សេចក្តីសម្រចនៅក្នុងសំណុំរឿង០០២/០២ របស់សាលាក្តីខ្មែរក្រហមបានផ្តល់ឱកាសដើម្បីគិត ពិចារណាជាចម្បងទៅលើយុត្តិធម៌ ប៉ុន្តែយើងត្រូវតែទទួលស្គាល់ពីភាពខ្វះខាត និងដែនកំណត់របស់សាលាក្តីនេះ ដោយមិនបានផ្តល់ឱកាសដល់ជនរងគ្រោះជាច្រើនចែករំលែកបទពិសោធន៍ របស់ខ្លួន។
អំពើប្រល័យពូជសាសន៍គឺមិនងាយស្រួលកាត់ទោសនោះទេ។ ការដាក់ទោសទណ្ឌលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទាមទារឲ្យមានមូលដ្ឋានច្បាស់លាស់ រួមមាន “ចេតនា” ក្នុងការសម្លាប់ ការផ្លាស់ទីកន្លែងប្រជាជន ដោយផ្តោតលើហេតុផលអត្តសញ្ញាណក្រុមជាតិ ជាតិពន្ធុ ពូជសាសន៍ ឬសាសនាជាដើម។ សាលាក្តីខ្មែរក្រហមដែលប្រជាជនទូទៅដឹងឮជាផ្លូវការថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) មានយុត្តាធិការកាត់ទោសអំពើប្រល័យពូជសាសន៍លើប្រជាជនដោយផ្តោតលើសាសនា ដូចឧក្រិដ្ឋកម្មដ៏ទៃទៀតដែរ។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាមានយុត្តាធិការដោយព្យាយាមនាំយកជនសង្ស័យដែល បានធ្វើទុកបុកម្នេញលើសាសនាមកកាត់ទោស ដែលច្បាប់នេះស្ថិតនៅក្រោមក្រមព្រហ្មទណ្ឌ ឆ្នាំ១៩៥៦ រួមទាំងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិសម្រាប់ទង្វើទាំងឡាយណាដែលបានប្រព្រឹត្តក្នុងទ្រង់ទ្រាយធំធេង ឬជាប្រព័ន្ធ សំដៅប្រឆាំងទៅនឹងប្រជាជនដោយសារហេតុផលសាសនា។
សាលាក្តីខ្មែរក្រហមមានសិទ្ធិអំណាចនាំយកជនសង្ស័យមកកាត់ទោស ដោយសារការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌អនុលោមតាមអនុសញ្ញាក្រុងឡាអេ ឆ្នាំ១៩៥៤ ដែលចែងអំពីការការពារសម្បត្តិវប្បធម៌នៅក្នុងជម្លោះប្រដាប់អាវុធ។ នៅខណៈពេលដែលកាលៈទេសៈជុំវិញឧក្រិដ្ឋកម្មទាំងនេះត្រូវបានពិភាក្សានៅក្នុងសេចក្តីសម្រចរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទាក់ទងទៅនឹងពុទ្ធសាសនិក និងអ៊ីស្លាមសាសនិកនោះ មិនមានការលើកឡើងអំពីឧក្រិដ្ឋកម្ម ឬសកម្មភាពទាំងឡាយដែលប្រឆាំងនឹងគ្រិស្តសាសនា ឬអ្នកមានជំនឿលើសាសនាគ្រិស្តឡើយ។
នៅចន្លោះពីខែមករា ឆ្នាំ១៩៧៥ ដល់ ខែមេសា ឆ្នាំ១៩៧៩ ខ្មែរក្រហមបានវាយកម្ទេចព្រះវិហារសាសនាគ្រិស្តសំខាន់ជាច្រើន និងបានសម្លាប់គ្រិស្តសាសនិកអស់ជាច្រើននាក់។ ព្រះវិហារកាតូលិកដំបូងនៅទីក្រុងភ្នំពេញ ដែលមានឈ្មោះថា ព្រះមាតា ត្រូវបានវាយបំផ្លាញ និងព្រះវិហារកាតូលិកនៅភ្នំពេញ ដែលអាចផ្ទុកមនុស្សបានរហូតដល់១០.០០០នាក់ ក៏ត្រូវបានដាក់គ្រាប់បែកបំផ្លាញដែរ។ មានរឿងរ៉ាវជាច្រើនពីសម័យនោះដែលបានរៀបរាប់ពីព្រះវិហារគ្រិស្តដែលត្រូវបានបំផ្លាញទាំងស្រុង ហើយមានបុព្វជិតជនជាតិខ្មែរជាច្រើនត្រូវបានសម្លាប់ រួមមាន ចូសេប ច្មារ សាលាស ដែលជាសង្ឃរាជកាតូលិកជនជាតិខ្មែរនៅកម្ពុជា។
សាលាក្តីខ្មែរក្រហមត្រូវបានកម្រិតជាមួយអ្វីដែលសាលាក្តីនេះអាចធ្វើសម្រាប់ជនរងគ្រោះ។ តុលាការឧក្រិដ្ឋកម្មជាទូទៅមិនមានសំណងសម្រាប់ជនរងគ្រោះទេ ហើយសំណងណាមួយដែលសាលាក្តីផ្តល់ឲ្យជារឿយៗគឺជាសំណងបែបនិមិត្តរូបធំធេង។ ការចូលរួមចំណែកយ៉ាងសំខាន់បំផុតដែលតុលាការជាច្រើនបានផ្តល់ឲ្យគឺការបង្កើតឯកតកម្ម។
ឯកតកម្មរបស់តុលាការផ្តល់ឱកាសឲ្យជនរងគ្រោះនិយាយទៅកាន់ជនជាប់ចោទ ទៅកាន់សាធារណៈ និងក្មេងជំនាន់ក្រោយពីបទពិសោធន៍របស់គាត់ដែលបានឆ្លងកាត់របបខ្មែរក្រហម។ សូម្បីតែជនរងគ្រោះដែលមិនអាចនិយាយពីរឿងរ៉ាវរបស់ខ្លួនបាន កំណត់ត្រារបស់តុលាការមានសារសំខាន់ណាស់ ប្រសិនបើសម្រាប់តែគោលបំណងនៃការទទួលស្គាល់ការឈឺចាប់ជារួម។ ការទទួលស្គាល់រឿងរ៉ាវឈឺចាប់ជារួមនៅក្នុងតុលាការផ្តល់នូវការគោរពដល់ជនរងគ្រោះម្នាក់ៗ និងសមាជិកគ្រួសារជនរងគ្រោះដែលនៅរស់រានមានជីវិត ព្រមទាំងផ្តល់ឲ្យអ្នកប្រវត្តិសាស្រ្តជាមួយអំណះអំណាងកាន់តែច្រើនសម្រាប់កិច្ចការងារស្រាវជ្រាវរបស់ខ្លួន ដើម្បីពិព័រនានូវហេតុការណ៍ដែលបានកើតឡើង និងមូលហេតុដែលហេតុការណ៍នោះបានកើត ឡើង។
ប៉ុន្តែវាតែងតែមានតុល្យភាពរវាងការបង្កើនទំហំកំណត់ត្រានៃអ្វីដែលបានកើតឡើង និងមូលហេតុដែលបានកើតឡើងជាមួយនឹងដែនកំណត់នៃប្រភពធនធានរបស់តុលាការ។ សំណួរគឺថាតើយើងគួរអនុញ្ញាតឲ្យការអភិរក្សធនធានរបស់តុលាការ (ឬហេតុផលផ្សេងទៀតណាដែលត្រូវបានផ្តល់ឲ្យ) ដើម្បីអនុញ្ញាតឲ្យមានការបង្ហាញមិនគ្រប់គ្រាន់ ឬការបង្ហាញខុសពីបទពិសោធន៍ពិតប្រាកដរបស់ក្រុមជនរងគ្រោះឬអត់។
ហាក់ដូចជាមានការសង្ស័យតិចតួច ដែលគ្រិស្តសាសនិកត្រូវខ្មែរក្រហមធ្វើទុក្ខមុកម្នេញ។ គ្មានអ្វីដែលគួរឲ្យសង្ស័យឡើយថាគ្រិស្តសាសនាដូចដែលបានបង្ហាញ នៅក្នុងស្ថាបត្យកម្ម ពិធីបុណ្យ និងទំនៀមទម្លាប់ផ្សេងៗទៀតពីអតីតកាលភាគច្រើនបានបាត់បង់ក្នុងសម័យខ្មែរក្រហម។ សំណួរសំខាន់គឺថា តើគ្រិស្តបរិស័ទត្រូវបានកំណត់គោលដៅដោយផ្អែកលើហេតុផលសាសនា ដូចគ្នានឹងពុទ្ធសាសនិក ឬអ៊ីស្លាមសាសនិកដែរឬទេ។ អង្គជំនុំជម្រះបានរកឃើញថាក្រុមមួយចំនួនត្រូវបានខ្មែរក្រហមកំណត់គោលដៅដោយផ្អែកលើភាពខុសគ្នាខាងសាសនា។ អង្គជំនុំជម្រះបានរកឃើញថា ជនជាតិចាមទទួលរងការគាបសង្កត់ចំពោះការអនុវត្តខាងសាសនារបស់ខ្លួន ហើយអ្នកទាំងនេះត្រូវបានធ្វើទុក្ខបុកម្នេញដោយសារជំនឿសាសនា។
អង្គជំនុំជម្រះក៏បានរកឃើញថា ពុទ្ធសាសនិកក៏ត្រូវទទួលរងការធ្វើទុក្ខបុកម្នេញដោយសារការប្រតិបត្តិសាសនាដែរ។ ខណៈពេលដែលអង្គជំនុំជម្រះបានរកឃើញថា ជនជាតិវៀតណាមត្រូវបានកំណត់គោលដៅដោយផ្អែកលើពូជសាសន៍ និងជាតិពន្ធុ អង្គជំនុំជម្រះបែរជាមិនធ្វើការស៊ើបអង្កេត មិនពិភាក្សា ឬឆ្លើយសំណួរណាមួយ ដែលទាក់ទងនឹងការគោរពជំនឿគ្រិស្តសាសនារបស់ជនជាតិវៀតណាមទាំងនេះ ការធ្វើទុក្ខបុកម្នេញទៅលើអ្នកដែលមានជំនឿលើសាសនាគ្រិស្តឡើយ។
ប្រវត្តិសាស្រ្តនៃគ្រិស្តសាសនានៅក្នុងប្រទេសកម្ពុជា មានតាំងពីរាប់រយឆ្នាំមកហើយ។ ក្រុមអ្នកផ្សព្វផ្សាយសាសនាដំបូងបានមកដល់ប្រទេសកម្ពុជានៅសតវត្សរ៍ទី១៦ ហើយអ្នកទាំងនោះបានចូលរួម ឬគាំទ្រការងារផ្នែកសប្បុរសធម៌ ការងារល្អ វប្បធម៌ និងការសិក្សារៀនសូត្រ។ យើងអាចនិយាយបានថា ការខ្វះការយកចិត្តទុកដាក់ចំពោះការប្រព្រឹត្ដមកលើក្រុមគ្រិស្តបរិស័ទគឺអាចផ្អែកទៅលើចំនួនតូចនៃក្រុមគ្រិស្តបរិស័ទដែលមាននៅក្នុងប្រទេសកម្ពុជានៅពេលនោះ។ មានការប៉ាន់ស្មានមួយបង្ហាញថា យ៉ាងហោចណាស់ នៅឆ្នាំ១៩៧០ មានក្រុមកាតូលិកជាង៦០.០០០នាក់ នៅក្នុងប្រទេសកម្ពុជា។
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ប្រទេសកម្ពុជានឹងប្រារព្ធពិធីជាប្រវត្តិសាស្រ្តនៃការបញ្ចប់ចលនាខ្មែរក្រហម។ នៅថ្ងៃនេះ គឺមានរយៈពេល២០ឆ្នាំកន្លងទៅហើយដែល ខៀវ សំផន និង នួន ជា បានរត់គេចពីខ្មែរក្រហម។ នៅថ្ងៃនោះ ខៀវ សំផន បានជំរុញឲ្យប្រជាជនកម្ពុជាចាត់ទុក “រឿងរ៉ាវដែលកន្លងហួស ឲ្យវាហួសទៅចុះ” ទាក់ទងនឹងការស្លាប់របស់ប្រជាជនកម្ពុជាជាងមួយលាននាក់ ហើយ នួន ជា បាននិយាយថា “សូមទុក (ការស្លាប់នេះ) ឲ្យទៅជាប្រវត្តិសាស្រ្ត។ នេះគឺជារឿងចាស់។ សូមទុកវាជារឿងអតីតកាល”។
អតីតកាលមិនដែលស្លាប់នោះទេ។ តាមការពិត អតីតកាលនៅតែបន្តឮ នៅក្នុងអ្វីដែលយើង ដឹង គិត និងធ្វើ។ យើងទាំងអស់គ្នាមានកាតព្វកិច្ចមិនភ្លេចអតីតកាលទេ។ យើងមិនអាចរំពឹងថាតុលាការនឹងទទួលខុសត្រូវទាំងស្រុងក្នុងការកត់ត្រាអតីតកាលនោះទេ។ យើងត្រូវតែបន្តពីចំណុចដែលសាលាក្តីបានចាកចេញពីយើង បានបន្សល់ទុកឲ្យយើង ហើយខិតខំប្រឹងប្រែងដើម្បីធានាឲ្យបានថាប្រវត្តិសាស្ត្រ ដូចដែលបានឃើញតាមរយៈជនរងគ្រោះម្នាក់ៗត្រូវបានថែរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយ។នៅត្រង់ចំណុចដែលកំណត់ត្រារបស់តុលាការមានកម្រិត មិនពេញលេញ ឬមិនគ្រប់គ្រាន់ យើងត្រូវតែផ្តួចផ្តើមដើម្បីការពារប្រវត្តិសាស្រ្តនេះ ដូច្នេះសំឡេងរបស់ជនរងគ្រោះទាំងអស់អាចត្រូវបានឮគ្រប់ពេលវេលា។
លោក ឆាំង យុ គឺជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាអង្គការមិនមែនរដ្ឋាភិបាលឯករាជ្យមួយដែលចងក្រងឯកសារធំបំផុតរបស់ពិភពលោកពីរបបកម្ពុជាប្រជាធិបតេយ្យ។ អង្គការរបស់លោកបានផ្តល់ឯកសារភ័ស្តុតាងជាងកន្លះលានទំព័រទៅឲ្យសាលាក្តីខ្មែរក្រហម។ លោក ឆាំង យុ គឺជាម្ចាស់ពានរង្វាន់ណូបែលអាស៊ី ៖ រ៉ាម៉ុន ម៉ាសេស៍សេស៍ នៅឆ្នាំ២០១៨។