សេចក្តីផ្តើមស្តីពីស្រុកអង្គរបុរី និងប្រាសាទភ្នំដា
ស្រុកអង្គរបុរី គឺជាស្រុកមួយក្នុងខេត្តតាកែវរបស់ប្រទេសកម្ពុជា ស្ថិតនៅក្បែរព្រំប្រទល់វៀត ណាម។ ភូមិចំនួនពីរនៅក្នុងស្រុកអង្គរបុរី គឺភូមិកំពង់លឿង និងភូមិកំពង់ពោធិ៍ ស្ថិតនៅចំទីតាំងនៃអតីតរាជធានីហ្វូណនដែលជាព្រះរាជាណាចក្រខ្មែរដំបូងបង្អស់។ រាជធានីបុរាណមួយនេះគឺជាទីក្រុងជញ្ជាំងដែលហ៊ុំព័ទ្ធដោយគូទឹក និងត្រូវបានគ្រប់គ្រងចាប់តាំងពីសតវត្សរ៍ទី១មុនគ្រិស្តសករាជ រហូតដល់សតវត្សរ៍ទី១០នៃគ្រិស្តសករាជ។ មានរឿងរ៉ាវជាច្រើនកើតមាននៅក្នុងស្រុកនេះ ក្នុងសតវត្សរ៍ទី៦និងទី៧។[1] ដោយសារតែប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ស្រុកអង្គរបុរី ទើបស្រុកនេះបានប្រែទៅជាទីតាំងដ៏វិសេសវិសាលមួយសម្រាប់បុរាណវិទូក្នុងការធ្វើការសិក្សាអំពីអតីតកាលរបស់កម្ពុជា ហើយដោយមូលហេតុថា ទីតាំងភូមិសាស្ត្ររបស់ស្រុកស្ថិតនៅឆ្ងាយដាច់ស្រយាលផង ទើបស្រុកនេះទទួលរងការបំផ្លិចបំផ្លាញនិងចោរកម្មទៅលើសម្បត្តិវប្បធម៌។
ប្រជាជនវ័យចំណាស់ៗនៅក្នុងស្រុកអង្គរបុរី មិនបានចងចាំពីប្រវត្តិសាស្ត្រដែលកើតឡើងក្នុងភូមិនាសម័យអាណានិគមបារាំងឡើយ។ សម័យអាណានិគមបារាំងហាក់ដូចជាពុំមានឥទ្ធិពលខ្លាំងក្លាណាស់ណាទេ ទៅលើការរស់នៅរបស់ប្រជាជននៅក្នុងស្រុកអង្គរបុរី ពីព្រោះថាបារាំងមិនបានដាក់មូលដ្ឋានក្នុងតំបន់នេះ។[2] វត្តមានរបស់បារាំងនៅក្នុងស្រុកអង្គរបុរី គឺមានត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ ខណៈពេលដែលប្រជាជនក្នុងភូមិបានចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ហើយនៅក្រោយពេលដែលបារាំងចាកចេញទៅ ទើបប្រជាជនត្រឡប់មកកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ។[3] បើប្រៀបធៀបទៅនឹងស្ថានភាពរស់នៅក្នុងរបបខ្មែរក្រហម ប្រជាជនអាចទ្រាំទ្រជាមួយស្ថានភាពរស់នៅស្ថិតក្រោមអាណានិគមបារាំងបាន។ អ្វីដែលអ្នកភូមិវ័យចំណាស់ៗក្នុងភូមិមានការចងចាំ និងបានរៀបរាប់ប្រាប់ដល់ក្មេងៗជំនាន់ក្រោយនោះគឺថា បារាំងបានយកវត្ថុបុរាណចេញពីស្រុកអង្គរបុរី។
ចាប់តាំងពីឆ្នាំ១៩៧០រហូតដល់ឆ្នាំ១៩៧៥ តំបន់នេះទទួលរងការទម្លាក់គ្រាប់បែកដោយ ឧទ្ធម្ភាចក្ររបស់ លន់ នល់ ពីទិសខាងជើងទៅទិសខាងកើត។ ការទម្លាក់គ្រាប់បែកបានបង្កវិនាសកម្មលើស្រុកអង្គរបុរី ដោយបានបំផ្លាញរូបចម្លាក់ ប្រាង្គប្រាសាទ និងវត្តអារាម ដែលមានអាយុកាលជាច្រើនសតវត្សរ៍។ ទាហាន លន់ នល់ បានយក ឬបំផ្លាញរូបសំណាកព្រះពុទ្ធ នៅតាមវត្តអារាម ផ្សេងៗ។ វាលស្រែដែលជាប្រភពនៃការរស់រានរបស់អ្នកភូមិ ត្រូវដុតបំផ្លាញដោយសារការទម្លាក់គ្រាប់បែក។ អ្នកភូមិម្នាក់បានរំឭកថា ផ្ទះរបស់គាត់ត្រូវបានដុតបំផ្លាញ។ ដើម្បីការពារជីវិតពីការទម្លាក់គ្រាប់បែក អ្នកភូមិដទៃទៀតបានព្យាយាមរត់គេចចេញពីភូមិដែលខ្លួនកំពុងរស់នៅ។ ចំណែកអ្នកភូមិជាច្រើននាក់ទៀត បានសំងំលាក់ខ្លួននៅក្នុងលេណដ្ឋានដែលមានទីតាំងស្ថិតក្នុងភូមិ។ អ្នកភូមិខ្លះទៀតជាទាហាន លន់ នល់ បានបាត់បង់ជីវិតដោយសារជាន់ត្រូវមីនដែលបានបន្សល់ទុកពី សង្គ្រាមស៊ីវិល។
បេតិកភណ្ឌវប្បធម៌នៅក្នុងស្រុកអង្គរបុរី ទទួលរងការខូចខាតនៅក្នុងរបបខ្មែរក្រហម។ នៅមុនពេលការមកដល់របស់ខ្មែរក្រហម រូបបដិមាករព្រះពុទ្ធនៅក្បែរទីតាំងវត្ត ដែលបច្ចុប្បន្នជាវត្តគំនូរ ត្រូវបានគ្របដណ្តប់ទៅដោយព្រៃ។ បដិមាករនេះ មានអាយុកាលតាំងពីសតវត្សរ៍ទី១៥ និងត្រូវបានអ្នកភូមិចាត់ទុកថាជាវត្ថុបុរាណ។ កម្មាភិបាលខ្មែរក្រហមបានបំផ្លាញរូបបដិមាករព្រះពុទ្ធនានា ដោយកាត់ព្រះកេសបោះចោល ហើយបំណែកព្រះកេសនៃបដិមាករមួយចំនួន ត្រូវបានរកឃើញតាមរយៈកំណាយបុរាណវិទ្យា។ ដោយសារខ្មែរក្រហមត្រូវបានបណ្តេញចេញ កម្មាភិបាលខ្មែរក្រហមក្នុងតំបន់នេះ បានកប់មាសដែលខ្លួនមាននៅក្នុងដី ដើម្បីលាក់កំបាំងពីវៀតណាម។
បន្ទាប់ពីរបបខ្មែរក្រហម ជីវិតរស់នៅរបស់អ្នកភូមិមានភាពប្រសើរឡើង។ កាលពីដំបូង ស្រុកអង្គរបុរីបានប្រឈមនឹងបញ្ហាអស្ថេរភាពផ្នែកសេដ្ឋកិច្ច។ បែបផែននៃការអនុវត្តន៍វិស័យកសិកម្មរបស់ខ្មែរក្រហម បានធ្វើឲ្យការបង្កបង្កើនផលនៅក្នុងស្រុកអង្គរបុរីពុំអាចប្រព្រឹត្តទៅបានច្រើនខែឡើយ។ អ្នកភូមិក៏បានបង្វែរទិសដៅមកដាំដំឡូងនិងបន្លែបង្ការ ព្រមទាំងដោះដូរទិន្នផលជាមួយនឹងអង្ករជំនួសវិញ រហូតដល់រដូវវស្សា ទើបងាកមកបង្កបង្កើនផលស្រូវបានម្តងទៀត។ រដ្ឋាភិបាលថ្មីបានផ្តល់ដីដល់ប្រជាជនដើម្បីធ្វើស្រែ ហើយបច្ចុប្បន្នអ្នកភូមិក្នុងស្រុកអង្គរបុរីភាគច្រើនគឺជាកសិករ។ ភាពប្រសើរឡើងនៃប្រព័ន្ធធារាសាស្ត្រ និងការចាប់ផ្តើមប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្ម បានជម្រុញឲ្យការផលិតស្រូវមានភាពងាយស្រួលជាងនៅមុនរបបខ្មែរក្រហម។ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ បានបង្កើនទំនាក់ទំនង និងការធ្វើដំណើរពីភូមិមួយទៅកាន់ភូមិដទៃ ក៏ដូចជាពីស្រុកមួយទៅកាន់ស្រុកដទៃ។
នៅក្នុងចន្លោះឆ្នាំ១៩៩១និង១៩៩៣ វត្តអារ៉ាមនៅក្នុងភូមិនេះ ដែលត្រូវបំផ្លាញដោយរបប លន់ នល់ និងរបបខ្មែរក្រហម ត្រូវបានកសាងឡើងវិញ។ ការកសាងជាថ្មីនេះ បានទទួលជំនួយថវិកាពីការរៃអង្គាសរបស់អ្នកភូមិ វិភាគទានរបស់រដ្ឋាភិបាលកម្ពុជា និងជំនួយពីអ្នករស់នៅបរទេស។ ទោះបីជាការអភិវឌ្ឍន៍មានការកើនឡើងក៏ដោយ ក៏ភាពក្រីក្រនៅតែកើតមាននៅក្នុងស្រុកអង្គរបុរី។ រដ្ឋាភិបាលបានផ្តល់ជំនួយជាអង្ករនិងសាងសង់ផ្ទះដល់គ្រួសារក្រីក្រ។ អ្នកភូមិមួយរូបបានលើកឡើងថា “នៅទីនេះគ្មានអ្វីទាំងអស់ ប្រជាជនរស់នៅក្នុងភាពក្រីក្រ”។ ភាពក្រីក្រទាំងនេះ គឺជាមូលហេតុចម្បងដែលបណ្តាលឲ្យប្រជាជនក្នុងភូមិធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ និងការជួញដូរវត្ថុបុរាណដើម្បីទទួលបានចំណូល។ អ្នកភូមិខ្លះទៀតដែលនៅមានជីវភាពក្រីក្រ បានងាកទៅរកការលួចនិងលក់វត្ថុបុរាណជាច្រើនអនេកនៅក្នុងតំបន់ប្រវត្តិសាស្ត្រអង្គរបុរី។
ប្រាសាទភ្នំដា គឺជាប្រាសាទតូចមួយ ស្ថិតនៅលើកំពូលភ្នំដាក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដែលមានចម្ងាយប្រមាណ៧០គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញ។ នៅត្រង់ទីតាំងប្រាសាទនេះ យើងអាចមើលឃើញទិដ្ឋភាពជនបទរបស់ប្រទេសកម្ពុជា និងជនបទរបស់ប្រទេសវៀតណាម ដែលមាន ទីតាំងស្ថិតនៅប្រមាណជាង១០គីឡូម៉ែត្រប៉ុណ្ណោះពីទីតាំងភ្នំដា។ ប្រាសាទភ្នំដា បានកកើតតាំងពីសតវត្សរ៍ទី១១ ចំណែកឯរូបចម្លាក់នៅជុំវិញប្រាសាទមានអាយុកាលតាំងពីសតវត្សរ៍ទី៦មក គឺនៅក្នុងរជ្ជកាលព្រះបាទរុន្ទ្រវរ្ម័ន ឬសតវត្សរ៍ទី៧។
ពុំមាននៅសេសសល់រូបចម្លាក់នៅខាងក្នុងតួប្រាសាទ ឬក្នុងរូងភ្នំឡើយ ព្រោះថារូបចម្លាក់ទាំងនោះ ត្រូវបានលួចយកទៅនៅក្នុងជំនាន់អាណានិគមបារាំង ឬគាស់យកនៅចុងទសវត្សរ៍ឆ្នាំ១៩៩០និងដើមទសវត្សរ៍ឆ្នាំ២០០០ និងត្រូវបានដឹកជញ្ជូនយកទៅតម្កល់នៅក្នុងសារមន្ទីរក្នុងតំបន់ដើម្បីរក្សាសុវត្ថិភាព។ នៅក្នុងតួប្រាសាទនេះ ស្ទើរតែពុំមានបន្សល់អ្វីឡើយ លើកលែងតែទម្ររូបចម្លាក់ ផ្ទាំងចម្លាក់ កម្ទេចថ្ម និងសំណែនមួយចំនួនដែលអ្នកភូមិយកមកសែនតាមបែបសាសនាតែប៉ុណ្ណោះ។ នៅមានផ្ទាំងចម្លាក់នៅលើជញ្ជាំងប្រាសាទមួយចំនួនតូចដែលពុំទទួលរងការខូចខាត។ ដំបូលរបស់ប្រាសាទបានបាត់បង់ តាមរយៈកំណាយនៅក្នុងឆ្នាំ១៩៥៣។ បុរាណវិទូ ហែនរី មួហ្គឺរ បានអះអាងថា ដំបូលប្រាសាទនេះបានបាក់ធ្លាក់។ អ្នកភូមិបានរៀបរាប់អំពីព្រឹត្តិការណ៍បាក់ដំបូលនៅប្រាសាទភ្នំដាខុសៗគ្នា។ អ្នកខ្លះថាបារាំងដែលស្ថិតនៅក្នុងសម័យអាណានិគមបារាំង បានបាញ់បំបែកកំពូលប្រាសាទនេះដើម្បីស្វែងរកគ្រាប់ពេជ្រដែលបង្កប់នៅក្នុងដំបូលប្រាសាទ ជាហេតុបណ្តាលឲ្យដំបូលធ្លាក់ចុះមក។
ការលួចវត្ថុបុរាណនៅប្រាសាទភ្នំដា ហាក់ដូចជាកើតមានឡើងតាំងពីជំនាន់អាណានិគមបារាំងមកលើប្រទេកម្ពុជាមកម្ល៉េះ ព្រោះបើតាមការអះអាងរបស់អ្នកភូមិដែលមានវ័យចំណាស់ៗបានឲ្យដឹងថា ទ្រង់ទ្រាយរបស់ប្រាសាទនេះ មានលក្ខណៈស្ទើរតែដូចគ្នាទាំងស្រុង បើប្រៀបធៀបទៅនឹងទ្រង់ទ្រាយប្រាសាទដែលខ្លួនធ្លាប់បានឃើញកាលពីនៅក្មេងៗ។ រឿងរ៉ាវទាក់ទងនឹងការបំផ្លិចបំផ្លាញប្រាសាទភ្នំដាដែលបានបង្កឡើងដោយបារាំង បានក្លាយទៅជាសាច់រឿងនិទានដំណាលពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសអំពីការលួចគ្រាប់ពេជ្រនៅលើដំបូលប្រាសាទនេះ។ អ្នកភូមិមួយរូបបានឮថា បារាំងបានបាញ់ទៅលើប្រាសាទដើម្បីឲ្យប្រាសាទដួលរលំមកលើដី។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៣០ បញ្ញវន្តជនជាតិបារាំងបានយករូបចម្លាក់មួយចំនួនពីស្រុកអង្គរបុរី។ រូបចម្លាក់ប្រាសាទភ្នំដាមួយចំនួន ត្រូវបានរកឃើញនៅក្នុងសារមន្ទីរនានាជុំវិញពិភពលោក និងក្រោយមករូបចម្លាក់មួយចំនួន ក៏ត្រូវបានបញ្ជូនត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដែលបច្ចុប្បន្នត្រូវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិក្នុងរាជធានីភ្នំពេញ។ ទោះបីជាយ៉ាងដូច្នេះក៏ដោយ ក៏ដំណឹងពីគ្រាប់ពេជ្រនៅលើកំពូលប្រាសាទ បានបាត់ដំណឹងដោយគ្មាននរណាម្នាក់ដឹង។ សង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍បានបន្តបំផ្លាញប្រាសាទភ្នំដា។ ការទម្លាក់គ្រាប់បែកនៅក្នុងរបប លន់ នល់ ធ្វើឲ្យបំណែកខាងក្រៅនៃជញ្ជាំងប្រាសាទខ្ទាតខ្ចាត់ខ្ចាយ។
សព្វថ្ងៃ អ្នកប្រណិប័តន៍សាសនា និស្សិតសាកលវិទ្យាល័យ និងភ្ញៀវទេសចរបរទេសនានា បានមកធ្វើទស្សនកិច្ចមកកាន់ប្រាសាទភ្នំដា។ ភ្ញៀវទេសចរភាគច្រើន ជាភ្ញៀវបរទេសដែលត្រូវទិញសំបុត្រក្នុងតម្លៃ២ដុល្លារសហរដ្ឋអាមេរិក ដើម្បីចូលទស្សនាប្រាសាទនេះ។ ក្រសួងទេសចរណ៍ និង ក្រសួងវប្បធម៌និងវិចត្រសិល្បៈ គឺជាស្ថាប័នគ្រប់គ្រងលើតំបន់ប្រាសាទនេះរួមគ្នា។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបន្ទុកលើការអភិរក្ស ហើយក្រសួងទេសចរណ៍ ទទួលបន្ទុកផ្តល់បុគ្គលិក។ សព្វថ្ងៃនេះ មានបុគ្គលិកចំនួន៣រូប ទទួលខុសត្រូវក្នុងការដឹកនាំភ្ញៀវទេសចរទៅកាន់កំពូលភ្នំ និងសម្អាតតំបន់ប្រាសាទ។ កាំជណ្តើរឡើងទៅកាន់ប្រាសាទ ផ្តល់ភាពងាយស្រួលជាងមុនសម្រាប់ភ្ញៀវទេសចរ។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរអាចឈប់សម្រាកនៅលើកៅអីនិងតុថ្ម ដែលស្ថិតនៅក្បែរទីតាំងតួប្រាសាទលើកំពូលភ្នំ។ ការិយាល័យព័ត៌មានមួយនៅជើងភ្នំដា មានប្រអប់កញ្ចក់តម្កល់ខិតប័ណ្ណព័ត៌មានអំពីតំបន់នេះ សម្រាប់បម្រើដល់ភ្ញៀវទេសចរ។ បច្ចុប្បន្ន ប្រអប់កញ្ចក់នោះមានខិតប័ណ្ណព័ត៌មានចំនួនតិចតួចប៉ុណ្ណោះ ហើយការិយាល័យនេះក៏ផ្អាកសេវាកម្មដឹកភ្ញៀវទេសចរដែរ។ មគ្គុទេសក៍ដែលត្រូវបានសម្ភាសន៍សង្ឃឹមថា ប្រអប់នេះនឹងមានផ្ទុកខិតប័ណ្ណព័ត៌មានពេញៗដូចដែលធ្លាប់មានកន្លងមក។
ដើម្បីធ្វើការអភិរក្សប្រាសាទភ្នំដាឲ្យបានដិតដល់ ក្រសួងទេសចរណ៍គួរតែពិភាក្សាអំពីកិច្ចការអភិរក្សជាមួយអាជ្ញាធរពាក់ព័ន្ធនិងទទួលបានការអនុញ្ញាតពីអាជ្ញាធរខេត្តតាកែវ ថ្នាក់ដឹកនាំស្រុកអង្គរបុរី និងទីស្តីការក្រសួងទេសចរណ៍ដែលមានទីតាំងក្នុងរាជធានីភ្នំពេញផ្ទាល់។ ស្ថិតក្រោមជំនួយទ្រទ្រង់ពីអង្គការយូណេស្កូ គម្រោងអភិវឌ្ឍន៍ផ្នែកស្ថាបត្យកម្មនិងគម្រោងអភិរក្សប្រាសាទភ្នំដាមានផែន ការអភិវឌ្ឍនិងអភិរក្សប្រាសាទភ្នំដា។ គម្រោងនេះ កំពុងស្ថិតក្នុងការរង់ចាំសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។ នៅពេលដែលគម្រោងនេះបញ្ចប់ការអភិវឌ្ឍន៍និងអភិរក្សរួចរាល់ហើយ មន្ទីរទេសចរណ៍ខេត្តសង្ឃឹមថា ខ្លួននឹងផ្តល់បុគ្គលិកបន្ថែមទៀតដើម្បីបម្រើការនៅក្នុងបរិវេណប្រាសាទភ្នំដា និងផ្តល់ការអប់រំដល់សិស្សានុសិស្សអំពីសារៈសំខាន់ក្នុងការអភិរក្សបរិស្ថាននៅប្រាសាទភ្នំដា។ អាជ្ញាធរខេត្តមាន តួនាទីគ្រប់គ្រងលើការអភិរក្សប្រាសាទភ្នំដាដោយប្រើប្រាស់ធនធានដែលមានស្រាប់ ទោះបីជាពុំមានជំនួយហិរញ្ញវត្ថុដែលផ្តល់ឲ្យដោយរាជរដ្ឋាភិបាលក៏ដោយ។
បេតិកភណ្ឌវប្បធម៌ដែលរងការបំផ្លិចបំផ្លាញនៅប្រាសាទភ្នំដានិងស្រុកអង្គរបុរី មានសណ្ឋានខុសប្លែកពីគ្នា។ ប្រាសាទភ្នំដាទទួលរងការបំផ្លាញតាមរយៈការលួចរូបចម្លាក់តាំងពីយូរយារណាស់មកហើយ ហើយនិងពុំមានអ្វីនៅសេសសល់សម្រាប់លួចទៀតទេ។ រូបចម្លាក់ប្រវត្តិសាស្ត្រនៅប្រាសាទ ភ្នំដាត្រូវបាត់អស់ទាំងស្រុងពីប្រាសាទ ប៉ុន្តែបានលេចរូបរាងឡើងនៅតាមសារមន្ទីរនានាជុំវិញពិភពលោក។ ប្រាសាទនេះទាមទារឲ្យមានការស្តារឡើងវិញ។ ចំណែកឯវត្ថុប្រវត្តិសាស្ត្រដែលមាននៅក្នុងស្រុកអង្គរបុរីវិញ នៅតែទទួលរងនូវការបំផ្លាញដូចគ្នា តាមរយៈការសាងសង់ កាប់ឆ្ការ សម្អាត ជួសជុលផ្លូវ និងចោរកម្ម។
ចោរកម្មទ្រង់ទ្រាយធំបានកើតមាននៅដើមទសវត្សរ៍ឆ្នាំ១៩៩០ និងទើបតែថមថយទៅវិញនៅ ក្នុងឆ្នាំ២០១១ប៉ុណ្ណោះ គឺនៅពេលដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសតាមវិទ្យុនិងទូរទស្សន៍ថា ការរុករានរកវត្ថុបុរាណត្រូវបានហាមឃាត់។ ទោះបីជាយ៉ាងណាក៏ដោយ ក៏បញ្ហាចោរកម្មលើវត្ថុបុរាណនៅតែបន្តកើតមានឡើងចំពោះមនុស្សដែលមិនបានដឹងអំពីច្បាប់ ឬបំពានច្បាប់។ កិច្ចខិតខំប្រឹងប្រែងក្នុងការរារាំងអំពើចោរកម្មត្រូវបានពង្រីកបន្ថែម ដើម្បីរក្សាអ្វីដែលនៅសេសសល់នៅក្នុងបញ្ជីបេតិកភណ្ឌប្រវត្តិសាស្ត្រ។ កំណាយដំបូងបង្អស់ ត្រូវបានធ្វើឡើងនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ ក៏ប៉ុន្តែនៅមានចំណុចជាច្រើនទៀតដែលគួរសិក្សាស្រាវជ្រាវបន្ថែមអំពីប្រវត្តិសាស្ត្រក្នុងតំបន់នេះ។
ព័ត៌មានទាក់ទងនឹងចោរកម្មលើវត្ថុបុរាណ
ទោះបីជា បុរាណវិទូពុំបានធ្វើកំណាយជាផ្លូវការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយ៉ាងណាក្តី ក៏អ្នកភូមិនៅតែបន្តរុករានជីកកកាយរុករកវត្ថុបុរាណ នៅក្នុងស្រុកកំណើតរបស់ខ្លួនឥតស្រាកស្រាន។ ទាំងនេះ គឺជាចោរកម្មលើវត្ថុបុរាណដែលធ្វើឡើងនៅក្នុងស្រុកអង្គរបុរី ហើយដែលការណ៍នេះត្រូវបានពិព័ណ៌នាថាជា “សកម្មភាពក្នុងកម្រិតបន្ទាប់បន្សំប៉ុណ្ណោះ”។ ក្នុងចំណោមអ្នកភូមិដែលត្រូវបានសម្ភាសន៍ទាំងអស់ មានតែអ្នកភូមិម្នាក់គត់ដែលកាលពីមុនគាត់ធ្លាប់បានជីកយកវត្ថុបុរាណប្រវត្តិសាស្ត្រ ឬបានឮថាអ្នកដទៃទៀតក៏បានប្រព្រឹត្តទង្វើនេះដែរ។ ខាងក្រោមនេះគឺជាបទពិសោធន៍របស់អ្នកដែលធ្លាប់គាស់កកាយរកវត្ថុបុរាណនៅក្នុងស្រុកអង្គរបុរី៖
ផេង ៖ ផេងនិងស្វាមីរបស់គាត់គឺជាកសិករ ព្រមទាំងបានដាំដើមចេកនៅលើដីជាកម្មសិទ្ធរបស់គាត់។ ក្នុងឆ្នាំ២០០២ ប្តីរបស់ ផេង បានរកឃើញក្រឡតូចមួយ ក្នុងពេលដែលគាត់កំពុងកាត់ស្ទងចេក។ ក្រោយមកទៀត អ្នកទាំងពីរក៏ចាប់ផ្តើមជីកដីដើម្បីស្វែងរកវត្ថុដទៃទៀត។ អ្នកទាំងពីរតែងតែរកឃើញក្រឡតូចៗ អង្កាំ និងបំណែកមាស។ មានពេលមួយនោះ អ្នកទាំងពីរបានប្រទះឃើញឆ្អឹងមនុស្ស។ នៅពេលនោះ ប្រជាជនចាប់ផ្តើមមានគោលបំណងទិញយកមាសដែលរកឃើញពីក្នុងដី ទុក។ ព័ត៌មានស្តីពីការរកឃើញមាសរបស់ ផេង និងស្វាមី បានដឹងឮពីភូមិមួយទៅភូមិមួយ និងបានធ្វើឲ្យឈ្មួញក្នុងស្រុកនាំគ្នាទាក់ទងដើម្បីទិញមាសដែលរកបាន។ ឈ្មួញបានទិញយកអង្កាំតូចៗពីអ្នកទាំងពីរក្នុងតម្លៃ២ពាន់ ឬ៣ពាន់រៀលក្នុងមួយគ្រាប់ ទៅតាមទំហំតូចឬតូចល្មម។ អង្កាំធំៗត្រូវលក់ក្នុងតម្លៃ៥ពាន់រៀលក្នុងមួយគ្រាប់ ហើយក្រឡមួយមានតម្លៃ៦ពាន់រៀល។ ប្រាក់កាសដែលអ្នកទាំងពីររកបានតាមរយៈការលក់បេតិកភណ្ឌវប្បធម៌ ត្រូវបានប្រើប្រាស់ដើម្បីទ្រទ្រង់លើការចំណាយថ្លៃអាហាររបស់ក្រុមគ្រួសារគាត់។ ចាប់តាំងពីពេលនោះមក អ្នកទាំងពីរឈប់ប្រមែប្រមូលវត្ថុពីទីធ្លាក្រោយលំនៅដ្ឋានទៀតហើយ។ គាត់ត្រូវស្វែងរកប្រភពដទៃដើម្បីបង្កើតចំណូល។ ដូច្នេះ កូនៗរបស់គាត់ក៏បានទៅស្វែងរកការងារនៅទីក្រុងភ្នំពេញ។
នៅក្នុងឆ្នាំ២០១១ ផេង នៅចងចាំថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសតាមទូរទស្សន៍និងវិទ្យុ អំពីការជីកកកាយរកវត្ថុបុរាណខុសច្បាប់ និងជម្រុញឲ្យប្រជាជនចូលរួមដើម្បីថែរក្សាបេតិកភណ្ឌពិភពលោក។ ផេង បានរំឭកទៀតថា សេចក្តីប្រកាសនេះបានផ្តល់ជាករណីលើកលែងនៅក្នុងច្បាប់ជីករុករក ដោយជឿជាក់ថា វត្ថុទាំងឡាយណាដែលស្ថិតនៅក្នុងចន្លោះកន្លះម៉ែត្រទៅក្រោមដី គឺជាកម្មសិទ្ធិរបស់ម្ចាស់ដី។ ចំណែកវត្ថុដែលស្ថិតនៅក្រោមដីហួសពីគម្លាតកំណត់ខាងលើ គឺជាសម្បត្តិរបស់រដ្ឋ។ ដោយហេតុនេះហើយ ទើបគាត់ជឿជាក់ថា គាត់មានសិទ្ធិកាន់កាប់វត្ថុបុរាណដែលគាត់បានរកឃើញ។ បន្ទាប់ពីសេចក្តីប្រកាសនេះចេញជាធរមាន គាត់បានចាប់ផ្តើមធ្វើវិភាគទានវត្ថុទាំងនោះទៅឲ្យសារមន្ទីរក្នុងស្រុកអង្គរបុរីដើម្បីថែរក្សា បន្ទាប់ពីដឹងថាសមុច្ច័យនៅក្នុងសារមន្ទីរមានតិចតួចណាស់។ សរុបមក ផេង បានធ្វើវិភាគទាននិងលក់វត្ថុបុរាណប្រមាណជាង៦០ទៅឲ្យសារមន្ទីរ និងមានមោទនភាពចំពោះការរួមចំណែកនេះ។
ក្រុមគ្រួសារបស់គាត់ពុំធ្លាប់មានបញ្ញាប្រឈមជាមួយអាជ្ញាធរឡើយ ទាក់ទងនឹងសកម្មភាព ជីកកកាយ។ នេះគឺដោយសារតែគ្រួសាររបស់គាត់បានបញ្ឈប់ការជីករុករាន បន្ទាប់ពីសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នៅមុនពេលមានសេចក្តីប្រកាសនេះ អាជ្ញាធរពុំបានបង្កជាបញ្ហាលើគ្រួសារគាត់ទេ ព្រោះមិនបានដឹងថាគ្រួសារគាត់កំពុងស្វែងរកអ្វី។ សព្វថ្ងៃ ផេង ជឿជាក់ថា ថ្វីបើគាត់បានរកឃើញនិងលក់បំណែកមាសដែលរកបានក៏ដោយ ក៏គាត់ពុំប្រឈមនឹងបញ្ហាផ្លូវច្បាប់ដែរ។ ប៉ុន្តែប្រសិនបើគាត់លក់វត្ថុដែលគាត់រកឃើញក្នុងទ្រង់ទ្រាយធំ គាត់នឹងអាចប្រឈមជាមួយអាជ្ញាធរ។ ផេង បាននិយាយថា អាជ្ញាធរអាចធ្វើការពិភាក្សាជាមួយអ្នកភូមិដទៃដែលរកឃើញមាស ក៏ប៉ុន្តែខ្លួនពុំអាចបង្កបញ្ហាណាមួយដល់អ្នកដែលបានរកឃើញមាសឡើយ ព្រោះអ្នកភូមិមានសិទ្ធិលើអ្វីដែលស្ថិតក្នុងសម្បត្តិរបស់ខ្លួន។
អ្នកទាំងពីរបានបញ្ឈប់សកម្មភាពរុករករបស់ខ្លួននៅចន្លោះឆ្នាំ២០០៨និងឆ្នាំ២០១៥ បន្ទាប់ពីមានសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងចំពេលវេលាដែលគាត់ទាំងពីរមិនបានរុករកឃើញអ្វីផ្សេងទៀតដែរ។ ផេង នៅតែរក្សាវត្ថុបុរាណមួយចំនួន ដើម្បីតុបតែងលម្អគេហដ្ឋាន និងទុកជាមរតកដល់កូនចៅរបស់គាត់ និងបានចាត់ទុកវត្ថុបុរាណដែលខ្លួនកំពុងថែរក្សា ថាជាសម្បត្តិទ្រព្យដែលបានបន្សល់ទុកពីដូនតារបស់គាត់ ដែលប្រៀបបានទៅនឹងកេរ្តិ៍មរតករបស់គ្រួសារគាត់ដែរ។ ដោយសារតែការចែងអំពីចម្ងាយកន្លះម៉ែត្រទៅក្រោមដី ផេង ជឿជាក់ថាគាត់មានសិទ្ធិលើវត្ថុទាំងអស់នេះ។ ដូច្នេះគាត់ពុំមានបំណងធ្វើវិភាគទានវត្ថុដែលសេសសល់នាពេលអនាគតទេ។ វត្ថុទាំងនេះរួមមាន ខ្សែកនិងខ្សែដៃធ្វើពីអង្កាំ ដែលស្វាមីរបស់គាត់បានរកឃើញតាមរយៈការជីកកកាយអស់ពេលយ៉ាងយូរនៅក្នុងរដូវប្រាំង។ គាត់ជឿជាក់ថាខ្សែកនេះនាំសំណាងល្អដល់គាត់ ទោះបីជាអ្នកដទៃគិតថា គាត់គួរតែខ្លាចរអារចំពោះវិញ្ញាណអាក្រក់ ព្រោះថាអង្កាំត្រូវបានដាក់ទៅក្នុងខ្លួនប្រាណនៃមនុស្សជំនាន់ ដើមនៅមុនពេលស្លាប់។ សព្វថ្ងៃនេះ ប្រសិនបើគាត់រកឃើញរូបចម្លាក់ណាមួយ គាត់នឹងប្រគល់វត្ថុនោះទៅកាន់សារមន្ទីរ ប៉ុន្តែប្រសិនបើគាត់រកឃើញមាស គាត់នឹងលក់ឬរក្សាទុកសម្រាប់គ្រួសារគាត់។
យ៉េង ៖ យ៉េង គឺជាកសិករមួយរូបដែលបានចាប់ផ្តើមស្វែងរកវត្ថុនានាបន្ទាប់ពីរបបខ្មែរក្រហម បានដួលរលំ។ កាលពីដើម គាត់រកឃើញត្រឹមតែកម្ទេចមាសប៉ុណ្ណោះ។ សំណាងល្អនៅក្រោយពេលមានភ្លៀងធ្លាក់ គាត់ក៏ចាប់ផ្តើមស្វែងរកមាសនៅតាមដងទន្លេជាមួយនឹងគ្រួសាររបស់គាត់។ យ៉េង បានរកឃើញអង្កាំខ្លះៗ រួចក៏លក់ក្នុងតម្លៃពី២ពាន់ទៅ៥ពាន់រៀល ដើម្បីជីវភាពប្រចាំថ្ងៃ។ ឈ្មួញដែលជាបុគ្គលិកធ្វើការនៅហាងលក់គ្រឿងអលង្ការនៅក្នុងផ្សារ បានដឹងដំណឹងថា យ៉េង បានមករកគាត់ដើម្បីឲ្យជួយទិញមាសនិងអង្កាំដែលគាត់រកឃើញ។ កាលពីជាង៣ឆ្នាំមុន យ៉េង បានបញ្ឈប់ការស្វែងរកវត្ថុបុរាណនានា ព្រោះមានការហាមឃាត់លែងឲ្យមានការជីកកកាយនៅតាមច្រាំងទន្លេតទៅទៀត។ យ៉េង ត្រូវបានឃាត់ខ្លួនក្នុងពេលដែលគាត់កំពុងជីកច្រាំងទន្លេ ព្រមទាំងបានដកហូតវត្ថុដែលគាត់ជីក បាន។ បន្ទាប់ពីហេតុការណ៍នេះកើតមានជាច្រើនលើកច្រើនសារ យ៉េង បានបញ្ឈប់អាជីពនេះ។ យ៉េងបានដឹងថា មានច្បាប់មួយចែងអំពីបេតិកភណ្ឌ ប៉ុន្តែគាត់បានអះអាងថាគាត់មិនយល់ពីច្បាប់នេះទេ។ ប្រសិនបើគាត់រកឃើញអ្វីមួយនាពេលបច្ចុប្បន្ន ហើយអាជ្ញាធរបានដឹងពីរឿងនេះ គាត់ត្រូវប្រគល់វត្ថុនោះទៅឲ្យសារមន្ទីរ។
យន ៖ យន បានរកឃើញក្រឡតូចមួយដោយចៃដន្យ នៅតាមមាត់ទន្លេក្នុងឆ្នាំ២០១៧ ក្រោយមកគាត់ពុំបានរកឃើញអ្វីទៀតឡើយ។ គាត់ចង់ដាក់តាំងក្រឡនោះនៅក្នុងផ្ទះរបស់គាត់ ដើម្បីបង្ហាញកូនចៅជំនាន់ក្រោយឲ្យមើលឃើញក្រឡនោះ។ គាត់ជឿជាក់ថា វត្ថុនេះបាននាំសំណាងល្អមកដល់គ្រួសារគាត់។ គាត់ពុំដែលបានឮអំពីច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ទេ។ គាត់មិនច្បាស់ថា តើគាត់គួរលក់ រក្សាទុក ឬបរិច្ចាគវត្ថុនានាដែលគាត់អាចនឹងរកឃើញនាពេលអនាគតឬយ៉ាងណាឡើយ ប៉ុន្តែប្រសិនបើគាត់រកឃើញមាស គាត់នឹងលក់មាសនោះ។
ស៊ីណាត និង ហេង ៖ ស៊ីណាត បានស្វះស្វែងរកវត្ថុនានាភ្លាមៗបន្ទាប់ពីរបបខ្មែរក្រហមដួល រលំ។ ភាគច្រើននៃការស្វែងរកវត្ថុបុរាណទាំងនោះ គឺត្រូវធ្វើឡើងនៅលើដីជាម្ចាស់កម្មសិទ្ធិរបស់ខ្លួនផ្ទាល់ ព្រោះការរុករកវត្ថុទាំងនេះនៅកន្លែងសាធារណៈត្រូវបានហាមឃាត់។ ស៊ីណាត និងហេង ក៏បានឮទៀតដែរថា អាជ្ញាធរបានបណ្តេញអ្នកស្វែងរកវត្ថុបុរាណទាំងឡាយនៅតាមដងទន្លេ និងនៅកន្លែងដទៃទៀត ប៉ុន្តែអ្នកទាំងពីរពុំបានដឹងថា មានច្បាប់ស្តីពីកិច្ចការការពារបេតិកភណ្ឌវប្បធម៌ ព្រមទាំងមិនបានគិតថាការជីករុករកនៅលើដីជាសម្បត្តិរបស់គាត់ ជាទង្វើខុសច្បាប់ឡើយ។ ទោះបីជាយ៉ាងណាក្តី ក៏គាត់នៅតែព្យាយាមបិទបាំងសកម្មភាពរុករករបស់ខ្លួនជានិច្ច។ ស៊ីណាត និងហេង នៅតែបន្តការរុក រករបស់ខ្លួនដោយសម្ងាត់ ព្រោះថាប្រសិនបើអាជ្ញាធរដឹង ខ្លួនទាំងពីរនាក់អាចនឹងទទួលការចាប់ខ្លួនពីបទបានជីកដីរុករកសម្បត្តិបេតិកភណ្ឌ ក៏ដូចជាសារៈប្រយោជន៍នៃប្រវត្តិសាស្ត្របុរាណ។
ស៊ីណាត បានរកឃើញក្រឡមួយ ហើយបានលក់ក្នុងតម្លៃ៥ពាន់រៀល។ ក្រៅពីនោះ គាត់ក៏បានរកឃើញមាសនិងឆ្អឹងសត្វ ហើយបានដាក់លក់ក្នុងតម្លៃ១២៥០ដុល្លារសហរដ្ឋអាមេរិក។ ឈ្មួញជាជនជាតិខ្មែរក្នុងស្រុក បានមកទិញវត្ថុទាំងនោះពី ស៊ីណាត និងហេង។ ថវិកាដែលបានមកពីការលក់វត្ថុបុរាណទាំងនោះ ត្រូវបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជាយកទៅទិញថ្នាំ ពេទ្យ និងរបស់ប្រើប្រាស់ក្នុងផ្ទះមួយចំនួនផង។ អ្នកទាំងពីរត្រូវការប្រាក់បន្ថែមដើម្បីជីវភាព ហើយបានបន្តការរុករកវត្ថុបុរាណបន្ថែមទៀតរហូតដល់ឆ្នាំ២០១៣ ពីព្រោះថា ការប្រមូលផលតាមរយៈការធ្វើស្រែចម្ការ គឺពុំអាចទ្រទ្រង់គ្រួសារគាត់បានគ្រប់គ្រាន់ឡើយ។ បន្ទាប់ពីឆ្នាំ២០១៣មក ស៊ីណាត និងហេង បានបញ្ឈប់ការជីកកកាយរុករកវត្ថុបុរាណទៀតហើយ ព្រោះកូនៗរបស់គាត់ចាប់ផ្តើមមានការ ងារធ្វើ ដូចជាធ្វើជាជាងកាត់ដេរនៅក្នុងផ្សារជាដើម និងមានប្រាក់ខែដែលអាចចាយវាយគ្រប់គ្រាន់ក្នុងគ្រួសារ ដោយមិនចាំបាច់រកចំណូលតាមរយៈការប្រមែប្រមូលវត្ថុបុរាណទៀតឡើយ។ ស៊ីណាត នៅតែបន្តរក្សាទុកវត្ថុបុរាណមួយ គឺផ្ទាំងយោនីដ៏ធំទុកសម្រាប់លាងចាន។ ប្រសិនបើ ស៊ីណាត អាចរកឃើញវត្ថុដទៃទៀត គាត់នឹងលក់ចេញ ប៉ុន្តែប្រសិនបើសារមន្ទីរផ្តល់ថវិកាដល់គាត់ខ្លះៗជាថ្នូរនឹងការរកឃើញ គាត់នឹងប្រគល់វត្ថុទាំងនេះទៅឲ្យសារមន្ទីរ។
វិឡាលេខ ១១ ផ្លូវលេខ ២៥៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ប្រទេសកម្ពុជា ១២០២០៧
លេខទូរស័ព្ទ ០១២ ៨៨២ ៥០៥ / ០១២ ៦៩៦ ៩៦១
អុីម៉ែល៖ dccam@online.com.kh
គេហទំព័រ៖ www.dccam.org
©២០២៤ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា