គម្រោងស្តីពីប្រវត្តិសាស្ត្រភូមិ ដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាការខិតខំប្រឹងប្រែងមួយក្នុងការ លើកកម្ពស់ និងបោះពុម្ពការចងចាំរបស់ជនរងគ្រោះ។ វគ្គសិក្ខាសាលាស្តីពីការពង្រឹងកិច្ចការស្រាវជ្រាវ ត្រូវធ្វើឡើងដើម្បីបណ្ដុះបណ្ដាលគ្រូបង្រៀនចំនួន២០០នាក់ អំពីវិធីសាស្ត្រក្នុងការប្រមូលចងក្រងរឿងរ៉ាវផ្ទាល់មាត់របស់ជនរងគ្រោះ។ គ្រូបង្រៀនទាំងអស់ នឹងត្រូវចុះទៅសម្ភាសន៍ជនរងគ្រោះដែលកំពុងរស់នៅក្នុងភូមិឃុំរបស់ខ្លួន។ កិច្ចការទាំងអស់នេះ នឹងឈានទៅរកការបង្កើតគណៈកម្មាការប្រវត្តិសាស្ត្រជាតិមួយ ស្តីពីការទប់ស្កាត់អំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ដែលបន្តធ្វើកិច្ចការលើការបណ្ដុះបណ្ដាលគ្រូបង្រៀន និងបង្កើតសម្ភារៈឧបទ្ទេសសម្រាប់ការអប់រំពីអំពើប្រល័យពូជសាសន៍។
ឈ្មោះគម្រោង “ការអប់រំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)” នៅសាលាមធ្យមសិក្សា មជ្ឈមណ្ឌលគរុកោសល្យភូមិភាគទាំង៦ វិទ្យាស្ថានជាតិអប់រំ និងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនសម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
ស្ថាប័នអនុវត្ត មជ្ឈមណ្ឌលឯកសារកម្ពុជា និង ក្រសួងអប់រំ យុវជន និងកីឡា
ជំនួយថវិកា ពីមជ្ឈមណ្ឌលឯកសារកម្ពុជា ជំនួយបច្ចេកទេស ពីមជ្ឈមណ្ឌលឯកសារកម្ពុជា និង ក្រសួងអប់រំ យុវជន និងកីឡា គោលបំណងនៃគម្រោង ណែនាំអំពីវិធីសាស្ត្របង្រៀនប្រវត្តិសាស្ត្រតាមបែបទំនើប និងមានប្រសិទ្ធិភាពក្នុងការបង្រៀននិងរៀនប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ ដល់គ្រូបង្រៀនមធ្យមសិក្សា គរុសិស្សនៅតាមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគទាំង៦ គរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ សាស្ត្រាចារ្យ នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជន សម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៅទូទាំងប្រទេស។ រយៈកាលកន្លងមក គិតពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៧ គម្រោងបានបំប៉នគ្រូបង្រៀន គរុសិស្ស គរុនិស្សិត និងសាស្ត្រាចារ្យ ចំនួនសរុប២,១៣៥នាក់រួចមកហើយ។ គម្រោងនឹងពង្រីកបន្ថែមដើម្បីធានាថា សិស្សនិងនិស្សិតក្នុងទូទាំងប្រទេសទទួលបានចំណេះដឹង និងការយល់ដឹងអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ កាន់តែសុក្រឹត ក៏ដូចជាអប់រំបណ្តុះឥរិយាបថនៃការអត់ឱន ការយោគយល់គ្នា អធ្យាស្រ័យគ្នា និងការផ្សះផ្សា។ រយៈពេលនៃគម្រោង ពីខែមករា ឆ្នាំ២០១៨ ដល់ ខែធ្នូ ២០២២។
សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យដែលនិពន្ធដោយលោក ឌី ខាំបូលី ហើយបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាឯកសារយោងសម្រាប់ប្រើជាគោលក្នុងវគ្គបណ្តុះបណ្តាល និងប្រើប្រាស់ក្នុងការតាក់តែងកិច្ចតែងការបង្រៀនសម្រាប់បំពេញខ្លឹមសារមេរៀន ឬបញ្ជ្រាបខ្លឹមសារប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ក្នុងកម្មវិធីសិក្សារបស់សាលារៀននៅកម្ពុជា។ ការកសាងសៀវភៅណែនាំគ្រូអំពីការបង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងឯកសារជំនួយផ្សេងទៀត ត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃតម្រូវការរបស់គ្រូបង្រៀន។
វិឡាលេខ ១១ ផ្លូវលេខ ២៥៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ប្រទេសកម្ពុជា ១២០២០៧
លេខទូរស័ព្ទ ០១២ ៨៨២ ៥០៥ / ០១២ ៦៩៦ ៩៦១
អុីម៉ែល៖ dccam@online.com.kh
គេហទំព័រ៖ www.dccam.org
©២០២៤ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា