ប្រវត្តិសាស្ត្រសង្ខេបស្តីពីជម្លោះរវាងកម្ពុជានិងថៃ
ពេលខ្លីបន្ទាប់មក ខណៈពេលដែលមានការបាញ់បោះនៅក្នុងឆ្នាំ២០០៩ ប្រាសាទនានាត្រូវបានឡោមព័ទ្ធដោយកម្លាំងយោធា ហើយការប៉ះទង្គិចទ្រង់ទ្រាយធំកើតមាននៅក្នុងឆ្នាំ២០១១។
ក្នុងឆ្នាំ២០១១ ប្រទេសកម្ពុជាបានចាប់ផ្តើមគម្រោងស្តារផ្លូវតភ្ជាប់ពីប្រាសាទទាំងអស់នៅក្នុងតំបន់ជម្លោះទៅកាន់ប្រាសាទអង្គរវត្ត។ ភាគីថៃក៏បានប្រតិបត្តិគម្រោងរបស់ខ្លួននៅក្នុងតំបន់ជម្លោះដូចគ្នាដែរ។ សកម្មភាពនេះបានបង្កជាសម្ពាធ ហើយយោធាទាំងពីរក៏ជួបគ្នាដើម្បីបង្កើតជាកិច្ចព្រមព្រៀងមួយ។ នៅក្នុងអំឡុងពេលកិច្ចប្រជុំ ទាហានកម្ពុជាមួយរូបបានបាញ់លើម៉ាស៊ីនឈូសដីរបស់ថៃ បន្ទាប់មកការប៉ះទង្គិចទ្រង់ទ្រាយធំក៏ផ្ទុះឡើងយ៉ាងខ្លាំងក្លា។
ក្រោយមក ការប៉ះទង្គិចបានរីកសាយភាយដល់ប្រាសាទដទៃទៀតនៅក្នុងតំបន់ ដូចជាប្រាសាទតាមន្ត។ ប្រាសាទព្រះវិហារទទួលរងការខូចខាតលើផ្នែកខ្លះនៅក្នុងពេលប៉ះទង្គិច។ ជម្លោះនៅតែពុំអាចដោះស្រាយបានរហូតដល់មានសេចក្តីបញ្ជាក់ជាថ្មីម្តងទៀត ពីតុលាការយុត្តិធម៌អន្តរជាតិថា ប្រាសាទព្រះវិហារគឺជាកម្មសិទ្ធិរបស់កម្ពុជា។ តុលាការនេះ បានបញ្ជាឲ្យប្រទេសថៃឈប់បង្កការរារាំងដល់សិទ្ធិប្រើប្រាស់ប្រាសាទព្រះវិហាររបស់កម្ពុជា។ ការបញ្ចប់ការប៉ះទង្គិចជាផ្លូវការហាក់បីដូចជាពុំធ្លាប់ធ្វើឡើងពីមុនមក ហើយមកដល់សព្វថ្ងៃនេះ កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរនៅតែកាន់កាប់ប្រាសាទនៅក្នុងតំបន់ជម្លោះ ដូចជាប្រាសាទតាមន្ត។ ថ្វីបើសង្គ្រាមពុំធ្លាប់ត្រូវបានបញ្ចប់ជាផ្លូវការក៏ដោយ ក៏សន្តិភាពបានកើតមានឡើងនៅក្នុងតំបន់ដែលជាផ្នែកដ៏ប្រសើរមួយ។
សេចក្តីផ្តើមស្តីពីប្រាសាទតាមន្ត
ប្រាសាទតាមន្តធំ (ប្រាសាទតាមាន់) គឺជាប្រាសាទនៅក្នុងសម័យអាណាចក្រខ្មែរ ស្ថិតនៅក្នុងដែនដីជម្លោះរវាងប្រទេសថៃនិងប្រទេសកម្ពុជា។ ប្រាសាទតាមន្តមានអាយុកាលតាំងពីសតវត្សរ៍ទី១១នៃគ្រិស្តសករាជ ដោយប្រាសាទនេះត្រូវបានកសាងឡើងក្នុងគោលបំណងសាសនាដើម្បីឧទ្ទិសដល់ព្រះសិវៈនៃសាសនាហិណ្ឌូ និងជាទីកន្លែងសម្រាកសម្រាប់អ្នកធ្វើដំណើរដ៏វែងឆ្ងាយនៅតាមជួរភ្នំដងរែក។ ប្រាសាទតាមន្តគឺជាទីតាំងដ៏សំខាន់មួយស្ថិតនៅតាមបណ្តោយផ្លូវតភ្ជាប់ពីរាជធានីអង្គរទៅ កាន់ទីក្រុងសំខាន់ៗដទៃទៀតរបស់ខ្មែរ។ បន្ទាប់ពីការដួលរលំនៃអាណាចក្រខ្មែរ ប្រាសាទតាមន្តបានធ្លាក់ទៅក្នុងស្ថានភាពទ្រុឌទ្រោម ចំណែកឯចម្លាក់ និងរូបចម្លាក់ត្រូវបានរុករាន និងលួចប្លន់។ បច្ចុប្បន្ននៅសេសសល់ស្នាដៃសិល្បៈដើមតិចតួចប៉ុណ្ណោះ ចាប់តាំងពីប្រាសាទនេះដំណើរការមក។
ប្រជាជនមួយចំនួនដែលរស់នៅក្នុងតំបន់ជុំវិញប្រាសាទតាមន្ត មានចំណេះដឹងអំពីប្រវត្តិ សាស្ត្រនៃតំបន់នេះ។ ផ្លូវដែលពុំទាន់បានជួសជុលនិងមានសភាពទ្រុឌទ្រោមរបស់ប្រាសាទ ធ្វើឲ្យការធ្វើដំណើរមកកាន់ប្រាសាទនេះ ពុំមានភាពងាយស្រួលសម្រាប់ប្រជាជនភាគច្រើនឡើយ។ ជាលទ្ធផល បើតាមការលើកឡើងរបស់អ្នកភូមិវ័យចំណាស់ និងសេចក្តីរាយការណ៍ផ្សេងៗបានបង្ហាញថា អ្វីដែលបានកើតឡើងលើស្នាដៃសិល្បៈនៅប្រាសាទតាមន្ត គឺមានភាពមិនច្បាស់លាស់។ អ្នកខ្លះអះអាងថា ស្នាដៃសិល្បៈនៃប្រាសាទត្រូវបានយកទៅដោយប្រជាជនថៃ ខណៈដែលអ្នកដទៃទៀតបានចោទប្រកាន់លើក្រុមអ្នកតស៊ូដែលកាន់កាប់តំបន់នេះថា បានលក់ស្នាដៃសិល្បៈដែលលួចបាន ដើម្បីគាំពារដល់ប្រតិបត្តិការរបស់ក្រុមខ្លួន។ ទោះបីជាយ៉ាងណាក្តី ប្រជាជនក្នុងតំបន់ទាំងអស់យល់ស្របថា ស្នាដៃសិល្បៈត្រូវបានបញ្ជូនទៅកាន់ប្រទេសថៃ បន្ទាប់ពីស្នាដៃទាំងនោះត្រូវបានរុករាន និងលួចប្លន់យកទៅ។
អ្នកភូមិវ័យចំណាស់ម្នាក់ បានពិព័ណ៌នាពីប្រព័ន្ធដែលឈ្មួញជនជាតិថៃប្រើប្រាស់ក្នុងការលួចស្នាដៃសិល្បៈថា ឈ្មួញបានទាក់ទងទៅកាន់មន្ត្រីយោធាជាន់ខ្ពស់របស់កម្ពុជា ដើម្បីប្រាប់ពីស្នាដៃសិល្បៈដែលខ្លួនចង់បានពីប្រាសាទ។ បន្ទាប់មក មន្ត្រីយោធាទាំងនោះធ្វើការទាក់ទងទៅកាន់ឈ្មួញកណ្តាលដែលជាអ្នកទាក់ទងប្រជាជនក្នុងតំបន់ និងបញ្ជាឲ្យប្រជាជនទាំងនោះធ្វើសកម្មភាពលួច និងគាស់យកស្នាដៃសិល្បៈចេញពីប្រាសាទ។ ដោយសារតែស្ថានភាពយ៉ាប់យឺនខ្លាំងនៅក្នុងខេត្តឧត្តរមានជ័យក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០និង១៩៩០ ប្រជាជនភាគច្រើនក្នុងតំបន់នោះបានធ្វើការរុករាន លួចដើម្បីរកចំណូលបន្ថែមសម្រាប់គ្រួសារ។ បន្ទាប់មក វត្ថុដែលលួចបាននឹងត្រូវបញ្ជូនទៅកាន់ជនជាតិថៃដែលជាអ្នកលក់បន្តទៅបរទេស ឬរក្សាទុកដើម្បីដាក់តាំងនៅក្នុងសារមន្ទីរថៃ។ ដោយសារតែមានការពិបាកខ្លាំងក្នុងការធ្វើដំណើរទៅកាន់ប្រាសាទតាមន្តសម្រាប់ប្រជាជនកម្ពុជា ពុំមានអ្នកភូមិវ័យចំណាស់ណាម្នាក់ដែលយើងបាននិយាយជាមួយឡើយ ទាក់ទងនឹងរូបរាងតួប្រាសាទតាមន្តនៅមុនពេលប្រាសាទនេះត្រូវបានរុករានលួចបំផ្លាញ។
សព្វថ្ងៃ សកម្មភាពរុករានលួចហាក់ដូចជាលែងកើតមានចំពោះប្រាសាទតាមន្ត ឬទីតាំងដទៃទៀតនៅក្នុងតំបន់នេះទៀតហើយ។ ដោយសារប្រាសាទតាមន្តទទួលរងការលួចយកស្នាដៃសិល្បៈដ៏មានតម្លៃអស់ជាច្រើន ប្រាសាទនេះពុំមានអ្វីនៅសេសសល់សម្រាប់លួចទៀតនោះទេ។ ខុសពីនៅក្នុងស្រុកអង្គរបុរី ពុំមានវត្ថុបុរាណនៅក្នុងតំបន់នៅសេសសល់ ហើយប្រជាជនក្នុងតំបន់ដែលយើងបាននិយាយជាមួយ ស្ទើរតែមិនដឹងថាមានវត្ថុបុរាណត្រូវបានរកឃើញនៅទីតាំងឆ្ងាយពីប្រាសាទ តាមន្តទេ។ ប្រជាជនក្នុងតំបន់ភាគច្រើនរាយការណ៍ថា ខ្លួនមិនដែលរកឃើញវត្ថុបុរាណ ឬមិនដែលឮថាអ្នកដទៃទៀតនៅក្នុងតំបន់រកឃើញវត្ថុបុរាណដែរ។
ភាពជាម្ចាស់កម្មសិទ្ធិលើប្រាសាទតាមន្ត គឺជាប្រភពនៃជម្លោះអស់រយៈកាលជាច្រើនឆ្នាំ។ ប្រទេសកម្ពុជាអះអាងថា ប្រាសាទតាមន្តស្ថិតនៅក្នុងខេត្តឧត្តរមានជ័យរបស់ខ្លួន។ ចំណែកឯប្រទេសថៃអះអាងថា ប្រាសាទនេះស្ថិតនៅក្នុងខេត្តសុរិន្ទ។ ភាពមិនច្បាស់លាស់ស្តីពីកម្មសិទ្ធិលើប្រាសាទ នាំឲ្យមានយោធាឈរជើងនៅក្នុងតំបន់នេះ។ ប្រាសាទតាមន្ត ជាទីតាំងមួយដែលសង្គ្រាមព្រំដែនតូច មួយបានកើតមានរវាងកម្ពុជានិងថៃនៅក្នុងឆ្នាំ២០១១ គឺជាពេលតែមួយដែលប្រាសាទព្រះវិហារទទួលរងការប៉ះទង្គិចធ្ងន់ធ្ងរ។ នៅក្នុងអំឡុងពេលជម្លោះ ទាហានកម្ពុជាមួយចំនួនត្រូវរងរបួស ឬបាត់បង់ ជីវិត។ នៅទីបំផុត រដ្ឋាភិបាលនៃប្រទេសទាំងពីរបានយល់ព្រមបញ្ឈប់ជម្លោះបណ្តោះអាសន្ន។ ប្រាសាទតាមន្ត ក៏ទទួលបានសន្តិភាពចាប់តាំងពីឆ្នាំ២០១១មកដែរ។
បច្ចុប្បន្ន ភាគីទាំងពីរដាក់ពង្រាយទាហាននៅក្នុងនិងជុំវិញប្រាសាទតាមន្ត ដើម្បីគ្រប់គ្រងប្រាសាទនិងទេសចរដែលមកទស្សនាប្រាសាទ។ ខណៈពេលទស្សនាប្រាសាទនេះ អ្នកទស្សនារបស់ភាគីកម្ពុជាត្រូវបានហែហមដោយទាហានកម្ពុជា និងត្រូវបានថតរូបទុកដោយទាហានថៃ។ ដូចគ្នាដែរ អ្នកទស្សនារបស់ភាគីថៃត្រូវបានហែហមដោយទាហានថៃ និងត្រូវបានថតរូបទុកដោយទាហានកម្ពុជា។ យោងតាមទាហានកម្ពុជានៅប្រាសាទតាមន្ត រូបថតទាំងអស់នឹងត្រូវបញ្ជូនទៅកាន់រដ្ឋាភិបាលជាតិដើម្បីគ្រប់គ្រងចំនួនអ្នកទស្សនាមកពីភាគីថៃ។ ជាលទ្ធផលភ្ញៀវទេសចរជាច្រើននាក់ ដែលមកកាន់ប្រាសាទតាមន្តមានអារម្មណ៍មិនសូវពេញចិត្ត និងមិនចូលទៅក្នុងប្រាសាទដោយសារតែមានវត្តមានយោធានិងរំខានដោយការថតរូប។ ភាគច្រើននៃអ្នកទស្សនាទៅកាន់ប្រាសាទតាមន្តគឺជាប្រជាជនរស់នៅក្នុងតំបន់ជុំវិញ។
សាវតានៃភូមិជុំវិញប្រាសាទតាមន្ត គឺកើតចេញការប្រមូលផ្តុំនៃសង្គ្រាមជាមួយថៃ វៀតណាម និងខ្មែរក្រហម។ ពុំមានអ្នកភូមិវ័យចំណាស់ណាម្នាក់ដែលយើងបាននិយាយជាមួយ អាចប្រាប់អំពីការចងចាំរស់ខ្លួននៅក្នុងអំឡុងការកាន់កាប់របស់បារាំងទេ ព្រោះថាភាគច្រើននៃអ្នកភូមិនាពេលនោះ ស្ថិតនៅវ័យកុមារតូចៗ ដែលមិនអាចចងចាំអ្វីបាន។ អ្នកភូមិវ័យចំណាស់ បានរៀបរាប់អំពីការប្រយុទ្ធដែលកើតមាននៅក្នុងអំឡុងរបប លន់ នល់ និងបានពិព័ណ៌នាអំពីជិវិតដ៏លំបាកលំបិននៅក្នុងរបបខ្មែរ ក្រហម។ មានអ្នកភូមិវ័យចំណាស់ៗតិចតួចណាស់ ដែលអាចផ្តល់ព័ត៌មានលម្អិតអំពីជីវិតនៅក្នុងរបបខ្មែរក្រហមក្រៅអំពីថាមានការលំបាកខ្លាំង និងមានមនុស្សជាច្រើននាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម។
បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម កម្មាភិបាលដែលនៅសេសសល់និងអ្នកស្មោះស្ម័គ្រមួយចំនួន បានផ្លាស់ប្តូរទីកន្លែងរស់នៅទៅកាន់ស្រុកអន្លង់វែងក្នុងខេត្តឧត្តរមានជ័យ។ បុគ្គលមួយរូបដែលយើងបាននិយាយជាមួយ បានពិព័ណ៌នាអំពីវិធីសាស្ត្រដែលប្រជាជនក្នុងតំបន់ផ្លាស់ប្តូរទីលំនៅចេញពីភូមិនៅក្នុងពេលសង្គ្រាមជាបន្តបន្ទាប់នៅក្នុងតំបន់ដែលខ្លួនរស់នៅ។ ជំទប់ឃុំមួយរូបបានរៀបរាប់អំពីការចូលរួមនៅក្នុងការប្រយុទ្ធរបស់ទាហាន លន់ នល់ ដើម្បីរារាំងខ្មែរក្រហមពីការកាន់អំណាច និងក្រោយមកចូលរួមជាមួយខ្មែរក្រហមនៅអំឡុងពេលវៀតណាមកាន់កាប់។ គាត់បានពិព័ណ៌នាថាការចុះចូលជាមួយខ្មែរក្រហម គឺមានបំណងប្រយុទ្ធប្រឆាំងនឹងវៀតណាមនៅក្នុងតំបន់ ជាជាងការយល់ស្របតាមការឃោសនារបស់ខ្មែរក្រហម។ ខេត្តឧត្តរមានជ័យដែលជាតំបន់កាន់កាប់ចុងក្រោយមួយរបស់ខ្មែរក្រហម គឺជាទីតាំងដែលមានការប្រយុទ្ធធំបង្អស់ ហើយការផ្លាស់ប្តូរទីលំនៅនៅក្នុងខេត្តនេះ តែងតែកើតមានឡើងជាធម្មតា។
ខណៈដែលជម្លោះពីមុនៗ ស្ទើរតែបំភ្លេចចេញពីការចងចាំរបស់ប្រជាជនភាគច្រើននៅក្នុងភូមិ ជម្លោះជាមួយនឹងភាគីថៃត្រូវបានចងចាំដោយមនុស្សស្ទើរគ្រប់រូប។ ប្រជាជនក្នុងតំបន់បានរ៉ាយរ៉ាប់អំពីស្ថានភាពតានតឹងដែលកើតមានជាបន្តបន្ទាប់និងបង្កបង្កើតជាអំពើហិង្សាយ៉ាងឆាប់រហ័ស។ ភូមិស្រុកនៅក្នុងតំបន់ត្រូវបានជម្លៀស ដោយសារតែខ្លាចមានការផ្ទុះអាវុធទ្រង់ទ្រាយធំមួយមកលើតំបន់នេះ។ ប្រជាជនក្នុងតំបន់លើកឡើងថា ផ្ទះសម្បែងនៅក្នុងតំបន់ត្រូវបានបំផ្លាញដោយកាំភ្លើងធំរបស់យោធាថៃ ក៏ប៉ុន្តែព្រឹត្តិការណ៍នេះបានបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិជាមធ្យម។ អ្វីដែលជាការព្រួយបារម្ភគឺ ប្រជាជនក្នុងតំបន់ភាគច្រើនដែលយើងបាននិយាយជាមួយបានប្រាប់ថា ភាគីថៃបានទម្លាក់គ្រាប់បែកចង្កោម (ប្រភេទគ្រាប់បែកដែលផ្ទុះហើយបញ្ចេញ“គ្រាប់បែក”តូចជាច្រើនទៀតពាសពេញដី)។ ថ្វីបើប្រជាជនក្នុងតំបន់ពុំបានរងរបួសដោយសារគ្រាប់បែកប្រភេទនេះក៏ដោយ ក៏ការប្រើប្រាស់គ្រាប់បែកប្រភេទនេះចោទជាបញ្ហាអំពីជម្លោះ ព្រោះថាប្រជាជនអាចនឹងរងរបួសពីគ្រាប់បែក តូចៗដែលមិនទាន់ផ្ទុះ។
ប្រជាជនបានរៀបរាប់ថា ស្ថានភាពក្នុងភូមិស្រុកសព្វថ្ងៃ បានវិលត្រឡប់មកកាន់សភាពដើមវិញហើយ គឺដូចពេលដែលគ្មានជម្លោះជាមួយថៃ។ ប្រជាជនភាគច្រើននៅក្នុងភូមិគឺជាកសិករ។ ភូមិស្រុកនៅតែត្រូវបានញាំញីដោយគ្រាប់មីន ដែលកប់ដោយខ្មែរក្រហមនៅក្នុងដំណើរឆ្ពោះទៅកាន់ភ្នំដងរែក។ ព្រះសង្ឃគង់នៅក្បែរជើងភ្នំបានលើកឡើងថា មានគ្រាប់មីនស្ថិតនៅតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីទីតាំងវត្តអារ៉ាម ហើយពុំមានកិច្ចខិតខំរួមគ្នាណាមួយដើម្បីដោះគ្រាប់មីនទាំងនោះទេ។ គ្រាប់មីននៅតែជាបញ្ហាដ៏រំខាននៅក្នុងតំបន់។ ដោយសារតែឱកាសការងារនៅក្នុងតំបន់នៅមានកម្រិត ក្មេងៗជំនាន់ក្រោយភាគច្រើនបានចាកចេញពីភូមិស្រុកទៅធ្វើការនៅប្រទេសថៃដើម្បីស្វែងរកភាពប្រសើរឡើងផ្នែកសេដ្ឋកិច្ចគ្រួសារ។
វិឡាលេខ ១១ ផ្លូវលេខ ២៥៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ប្រទេសកម្ពុជា ១២០២០៧
លេខទូរស័ព្ទ ០១២ ៨៨២ ៥០៥ / ០១២ ៦៩៦ ៩៦១
អុីម៉ែល៖ dccam@online.com.kh
គេហទំព័រ៖ www.dccam.org
©២០២៤ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា