិខ្លះជឿជាក់ថា ការជីកកកាយរកបេតិកភណ្ឌវប្បធម៌នៅលើដីជាកម្មសិទ្ធិរបស់ខ្លួនគឺជាទង្វើស្របច្បាប់។ ចំណែកការជីកនៅលើដីរបស់អ្នកដទៃ ឬនៅតាមដងទន្លេ ជាទង្វើខុសច្បាប់។ ការភ័ន្តច្រឡំនេះ កើតមានឡើងដោយសារតែអ្នកភូមិត្រូវបានដេញចាប់ពីអាជ្ញាធរ នៅពេលដែលខ្លួនកំពុងជីកកកាយនៅតាមដងទន្លេ ហើយពុំមាននរណាម្នាក់អើពើឡើយ នៅពេលអ្នកភូមិជីក កកាយនៅលើដីជាកម្មសិទ្ធិរបស់ខ្លួន។ អ្នកភូមិខ្លះទៀត បកស្រាយខុសពីសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការយល់ឃើញរបស់ ផេង ដែលថាគាត់មានសិទ្ធជាម្ចាស់លើរបស់ទ្រព្យនានាដែលរកឃើញនៅក្នុងដីជម្រៅកន្លះម៉ែត្រនាដីកម្មសិទ្ធិរបស់គាត់ គឺមិនត្រឹមត្រូវទេ។ សេចក្តីប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១១ បានលើកឡើងថា ប្រជាជនត្រូវបានអនុញ្ញាតឲ្យជីកដីត្រឹមជម្រៅកន្លះម៉ែត្រ ដើម្បីដាំដុះដំណាំ។ ចំណែកឯសម្បត្តិប្រវត្តិសាស្ត្រដែលរកឃើញ ទោះស្ថិតនៅជម្រៅណាក៏ដោយ គឺសុទ្ធសឹងជាកម្មសិទ្ធិរបស់រដ្ឋ។
អ្នកភូមិខ្លះរក្សារបស់របរដែលខ្លួនបានរកឃើញ ចំណែកអ្នកខ្លះទៀតបានបរិច្ចាគឲ្យសារមន្ទីរ។ នៅដើមទសវត្សរ៍ឆ្នាំ២០០០ ក្រុមនិស្សិតដែលទទួលបានការបណ្តុះបណ្តាលស្តីពីការអភិរក្សសម្បត្តិបេតិកភណ្ឌ បានចុះធ្វើការស្ទង់មតិ និងចោទជាសំណួរថា “តើអ្នកនឹងធ្វើយ៉ាងដូចម្តេច ប្រសិនបើអ្នករកឃើញវត្ថុបុរាណ?”។ ក្រុមនិស្សិតទាំងនោះ ទទួលបានចម្លើយពីប្រជាជនភាគច្រើនថា គាត់នឹងរក្សាវត្ថុបុរាណនោះទុកនៅផ្ទះ ពីព្រោះគាត់ពុំបានដឹងថាមានសារមន្ទីរ ឬពុំមានជំនឿលើអាជ្ញាធរ ដោយសារតែនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ប្រជាជនដែលមានកាំភ្លើងបានបន្លំខ្លួនជាអាជ្ញាធរ និងបានរឹបអូសយកវត្ថុបុរាណពីអ្នកភូមិ។ បច្ចុប្បន្ន ប្រជាជនភាគច្រើនរក្សាទុកវត្ថុបុរាណនៅតាមផ្ទះ ព្រោះអ្នកទាំងនោះមានជំនឿថា វត្ថុបុរាណទាំងនោះជាអ្នកនាំសំណាងល្អ និងផ្តល់នូវសុខភាពល្អដល់ក្រុមគ្រួសារខ្លួន។ អ្នកភូមិខ្លះទៀតរក្សាទុកសម្បត្តិវប្បធម៌ ដោយសារតែអាចនៅប្រើប្រាស់បាន។ ចំណែកឯអ្នកភូមិដែលពុំធ្លាប់រកឃើញរបស់របរអ្វីមួយពីមុនមកសោះ ភាគច្រើនបានឆ្លើយតបថា ខ្លួននឹងរាយការណ៍ទៅប្រធានភូមិ ប្រសិនបើគាត់រកឃើញសម្បត្តិវប្បធម៌។ ទន្ទឹមនឹងនេះដែរ មានមូលហេតុជាច្រើនដែលជម្រុញឲ្យប្រជាជនធ្វើការរាយការណ៍ដល់អាជ្ញាធរអំពីវត្ថុដែលខ្លួនរកឃើញ។ ប្រជាជនភាគច្រើនបានដឹងថា ការរាយការណ៍អំពីសម្បត្តិវប្បធម៌ដែលបានរកឃើញ គឺជាការតម្រូវដាច់ខាតដោយច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌កម្ពុជា។ ឯអ្នកភូមិខ្លះទៀតយល់ឃើញថា បេតិកភណ្ឌវប្បធម៌គឺជាកម្មសិទ្ធិរបស់រដ្ឋ មិនមែនជារបស់បុគ្គលទេ ហើយខ្លះទៀតមានជំនឿថា ការរក្សាទុកបេតិកភណ្ឌវប្បធម៌នៅផ្ទះគឺហាក់ដូចជានាំយកគ្រោះអាក្រក់មកដល់គ្រួសារខ្លួនអញ្ចឹង។ អ្នកភូមិម្នាក់ ដែលពុំធ្លាប់រកឃើញសម្បត្តិវប្បធម៌អ្វីសោះបានអះអាងថា ប្រសិនបើគាត់រកឃើញវត្ថុអ្វីមួយរួចពុំបានយកទៅប្រគល់ឲ្យឬជូនដំណឹងដល់អាជ្ញាធរទេ គាត់អាចនឹងបារម្ភពីគ្រោះអាក្រក់ឬសំណាងអាក្រក់ ដែលអាចនឹងកើតមានឡើងលើខ្លួនគាត់។
អ្នកភូមិបានបញ្ឈប់ការស្វែងរកវត្ថុបុរាណដោយមូលហេតុផ្សេងៗគ្នា។ អ្នកខ្លះបានលើកឡើងថា គាត់បញ្ឈប់ការស្វែងរកវត្ថុបុរាណ នៅពេលដែលគាត់លែងរកឃើញអ្វីនៅលើដីរបស់គាត់ ឬដឹងអំពីភាពខុសច្បាប់ចំពោះទង្វើរបស់ខ្លួន។ អ្នកខ្លះទៀតត្រូវបានអាជ្ញាធរបណ្តេញចេញលែងឲ្យមានការជីកកកាយរកវត្ថុបុរាណតទៅទៀត។ អ្នកភូមិមួយចំនួនលែងមានតម្រូវការផ្នែកហិរញ្ញវត្ថុដោយសារតែការជីកកកាយនិងលក់វត្ថុបុរាណទៀតហើយ។ ទោះបីជាការបញ្ឈប់សកម្មភាពរុករកដោយសារមូលហេតុអ្វីក៏ដោយ ក៏អ្នកភូមិទាំងអស់បានអះអាងថា គាត់ទើបតែបានបញ្ឈប់សកម្មភាពនៅក្នុងរយៈពេលប្រមាណជាងមួយឆ្នាំមុននេះទេ។ ការប្រមែប្រមូលវត្ថុបុរាណនៅលើដីកម្មសិទ្ធិ និងការលួចវត្ថុបុរាណក្នុងស្រុកអង្គរបុរី ហាក់ដូចជាមានការថយចុះ បើយោងតាមការអះអាងរបស់មន្ត្រីមានសមត្ថកិច្ច។ នេះក៏ព្រោះតែប្រជាជនមានការយល់ដឹងអំពីសារៈសំខាន់នៃបេតិកភណ្ឌវប្បធម៌ ក៏ដូចជាការយល់ដឹងអំពីច្បាប់ស្តីពីកិច្ចការការពារបេតិកភណ្ឌវប្បធម៌។
ទោះបីជាអ្នកភូមិបានអះអាងថាខ្លួនបានបញ្ឈប់ការស្វែងរក និងលក់វត្ថុជាបេតិកភណ្ឌវប្បធម៌ក៏ដោយ ក៏បញ្ហាទាក់ទងនឹងការលួចវត្ថុបុរាណនៅក្នុងស្រុកអង្គរបុរី នៅតែកើតមានឡើង។ ករណីលួចវត្ថុបុរាណទ្រង់ទ្រាយធំធ្លាប់បានកើតមាននៅក្នុងស្រុកអង្គរបុរី បន្ថែមលើសកម្មភាពរបស់ប្រជាជនដែលធ្វើឡើងដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ កាលពីឆ្នាំមុន មានក្មេងប្រុសវ័យដប់ឆ្នាំម្នាក់ បានរកឃើញខ្សែក្រវ៉ាត់មាសរបស់ស្តេចនាសម័យបុរាណនៅក្នុងទីធ្លាសាលារៀន។ ទន្ទឹមនឹងនោះដែរ នេះក៏ជាទីតាំងដែលគ្រឿងអលង្កាមាសជាច្រើនត្រូវបានរកឃើញ។ ឪពុករបស់ក្មេងប្រុសនោះ និងអ្នកជិតខាង បាននាំគ្នាទៅកាន់ទីតាំងខាងលើ ព្រមទាំងសម្រេចចិត្តរួមគ្នាក្នុងការលក់ខ្សែក្រវ៉ាត់មាសនោះ។ បន្ទាប់ពីរកឃើញខ្សែក្រវ៉ាត់ធ្វើពីមាស អ្នកជិតខាងក៏បានលួចលក់ខ្សែក្រវ៉ាត់ទៅឲ្យឈ្មួញកណ្តាលក្នុងតម្លៃ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ឈ្មួញកណ្តាលក៏បានលក់ខ្សែក្រវ៉ាត់បន្តទៅឲ្យហាងគ្រឿងអលង្កាមួយកន្លែងក្នុងរាជធានីភ្នំពេញ ក្នុងតម្លៃ១សែនដុល្លារសហរដ្ឋអាមេរិក។ ក្រោយមក អាជ្ញាធរបានដឹងដំណឹងនេះ ក្រោយពេលដែលរូបភាពខ្សែក្រវ៉ាត់ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ហាងគ្រឿងអលង្កា។ ជាអកុសល ខ្សែក្រវ៉ាត់នោះត្រូវបានលក់ទៅឲ្យអ្នកទិញជនជាតិថៃ នៅមុនពេលអាជ្ញាធរបានដឹងព័ត៌មាននេះ។ ចំណែកឪពុករបស់ក្មេងប្រុស ដោយសារពុំបានទទួលប្រាក់កាសពីការលក់ ក៏កើតមានការតូចចិត្ត ព្រមទាំងបានដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរ ដោយផ្តល់ភស្តុតាងអំពីភាពជាម្ចាស់ដើមនៃខ្សែក្រវ៉ាត់។ អាជ្ញាធរពុំអាចឃាត់ខ្លួនអ្នកជិតខាងដែលលួចលក់នោះឡើយ ដោយសារអ្នកនោះបានផ្លាស់ប្តូរទីលំនៅទៅកាន់ខេត្តផ្សេង។ បុរសជាឪពុកក្មេងដែលបានរកឃើញ ក៏បានផ្លាស់ប្តូរទីលំនៅទៅកាន់ស្រុកដទៃទៀតនៅក្នុងខេត្តតែមួយ។ គាត់ក៏ពុំត្រូវបានឃាត់ខ្លួនដែរ។ តាមរយៈការលើកឡើងខាងលើ ចំណាត់ការចំពោះការលួចលក់វត្ថុបុរាណក្តី ការឃាត់ខ្លួនក្តី ឬការកាត់ទោសលើបុគ្គលណាម្នាក់ក្តី គឺពុំបានធ្វើឡើងទេ។ អ្នកលួចវត្ថុបុរាណជឿជាក់ថា គាត់មានភាពជាម្ចាស់លើវត្ថុដែលបានរកឃើញ។ ចំណែកអាជ្ញាធរត្រូវប្រឈមនឹងការលំបាកក្នុងការចោទប្រកាន់លើជនណាម្នាក់ដែលជឿជាក់ថា ខ្លួនមានសិទ្ធិជាម្ចាស់ពេញលេញលើវត្ថុបុរាណដែលបានលក់ និងនាំខ្លួនជននោះមកកាត់ទោស។
នៅក្នុងឆ្នាំ២០១៥ មានអ្នករត់ពន្ធមកពីប្រទេសថៃម្នាក់ បានព្យាយាមបញ្ចុះបញ្ចូលប្រធានសារមន្ទីរស្រុកអង្គរបុរី គឺលោក ជា សម្បត្តិ ឲ្យចូលរួមនៅក្នុងសកម្មភាពរត់ពន្ធជាមួយខ្លួន។ បុគ្គលនោះបានស្នើឲ្យប្រធានសារមន្ទីរដាក់តាំងរូបចម្លាក់ក្លែងក្លាយ និងយករូបចម្លាក់ពិតប្រាកដមកលក់ឲ្យខ្លួន។ អ្នករត់ពន្ធនោះបានគំរាមប្រធានសារមន្ទីរ ហើយប្រធានសារមន្ទីរបានរាយការណ៍អំពីហេតុការណ៍នេះទៅកានអាជ្ញាធរស្រុកអង្គរបុរី។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏ពុំមានចំណាត់ការអ្វីកើតមានឡើងដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍នេះ។ អ្នកមានបំណងរត់ពន្ធដទៃទៀត រាប់បញ្ចូលទាំងជនជាតិថៃនិងខ្មែរ បានគំរាមដល់ប្រធានសារមន្ទីរនិងក្រុមគ្រួសារ ដែលជាហេតុធ្វើឲ្យគាត់ស្នើសុំការការពារពីអាជ្ញាធរ។
នៅដើមឆ្នាំ២០១៨ ក្រុមហ៊ុនសាងសង់បរទេសមួយ ដែលទទួលបានដីសម្បទានពីរាជរដ្ឋា ភិបាលដើម្បីសាងសង់ផ្លូវ បានរកឃើញវត្ថុបុរាណនានានៅក្នុងអំឡុងពេលកំពុងសាងសង់ ព្រមទាំងបានប្រគល់វត្ថុបុរាណខ្លះទៅឲ្យសារមន្ទីរដើម្បីថែរក្សា។ អ្នកភូមិជឿជាក់ថា ក្រុមហ៊ុនអាចនឹងរក្សាទុកវត្ថុបុរាណមួយចំនួនសម្រាប់ខ្លួនឯង ហើយភាគីខាងក្រុមហ៊ុនក៏មានការជឿជាក់ដូចគ្នាថា កម្មករបានប្រគល់តែវត្ថុបុរាណមួយចំនួនប៉ុណ្ណោះទៅឲ្យសារមន្ទីរ ហើយបានរក្សាទុកវត្ថុបុរាណខ្លះទៀតសម្រាប់ខ្លួនឯង។ នាយកដ្ឋាននគរបាល បានធ្វើការស៊ើបអង្កេតលើក្រុមហ៊ុនខាងលើ ប៉ុន្តែពុំអាចរកឃើញ ភស្តុតាងជាវត្ថុបុរាណអ្វីមួយទេ។ នៅពេលគម្រោងសាង់សង់បានបញ្ចប់ ក្រុមហ៊ុនក៏បានចាកចេញពីប្រទេសកម្ពុជា ករណីស៊ើបអង្កេតក៏ត្រូវបានបិទ។
ពិធីទទួល និងឱកាសអប់រំអំពីបេតិកភណ្ឌវប្បធម៌នៅក្នុងស្រុកអង្គរបុរី
ដោយមានករណីលើកលែងមួយចំនួនទាំងនេះ មន្ត្រីអនុវត្តច្បាប់បានរាយការណ៍អំពីការសហការយ៉ាងសកម្មរវាងអ្នកភូមិ មន្ត្រីនគរបាល ប្រធានភូមិ និងប្រធានសារមន្ទីរស្រុកអង្គរបុរី។ ដោយសារមានការយល់ដឹងអំពីតម្លៃវត្ថុបុរាណដែលមិនអាចកាត់ថ្លៃបាន អ្នកភូមិដែលធ្លាប់លក់វត្ថុបុរាណដើម្បីប្រាក់ ឥឡូវនេះបានប្រគល់វត្ថុបុរាណដែលនៅសេសសល់ទៅឲ្យអាជ្ញាធរដើម្បីការថែរក្សា។ អាជ្ញាធរបានស្វាគមន៍ចំពោះអ្នកភូមិណាដែលរកឃើញវត្ថុបុរាណ និងកិច្ចការនេះនៅតែបន្តធ្វើឡើងពីមន្ត្រីទទួលបន្ទុកថែរក្សាសម្បត្តិបេតិកភណ្ឌ។ នៅពេលដែលអ្នកភូមិម្នាក់រកឃើញសម្បត្តិវប្បធម៌អ្វីមួយ អ្នកភូមិត្រូវតែរាយការណ៍ដល់មន្ត្រីនគរបាល ប្រធានភូមិ ឬប្រធានសារមន្ទីរ។ នៅពេលដែលមន្ត្រីនគរបាល មានចេតនាប្រមូលយកសម្បត្តិវប្បធម៌ពីអ្នកភូមិ តាមរយៈការប្រើប្រាស់ពាក្យសម្តីធ្ងន់ៗ ឬចាត់វិធានតឹងរឹងណាមួយ អ្នកភូមិអាចតបតវិញដោយអត់ធ្មត់បំផុត។ ប្រធានសារមន្ទីរ ដែលស្នើឲ្យអ្នកភូមិប្រគល់សម្បត្តិវប្បធម៌ដោយប្រើកាយវិការទន់ភ្លន់ ហាក់ដូចជាមានប្រសិទ្ធភាពជាងការប្រើប្រាស់វិធីក្តៅ។
នៅពេលដែលប្រធានសារមន្ទីរបានទទួលដំណឹងស្តីពីការរកឃើញវត្ថុបុរាណ គាត់នឹងទៅកាន់ ទីតាំងផ្ទាល់ ដើម្បីស៊ើបអង្កេតនិងធ្វើរបាយការណ៍ពីវត្ថុដែលរកឃើញនោះ។ ក្នុងអំឡុងពេលនៃការស៊ើបអង្កេត អ្នកដែលរកឃើញវត្ថុបុរាណ អាចស្នើសុំដាក់តាំងបង្ហាញពីវត្ថុនោះនៅក្នុងសារមន្ទីរស្រុកអង្គរបុរី ឬសារមន្ទីរខេត្តក្នុងស្រុកដូនកែវ ឬសារមន្ទីរជាតិក្នុងរាជធានីភ្នំពេញ និងអាចរក្សាវត្ថុនោះពីរបីថ្ងៃសម្រាប់រៀបចំពិធីសែនព្រេន។ ក្នុងអំឡុងពេលនេះអ្នកភូមិមួយចំនួនទទួលបន្ទុកក្នុងការថែរក្សាវត្ថុបុរាណដែលរកឃើញនោះឲ្យមានសុវត្ថិភាព និងត្រូវទទួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាត ក្នុងពេលដែលវត្ថុនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ជាសំណាងល្អ ពុំមានអ្នកភូមិណាម្នាក់ធ្វើឲ្យបាត់បង់ ឬបង្កការខូចខាតលើសម្បត្តិវប្បធម៌នៅពេលដែលខ្លួនគ្រប់គ្រងឡើយ។ ហេតុដូច្នេះហើយ ទើបពុំទាន់មានមាត្រានៃច្បាប់ណាមួយចែងឲ្យបានច្បាស់លាស់ពីទោសទណ្ឌចំពោះការធ្វេសប្រហែសក្នុងការថែរក្សាសម្បត្តិវប្បធម៌ក្រោយពេលរកឃើញ។ ក្នុងករណីមានការទាមទារភាពជាម្ចាស់កម្មសិទ្ធិផ្សេងៗគ្នាលើវត្ថុតែមួយ អ្នករក្សាសុវត្ថិភាពត្រូវស្នើទៅកាន់អាជ្ញាធរខេត្តដើម្បីដោះស្រាយ។ យ៉ាងណាមិញ ករណីនេះពុំធ្លាប់កើតមានពីមុនមកទេ។
នៅពេលដែលអ្នកភូមិបានបញ្ចប់ពិធីសែនព្រេនលើវត្ថុដែលរកឃើញ វត្ថុនោះនឹងត្រូវបញ្ជូនទៅកាន់សារមន្ទីរ។ ជាទូទៅ អ្នកភូមិតែងតែស្ម័គ្រចិត្តបរិច្ចាគវត្ថុដែលខ្លួនបានរកឃើញ ដោយពុំទាមទារការទូទាត់ឡើយ។ ជាជាងការស្នើសុំការទូទាត់ជាសាច់ប្រាក់ អ្នកភូមិម្នាក់ស្នើឲ្យសារមន្ទីរបង្កើតជាវីដេអូដើម្បីផ្សព្វផ្សាយព័ត៌មាន ដើម្បីឲ្យប្រជាជនស្វែងយល់ពីសារសំខាន់នៃការបញ្ជូនសម្បត្តិវប្បធម៌ទៅកាន់សារមន្ទីរដើម្បីរក្សាទុក។ ចំពោះអ្នកភូមិដែលស្នើសុំឲ្យមានការទូទាត់ជាសាច់ប្រាក់ សារមន្ទីរអាចផ្តល់ជូនថវិកាចំនួនពី៥ពាន់រៀលទៅ១សែនរៀល តាមរយៈការប្រើប្រាស់ថវិការបស់គម្រោងថវិកាដ៏តិចតួចរបស់សារមន្ទីរ។ ប្រសិនបើមានការស្នើសុំសាច់ប្រាក់ច្រើនជាង១សែនរៀល អាជ្ញាធរត្រូវធ្វើរបាយការណ៍មួយផ្ញើទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិ។ បន្ទាប់មក មន្ត្រី សារមន្ទីរជាតិនឹងទៅកាន់ស្រុកអង្គរបុរី ដើម្បីវាយតម្លៃលើវត្ថុបុរាណនោះ ក្នុងការកំណត់បរិមាណថវិកាដើម្បីផ្តល់ជូនអ្នកភូមិ។ បន្ទាប់មក វត្ថុបុរាណដែលត្រូវប្រគល់ទៅកាន់សារមន្ទីរស្រុកឬខេត្ត ត្រូវនាំយកទៅកាន់សារមន្ទីរជាតិដើម្បីជួសជុល ឬ សម្អាត រួចប្រគល់ទៅឲ្យសារមន្ទីរដែលអ្នករកឃើញបានជ្រើសរើសវិញ។
សារមន្ទីរអង្គរបុរី បានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ១៩៩៩ “ក្នុងនាមជាតំបន់ទេសចរណ៍ដែលអាចបង្កើតស្ថិរភាពដោយខ្លួនឯង និងជាមជ្ឈមណ្ឌលអប់រំគ្រូបង្រៀនក្នុងតំបន់ដើម្បីបញ្ជ្រាបចំណេះដឹងអំពីសារមន្ទីរទៅក្នុងកម្មវិធីសិក្សាតាមសាលារៀន ព្រមទាំងជាមជ្ឈមណ្ឌលបង្កើនសម្ព័ន្ធភាពរឹងមាំជាមួយសហគមន៍ក្នុងតំបន់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបេតិកភណ្ឌ”។ នៅពេលដែលសារមន្ទីរចាប់ផ្តើមដំណើរការដំបូងនៅក្នុងអគារចាស់មួយក្នុងស្រុកអង្គរបុរី រូបចម្លាក់ដែលបានដាក់តាំងនៅខាងក្នុងសារមន្ទីរនេះ គឺជារូបចម្លាក់ធ្វើពីស៊ីម៉ង់ត៍ដែលបានចម្លងចេញពីរូបចម្លាក់ពិតប្រាកដដែលមាននៅក្នុងតួប្រាសាទភ្នំដា។ ចំណែកឯរូបចម្លាក់ពិតប្រាកដ ដែលត្រូវបាននាំយកមកកាន់សារមន្ទីរនេះដោយអ្នកភូមិតាមរយៈរទេះគោ ត្រូវបានតម្កល់នៅសារមន្ទីរជាតិ។ សារមន្ទីរអង្គរបុរីទទួលបានថវិកាសម្រាប់សាងសង់ទីតាំងថ្មី នៅក្នុងឆ្នាំ២០០៨និងក្នុងឆ្នាំ២០១១ បន្ទាប់ពីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីប្រកាសស្តីពីភាពខុសច្បាប់នៃសកម្មភាពជីកកកាយ ធ្វើឲ្យការបរិច្ចាគវត្ថុបុរាណមកកាន់សារមន្ទីរអង្គរបុរីមានការកើនឡើង។ កំណើននៃការបរិច្ចាគទាំងនេះ ជាមូលហេតុមួយនៃការបញ្ជូនត្រឡប់រូបចម្លាក់ពិត ប្រាកដនានានៅប្រាសាទភ្នំដា មកកាន់សារមន្ទីរអង្គរបុរីវិញ។ បច្ចុប្បន្ន ការប្រមូលផ្តុំរូបចម្លាក់ដែលមាននៅក្នុងសារមន្ទីរនេះ រួមមានវត្ថុបុរាណដែលបរិច្ចាគដោយអ្នកភូមិ និងវត្ថុបុរាណទទួលបានពីកំណាយ នៃគម្រោងបុរាណវិទ្យាក្នុងតំបន់មេគង្គក្រោម ដែលជាប្រតិបត្តិការបែបបុរាណវិទ្យារួមគ្នារវាងសាកលវិទ្យាល័យហាវ៉ៃ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដោយផ្តោតលើការបណ្តុះបណ្តាលប្រជាជនជំនាន់ក្រោយអំពីចំណេះដឹងផ្នែកបុរាណវិទ្យា។
លោក ជា សម្បត្តិ ដែលជាប្រធានសារមន្ទីរបច្ចុប្បន្ន គឺត្រូវបានជ្រើសតាំងនៅក្នុងឆ្នាំ២០០៤ និងបានបន្តធ្វើការម្នាក់ឯងរហូតដល់ឆ្នាំ២០១៧ គឺរហូតដល់ពេលដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានជ្រើសរើសជំនួយការម្នាក់ជូនលោក។ អ្នកទាំងពីរបានធ្វើការជាមួយគ្នាក្នុងការប្រមែប្រមូលវត្ថុបុរាណនៅក្នុងតំបន់ បើកទទួលភ្ញៀវចូលទស្សនាសារមន្ទីរ បង្កើតកម្មវិធីអប់រំ និងថែរក្សាវត្ថុបុរាណតាំងនៅក្នុងសារមន្ទីរ។ សារមន្ទីរនេះ បានទទួលស្វាគមន៍អ្នកទស្សនាប្រមាណជាង២ពាន់នាក់ក្នុងឆ្នាំ២០១៧ ក្នុងនោះរួមមាន អ្នកទស្សនាអន្តរជាតិចំនួន៣៥០នាក់ និងសិស្សានុសិស្សដែលមកទស្សនាតាមរយៈដំណើរទស្សនកិច្ចសិក្សារបស់សាលារៀន ចំនួន២០០នាក់។ ដោយហេតុថា សារមន្ទីរលក់សំបុត្រចូលទស្សនាក្នុងតម្លៃតែ១ដុល្លារសហរដ្ឋអាមេរិកសម្រាប់អ្នកទស្សនាបរទេស សារមន្ទីរនេះអាចរកចំណូលបានត្រឹមតែ៣៥០ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ។ ប្រធានសារមន្ទីរខិតខំប្រឹងប្រែងលើកកម្ពស់ការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌នៅក្នុងភូមិចំនួនពីរក្នុងស្រុកអង្គរបុរី តាមរយៈការធ្វើវេទិការមួយជារៀងរាល់ឆ្នាំ។ នៅក្នុងខែមិថុនាឆ្នាំ២០១៨ លោក ជា សម្បត្តិ បានធ្វើវេទិការមួយស្តីពីការថែរក្សាបេតិកភណ្ឌនៅក្នុងភូមិកំពង់ពោធិ៍ ដោយផ្តោតជាសំខាន់ទៅលើការថែរក្សាអរិយធម៌ខ្មែរ និង ច្បាប់បេតិកភណ្ឌ។ ទោះបីជាពុំធ្លាប់បានអនុវត្តន៍នាពេលកន្លងមក បន្ទាប់ពីគម្រោងបុរាណវិទ្យាក្នុងតំបន់មេគង្គក្រោមចាប់ផ្តើមធ្វើកំណាយនៅស្រុកអង្គរបុរីក្នុងឆ្នាំ១៩៩៩ក៏ដោយ ក៏សារមន្ទីរបានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំជាងមុនក្នុងការអប់រំអ្នកភូមិឲ្យមានការយល់ដឹងអំពីច្បាប់បេតិកភណ្ឌ។
សារមន្ទីរក៏ធ្លាប់មានកម្មវិធីសិក្សាសម្រាប់សិស្សវិទ្យាល័យដែរ។ លោក ជា សម្បត្តិ បានធ្វើការបណ្ដុះបណ្តាលសិស្សកម្រិតវិទ្យាល័យចំនួន២ក្រុម អំពីកិច្ចការថែរក្សាវត្ថុបុរាណ។ សិស្សានុសិស្សក៏បានបន្តបណ្តុះបណ្តាលអ្នកភូមិ ព្រមទាំងធ្វើការប្រមូលមតិយោបល់ពីអ្នកភូមិ ក្នុងនោះរួមមានសំណួរដែលបានលើកឡើងខាងលើគឺ “តើអ្នកនឹងធ្វើយ៉ាងដូចម្តេច ប្រសិនបើអ្នករកឃើញវត្ថុបុរាណ?” បច្ចុប្បន្ន លោក ជា សម្បត្តិ នៅតែបន្តកិច្ចការនេះ និងលើកទឹកចិត្តឲ្យលោកគ្រូអ្នកគ្រូនាំសិស្សានុសិស្សមកកាន់សារមន្ទីរឲ្យកាន់តែច្រើនថែមទៀត។
នៅក្នុងថ្នាក់រៀន សិស្សានុសិស្សទទួលបានការអប់រំអំពីបេតិកភណ្ឌវប្បធម៌ តាមរយៈមុខវិជ្ជាប្រវត្តិសាស្រ្ត អក្សរសាស្ត្រខ្មែរ និងសិក្សាសង្គម។ ក្នុងមុខវិជ្ជាប្រវត្តិសាស្ត្រ សិស្សានុសិស្សបានសិក្សាអំពីវប្បធម៌ អត្តសញ្ញាណ និងការថែរក្សាសម្បត្តិវប្បធម៌ ក្នុងនោះក៏រួមបញ្ចូលទាំងការណែនាំឲ្យធ្វើ សេចក្តីរាយការណ៍ទៅកាន់អាជ្ញាធរ ប្រសិនបើសិស្សបានរកឃើញវត្ថុបុរាណ ឬបានឃើញការរុករានដោយខុសច្បាប់។ សិស្សទាំងអស់ដែលត្រូវបានសម្ភាសន៍ បានលើកឡើងថា ប្រសិនបើខ្លួនបានរកឃើញវត្ថុបុរាណ ខ្លួននឹងរាយការណ៍អំពីការរកឃើញនេះទៅកាន់អាជ្ញាធរ។ តាមរយៈនេះ យើងជឿជាក់ថា ការអប់រំខ្លីៗស្តីពីការថែរក្សាសម្បត្តិបេតិកភណ្ឌ គឺប្រព្រឹត្តទៅដោយជោគជ័យ។ ទោះបីជាយ៉ាងណាក្តី នៅពេលដែលសិស្សរៀនដល់ថ្នាក់ទី១១ សិស្សត្រូវធ្វើការជ្រើសរើសរវាងមុខវិជ្ជាវិទ្យា សាស្ត្រ និងមុខវិជ្ជាសង្គម។ ដោយមូលហេតុថា សិស្សានុសិស្សមានជំនឿថា ការសិក្សាមុខវិជ្ជាវិទ្យា សាស្ត្រអាចផ្តល់ឲ្យខ្លួននូវការងារដែលអាចមានចំណូលខ្ពស់ ទើបធ្វើឲ្យសិស្សភាគច្រើនមិនចាប់យកការសិក្សាមុខវិជ្ជាសង្គម ហើយមិនបានទទួលការអប់រំពីប្រវត្តិសាស្ត្រនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃកម្មវិធីសិក្សាកម្រិតវិទ្យាល័យ។ បន្ថែមពីនេះទៀត គ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យាដែលត្រូវបានសម្ភាសន៍ ពុំមានពេលវេលាគ្រប់គ្រាន់សម្រាប់នាំសិស្សរបស់ខ្លួនទៅធ្វើដំណើរទស្សនកិច្ចនៅសារមន្ទីរអង្គរបុរី ឬប្រាសាទភ្នំដាទេ ព្រោះបារម្ភចំពោះការធ្វើឲ្យមានការយឺតយ៉ាវក្នុងការបង្រៀនតាមកាលវិភាគដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ទោះបីជារស់នៅក្នុងតំបន់ប្រវត្តិសាស្ត្រក៏ដោយ ក៏សិស្សានុសិស្សពុំបានទទួលបទពិសោធន៍ផ្ទាល់អំពីប្រវត្តិសាស្ត្រក្នុងតំបន់របស់ខ្លួនដែរ។
សិស្សានុសិស្សក្នុងស្រុកអង្គរបុរី ទទួលបានជម្រើសក្នុងការអប់រំអំពីបេតិកភណ្ឌវប្បធម៌បន្ថែមទៀត តាមរយៈការចូលរួមជាមួយសកម្មភាពកំណាយនៅចន្លោះឆ្នាំ១៩៩៩និងឆ្នាំ២០០៩។ នៅក្នុងឆ្នាំ១៩៩៩ ប្រធាននាយកដ្ឋានបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានជួបជាមួយសិស្សានុសិស្ស ដើម្បីដោះស្រាយចម្ងល់ផ្សេងៗទាក់ទងនឹងបុរាណវិទ្យា ព្រមទាំងបានចំណាយពេលវេលាជាមួយសិស្សានុសិស្សច្រើនជាងការគ្រោងទុក ព្រោះថាសិស្សានុសិស្សទាំងនោះមានឆន្ទៈពុះពោរក្នុងការសិក្សាបន្ថែមអំពីបុរាណវិទ្យា ក៏ដូចជាបេតិកភណ្ឌក្នុងតំបន់របស់ខ្លួន។ នៅក្នុងឆ្នាំ២០០៧ លោក ហួត សំណាង បានផ្តោតការងារសំខាន់ជាមួយការអប់រំព្រះសង្ឃ សិស្ស និងគ្រូបង្រៀន ព្រមទាំងអាជ្ញាធរក្នុងតំបន់ ដើម្បីលើកទឹកចិត្តឲ្យអ្នកទាំងនោះឲ្យទទួលខុសត្រូវចំពោះបេតិកភណ្ឌវប្បធម៌របស់ខ្លួន តាមរយៈការបង្ក្រាបការរុករានខុសច្បាប់ ការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃបេតិកភណ្ឌក្នុងតំបន់ ការផ្តល់ចំណេះដឹងស្តីពីសិល្បៈនិងវត្ថុបុរាណនៅក្នុងសារមន្ទីរអង្គរបុរី និងការចែករំលែកចំណេះដឹងដល់អ្នកភូមិដទៃទៀត។
អ្នកភូមិទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត អំពីតម្លៃនៃបេតិកភណ្ឌវប្បធម៌ និងជម្រុញលើកទឹកចិត្តឲ្យមានការចូលរួមសហការជាមួយនឹងអាជ្ញាធរក្នុងតំបន់ ព្រមទាំងរាយការណ៍អំពីការរកឃើញវត្ថុបុរាណរបស់ខ្លួនទៅកាន់ប្រធានភូមិនិងអាជ្ញាធរ។ មន្ទីរក៏បានបណ្តុះបណ្តាលមន្ត្រីនគរបាលដែលមានតួនាទីថែរក្សាបេតិកភណ្ឌ ពីសកម្មភាពនៅនឹងកន្លែងក្នុងករណីមានវិវាទ។ ជាអកុសល មន្ទីរវប្បធម៌និងវិចិត្រសិល្បៈមានថវិកានិងធនធានក្នុងការធ្វើការបណ្តុះបណ្តាលតែពីរដងប៉ុណ្ណោះក្នុងមួយឆ្នាំ។ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈមានបំណងចង់រៀបចំវគ្គបណ្តុះបណ្តាលពី២០ទៅ៣០ដងក្នុងមួយឆ្នាំ ដើម្បីពង្រីកការយល់ដឹងរបស់ប្រជាជនក្នុងស្រុកទាំង១០របស់ខេត្តតាកែវ។
ឱកាសអប់រំក្នុងពេលអនាគតអាចនឹងមានការកើនឡើង។ នៅឆ្នាំ២០១៧ ស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ សហការជាមួយនឹងសារមន្ទីរជាតិ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានផ្តល់ថវិកាចំនួន២ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់សារមន្ទីរអង្គរបុរី ដើម្បីរៀបចំការតាំងពិព័រណ៍ឲ្យប្រសើរឡើងថែមទៀត ព្រមទាំងបង្កើតកម្មវិធីអប់រំ។ ស្លាកព័ត៌មានអំពីរូបចម្លាក់នីមួយៗនៅក្នុងសារមន្ទីរ នៅពុំទាន់មានដាក់គ្រប់រូបចម្លាក់នៅឡើយនាពេលបច្ចុប្បន្ន ហើយស្លាកដែលបានធ្វើឡើងតាំងពីដំបូងទាំងនេះបានរលុបអក្សរអស់មួយចំនួន ដែលតម្រូវឲ្យមានការរៀបចំថ្មីទាំងភាសាខ្មែរនិងភាសាអង់គ្លេស ដើម្បីបង្ហាញព័ត៌មានច្បាស់លាស់អំពីវត្ថុបុរាណក្នុងស្រុកអង្គរបុរី។ កាលពីមុន សញ្ញាសម្គាល់មានតែជាភាសាអង់គ្លេសប៉ុណ្ណោះ ដែលបង្កភាពងាយស្រួលដល់ជនបរទេសជាជាងជនជាតិខ្មែរក្នុងការទទួលបានព័ត៌មានអំពីសារមន្ទីរ។ ជំនួយឧបត្ថម្ភ នឹងធ្វើឲ្យការដាក់តាំង និងរក្សាទុកវត្ថុបុរាណរបស់សារមន្ទីរ មានភាពប្រសើរឡើង។ បន្ទាប់ពីការកែលម្អថ្មី សារមន្ទីរអង្គរបុរី រួមសហការជាមួយអង្គការឃ្លាំមើលបេតិកភណ្ឌ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានគម្រោងផ្តល់ការអប់រំស្តីពីបេតិកភណ្ឌវប្បធម៌រយៈពេល១៦ថ្ងៃ ដល់សិស្សានុសិស្ស ព្រះសង្ឃ និងអាជ្ញាធរក្នុងតំបន់ ដោយរំពឹងថាក្រុមនេះនឹងចែករំលែកព័ត៌មានបន្តទៅកាន់ប្រជាជនដទៃទៀត។ កិច្ចខិតខំប្រឹងប្រែងទាំងអម្បាលមាណ អាចនឹងជួយដល់ការកាត់បន្ថយការលួចវត្ថុបុរាណខុសច្បាប់ និងត្រូវបានរំពឹងទុកយ៉ាងមុតមាំថានឹងផ្តល់ជាការគាំពាររយៈពេលវែងដល់សារមន្ទីរ តាមរយៈការបង្កើនការទស្សនានិងការផ្សព្វផ្សាយ។ ក៏ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះពុំបានផ្តល់ការគាំពាររយៈពេលវែងដល់ការអប់រំនៅតាមសាលារៀនឡើយ។
ទោះបីជាសកម្មភាពប្រមែប្រមូល និងរុករកវត្ថុបុរាណខុសច្បាប់នៅតាមទីតាំងក្រោយលំនៅដ្ឋានអ្នកភូមិហាក់មានការថយចុះក្តី ក៏អ្នកភូមិដែលលក់វត្ថុបុរាណកាលពីអតីតកាល នៅតែពុំបានយល់ដឹងអំពីច្បាប់បេតិកភណ្ឌវប្បធម៌របស់កម្ពុជានៅឡើយ។ នៅក្នុងទីតាំងមួយដូចជាស្រុកអង្គរបុរី ដែលប្រជាជនរស់នៅលើផ្ទៃដីគ្របដណ្តប់លើវត្ថុបុរាណយ៉ាងច្រើន ការយល់ដឹងតិចតួចអំពីច្បាប់ អាចបង្កជាវិនាសកម្មលើកំណត់ត្រាបែបបុរាណវិទ្យា។ សិស្សានុសិស្សថ្នាក់អនុវិទ្យាល័យ មានការយល់ដឹងស៊ីជម្រៅអំពីច្បាប់ គឺដោយសារតែសិស្សទាំងនេះបានសិក្សានៅសាលារៀន។ មនុស្សពេញវ័យមួយចំនួន បានជ្រួតជ្រាបអំពីច្បាប់នេះ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីឆ្នាំ២០១១ ក៏ប៉ុន្តែ មនុស្សភាគច្រើននៅមានការភ័ន្តច្រឡំអំពីអត្ថន័យនៃច្បាប់ ឬពុំបានដឹងអំពីច្បាប់នេះទាល់តែសោះ។
បន្ថែមពីនេះទៀត ទោះបីជាប្រជាជនមានការយល់ដឹងអំពីច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌របស់កម្ពុជាក៏ដោយ ក៏ច្បាប់នេះនៅពុំទាន់បានអនុវត្តន៍ពេញលេញនៅឡើយ។ បន្ទាប់ពីច្បាប់ស្តីពីបេតិ កភណ្ឌវប្បធម៌ត្រូវបានអនុម័តនៅក្នុងឆ្នាំ១៩៩៦ ការអនុវត្តន៍ច្បាប់ជាក់ស្តែងនៅពុំទាន់មានឡើយ។ នៅឆ្នាំ២០០៧ សារមន្ទីរអង្គរបុរី បានសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីចាប់ផ្តើមអនុវត្តច្បាប់នេះ ប៉ុន្តែហាក់បីដូចជាពុំមាននរណាម្នាក់ត្រូវបានឃាត់ខ្លួនដោយសារការបំពានច្បាប់ តាមរយៈការលួចយកវត្ថុបុរាណទេ។ ផ្អែកតាមបទសម្ភាសន៍ជាមួយមន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត និងប្រធានសារមន្ទីរ បានឲ្យដឹងថា មានតែករណីមួយប៉ុណ្ណោះដែលអ្នកលួចសម្បត្តិវប្បធម៌ត្រូវបានឃាត់ខ្លួន និងកាត់ទោស។ ប៉ុន្តែ ជនល្មើសត្រូវបានឃាត់ខ្លួនពីបទជួញដូរវត្ថុបុរាណខុសច្បាប់ គឺមិនមែនពីបទឧក្រិដ្ឋលួចយកវត្ថុបុរាណឡើយ។ ប្រសិនបើមន្ត្រីនគរបាល ចាប់ផ្តើមអនុវត្តច្បាប់តាំងពីឆ្នាំ១៩៩៦មក អ្នកប្រមែប្រមូលវត្ថុបុរាណនៅតាមទីតាំងក្រោយលំនៅដ្ឋានរបស់ខ្លួន និងក្រុមហ៊ុនសាងសង់ផ្លូវអាចប្រឈមនឹងទោសជាប់ពន្ធនាគារឬទទួលពិន័យ។ ចលនសម្បត្តិវប្បធម៌ទាំងពួងដែលត្រូវបានប្រទះឃើញដោយចៃដន្យ គឺជាសម្បត្តិសាធារណៈ។ បន្ទាប់ពីការប្រទះឃើញសម្បត្តិវប្បធម៌ ការសាងសង់ ឬសកម្មភាពដទៃទៀតទាំងអស់ ត្រូវតែបញ្ឈប់ ហើយអ្នកដែលប្រទះឃើញត្រូវតែធ្វើ សេចក្តីរាយការណ៍ទៅកាន់អាជ្ញាធរក្នុងតំបន់។ ការធ្វេសប្រហែសដោយពុំបានរាយការណ៍អំពីការរកឃើញទៅកាន់តម្រួតក្នុងតំបន់ និងពុំបានបញ្ឈប់ការងារ នឹងត្រូវទទួលទោសជាប់ពន្ធនាគារចាប់ពី៦ខែទៅ៥ឆ្នាំ និងពិន័យជាប្រាក់ដែលមានតម្លៃស្មើនឹងតម្លៃសម្បត្តិវប្បធម៌ដែលបានរកឃើញ។ ការបំពានដោយចេតនា នឹងត្រូវទទួលទោសជាប់ពន្ធនាគារចាប់ពី២ឆ្នាំទៅ៨ឆ្នាំ និងពិន័យជាប្រាក់ស្មើនឹងពីរដងនៃតម្លៃសម្បត្តិវប្បធម៌ដែលបានរកឃើញ។
ការធ្វេសប្រហែសក្នុងការរាយការណ៍ទៅកាន់អាជ្ញាធរ គឺជាទូទៅសំដៅដល់អ្នកភូមិដែលបានរកឃើញវត្ថុបុរាណនៅក្នុងទីតាំងក្រោយលំនៅដ្ឋានរបស់ខ្លួន។ នៅពេលដែលអ្នកភូមិទាំងនោះបានជីក ឃើញវត្ថុបុរាណនៅទីតាំងខាងក្រោយលំនៅដ្ឋានរបស់ខ្លួន ហើយមិនបានធ្វើសេចក្តីរាយការណ៍ទៅកាន់អាជ្ញាធរទេ អ្នកនោះអាចនឹងត្រូវជាប់ចោទពីបទបំពានមាត្រា៣៧ រួមជាមួយនឹងមាត្រា៦៣(ក)។ អ្នកដែលលាក់បាំងសកម្មភាពលួចវត្ថុបុរាណរបស់ខ្លួនពីអាជ្ញាធរ ដូចជា ស៊ីណាត និង ហេង អាចនឹងជាប់ចោទពីបទមិនរាយការណ៍អំពីរបស់ដែលរកឃើញដោយចេតនា។ ចំពោះអ្នកភូមិដទៃទៀតដែលប្រមូលវត្ថុបុរាណនៅក្នុងទីតាំងក្រោយលំនៅដ្ឋានទាំងកណ្តាលថ្ងៃត្រង់ អាជ្ញាធរតែងតែពុំបានអើពើពីសកម្មភាពនេះ។ សកម្មភាពប្រព្រឹត្តទៅដោយចេតនាឬអចេតនា គឺមានការពិបាកក្នុងការវែកញែកដោយពុំមានការស៊ើបអង្កេតបន្ថែមលើហេតុការណ៍នោះ។ ប្រសិនបើការលើកឡើងថា ក្រុមហ៊ុនសាងសង់បានរកឃើញរូបចម្លាក់លើសពីមួយ ប៉ុន្តែបានបរិច្ចាគដល់សារមន្ទីរតែរូបចម្លាក់មួយ គឺបង្ហាញពីចេតនាយ៉ាងច្បាស់ពីការលាក់បាំងការលួចយកវត្ថុបុរាណដែលជាសម្បត្តិវប្បធម៌ជាតិ។ ប្រសិនបើក្រុមហ៊ុនសាងសង់ បានរាយការណ៍អំពីរូបចម្លាក់មួយដល់អាជ្ញាធរ នោះសរបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុនពុំមានចេតនាលាក់បាំងអំពីការរកឃើញរូបចម្លាក់ដទៃទៀតទេ។ ក្នុងករណីនេះ មន្ត្រីទទួលបន្ទុករបស់ក្រុមហ៊ុនអាចនឹងទទួលរងការចោទប្រកាន់ពីបទបំពានមាត្រា៣៧ រួមជាមួយនឹងមាត្រា៦៣(ខ)។
ច្បាប់កំណត់ពីដែនអាជ្ញាយុកាល ក៏ជាផ្នែកមួយដែរ។ ការធ្វេសប្រហែសក្នុងការរាយការណ៍អំពីបេតិកភណ្ឌវប្បធម៌ដែលរកឃើញ គឺជាទោសមជ្ឈិម ហើយច្បាប់កំណត់អំពីអាជ្ញាយុកាល គឺរយៈពេល៥ឆ្នាំ។ ការមិនរាយការណ៍ដោយចេតនាអំពីបេតិកភណ្ឌវប្បធម៌ដែលបានរកឃើញ គឺជាទោសឧក្រិដ្ឋ ដោយមានច្បាប់កំណត់អាយុកាលចំនួន២០ឆ្នាំ។ ស៊ីណាត និងហេង បានបញ្ឈប់ការជីកកកាយនៅក្នុងទីតាំងក្រោយផ្ទះរបស់ខ្លួនអស់រយៈពេលប្រមាណជាង៥ឆ្នាំមកហើយ។ ផ្អែកលើច្បាប់កំណត់ដែនអាជ្ញាយុកាល អ្នកទាំងពីរអាចនឹងជាប់ចោទពីបទមិនរាយការណ៍ដោយចេតនាអំពីបេតិកភណ្ឌវប្បធម៌ដែលបានរកឃើញ គឺមិនមែនដោយការធ្វេសប្រហែសឡើយ។ ករណីក្រុមហ៊ុនសាងសង់កើតឡើងនៅក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនជាប់ចោទពីបទឧក្រិដ្ឋ ទោះបីជាទង្វើរបស់ក្រុមហ៊ុននេះធ្វើឡើងដោយចេតនាឬដោយធ្វេសប្រហែសក៏ដោយ។
រាជរដ្ឋាភិបាល រួមទាំងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ពុំបានអនុវត្តកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួនតាមលំអាននៃច្បាប់បេតិកភណ្ឌវប្បធម៌ទេ។ មាត្រា១៨ ទាមទារឲ្យខេត្តនីមួយៗបង្កើតជាបញ្ជីចាត់ថ្នាក់សម្បត្តិវប្បធម៌ប្រចាំឆ្នាំ ដើម្បី“ចុះផ្សាយនៅក្នុងសារព័ត៌មានផ្លូវការ”។ ខេត្តតាកែវពុំមានឯកសារបោះពុម្ពជាសាធារណៈទេ ពោលគឺមានឯកសារតែបីច្បាប់ប៉ុណ្ណោះ គឺមួយច្បាប់តម្កល់នៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត មួយច្បាប់តម្កល់នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងរាជធានីភ្នំពេញ និងមួយច្បាប់ទៀតតម្កល់នៅសារមន្ទីរជាតិ។ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ជាអ្នកថែរក្សាបញ្ជីស្តីពីសម្បត្តិ វប្បធម៌ទាំងអស់ ក៏ប៉ុន្តែបញ្ជីដែលបោះពុម្ពសម្រាប់បណ្តាអង្គភាពរៀបរាប់ខាងលើ មានត្រឹមឆ្នាំ២០១០ប៉ុណ្ណោះ។ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានលើកឡើងអំពីបញ្ហាបច្ចេកទេស ប្រឈមក្នុងការធ្វើបច្ចុប្បន្នភាពលើបញ្ជីដែលបានបោះពុម្ព ដោយហេតុថាកុំព្យូទ័រនៅក្នុងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត មិនដំណើរការ។ ការបំពានមាត្រា១៨ ពុំបានបង្កជាទោសទណ្ឌដល់មន្ត្រីដែលបំពានឡើយ ក៏ប៉ុន្តែបានទម្លាក់ការទទួលខុសត្រូវទៅលើរដ្ឋាភិបាល។ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ត្រូវតែទទួលបានធនធានដើម្បីបំពេញការទទួលខុសត្រូវផ្លូវច្បាប់របស់ខ្លួន។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺថាប្រទេសកម្ពុជាក្នុងនាមជាម្ចាស់លើរាល់ចលននិងអចលនបេតិកភណ្ឌវប្បធម៌ ដែលពុំទាន់បានរកឃើញនៅឡើយ ពុំបានសម្រេចកាតព្វកិច្ចរបស់ខ្លួនក្នុងការថែរក្សាបេតិកភណ្ឌដែលខ្លួនមានទេ។ មាត្រា២៥ នៃច្បាប់ស្តីពីកិច្ចការការពារបេតិកភណ្ឌវប្បធម៌ ចែងថា “ម្ចាស់នៃសម្បត្តិវប្បធម៌ដែលបានចាត់ថ្នាក់ ត្រូវទទួលខុសត្រូវក្នុងការធានាការការពារលើសម្បត្តិនោះ”។ ក៏ប៉ុន្តែ ប្រទេសកម្ពុជាមានប្រាសាទរាប់ពាន់ដែលពុំទទួលបានការការពារដូចទៅនឹងតំបន់បេតិកភណ្ឌពិភពលោករបស់ខ្លួន ដោយបណ្តោយឲ្យមានការរុករានលួចលើប្រាសាទទាំងនោះ។ អ្នកដែលទទួលបន្ទុកកិច្ចការការពារបេតិកភណ្ឌវប្បធម៌ ក៏ប៉ុន្តែ“ពុំបានធានាការការពារលើសម្បត្តិវប្បធម៌ដែលបានចាត់ថ្នាក់ថាជាកម្មសិទ្ធិរបស់ខ្លួន” ត្រូវទទួលទោសដូចគ្នាទៅនឹងអ្នកដែលរុករានលួចនៅក្នុងទីតាំងខាងក្រោយលំនៅដ្ឋានយ៉ាងដូច្នោះដែរ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈគួរតែផ្តល់ធនធានបន្ថែមទៀតទៅកាន់ទីតាំងស្រុកអង្គរបុរី និងភ្នំដា ដើម្បីសម្រេចបាននូវការទទួលខុសត្រូវរបស់ខ្លួនតាមលំអានច្បាប់។
បុគ្គល ឬអង្គភាពនីមួយៗដែលទទួលបន្ទុកអនុវត្តច្បាប់ ពុំស្ម័គ្រចិត្តឬពុំមានសមត្ថភាពពុះពារឧបសគ្គមួយចំនួនដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុងនាមជាប្រជាជនឬអាជ្ញាធរទេ។ ប្រជាជនដែលរុករានលួចធ្វើទង្វើនេះដោយសារតែដើម្បីចិញ្ចឹមគ្រួសារ។ មន្ត្រីនគរបាលមិនបានអើពើចំពោះសកម្មភាព រុករាននៅតាមទីតាំងខាងក្រោយលំនៅដ្ឋានឡើយ ព្រោះថាប្រជាជនជឿជាក់ថាខ្លួនមានសិទ្ធិលើរបស់ដែលបានរកឃើញ។ ទោះបីជាមានច្បាប់ក៏ដោយ ក៏មន្តី្រនគរបាលមិនធ្វើការឃាត់ខ្លួនអ្នកភូមិដើម្បីស្វែងរកយុត្តិធម៌ដែរ។ ប្រធានសារមន្ទីរមិនបានស្នើសុំឲ្យ ផេង ប្រគល់វត្ថុដែលគាត់រកឃើញ និងមិនបានកត់ត្រាអំពីវត្ថុដែល ផេង មានដែរ ព្រោះថាលោកមិនចង់ឲ្យគាត់មានអារម្មណ៍មិនសូវពេញចិត្ត។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មិនមានថវិកាគ្រប់គ្រាន់ឡើយសម្រាប់ជួសជុលកុំព្យូទ័រ ដើម្បីបោះពុម្ពបញ្ជីបេតិកភណ្ឌវប្បធម៌របស់ខ្លួន ឬសម្រាប់ការអប់រំបន្ថែមស្តីពីទីតាំងប្រាសាទឬវត្ថុបុរាណក្នុងស្រុកអង្គរបុរី។
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ វត្ថុមានតម្លៃដូចជា មាស ប្រាក់ លុយកាក់ ផ្ទះសម្បែង ស្រូវ អង្ករ និង គោក្របីជាដើម
ប្រាសាទរាប់ពាន់ដែលមានទីតាំងនៅលើសណ្ឋានដីនៃប្រទេសកម្ពុជាមានតួនាទីក្នុងការក្រើនរំឭកអំពីវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសនេះពីអតីតកាលដ៏យូរលង់ណាស់មកហើយ។
ថ្មីៗនេះសភាពតានតឹងមានការថយចុះនៅប្រាសាទតាមាន់រវាងកងកម្លាំងខ្មែរនឹងថៃ។ ទាហានទាំងពីរភាគីមានការប្រាស្រ័យទាក់ទង់គ្នាជាធម្មតា។
ស្រុកអង្គរបុរី គឺជាស្រុកមួយក្នុងខេត្តតាកែវរបស់ប្រទេសកម្ពុជា ស្ថិតនៅក្បែរព្រំប្រទល់វៀតណាម។
វិឡាលេខ ១១ ផ្លូវលេខ ២៥៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ប្រទេសកម្ពុជា ១២០២០៧
លេខទូរស័ព្ទ ០១២ ៨៨២ ៥០៥ / ០១២ ៦៩៦ ៩៦១
អុីម៉ែល៖ dccam@online.com.kh
គេហទំព័រ៖ www.dccam.org
©២០២៤ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា