ទាហានដែលប្រចាំការនៅប្រាសាទតាមន្ត តែងផ្តល់ចម្លើយខុសៗគ្នាអំពីព្រឹត្តិការណ៍ជាក់ស្តែងដែលបានកើតមានក្នុងអំឡុងពេលជម្លោះជាមួយថៃ។ យ៉ាងណាមិញទាហានដែលត្រូវបានសម្ភាសន៍ ទាំងអស់បានលើកឡើងថា ខ្លួនពុំទទួលបានការបណ្តុះបណ្តាលស្តីពីច្បាប់បេតិកភណ្ឌវប្បធម៌ទេ ទោះ បីជាខ្លួនត្រូវបានចាត់តាំងឲ្យមកការពារបេតិកភណ្ឌវប្បធម៌ក្តី។ បទសម្ភាសជាមួយទាហានត្រូវបានរៀបរាប់នៅក្នុងសេចក្តីសង្ខេបខាងក្រោម។
(ឃ) ថ្លាង មន
ថ្លាង មន គឺជាទាហានក្នុងកងពលតូចវ័យ៤១ឆ្នាំមួយរូប ដែលត្រូវចាត់តាំងឲ្យយាមល្បាតនៅតាមព្រំដែនតាំងពីឆ្នាំ១៩៩៦។ គាត់ត្រូវបានសម្ភាសន៍នៅក្នុងទីតាំងបន្ទាយទាហាន ដែលស្ថិតនៅឆ្ងាយបន្តិចពីបរិវេណប្រាសាទតាមន្ត។ គាត់បានរៀបរាប់ប្រាប់ថា តាំងពីគាត់បានមកប្រចាំការនៅក្នុងបរិវេណប្រាសាទតាមន្តមក សភាពការណ៍នៅតាមព្រំដែនមិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ នៅពេលមានជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារ អំពើហិង្សាក៏កើតមានឡើង។ ចាប់តាំងពីពេលនោះមក សម្ពាធក៏ចាប់ផ្តើមថយចុះ ហើយទំនាក់ទំនងរវាងថៃនិងកម្ពុជាក៏ល្អប្រសើរឡើងវិញ។ មន បានប្រាប់ថា យោធាកម្ពុជាបានឡោមព័ទ្ធយោធាថៃនៅក្នុងអំឡុងពេលមានជម្លោះ ហើយភាគីថៃក៏បានប្រើប្រាស់ប្រាសាទតាមន្តក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដើម្បីបាញ់រះមកលើភាគីកម្ពុជា រួចបានចាកចេញទៅ វិញ។ គាត់បានបន្តថា ពុំមានការដាក់ពង្រាយកងទ័ពនៅក្នុងប្រាសាទតាមន្តទេ គឺមានតែករណីដាច់ដោយឡែកមួយនេះប៉ុណ្ណោះ ដែលភាគីថៃប្រើប្រាស់ប្រាសាទដើម្បីបាញ់រះមកលើកងកម្លាំងទាហានកម្ពុជា។ គាត់បាននិយាយថា ប្រាសាទតាមន្តពុំបានទទួលរកការខូចខាតនៅក្នុងការប្រយុទ្ធនេះទេ ហើយបានអះអាងទៀតថា ប្រជាជនថៃបានទាមទារយកប្រាសាទតាមន្តរហូតមកដល់ បច្ចុបន្ន ព្រោះថៃចង់ដាក់បញ្ចូលប្រាសាទតាមន្តជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់យូណេស្កូមួយ ដូចទៅនឹងប្រាសាទព្រះវិហារដែរ។
មន បានបន្តថា គាត់និងទាហានដទៃនៅលើភ្នំ ទទួលការហ្វឹកហាត់បានល្អ។ គាត់បានចំណាយពេលកន្លះឆ្នាំជារៀងរាល់ឆ្នាំ ដើម្បីហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រនិងលត់ដំខ្លួន។ មន និយាយថា ការហ្វឹកហ្វឺនទាំងនេះ គឺមិនបានបញ្ចូលប្រធានបទស្តីពីច្បាប់អន្តរជាតិទេ។ ដូច្នេះ នេះក៏ជាហេតុផលដែលគាត់ពុំបានទទួលបានចំណេះដឹងស្តីពីច្បាប់បេតិកភណ្ឌពិភពលោក។
(ង) ឡាប ហឿត
ឡាប ហឿត គឺជា “ប្រធានក្រុម” កងតូចប្រចាំការនៅតំបន់តាមន្ត។ គាត់ត្រូវបានសម្ភាសន៍នៅពេលដែលគាត់កំពុងបំពេញភារកិច្ចនៅប្រាសាទតាមន្ត។ ហឿត បានលើកឡើងដូច ថ្លាង ដែរថា សម្ព័ន្ធភាពរវាងយោធា មានភាពប្រសើរឡើងចាប់តាំងពីឆ្នាំ២០១១។ ទោះបីជាយ៉ាងណាក្តីគាត់បានផ្តល់ចម្លើយផ្ទុយគ្នាទាក់ទងនឹងទាហាននៅក្នុងប្រាសាទតាមន្ត។ ហឿត បានអះអាងថា ពុំមានទាហាននៅក្នុងប្រាសាទតាមន្តទេ ហើយថារាល់ការប្រយុទ្ធគ្នាគឺស្ថិតនៅឆ្ងាយ ពីប្រាសាទ។ គាត់និយាយថា ប្រាសាទតាមន្តពុំទទួលរងការខូចខាតទេក្នុងអំឡុងពេលប្រយុទ្ធគ្នា ហើយមានតែពេលមួយគត់ដែលទាហានមកឈរជើងនៅក្នុងប្រាសាទបន្ទាប់ពីមានបទឈប់បាញ់។
ហឿត បានបន្តថា រដ្ឋាភិបាលបានជួយឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធដែលប្រចាំការនៅលើភ្នំប្រសាទតាមន្ត តាមរយៈការបង្កើនប្រាក់បៀរវត្សរ៍ និងផ្តល់របបអាហារគ្រប់គ្រាន់។ គាត់បានបន្ថែមថា កងកម្លាំងម្នាក់ៗដែលមកប្រចាំការនៅលើកំពូលភ្នំប្រាសាទតាមន្ត គឺផ្លាស់វេនគ្នាក្នុងរយៈពេល១៥ថ្ងៃម្តង។ ក្រៅពីជំនួយរបស់រដ្ឋាភិបាល ហឿត ពុំទទួលបានការបណ្តុះបណ្តាលអំពីច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ទេ។ ប៉ុន្តែ ហឿត បានបន្តថា ប្រាសាទតាមន្តពុំត្រូវបានដាក់សញ្ញាព័ណ៌ខៀវនិងព័ណ៌ស ដូចដែលបានទាមទារនៅក្នុងសន្ធិសញ្ញាទីក្រុងហេកហ្ក៍ឡើយ នៅក្នុងអំឡុងពេលជម្លោះ។
(ច) គង់ រន់
រន់ គ្រប់គ្រងលើទាហានចំនួន១១៩នាក់ នៅក្នុងកងយោធពលខេមរភូមិន្ទកម្ពុជា។ រន់ ត្រូវបានសម្ភាសន៍នៅក្នុងបន្ទាយស្ថិតនៅឆ្ងាយពីប្រាសាទ។ ដូចគ្នាទៅនឹងទាហានដទៃទៀតដែលត្រូវបានសម្ភាសដែរ គាត់បានលើកឡើងថា ស្ថានការណ៍ជម្លោះជាមួយនឹងភាគីថៃ គឺមិនខ្លាំងក្លាឡើយ។ គាត់អះអាងថា ប្រាសាទតាមន្តត្រូវបានទុកឲ្យទំនេរដោយចេតនានៅក្នុងអំឡុងពេលប្រយុទ្ធ ហើយពុំមានវត្តមានទាហាននៅក្នុងប្រាសាទឡើយ។ គាត់បានអះអាងទៀតថា ភាគីថៃបានចាប់ផ្តើមកាន់កាប់ប្រាសាទតាមន្តដំបូងនៅក្នុងឆ្នាំ១៩៨៧ ព្រមទាំងបានអះអាងថាប្រាសាទនេះជាកម្មសិទ្ធិរបស់ថៃ ហើយប្រាសាទនេះ ពុំត្រូវបានដាក់សញ្ញាព័ណ៌ខៀវនិងសដូចដែលតម្រូវទេ។
(ឆ) គ្រួច បេង
បេង គឺជាទាហានចូលនិវត្តម្នាក់ មានជីវភាពរស់នៅក្នុងតំបន់ជនបទក្បែរតំបន់តាមន្ត។ គាត់ត្រូវបានសម្ភាសន៍នៅផ្ទះរបស់គាត់ស្ថិតនៅឆ្ងាយពីប្រាសាទតាមន្ត។ គាត់បានបម្រើនៅក្នុងយោធាកម្ពុជាចាប់ពីឆ្នាំ១៩៨៥រហូតដល់ឆ្នាំ២០១១ និងបានឈរជើងនៅតំបន់តាមន្តនៅក្នុងអំឡុងពេលប្រយុទ្ធគ្នា ជាមួយទាហានថៃ។ បេង បានអះអាងថា ភាគីថៃពុំបានពង្រាយកងទ័ពនៅក្នុងតំបន់នេះរហូតដល់ឆ្នាំ១៩៩៣។ គាត់មិនដឹងច្បាស់អំពីមូលហេតុដែលបង្កជាអំពើហិង្សានៅតំបន់តាមន្តទេ ក៏ប៉ុន្តែគាត់ចាំបានថាភាគីថៃបានបាញ់បោះលើតំបន់នេះ។ គាត់និយាយថាភាគីថៃ បានប្រើប្រាស់ប្រាសាទតាមន្តនៅក្នុងអំឡុងពេលមានជម្លោះ។ ទន្ទឹមនឹងនេះ ប្រាសាទតាមន្តបានទទួលរងការខូចខាតដោយសារការបំផ្ទុះកាំភ្លើង។
ប្រវត្តិសាស្ត្រសង្ខេបស្តីពីជម្លោះរវាងកម្ពុជានិងថៃ
ទាហាននៅតំបន់ប្រាសាទតាមន្ត តែងតែបានផ្តល់ចម្លើយអំពីជម្លោះជាមួយភាគីថៃខុសៗពីគ្នា។ អ្នកខ្លះបានអះអាងថា ពុំមាននរណាម្នាក់កាន់កាប់លើប្រាសាទតាមន្តទេ។ ឯអ្នកខ្លះទៀតបាននិយាយថាប្រាសាទតាមន្តត្រូវបានប្រើប្រាស់ជាទីតាំងដើម្បីបាញ់រះមកលើទាហានកម្ពុជា។ ចម្លើយផ្តល់ ឲ្យដោយមនុស្សដែលបានសម្ភាសន៍ គឺមានភាពខុសៗគ្នាអាស្រ័យទៅលើទីតាំងស្នាក់នៅនិងប្រចាំការរបស់អ្នកទាំងនោះដែលស្ថិតនៅក្បែរព្រំដែន។ អ្នកដែលស្ថិតនៅឆ្ងាយពីព្រំដែន បានពិព័ណ៌នាពីភាគីថៃថា ជាអ្នកឈ្លានពានដ៏ព្រៃផ្សៃ ដែលមានបំណងបំផ្លាញវត្ថុបុរាណវប្បធម៌ដើម្បីលុបបំបាត់ចេញពីវប្បធម៌ខ្មែរ។ បុគ្គលដែលត្រូវសម្ភាសន៍ស្ថិតនៅក្បែរប្រាសាទតាមន្ត បានបរិយាយអំពីភាពឃោរឃៅរបស់ថៃកាន់តែស្រាលឡើង។ អ្នកផ្តល់សម្ភាសន៍នៅក្នុងភូមិជុំវិញប្រាសាទ ក៏ដូចជាទាហានឈរជើងនៅតំបន់តាមន្ត រៀបរាប់ថា ភាគីថៃប្រើប្រាស់ប្រាសាទតាមន្តត្រឹមតែរយៈពេលខ្លី ដើម្បីប្រយុទ្ធគ្នាជាមួយទាហានកម្ពុជា ដោយបង្កការខូចខាតតិចតួចលើប្រាសាទតាមន្ត។ ជាចុងក្រោយ ទាហានឈរជើងនៅក្បែរប្រាសាទតាមន្ត បានលើកឡើងយ៉ាងច្បាស់ថា គ្មានទាហានណាបានប្រយុទ្ធគ្នានៅក្នុងប្រាសាទតាមន្តទេ ហើយរាល់ការប៉ះទង្គិចធ្វើឡើងនៅឆ្ងាយពីតំបន់តាមន្ត។
ចម្លើយខុសៗពីគ្នា និងពេលខ្លះផ្ទុយគ្នាពីវីដេអូដែលបានដាក់ផ្សាយនៅលើគេហទំព័រយូធូប នៅក្នុងឆ្នាំ២០១៦ បង្ហាញអំពីការកាន់កាប់របស់ទាហានថៃនៅក្នុងតំបន់តាមន្ត។ វីដេអូរយៈពេល៣នាទីនេះត្រូវបានថតដោយទាហានថៃផ្ទាល់ និងទទួលបានការទស្សនាជាង១លានដង។ វីដេអូចាប់ផ្តើមឡើងដោយទិដ្ឋភាពខាងក្នុងនៃប្រាសាទតាមន្តដែលស្ថិតនៅលើខ្សែបន្ទាប់ព្រំដែនកម្ពុជា។ អ្វីដែលជាគ្រឿងសម្គាល់នៃប្រាសាទតាមន្ត គឺផ្នែកសេសសល់នៃរូបចម្លាក់លត់ជង្គង់ សសរបែកបាក់ និងច្រកទ្វារថ្មដែលបែរមុខមកប្រទេសកម្ពុជា បានបង្ហាញយ៉ាងច្បាស់។ ទាហាននៅក្នុងប្រាសាទសុទ្ធសឹងស្ថិតក្នុងឯកសណ្ឋាន និងប្រដាប់ដោយកាំភ្លើងស្នាប់វែងៗ កាំភ្លើងយន្ត និងកាំភ្លើងត្បាល់ប្រើប្រាស់សម្រាប់បាញ់គ្រាប់រ៉ុក្កែត។ ទាហានថៃបានហ៊ុំព័ទ្ធទីតាំងរបស់ខ្លួនដោយបាវខ្សាច់ព័ណ៌ខ្មៅ ព្រមទាំងប្រើបាវខ្សាច់ដើម្បីធ្វើជារបាំងការពារខ្លួននៅពេលប្រយុទ្ធគ្នាទៅខាងក្រៅប្រាសាទ។ នៅខាង មុខប្រាសាទ កាំភ្លើងស្វ័យប្រវត្តិមួយដើមត្រូវបានដាក់បញ្ឈរនៅលើបាវខ្សាច់ និងតម្រង់ទៅកាន់ក្លោងទ្វារប្រាសាទ ឆ្ពោះទៅកាន់ប្រទេសកម្ពុជា។ នៅលើផ្នែកសេសសល់នៃទម្ររូបចម្លាក់ ទាហានបានដាក់បញ្ឈរកាំភ្លើងបាញ់រ៉ុក្កែត។
វីដេអូនេះបានចាប់ផ្តើមដោយការបំផ្ទុះក្បែរព្រំដែនកម្ពុជា។ ទាហានថៃម្នាក់បានចេញពីផ្នែកមួយនៃប្រាសាទ និងបានបំផ្ទុះអាវុធរបស់ខ្លួនសំដៅទៅកាន់ព្រំដែន។ ទាហានដដែលបានត្រឡប់ចូលទៅក្នុងប្រាសាទវិញ ដើម្បីរៀបចំកាំភ្លើងត្បាល់ និងបានបាញ់រ៉ុក្កែតចេញពីចំហៀងនៃប្រាសាទ។ បន្ទាប់ពីបាញ់កាំភ្លើងរ៉ុក្កែតបានប៉ុន្មាននាទីក្រោយមក កាំភ្លើងយន្តត្រូវបានបាញ់ឡើងនៅបរិវេណខាងមុខប្រាសាទ។ ស្នូរកាំភ្លើងបានបន្លឺឡើងនៅចម្ងាយឆ្ងាយពីប្រាសាទ។ អ្នកកាន់កាំភ្លើងយន្តក្រាបចុះ ខណៈដែលទាហានមួយរូបនៅពីក្រោយខ្លួន នៅខាងក្នុងប្រាសាទ បានបាញ់កាំភ្លើងនៅកម្ពស់ផុតក្បាលនៃអ្នកកាន់កាំភ្លើងយន្ត ហើយគ្រាប់កាំភ្លើងសំដៅទៅខាងក្រៅក្លោងទ្វារប្រាសាទ។ ស្នូរផ្ទុះបានបន្លឺឡើងពីចម្ងាយ បន្ទាប់មកកាំភ្លើងយន្តត្រូវបានបាញ់ជាថ្មីម្តងទៀត សំដៅទៅកាន់ប្រទេសកម្ពុជា នៅមុនពេលវីដេអូបញ្ចប់។
មូលហេតុដែលទាហានកម្ពុជា ដែលស្ថិតក្នុងហេតុការណ៍នៃជម្លោះ ជ្រើសរើសមិនបង្ហាញអំពីវត្តមានទាហានថៃនៅក្នុងប្រាសាទ គឺមិនអាចកំណត់បានដោយងាយស្រួលទេ ស្របពេលដែលវីដេអូនេះត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើគេហទំព័រយូធូប។ វីដេអូនេះបានបង្ហាញយ៉ាងច្បាស់ ថា ទាហានថៃបានបំពានយ៉ាងធ្ងន់ធ្ងរលើតួនាទីរបស់ខ្លួន ដោយប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ បម្រើគោលបំណងយោធាស្ថិតក្រោមសន្ធិសញ្ញាទីក្រុងហេកហ្ក៍។
ក្រៅពីចម្លើយខុសៗគ្នាទទួលបានពីទាហាន អ្វីដែលដូចគ្នានោះគឺពុំមានទាហានណាម្នាក់ដែលយើងបានសម្ភាសន៍ បានទទួលការបណ្តុះបណ្តាលអំពីច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ទេ។ ការដែលពុំបានអប់រំទាហានអំពីច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ គឺជាការបំពានលើសន្ធិសញ្ញាទីក្រុងហេកហ្ក៍។ កង្វះខាតការអប់រំ គឺជាការគួរឱ្យចាប់អារម្មណ៍ ជាពិសេសខណៈដែលទាហានដែលនៅប្រចាំការក្នុងតំបន់បេតិកភណ្ឌវប្បធម៌។ នៅក្នុងតំបន់ដែលសម្បត្តិវប្បធម៌ស្ថិតក្នុងគ្រោះថ្នាក់នៃការបំផ្លាញនៅក្នុងអំឡុងពេលសង្គ្រាម ទាហានពុំមានចំណេះដឹងគ្រប់គ្រាន់ទាក់ទងនឹងច្បាប់អនុម័តឡើងដើម្បីការពារសម្បត្តិវប្បធម៌ទេ។ បន្ថែមលើសពីនេះទៅទៀត ពុំមាននរណាម្នាក់ដែលយើងបាននិយាយជាមួយ បានលើកឡើងពីការប្រើប្រាស់សញ្ញាព័ណ៌ខៀវនិងស ដែលតម្រូវដោយសន្ធិសញ្ញាទីក្រុងហេកហ្ក៍ នៅលើទីតាំងមើលឃើញណាមួយនៅក្នុងអំឡុងជម្លោះឡើយ។
ខណៈពេលដែលមានការបំពានដ៏ធ្ងន់ធ្ងរលើសន្ធិសញ្ញាទីក្រុងហេកហ្ក៍ ដែលបានបង្កឡើងដោយទាហានថៃ តម្រូវការអប់រំសម្រាប់ទាហានកម្ពុជាត្រូវតែធ្វើឡើង ដើម្បីអនុលោមទៅតាមសន្ធិសញ្ញាទីក្រុងហេកហ្ក៍ និងដើម្បីរក្សាសុវត្ថិភាពដល់តំបន់ប្រាសាទតាមន្តពីការបំផ្លាញនាពេលអនាគត។
ការអប់រំអំពីបេតិកភណ្ឌវប្បធម៌ដល់សិស្សានុសិស្ស
ប្រទេសកម្ពុជា មានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប។ សិស្សានុសិស្សនៅតាមសាលារៀន កំពុងសិក្សាអំពីប្រវត្តិសាស្ត្រវប្បធម៌ជាតិរបស់ខ្លួន។ ក៏ប៉ុន្តែអ្វីដែលកម្មវិធីសិក្សារបស់ក្រសួងអប់រំហាក់មើលរំលងនោះគឺ ប្រវត្តិសាស្ត្រក្នុងសហគមន៍ ហើយជាមួយគ្នានេះដែរ សិស្សានុសិស្ស បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើមុខវិជ្ជាគណិតវិទ្យានិងវិទ្យាសាស្ត្រ។ សិស្សានុសិស្សនៅក្នុងភូមិជុំវិញតំបន់ប្រាសាទតាមន្តកំពុងស្ថិតក្នុងការប្រឡងថ្នាក់ជាតិ ស្របពេលដែលបទសម្ភាសន៍ត្រូវបានធ្វើឡើង។ ខាងក្រោមនេះ គឺជាលទ្ធផលទទួលបានពីការធ្វើបទសម្ភាសន៍ជាមួយគ្រូបង្រៀន និងមន្ត្រីអប់រំនៅក្នុង តំបន់។
(ញ) ប៊ិច រតនា
រតនា គឺជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ។ រតនា បានរៀបរាប់ថា បេតិកភណ្ឌវប្បធម៌ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៅចុងទសវត្សរ៍ទី៧០ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម។ ក៏ប៉ុន្តែ បេតិកភណ្ឌវប្បធម៌ ជាពិសេសការអប់រំអំពីបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ ពុំសូវជាត្រូវបានផ្តោតការយកចិត្តទុកដាក់ខ្លាំងនៅក្នុងថ្នាក់រៀនទេ។ គ្រូបង្រៀននិងមន្ត្រីអប់រំមានការព្រួយបារម្ភចំពោះការតាមឲ្យទាន់កាលវិភាគសិក្សាដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ហេតុនេះគ្រូបង្រៀនជាទូទៅពុំបានងាកចេញពីកាលវិភាគរបស់ខ្លួន ដើម្បីបញ្ជ្រាបអំពីមេរៀនស្តីពីបេតិ-កភណ្ឌវប្បធម៌ក្នុងតំបន់ទៅកាន់សិស្សានុសិស្សឡើយ។ ការសិក្សាពីបេតិកភណ្ឌវប្បធម៌តែងតែផ្តោតសំខាន់ទៅលើទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជាដូចជាប្រាសាទអង្គរវត្តជាដើម។ ទន្ទឹមនឹងនេះ បេតិ-កភណ្ឌវប្បធម៌ ក៏ជាផ្នែកតូចមួយសម្រាប់វិញ្ញាសារប្រឡងដំណាច់ឆ្នាំសម្រាប់សិស្សានុសិស្សដែរ។
រតនា គិតថា សិស្សានុសិស្សអាចនឹងចាប់អារម្មណ៍សិក្សាអំពីបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ ហើយសម្ភារៈឧបទ្ទេសសម្រាប់ការបង្រៀន អាចធ្វើឲ្យការបង្រៀនអំពីបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ មានភាពល្អប្រសើរជាងមុន។ ព័ត៌មានតិចតួចដែលទទួលបានមកពីអង្គការយូណេស្កូ ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា។ រតនា បានលើកឡើងថា សាលារៀនខ្លះបានបង្កើតទស្សនកិច្ចសិក្សាទៅកាន់ប្រាសាទតាមន្ត។
ផល្លា គឺជានាយករងសាលារៀនមួយនៅក្នុងភូមិតាមន្ត។ គាត់ពិពណ៌នាថា សិស្សានុសិស្សមានការចាប់អារម្មណ៍ចំពោះបេតិកភណ្ឌវប្បធម៌ក្នុងសហគមន៍ ក៏ប៉ុន្តែក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលព័ត៌មាននេះនៅក្នុងកម្មវិធីសិក្សា តិចតួចណាស់។ ផល្លា បាននិយាយថា គ្រូបង្រៀន “បានខិតខំប្រឹងប្រែង” បញ្ជ្រាបចំណេះដឹងពីបេតិកភណ្ឌវប្បធម៌ក្នុងសហគមន៍ ទៅក្នុងកិច្ចតែងការបង្រៀនរបស់ខ្លួន។ រយៈពេលត្រឹមតែ១០ម៉ោងក្នុងមួយសប្តាហ៍ សម្រាប់មុខវិជ្ជាក្រៅពីមុខវិជ្ជាវិទ្យាសាស្ត្រពិត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា គឺមានរយៈពេលតិចតួចណាស់ សម្រាប់ការបញ្ជ្រាបពីមេរៀនស្តីពីបេតិកភណ្ឌវប្បធម៌ក្នុងសហគមន៍។ គាត់បានបន្តថា សិស្សគាត់ប្រមាណជាងពាក់កណ្តាលថ្នាក់ បានដឹងអំពីប្រវត្តិសាស្ត្រក្នុងសហគមន៍។ ផល្លា រៀបរាប់ថា ការផ្តួចផ្តើមស្តីពីបេតិកភណ្ឌវប្បធម៌នាពេលបច្ចុប្បន្ន មានសភាពទូលាយនិងផ្តោតលើតំបន់ជាតិជាជាងបេតិកភណ្ឌ វប្បធម៌ក្នុងសហគមន៍។ មកទល់សព្វថ្ងៃ ពុំទាន់មានទស្សនកិច្ចសិក្សាជាផ្លូវការណាមួយទៅកាន់តំបន់តាមន្តនៅឡើយទេ។
(ថ) ឈិត ហាញ់
ហាញ់ គឺជានាយកសាលារៀនមួយនៅក្នុងស្រុកគោកមន។ គាត់រៀបរាប់ថា មានការដាក់បញ្ចូលមេរៀនអំពីបេតិកភណ្ឌវប្បធម៌មួយចំនួនទៅក្នុងកម្មវិធីសិក្សារួចហើយ ក៏ប៉ុន្តែបានផ្តោតជាចម្បងទៅលើទីតាំងជាតិនានានៅក្នុងខេត្តសៀមរាប។ ព័ត៌មានទាំងនេះត្រូវបានដាក់បញ្ចូលទៅក្នុងមុខវិជ្ជាប្រវត្តិសាស្ត្រ អក្សរសាស្ត្រខ្មែរ និងសិក្សាសង្គម។ គាត់បានបន្ថែមថា ពុំមានការបង្រៀនអំពីប្រាសាទនៅក្នុងសហគមន៍ទេនៅក្នុងកម្មវិធីសិក្សា។ ហាញ់ ជឿជាក់ថា សិស្សានុសិស្សនឹងចាប់អារម្មណ៍ចំពោះការសិក្សាអំពីទីតាំងបេតិកភណ្ឌវប្បធម៌ក្នុងសហគមន៍ ក៏ប៉ុន្តែធនធានសម្រាប់បង្រៀនអំពីបេតិកភណ្ឌវប្បធម៌ក្នុងសហគមន៍ដូចជាប្រាសាទតាមន្ត គឺនៅមានការខ្វះខាត។ សិស្សានុសិស្សពុំធ្លាប់ធ្វើទស្សនកិច្ចសិក្សាទៅកាន់ប្រាសាទតាមន្តទេ ក៏ប៉ុន្តែគាត់បានលើកឡើងថា ការអភិវឌ្ឍន៍ផ្លូវឆ្ពោះទៅកាន់តំបន់ប្រាសាទតាមន្ត គឺអាចបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទស្សនកិច្ច។
ហាញ់ បានសង្កត់ធ្ងន់ថា សិស្សានុសិស្សចាប់អារម្មណ៍ខ្លាំងលើមុខវិជ្ជាវិទ្យាសាស្ត្រពិត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ពីព្រោះបទដ្ឋាននៃការបង្រៀនមានកម្រិតខ្ពស់ជាង។ គាត់គិតថាភូមិស្រុកត្រូវការគ្រូបង្រៀនប្រវត្តិវិទ្យាដែលទទួលបានការបណ្តុះបណ្តាលច្បាស់លាស់។ ដោយមានចំនួនគ្រូបង្រៀនច្រើន រួមជាមួយនឹងសម្ភារៈឧបទ្ទេសប្រសើរឡើងសម្រាប់ការបង្រៀនអំពីបេតិកភណ្ឌវប្បធម៌ក្នុងសហគមន៍ និងទស្សនកិច្ចសិក្សាទៅកាន់ប្រាសាទតាមន្ត គាត់គិតថាសិស្សានុសិស្សនឹងចាប់អារម្មណ៍លើប្រាសាទក្នុងសហគមន៍បានច្រើនជាងមុន។ នៅចុងបញ្ចប់ ហាញ់ និយាយថា គាត់ចង់ឃើញមានការផ្តួចផ្តើមការអប់រំបន្ថែមទៀតដល់សិស្សានុសិស្សនិងមនុស្សពេញវ័យ។ គាត់ចង់ឲ្យប្រជាជនដឹងអំពីតម្លៃនៃបេតិកភណ្ឌរប្បធម៌ដែលមិនអាចកាត់ថ្លៃបាន។
សេចក្តីសង្ខេបអំពីការអប់រំស្តីពីបេតិកភណ្ឌវប្បធម៌ដល់សិស្សានុសិស្ស
សាលារៀនរបស់កម្ពុជាក្នុងខេត្តឧត្តរមានជ័យ មានការដាក់បញ្ចូលកម្មវិធីអប់រំអំពីបេតិកភណ្ឌវប្បធម៌ទៅក្នុងកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាព។ ទោះបីជាយ៉ាងដូច្នេះក្តី ក៏សាលារៀននៅក្នុងខេត្តនេះ ពុំទាន់បានដាក់បញ្ចូលចំណេះដឹងពីបេតិកភណ្ឌវប្បធម៌ក្នុងសហគមន៍ទៅក្នុងកិច្ចតែងការបង្រៀនសម្រាប់បង្រៀនសិស្សនៅឡើយទេ។ គ្រូបង្រៀនបានបង្ហាញអំពីឆន្ទៈក្នុងការបញ្ជ្រាបបេតិក-ភណ្ឌវប្បធម៌ក្នុងសហគមន៍ទៅក្នុងកិច្ចតែងការបង្រៀនរបស់ខ្លួន ក៏ប៉ុន្តែគាត់មានការបារម្ភចំពោះការគោរពតាមកាលវិភាគបង្រៀនដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា មិនបានល្អ។ គ្រូបង្រៀនក៏បានបង្ហាញអំពីតម្រូវការឲ្យមានសម្ភារៈឧបទ្ទេសបន្ថែមទៀត សម្រាប់ការបង្រៀនអំពីបេតិ-កភណ្ឌវប្បធម៌ក្នុងសហគមន៍ ក៏ដូចជាគ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យាដែលទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ និងមានសមត្ថភាពក្នុងការបង្រៀនអំពីបេតិកភណ្ឌវប្បធម៌ក្នុងសហគមន៍។ ដោយមាន សម្ភារៈឧបទ្ទេស និងការអភិវឌ្ឍន៍ផ្លូវទៅកាន់តំបន់តាមន្តប្រសើរជាងមុន គ្រូបង្រៀនមានជំនឿចិត្តថា ខ្លួនអាចបង្កើនការចាប់អារម្មណ៍ពីសិស្សានុសិស្សចំពោះមេរៀនអំពីបេតិកភណ្ឌវប្បធម៌ក្នុងសហគមន៍។
ការអប់រំអំពីបេតិកភណ្ឌវប្បធម៌ដល់មនុស្សពេញវ័យ
ខណៈពេលដែលបេតិកភណ្ឌវប្បធម៌ ត្រូវបានដាក់បញ្ចូលប្រកបដោយប្រសិទ្ធភាពទៅក្នុងកម្មវិធីសិក្សានៅតាមសាលារៀន ប្រជាជនវ័យចំណាស់ៗ ក៏ដូចជាអ្នកដែលមិនបានទទួលការអប់រំនៅតាមសាលារៀន បានដឹងតិចតួចណាស់អំពីបេតិកភណ្ឌវប្បធម៌។ កិច្ចខិតខំប្រឹងប្រែងមួយចំនួន ត្រូវបានធ្វើឡើងដើម្បីចំណេះដឹងដល់អ្នកទាំងនេះ ក៏ប៉ុន្តែការព្យាយាមបន្ថែមទៀត ក៏ជាតម្រូវការក្នុងការបង្រៀនប្រជាជនឲ្យយល់អំពីបេតិភណ្ឌវប្បធម៌ជាតិនិងសហគមន៍។ ខាងក្រោមនេះ គឺជាបទសម្ភាសន៍ជាមួយប្រជាជនក្នុងភូមិស្រុកជុំវិញតំបន់ប្រសាទតាមន្ត។
ភូមិតាមន្ត ស្ថិតនៅជួរជើងភ្នំដងរែក ជាទីតាំងដែលប្រាសាទតាមន្តស្ថិតនៅ។ ប្រជាជននៅទីនេះ ភាគច្រើនប្រកបរបរធ្វើស្រែចម្ការ និងជាអ្នកជាប់សាច់ញាតិជាមួយកងកម្លាំងប្រដាប់អាវុធ។ កងយោធពលខេមរៈភូមិន្ទ គឺជាស្ថាប័នដែលបានផ្តល់កន្លែងស្នាក់អាស្រ័យនិងដីធ្លីនៅក្នុងភូមិតាមន្ត ដល់កងកម្លាំងយោធានិងក្រុមគ្រួសារ។ នេះគឺជាមូលហេតុដែលថាប្រពន្ធនិងសាច់ញាតិរបស់កងកម្លាំង យោធា ធ្វើការផ្លាស់ប្តូរទីលំនៅទៅតាមប្តី ឬសមាជិកគ្រូសារដែលជាទាហាន។ ប្រជាជននៅក្នុងភូមិនេះបានឲ្យដឹងថា ខ្លួនទទួលបានការផ្គត់ផ្គង់ពីរាជរដ្ឋាភិបាលជាច្រើន ក៏ប៉ុន្តែមិនពាក់ព័ន្ធនឹងបេតិក-ភណ្ឌវប្បធម៌ទេ។ ប្រជាជនមួយចំនួនបានដឹងអំពីបេតិកភណ្ឌវប្បធម៌ជាតិតាមរយៈទូរទស្សន៍។ ឯប្រជាជនដទៃទៀត មានចំណេះដឹងតិចតួចណាស់អំពីបេតិកភណ្ឌវប្បធម៌។ ទោះបីជាការរស់នៅក្នុងសហគមន៍ដែលមានទីតាំងស្ថិតនៅក្បែរប្រាសាទតាមន្តក្តី ក៏ប្រជាជនក្នុងភូមិនេះភាគច្រើនពុំបានដឹងអំពីសាវតារបស់ប្រាសាទតាមន្ត ក្រៅពីបរិបទនៃសង្គ្រាមដែរ។ ពុំមានប្រជាជនណាម្នាក់ដែលយើងបាននិយាយជាមួយ បានឮពីការបណ្តុះបណ្តាលផ្ទាល់អំពីបេតិកភណ្ឌវប្បធម៌ទេ។
ប្រជាជនក្នុងភូមិទន្លេ ស
ប្រទេសកម្ពុជាមានក្របខណ្ឌគតិយុត្តិជាតិនិងអន្តរជាតិដ៏សម្បូរបែប ដើម្បីប្រយុទ្ធប្រឆាំងនឹងការរុករានបំផ្លាញនិងការពារបេតិកភណ្ឌវប្បធម៌ ក៏ប៉ុន្តែច្បាប់ទាំងនេះហាក់ដូចជាមិនត្រូវបានអនុវត្តន៍ដោយទាហានឬមន្រ្តីនគរបាលសោះ។ ខណៈពេលដែលសេចក្តីប្រកាសត្រូវបានធ្វើឡើងកាលពីអតីតកាល ដើម្បីពញ្ញាក់ប្រជាជនកម្ពុជាអំពីភាពមិនស្របច្បាប់នៃការរុករានបំផ្លាញ ប្រជាជនពុំបានដឹងថាមានសេចក្តីប្រកាសនេះឡើយ។ ការអនុវត្តច្បាប់អាចនឹងមិនយុត្តិធម៌ ប្រសិនបើពុំបានជូនដំណឹងដល់ប្រជាជនជាមុន។ នេះសរបញ្ជាក់ឲ្យឃើញពីតម្រូវការអប់រំបន្ថែម អំពីច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ និងសារៈសំខាន់នៃបេតិកភណ្ឌវប្បធម៌ដែលត្រូវបានការពារដោយច្បាប់។
វិឡាលេខ ១១ ផ្លូវលេខ ២៥៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ប្រទេសកម្ពុជា ១២០២០៧
លេខទូរស័ព្ទ ០១២ ៨៨២ ៥០៥ / ០១២ ៦៩៦ ៩៦១
អុីម៉ែល៖ dccam@online.com.kh
គេហទំព័រ៖ www.dccam.org
©២០២៤ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា