ការចងចាំរបស់ក្មេងម្នាក់ពីការលើកទំនប់ស្អាងកំពង់ជ្រៃ នារបបខ្មែរក្រហម

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ វត្ថុមានតម្លៃដូចជា មាស ប្រាក់ លុយកាក់ ផ្ទះសម្បែង ស្រូវ អង្ករ និង គោក្របីជាដើម ត្រូវប្រមូលដាក់ជាសម្បត្តិរួម។ ទោះបីជារបស់របរទាំងនោះមានតម្លៃថ្លៃ និង ស្រឡាញ់យ៉ាងណាក៏ដោយក៏ប្រជាជនដែលរស់នៅក្នុងរបបខ្មែរក្រហមលែលងគិតថាជារបស់របរមានតម្លៃនិងស្រឡាញ់ដក់ជាប់ក្នុងចិត្តទៀតដែរ។ អ្វីដែលសំខាន់ មានន័យ និងមានតម្លៃបំផុតនោះ គឺជាវត្ថុដែលអាចជួយស្រោចស្រង់អាយុជីវិតឲ្យផុតពីសេចក្តីស្លាប់បាន និងជាវត្ថុអនុស្សាវរីយ៍ដែលបញ្ជាក់ពី   សណ្តានចិត្តរបស់សមាជិកគ្រួសារផ្តល់ឲ្យដើម្បីរស់ ឬជាវត្ថុដែលអាចធ្វើឲ្យជីវិតមានសង្ឃឹម ទោះបីជាស្ថិតក្នុងគ្រាដ៏គ្រោះថ្នាក់យ៉ាងណាក៏ដោយ។ ដូចនេះ របស់របរប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ដែលលេចឡើងពីជីវិតប្រចាំថ្ងៃក្នុងរបបខ្មែរក្រហមសម្រាប់ប្រជាជន គឺជាវត្ថុមានតម្លៃ និងគង់វង់បំផុតនៅក្នុងដួងចិត្តមនុស្សគ្រប់រូបដែលជួបរឿងហេតុនេះ។

ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមត្រជាក់ដ៏រុំារ៉ៃ រហូតឈានដល់ការកើតមានអំពើកាប់សម្លាប់ បង្អត់អាហារ ធ្វើការហួសកម្លាំង បំបែកបំបាក់ក្រុមគ្រួសារ និងកង្វះខាតសេវាសុខភាព។ ជីវិតមនុស្សប្រមាណជាង២លាននាក់បានស្លាប់ក្នុងចន្លោះឆ្នាំ១៩៧៥និង១៩៧៩ ក្រោមការគ្រប់គ្រងអំណាចរបស់ខ្មែរក្រហម។ ទង្វើរទាំងនេះ បានធ្វើឲ្យប្រទេសកម្ពុជាជួបប្រទះនូវវិបត្តិដ៏ធ្ងន់ធ្ងរទាំងសេដ្ឋកិច្ចជាតិ  ចម្បាំងរាំងជល់ សង្គ្រាមឈ្លានពាន និងការកាប់សម្លាប់ប្រជាជនជាតិសាសន៍របស់ខ្លួនយ៉ាងរង្គាល។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រទេសកម្ពុជាបានក្លាយជារបបវាលពិឃាតមួយដ៏ខ្មៅងងឹត។ ជីវិតអ្នកចេះដឹង អ្នករៀនសូត្រ គ្រូបង្រៀន សាស្ត្រាចារ្យ មន្ត្រីរាជ អ្នកជំនួញ និងអ្នកមានជាដើម ត្រូវអង្គការចាត់ទុកជាខ្មាំងដែលត្រូវតាមដាន ឬយកទៅសម្លាប់ចោល។ មានតែប្រជាជនក្រក្រី ល្ងិតល្ងង់ខ្លៅប៉ុណ្ណោះទេ ដែលត្រូវអង្គការទុកចិត្ត។ សម័យ ប៉ុល ពត អង្គការបានកាត់ផ្តាច់ទំនាក់ទំនងរវាងបងប្អូន សាច់ញាតិ និង មិត្តភក្ដិ ព្រោះថាការជួបជុំគ្នានឹងឈានដល់ការបង្កើតគំនិតក្បត់នឹងអង្គការ។ ជីវិតប្រជាជនគ្រប់មជ្ឈដ្ឋានត្រូវបានផ្លាស់ប្ដូរ និងរៀនរស់ដោយគ្មានមនោ       សញ្ចេតនា គ្មានទីពឹង តាមទ្រឹស្តីរបស់អង្គការថា “ខ្លួនទីពឹងខ្លួន” ឬ “សក់នរណា ក្បាលអ្នកហ្នឹង”។ មានតែអង្គការមួយគត់ដែលអ្នកត្រូវបម្រើដោយស្មោះត្រង់។ ក្នុងរយៈពេលជិត៤ឆ្នាំ ប្រជាជនរស់នៅដោយភាពភិតភ័យ និងបារម្ភទាំងយប់ ទាំងថ្ងៃ។ ដើម្បីរក្សាអាយុជីវិតឲ្យបានគង់វង់ មនុស្សទាំងអស់ត្រូវយកគោលការណ៍ “លាក់ការណ៍បានខ្ពស់ រស់បានយូរ” មកដាក់ក្នុងខ្លួន។ រសជាតិនៃការព្រាត់ប្រាស ការជម្លៀស ប្ដីប្រាសព្រាត់ប្រពន្ធ ប្រពន្ធព្រាត់ប្រាសប្ដី កូនកំព្រាឪពុកម្ដាយ ម្ដាយឪពុកបាត់បង់កូន គ្រួសារសាច់ញាត់ត្រូវខ្មែរក្រហមសម្លាប់ “ជីកស្មៅជីកទាំងឫស” គឺនៅតែដិតដាមជាប់ក្នុងសតិអារម្មណ៍ប្រជាជនខ្មែរគ្រប់រូបដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដោយមិនអាចបំភ្លេចបានឡើយ។ អ្នករស់រានមានជីវិតគ្រប់គ្នា មានបន្ទុកលើសពីមួយសម្រាប់ជីវិតរបស់ខ្លួនក្រោយរបបខ្មែរក្រហម។ អ្នកទាំងនោះ ត្រូវមើលថែរក្សាកូនៗ ដោយប្រឹងដើរតួជាម្ដាយផង ជាឪពុកផង និងត្រូវធ្វើកិច្ចការសព្វបែបយ៉ាង ព្រមទាំងត្រូវពុះពាររាល់ឧបសគ្គគ្រប់រឿងរ៉ាវដែលនឹងកើតមានឡើងសម្រាប់ជីវិតប្រចាំថ្ងៃរបស់ខ្លួន។ ជាលទ្ធផល អ្នករស់រានមានជីវិតភាគច្រើន ក្លាយជាមនុស្សដែលមានជម្ងឺមិនមាត់មិនក និងត្រូវរស់រងទុក្ខតែម្នាក់ឯង និងដោយភាពអាថ៌កំបាំងមិនហ៊ានបង្ហើបបង្ហាញពីជីវប្រវត្តិរបស់ខ្លួនប្រាប់នរណាម្នាក់ឡើយ។

ជាក់ស្ដែងលោកយាយ ចាន់ធូ ដែលជាជនរងគ្រោះនៃរបបខ្មែរក្រហមម្នាក់ ត្រូវរងទុក្ខវេទនាយ៉ាងខ្លាំងបំផុតជាមួយកូនតូចៗក្នុងការជម្លៀសចាកចេញពីភូមិអំពិល ដែលខ្លួនធ្លាប់រស់នៅតាំងតែកើតរហូតដល់ធំដឹងក្ដី ទៅកាន់ទីជនបទមួយចំនួនដូចជា ភូមិត្រស់  សំរោង គោកមន ភូមិស្រឹង ពងទឹក និងទីតាំងថ្មីៗមួយចំនួនទៀត អស់រយៈកាលជាង១៦ឆ្នាំ គឺចាប់តាំងពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩១។ លោកយាយមានស្រុកកំណើតនៅក្នុងគ្រួសារមួយមាន ជីវភាពធូរធារ មានឪពុកធ្វើជាមេឃុំ និងមានគោក្របីរាប់រយក្បាល។ ស្ថិតក្រោមការគ្រប់គ្រងរបបខ្មែរក្រហម កម្មាភិបាលថ្នាក់មូលដ្ឋានបានចាប់ខ្លួន និងចងសមាជិកគ្រួសារគាត់ចំនួន១៨នាក់ រួមទាំងឪពុកម្ដាយ បងប្អូន និងប្ដី រួចបណ្ដើរយកទៅសម្លាប់ចោលជាមួយអ្នកស្រុកនៅភូមិដទៃទៀតជាច្រើន។ លោកយាយចាន់ធូ ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រភេទប្រជាជនថ្មី ដែលជាកូនរបស់ខ្មាំងមានសែស្រឡាយជាប់និន្នាការជានាយទុនមូលធននិយម។ ក្រោមមូលហេតុនេះ លោកយាយ ចាន់ធូ ត្រូវខ្មែរក្រហមជម្លៀសចេញពីស្រុកកំណើត ទៅកាន់ទីកន្លែងផ្សេងៗជាច្រើន ចាប់តាំងពីការចូលកាន់កាប់អំណាចរបស់ខ្មែរក្រហម រហូតដល់របបនេះដួលរលំទៅវិញនៅក្នុងឆ្នាំ១៩៧៩។ ទិដ្ឋភាពនៃការជម្លៀសនេះ បានធ្វើឲ្យលោកយាយនឹកឃើញឡើងវិញពីការខ្វះខាតការហូបចុក ការស្លៀកពាក់ ការរស់នៅ និង ការប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកផង។ គាត់ត្រូវទៅរស់នៅកន្លែងឆ្ងាយពីគេឯងដោយសារតែគាត់មានកូនតូចៗដែលតែងតែយំរំខានគេឯង។ ក្រោយឆ្នាំ១៩៧៩ យាយចាន់ធូ បានវិលត្រឡប់មកកាន់ស្រុកកំណើតជួបជុំសាច់ញាតិដែលនៅសេសសល់របស់ខ្លួនវិញ។ នៅក្នុងជំនួបសំណេះសំណាលជាមួយលោកយាយ ចាន់ធូ រឿងរ៉ាវកំសត់នឹកស្មានមិនដល់ និងជីវិតព្យាយាមរបស់លោកយាយ ត្រូវបានបរិយាយប្រាប់យ៉ាងក្បោះក្បាយ ជាពិសេសសាច់រឿងទាក់ទងនឹងកំសៀវអនុស្សាវរីយ៍មួយ ដែលជាវត្ថុផ្តល់កម្លាំងចិត្តដល់គាត់ឲ្យខិតខំព្យាយាមរស់ចិញ្ចឹមកូនៗទាំង៣របស់គាត់រហូតមកដល់សព្វថ្ងៃនេះ។ ដូច្នេះ សំណេរខាងក្រោមនេះ គឺជាការរៀបរាប់ពីវត្ថុអនុស្សវរីយ៍របស់លោកយាយ ចាន់ធូ ដែលក្រោយមកបានក្លាយជាវត្ថុដ៏មានតម្លៃបំផុតសម្រាប់ជីវិតរបស់គាត់។

  1. ព្រឹត្តិការណ៍ជម្លៀស និងវត្ថុមានតម្លៃ​

នៅពេលជម្លៀស កម្មាភិបាលខ្មែរក្រហមបានប្រាប់ប្រជាជនទាំងអស់ថា រាល់វត្ថុដែលមានតម្លៃទាំងអស់ រួមមាន ផ្ទះ វត្ថុប្រើប្រាស់ គ្រឿងអលង្ការ មាស ប្រាក់ ពេជ្រកែវកង ពិទូសូរ្យកាន្ត ស្រូវ អង្ករ គោ ក្របី មាន់ ទា គឺត្រូវប្រមូល និងទុកដាក់ជា  ទ្រព្យសម្បត្តិរួមទាំងអស់។ បើសិនបើមាននរណាម្នាក់ហ៊ានលបលួចឬលាក់របស់របរទាំងនោះទុកជាប់នឹងខ្លួន ឬនៅកន្លែងណាមួយ ហើយត្រូវកម្មាភិបាលខ្មែរក្រហមដឹង នោះអ្នកដែលធ្វើទង្វើរបែបនេះនឹងត្រូវចាប់ខ្លួន រួចបញ្ជូនយកទៅកសាង រៀនសូត្រ ឬសម្លាប់។ ប៉ុន្តែអ្វីដែលអាចយកទៅតាមខ្លួនបាន ហើយត្រូវអង្គការអនុញ្ញាតិ នោះទើបយកទៅជាមួយដោយពុំមានទោសទណ្ឌ។

លោកយាយ ចាន់ធូ បានជ្រើសរើសយកវត្ថុមួយទុកដាក់ជាប់តាមខ្លួនជានិច្ចនោះគឺ កំសៀវ ព្រោះជាកំសៀវអនុស្សាវរីយ៍ដែលបន្សល់ទុកពីប្តីរបស់គាត់មុនពេលស្លាប់។ លោកយាយបានប្រាប់ថា “កំសៀវនេះជាវត្ថុតែមួយគត់ដែលជាកម្លាំងញើសឈាមរបស់ប្ដីខ្ញុំ។ គាត់បានបន្សល់ទុកមុនពេលគាត់ស្លាប់ទៅ ហើយវាមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់ជីវិតកម្សត់កម្រទុរគតរបស់គាត់ ក្នុងស្ថាន ដ៏សែនគ្រោះថ្នាក់មួយនេះ”។  

បន្ទាប់ពីកម្មាភិបាលខ្មែរក្រហមបានរឹបអូសយកទ្រព្យសម្បត្តិ រុះរើផ្ទះសម្បែងរបស់លោកយាយ ចាន់ធូ រួចមក កម្មាភិបាលខ្មែរក្រហមបានអនុញ្ញាតឱ្យលោកយាយថែរក្សាទុកកំសៀវចាស់មួយសម្រាប់ដាំទឹកផឹក។ តែផ្ទុយទៅវិញអ្វីដែលមិននឹកស្មានដល់នោះគឺ កំសៀវមួយនេះអាចធ្វើឱ្យលោកយាយ ចាន់ធូ មានលទ្ធភាពប្រើប្រាស់វាដើម្បីចិញ្ចឹមកូនតូចៗ របស់គាត់ឱ្យបានរស់រានមានជីវិតរហូតដល់សព្វថ្ងៃនេះ។ លោកយាយចាន់ធូ និយាយថា កំសៀវកម្សត់មួយនេះបាននាំសំណាងដល់គាត់និងកូនៗរបស់គាត់ ព្រោះថាវាបានជួយឲ្យជីវិតគ្រួសារគាត់ជៀសផុតពីសេចក្ដីស្លាប់នាសម័យ ប៉ុល ពត។ លោកយាយ ចាន់ធូ បានប្រើប្រាស់កំសៀវចាស់មួយនេះជំនួសធុងសម្រាប់ដាក់ទឹក ដាក់សាច់ ដាក់ត្រី ដាក់អង្ករ ដាក់ដាំទឹកក្ដៅ ធ្វើជាឆ្នាំងដាក់ដាំបាយនិងស្ល និង ជាក្រឡចំហុយថ្នាំជាដើម។ អ្វីដែលជម្រុញឱ្យលោកយាយ ចាន់ធូ សម្រេចយកកំសៀវនេះដាក់តាមខ្លួនជាប់រហូតនោះ គឺព្រោះតែកំសៀវនេះជារបស់ស្រួលយួរ និងជាវត្ថុអនុស្សាវរីយ៍ដែលប្ដីគាត់បានទិញតាំងតែពីជំនាន់ លន់ នល់ មក េម្ល៉ះ។

ប្រជាជនទាំងអស់ គ្មាននរណាម្នាក់មានសិទ្ធិយករបស់របរមានតម្លៃទុកជាប់នឹងខ្លួនឡើយ។ គ្រប់ៗគ្នា អាចដាក់តាមជាប់ខ្លួនបានតែសម្លៀកបំពាក់ប៉ុណ្ណោះ។ នៅពេលដែលប្ដីលោកយាយត្រូវខ្មែរក្រហមនាំយកទៅសម្លាប់ចោល គាត់បានសម្រេចចិត្តទុកកំសៀវមួយនេះរហូតមក ដើម្បីជាការចងចាំ ក៏ដូចជាការនឹករឭកដល់អនុស្សាវរីយ៍អតីតកាលដែលគាត់បានសាងជាមួយប្ដីគាត់។ លោកយាយបាន និយាយថា “នៅពេលណាដែលខ្ញុំនឹកនាដល់ប្ដីខ្ញុំម្ដងៗ ខ្ញុំតែងតែសំឡឹងមើលកំសៀវមួយនេះដោយមនោសញ្ចេតនា សេចក្ដីនឹករឭក អារម្មណ៍អាឡោះអាល័យឥតស្រាកស្រាន្ត ហើយនៅពេលដែលខ្ញុំបានឃើញកំសៀវនេះ គឺហាក់ដូចជាបានឃើញប្ដីខ្ញុំនៅនឹងមុខខ្ញុំអញ្ចឹង” ​​ ក្រៅពីកំសៀវមួយនេះ លោកយាយមិនបានបន្សល់ទុកអ្វីផ្សេងទៀតទេ សូម្បីតែរូបថតមួយសន្លឹក។

លោកយាយ ចាន់ធូ នៅតែមានមនោសញ្ចេតនាជ្រាលជ្រៅចំពោះកំសៀវនេះ ទោះជាពេលវេលាបានកន្លងផុតទៅជិត៤០ឆ្នាំបន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅក៏ដោយ។ “ពីបច្ចុប្បន្នទៅថ្ងៃមុខ ខ្ញុំមិនអាចធ្វើឲ្យបាត់បង់ ឬបោះបង់កំសៀវកម្សត់នេះចោលបានទេ ព្រោះវាជាស្នាដៃរបស់ប្ដីខ្ញុំជាអ្នកទិញ ហើយម្យ៉ាងទៀត វាជាវត្ថុដែលបានជួយចិញ្ចឹមជីវិតកូនឱ្យបានរស់រានមានជីវិតថ្មីចេញពីរបបខ្មែរក្រហម។ ពេលនឹកឃើញដល់ទិដ្ឋភាព អនុស្សាវរីយ៍ទាំងនោះឡើងវិញ កំសៀវនេះពិតជាមានតម្លៃសម្រាប់ខ្ញុំណាស់”។ 

III.កំសៀវ និងជីវិតប្រចាំថ្ងៃក្រោយរបបខ្មែរក្រហមដួលរលំ

បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំទៅនៅខែមករា ឆ្នាំ១៩៧៩ អ្វីដែលនៅដិតដាមក្នុងចិត្តមនុស្សម្នាក់ៗ គឺភាពសោកសង្រេង អារម្មណ៍សោកស្ដាយ ការបែកបាក់គ្រួសារ និងព្រាត់ប្រាសកូនចៅ។ គ្រួសារមួយចំនួនបានបាត់បង់សមាជិកគ្រួសារគ្មានសល់ម្នាក់ឡើយ។  ផ្ទះសម្បែង របស់របរប្រើប្រាស់ គោក្របី មាន់ទា និងទ្រព្យសម្បត្តិផ្សេងៗទៀត ក៏ត្រូវបំផ្លាញនិងហិនហោចគ្មានសល់។ ការរស់នៅត្រូវបានប្រែប្រួលទាំងស្រុង។ ជីវិតត្រូវចាប់ផ្ដើមរៀបចំរៀនរស់សារជាថ្មីម្ដងទៀត ដោយបាតដៃទទេស្អាត។

លោកយាយ ចាន់ធូ បានវិលត្រឡប់មកកាន់ភូមិកំណើតរបស់គាត់វិញ ហើយបានចាប់ផ្ដើមសង់ធ្វើខ្ទមតូចមួយនៅលើទីតាំងទឹកដីកំណើតរបស់គាត់ ហើយរស់នៅជាមួយកូនប្រុសទាំង៣នាក់ ព្រមទាំងកំសៀវចាស់ដែលបន្សល់ទុកពីប្តីរបស់គាត់។ គ្រប់ពេលទាំងអស់ លោកយាយ តែងតែយកចិត្តទុកដាក់ចំពោះការថែទាំកំសៀវ ដូចការថែទាំកូនៗរបស់គាត់អញ្ចឹងដែរ។ យូរៗម្តង លោកយាយបណ្តោយឲ្យកូនប្រុសច្បងរបស់គាត់ ជាអ្នកថែរក្សាជំនួសគាត់។ មិនថាពេលធ្វើដំណើរទៅទីណាទេ កំសៀវមួយនេះតែងទៅជាមួយនិងនៅក្បែរខ្លួនគាត់និងក្រុមគ្រួសារគាត់ជានិច្ច។ កំសៀវនេះ មិនត្រឹមតែជាវត្ថុដ៏មានតម្លៃបំផុតសម្រាប់ជីវិតគ្រួសារលោកយាយ ចាន់ធូ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិម្មិតរូបដែលតែងតែជម្រុញលើកទឹកចិត្តគាត់និងកូនៗឲ្យមានកម្លាំង ចិត្តក្នុងការប្រកបរបរកសិកម្មតទៅទៀតសម្រាប់ជីវិតបច្ចុប្បន្ននិងអនាគត។ លោកយាយ ចាន់ធូ បានប្រើប្រាស់កំសៀវមួយនេះតមករហូតដល់កូនប្រុសរបស់គាត់ទាំង៣ពេញវ័យ រៀបការ និងប្រកបការងាររៀងខ្លួន។ រំឭកដល់កំសៀវអនុស្សាវរីយ៍ លោកយាយបានប្រាប់ថា នៅផ្ទះគាត់ប្រើប្រាស់កំសៀវជាឧបករណ៍ដាក់ដាំទឹកសម្រាប់ហូប។ ពេលទៅស្រែ កំសៀវនេះត្រូវប្រើសម្រាប់ដាក់ដាំបាយ ឬស្ល។ ទម្លាប់នេះ នៅស្ថិតស្ថេរក្នុងជីវិតរបស់លោកយាយ ចាន់ធូ រៀងរហូតមក។ ពេលមួយនោះពេលដែលគាត់ត្រឡប់មកពីស្រែវិញ កំសៀវនេះបានធ្លាក់នៅតាមថ្នល់ ហើយត្រូវគោយន្តកិនបាក់ដៃកំសៀវ។ លោកយាយប្រាប់ថា ពេលនោះជាពេលដែលគាត់ទើបនឹងមានចៅស្រីទី២របស់គាត់។

ថ្វីត្បិតតែកំសៀវនេះជាកំសៀវដែកធម្មតា ប៉ុន្តែបើគ្មានកំសៀវនេះទេ កូនតូចៗរបស់គាត់នឹងដាច់បាយស្លាប់ក្នុងរបប ប៉ុល ពត ជាមិនខានឡើយ។ ពេលខ្លះ អ្នកដើរទិញអេតចាយ បានសុំទិញកំសៀវចាស់នេះពីគាត់។ សព្វថ្ងៃនេះ លោកយាយ ចាន់ធូ មិនត្រឹមតែមិនបោះបង់ ឬទុកកំសៀវនេះចោលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរក្សាវាទុកជាវត្ថុមានតម្លៃបំផុតក្នុងជីវិតរបស់គាត់ ហើយរាល់ពេលដែលគាត់សម្លឹងមើលកំសៀវដ៏កំសត់មួយនេះម្តងៗ គាត់មានអារម្មណ៍នឹកស្រណោះដល់អនុស្សាវរីយ៍កាលពីអតីតកាលជាមួយប្តីកាត និងបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហម ជាពិសេសក្នុងពេលដែលប្តីរបស់គាត់ត្រូវខ្មែរក្រហមយកទៅសម្លាប់ចោល។ ជាមួយនឹងទឹកមុខស្រណោះស្រណោកគ្រាពីអតីតកាល លោកយាយបានប្រាប់ថា គាត់ពិតជាដឹងគុណចំពោះកំសៀវនេះណាស់ ដែលបានចិញ្ចឹមជីវិតទាំងម្តាយទាំងកូនតាំងពីសម័យសង្រ្គាមរហូតមកដល់បច្ចុប្បន្ននេះ។

IV.សារៈប្រយោជន៍នៃការចងចាំក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍

អំពើប្រល័យពូជសាសន៍ក្រោមការដឹកនាំរបស់ ប៉ុល ពត បានកាប់សម្លាប់ប្រជាជនអស់រាប់លាននាក់។ ស្ទើរតែគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា គ្មានទីកន្លែងណាមួយដែលមិនមានមនុស្សស្លាប់នោះទេ ក្នុងរយៈពេលជិត៤ឆ្នាំ (១៩៧៥-១៩៧៩)។ អ្នកដែលនៅរស់រានមានជីវិត ក្រោយរបបខ្មែរក្រហមគ្រប់រូប មានអារម្មណ៍ដិតដាមយ៉ាងស្អិតទៅដោយបទពិសោធន៍ជូរចត់ឆ្លងកាត់របបខ្មែរក្រហមដែលមិនអាចបំភ្លេចបាន ហើយភាពដិតដាមទាំងនេះ ហាក់នៅថ្មីៗនៅក្នុងចិត្តរបស់ខ្លួនដែលមិនអាចលុបជ្រះ។ ការចងចាំពីអតីតកាលទាំងអស់នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការដាស់ តឿនមនុស្សជំនាន់ក្រោយគ្រប់ៗរូប ឱ្យស្វែងយល់ពីលទ្ធផលដែលបានកើតចេញពីសង្គ្រាមនិងអំពើប្រល័យពូជសាសន៍។ សង្គ្រាមបង្កវិនាសកម្មដល់មនុស្សជាតិ និងគ្មានលទ្ធផលល្អសម្រាប់សង្គមទាំង មូលនៅក្រោយសង្រ្គាមផុតរលត់ទៅឡើយ។ ជាក់ស្ដែងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ព្រឹត្តិការណ៍នានាដែលបង្កើតដោយកម្មាភិបាលជាន់ខ្ពស់នៃរបបនេះ សុទ្ធតែបានបំផ្លិចបំផ្លាញភាពជាមនុស្សរបស់ប្រជាជន។ ខ្មែរក្រហមបានបំផ្លាញផ្ទះសម្បែង ស្រែចម្ការ គោក្របី សាលារៀន មន្ទីរពេទ្យ បំបិទសិទ្ធិប្រជាជន បង្កការធ្វើទារុណកម្មដ៏ឃោរឃៅព្រៃផ្សៃ បង្កើតការកាប់សម្លាប់ដោយឥតធម៌មេត្តា បំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវ ថ្នល់ អគារពាណិជ្ជកម្មស្ទើរតែឈប់ដំណើរការទាំងស្រុង បង្អត់អាហារ បំបិទការស្លៀកពាក់ស៊ីវិល័យ  មិនគិតគូរពីការខ្វះខាតថ្នាំព្យាបាល និងបង្ខំឲ្យធ្វើការងារធ្ងន់ធ្ងរឥតព្រំដែនជាដើម។ ទាំងនេះសុទ្ធតែជាអំពើ ឬសកម្មភាពរារាំងដល់ការអភិវឌ្ឍជាតិមាតុភូមិឱ្យរុងរឿងសម្បូរសប្បាយ។ ជាពិសេសជាអំពើប្រឆាំងនឹងមនុស្សជាតិ។

ការចងចាំរបស់លោកយាយ ចាន់ធូ នៅតែជាការចងចាំជាអមតៈ និងគ្មាននរណាអាចធ្វើឲ្យគាត់បំភ្លេចរឿងនេះបានឡើយ។ ការចែករំលែករឿងរ៉ាវជីវិត និងបទពិសោធន៍ជូរចត់របស់លោកយាយ គឺជាមេរៀនជីវិតដ៏មានសារៈសំខាន់បំផុតសម្រាប់ក្មេងៗជំនាន់ក្រោយ ក្នុងការត្រឹះរឹះពិចារណាពីព្រឹត្តិការណ៍នានាដែលបានកើតឡើងចំពោះអ្នករស់រានមានជីវិតដែលជាឪពុកម្តាយ ជីដូនជីតា និងសាច់ញាតិរបស់ខ្លួន។

V.សុក្រិត្យភាពនៃការចងចាំសម្រាប់មេរៀនប្រវត្តិសាស្រ្ត

មនុស្សគ្រប់រូបរមែងតែងមានអតីតកាល អនុស្សាវរីយ៍ ការចងចាំ បទពិសោធន៍ មនោសញ្ចេត នា ខុសប្លែកពីគ្នា។ ក្នុងដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗ តាំងពីថ្ងៃកើតរហូតដល់ស្លាប់ សុទ្ធតែត្រូវឆ្លងកាត់រឿងរ៉ាវច្រើនណាស់ មានទាំងភាពផ្អែមល្ហែម និងភាពជូរចត់។ មនុស្សម្នាក់មានអាយុកាន់តែច្រើន មានចំណេះដឹងពាក់ព័ន្ធនឹងជីវិតនិងព្រឹត្តិការណ៍សង្គម ក៏កាន់តែច្រើនដែរ។ យើងអាចនិយាយបានថា ការចងចាំពីអតីតកាលទាំងនេះគឺជាមជ្ឈមណ្ឌលឯកសារ ឬសាក្សីរស់ដែលត្រូវស្វែងយល់និងផ្សព្វផ្សាយដល់ក្មេងៗជំនាន់ក្រោយ ដើម្បីកុំឲ្យការចងចាំទាំងនេះរលាយទៅតាមអាយុកាលរបស់   មនុស្ស។ ដូច្នេះ រសជាតិជីវិតរបស់ប្រជាជនខ្មែរដែលកំពុងរស់នៅ និងឆ្លងកាត់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យដ៏ខ្មៅងងឹត នឹងក្លាយជាប្រធានបទ ឬមេរៀនដែលពលរដ្ឋខ្មែរគ្រប់រូបត្រូវតែសិក្សាស្វែងយល់ឱ្យបានល្អិតល្អន់ ច្បាស់លាស់ និង ស៊ីជម្រៅបំផុត ដើម្បីបញ្ជៀសការកកើតឡើងនូវសង្គ្រាម ឬគំនុំគំគួន ឬសេចក្ដីវិនាសអន្តរាយទាំងឡាយណា។ តាមរយៈការចងចាំរបស់លោកយាយ ចាន់ធូ យើងគួរតែសិក្សាស្វែងយល់ និងចងចាំទុកពីរឿងរ៉ាវរបស់គាត់ ដែលទាក់ទងនឹងដំណើរជីវិតឆ្លងកាត់សម័យខ្មែរក្រហម ដែលរឿងរ៉ាវទាំងនោះត្រូវបានកត់ត្រាទុកដូចខាងក្រោម៖

  • ខ្មែរក្រហម បានជម្លៀសគ្រួសារគាត់ ចេញពីភូមិឃុំដែលធ្លាប់រស់នៅទៅកាន់ទីកន្លែងថ្មី។
  • ខ្មែរក្រហម បានប្រមូលទ្រព្យសម្បត្តិទាំងអស់របស់គាត់ ដាក់ជាកម្មសិទ្ធិសមូហភាព។
  • ខ្មែរក្រហម បានសម្លាប់ប្តីរបស់គាត់ ដោយសារមូលហេតុមូលធននិយម។
  • ខ្មែរក្រហម បានធ្វើឲ្យកូនៗរបស់គាត់កំព្រាឪពុក។
  • ខ្មែរក្រហម បានបង្ខំគាត់ឱ្យធ្វើការងារស្រែចម្ការ ជីកប្រឡាយ លើកទំនប់ជាទម្ងន់។
  • ខ្មែរក្រហម បានធ្វើឲ្យគ្រួសារគាត់ហូបចុកនិងសម្រាកមិនគ្រប់គ្រាន់។
  • ខ្មែរក្រហម មិនបានផ្តល់សិទ្ធិឲ្យគាត់បានស្លៀកពាក់សមរម្យ។
  • ខ្មែរក្រហម បានធ្វើឲ្យគាត់មើលឃើញពីការរើសអើងគ្នារវាងប្រជាជនថ្មី និងប្រជាជនចាស់។ប្រជាជនគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់ ស្លាប់រស់ស្ថិតនៅលើអង្គការជាអ្នកកំណត់។
  • ខ្មែរក្រហម បានធ្វើឲ្យជីវិតគាត់គ្មានទីពឹង រស់នៅយ៉ាងវេទនា។
  • ខ្មែរក្រហម បានធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហមរបស់គាត់ជួបប្រទះតែការភ័យខ្លាច ទាំងយប់ទាំងថ្ងៃ។
  • ខ្មែរក្រហម បានធ្វើឲ្យក្លាយជាស្រ្តីមេម៉ាយ ទទួលបន្ទុកចិញ្ចឹមកូនទាំង៣តែម្នាក់ឯង។
  • ខ្មែរក្រហម បានបំផ្លាញសុភមង្គលគ្រួសាររបស់គាត់ ដែលតែងតែស្រមៃចង់រស់នៅជួបជុំជាមួយប្តីនិងគ្រួសារយ៉ាងសុខសាន្ត។

VI.សេចក្ដីសន្និដ្ឋានផ្ទាល់ខ្លួន

មេដឹកនាំកម្ពុជាប្រជាធិបតេយ្យ បានដឹកនាំប្រទេសជាតិឈានទៅរកសេចក្ដីវិនាសនិងអន្តរាយ តាមរយៈការផ្សព្វផ្សាយមនោគមន៍វិជ្ជាជ្រុលហួសហេតុរបស់ខ្លួន ដែលចង់ឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសកសិកម្មជឿនលឿនលើលោក។  ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ក្នុងរបបខ្មែរក្រហម មានសំណួរជាច្រើនបានចោទសួរពីមូលហេតុដែលបណ្តាលឲ្យ “ខ្មែរសម្លាប់ខ្មែរ” និង “ហេតុអ្វីបានជាមានសង្គ្រាមឈ្លានពានពីបរទេស”។ ចំណុចទាំងនេះ គឺពុំមានចម្លើយច្បាស់លាស់ឡើយ។ ប៉ុន្តែយើងអាចពិនិត្យពិចារណាពីមូលហេតុដែលនាំឲ្យសភាដកសេចក្ដីទុកចិត្តពីសម្ដេចព្រះ នរោត្តម សីហនុ និង ហេតុអ្វីបានជា សម្ដេចព្រះ នរោត្តម សីហនុ ប្រកាសពីទីក្រុងប៉េកាំងឱ្យប្រជាជនខ្មែររត់ចូលព្រៃម៉ាគី? និងហេតុអ្វី ប៉ុល ពត ស្វែងរកចាប់និងសម្លាប់កម្មាភិបាលរបស់ខ្លួន? ទោះបីជាយ៉ាងណាក៏ដោយ ក៏ការសម្លាប់មនុស្ស និងការធ្វើទារុណកម្មដ៏ព្រៃផ្សៃ និងអមនុស្សធម៌ ពិតជាបានកើតមានឡើងប្រាកដមែននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ត្បិតតែរបបកម្ពុជាប្រជាធិបតេយ្យ បានដួលរលំនៅថ្ងៃទី៧ មករា ១៩៧៩ ពិតមែន ប៉ុន្តែកងទ័ពនិងឥទ្ធិពលរបស់ខ្មែរក្រហមនៅតែមានឯជាយដែនខ្មែរ-ថៃ រហូតដល់ឆ្នាំ ១៩៩១ មុនពេលមានការអន្តរាគមន៍ពីអង្គការសហប្រជាជាតិ ក្នុងការបង្កើតកិច្ចព្រមព្រៀងមួយ ដើម្បីបង្រួបបង្រួមគ្រប់ភាគី តាមរយៈការរៀបចំការបោះឆ្នោតជាតិ ក្នុងឆ្នាំ១៩៩៣។  ចាប់តាំងពីពេលនោះមក របបខ្មែរក្រហមទាំងមូលត្រូវរលាយបន្តិចម្តងៗរហូតដល់បាត់ទាំងស្រុងក្នុងអំឡុងឆ្នាំ១៩៩៨។ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ រស់នៅដោយភាពឯករាជ្យ និងមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការសម្រេចចិត្តធ្វើអ្វីមួយដែលខ្លួនចង់ធ្វើ។

លោកយាយ ចាន់ធូ បានសម្រេចចិត្តថែរក្សាកំសៀវកញ្ចាស់មួយដែលបន្សល់ទុកតាំងពីរបបខ្មែរក្រហម សម្រាប់កំដរជីវិតរបស់គាត់និងកូនៗ ព្រោះគាត់យល់ឃើញថាកំសៀវនេះគឺជាអំណោយរបស់ប្តីគាត់មុននឹងកម្មាភិបាលខ្មែរក្រហម នាំយកប្តីរបស់គាត់ទៅសម្លាប់ចោល។ នៅពេលដែលទ្រព្យសម្បត្តិ ផ្ទះសម្បែង និងអ្វីៗផ្សេងទៀតដែលលោកយាយ ចានធូ មានកាលពីមុនរបបខ្មែរក្រហម ត្រូវបានបំផ្លាញគ្មានសល់ក្នុងរបបខ្មែរក្រហម កំសៀវមួយនេះគឺជាទ្រព្យសម្បត្តិតែមួយគត់ដែលលោកយាយ ចាន់ធូ មាននិងអាចថែរក្សាបាន។ មិនតែប៉ុណ្ណោះ កំសៀវនេះមានតម្លៃមិនអាចកាត់ថ្លៃបានថែមទៀត ព្រោះថាកំសៀវនេះមិនត្រឹមតែជាវត្ថុដ៏មានតម្លៃដែលបន្សល់ទុកពីប្តីរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវត្ថុដែលល្អលើសលុបជាងមនុស្សដែលមានវិចារណញ្ញាណត្រឹមត្រូវ ហើយបែរជាទៅបម្រើឲ្យមនោគមន៍វិជ្ជាកុំម្មុយនីស្តមកកាប់សម្លាប់មនុស្សផ្សេងទៀតដែលគ្មានកំហុស កាលពីក្នុងអំឡុងនៃរបបខ្មែរក្រហម។ លោកយាយ ចាន់ធូ បានប្រើប្រាស់កំសៀវនេះគ្រប់វិធីទាំងអស់ ដើម្បីចិញ្ចឹមជីវិតគាត់និងកូនៗ ទាំងការដាំទឹក ដាំបាយ និង ចំអិនម្ហូបជាដើម។ កំសៀវគឺជាជីវិត។ កំសៀវគឺជាក្តីសង្ឃឹមតែមួយគត់។ កំសៀវគឺជាវត្ថុដែលតំណាងឲ្យវិញ្ញាណប្តីរបស់លោកយាយ។ កំសៀវធ្វើឲ្យលោកយាយសប្បាយចិត្ត និងមានទឹកចិត្តចិញ្ចឹមកូនរហូតដល់ធំពេញវ័យ។ កំសៀវធ្វើឲ្យលោកយាយចងចាំនូវអនុស្សាវរីយ៍ជាច្រើននិងមិនអាចបំភ្លេចបាន។ កំសៀវបានធ្វើឲ្យលោកយាយបន្សល់ទុកនូវចម្ងល់ជាច្រើនរហូតមកដល់សព្វថ្ងៃ។ ឧទាហរណ៍៖ ហេតុអ្វីក៏មានប្រជាជនស្លាប់ច្រើនម្ល៉េះ? ហេតុអ្វីខ្មែរក្រហមសម្លាប់តែអ្នកចេះដឹង មន្ត្រីរាជការ ទាហានដែលបម្រើការពីសង្គមចាស់ ហើយទុកតែជនល្ងង់ខ្លៅ?

ថ្វីត្បិតតែលោកយាយរងនូវភាពអយុត្តិធម៌ពីសង្គមកម្ពុជាប្រជាធិបតេយ្យក៏ពិតមែន ក៏លោកយាយមិនដែលមានចិត្តគំគួននឹងខ្មែរក្រហម ឬចិត្តចង់ទាមទារសំណងអ្វីពីខ្មែរក្រហមដែរ ប៉ុន្តែលោកយាយគ្រាន់តែសង្ឃឹមថា ប្រទេសកម្ពុជានឹងក្លាយជាសង្គមដែលមានសន្តិភាព និងមានការអភិវឌ្ឍន៍ ហើយកូនចៅរបស់គាត់អាចរស់នៅបានសុខសាន្ត។ “រឿងអតីតកាលជារបស់អតីតកាល បើវារំលងហួសហើយឱ្យវាហួសទៅចុះ។ បើរំឭកឡើងវិញមានតែការឈឺចាប់តែប៉ុណ្ណោះ។ អ្វីដែលសំខាន់នោះគឺបច្ចុប្បន្នវាជារឿងចាំបាច់ដែលយើងត្រូវតែនាំគ្នាគិតគូរដោយខានពុំបាន”

VII.យោលបល់សម្រាប់ស្រាវជ្រាវបន្ដ

កិច្ចការស្រាវជ្រាវទៅលើកំសៀវអនុស្សាវរីយ៍ ដែលបន្សល់ទុកតាំងពីមុនរបបខ្មែរក្រហម របស់លោកយាយ ចាន់ធូ គឺជាភស្តុតាងច្បាស់លាស់មួយក្នុងចំណោមភស្តុតាងដែលបានបន្សល់ទុកដោយអ្នករស់រានមានជីវិតរាប់លាននាក់ទៀត នៅក្រោយរបបខ្មែរក្រហមដួលរលំទៅ។ ការស្រាវជ្រាវនេះ បានឆ្លុះបញ្ចាំងពីជីវិតប្រជាជនតែមួយជ្រុងរបស់មនុស្សម្នាក់ ដែលមានប្រវត្តិរឿងរ៉ាវ និងបទពិសោធន៍ជូរចត់រស់នៅក្រោមគំនាបគ្រប់បែបយ៉ាងពីខ្មែរក្រហម ក្នុងទឹកដីខេត្តឧត្តរមានជ័យភាគពាយព្យនៃប្រទេសកម្ពុជា។ ពិតណាស់ថា រឿងរ៉ាវបទពិសោធន៍ដែលបានរៀបរាប់ខាងលើ គឺជារឿងរ៉ាវមួយដែលស្រដៀងគ្នាទៅនឹងរឿងរ៉ាវបទពិសោធន៍របស់អ្នករស់រានមាន ជីវិតដទៃទៀតដែលមិនទានត្រូវបានកត់ត្រាទុក។ ម៉្យាងទៀត រឿងរ៉ាវទាំងនោះនឹងរសាត់ទៅសែនឆ្ងាយពីមនុស្សជំនាន់ក្រោយ ប្រសិនបើយើងមិនអើពើចំពោះការកសាងការចងចាំ ឬការកសាងការសន្ទនាពីមនុស្សជំនាន់មុននិងមនុស្សជំនាន់ក្រោយទេ។

សំណេរនេះ បានបង្ហាញពីទំនាក់ទំនងប្រចាំថ្ងៃរវាងមនុស្សនិងវត្ថុដែលនៅជុំវិញខ្លួន ហើយដែលក្រោយមកទង្វើរនេះក្លាយជាទម្លាប់ និងអនុស្សាវរីយ៍ដែលមិនអាចកាត់ថ្លៃបាន។ ការចែករំលែកការចងចាំរបស់លោកយាយ ចាន់ធូ ត្រូវបានកត់ត្រា ហើយសាច់រឿងនេះនឹងក្លាយជាសាច់រឿងមួយ ដើម្បីបំពេញបន្ថែមទៅលើសាច់រឿងជាច្រើនទៀតដែលបាននិងកំពុងកត់ត្រាដើម្បីការចងចាំ។

នៅមានវត្ថុមានតម្លៃជាច្រើនទៀតដែលមិនមែនជាមាស ពេជ្រ ឬវត្ថុដែលមានតម្លៃថ្លៃៗ ដែលនៅមានបន្សល់ទុកជាមួយជនរងគ្រោះនៃរបបខ្មែរក្រហមរាប់លាននាក់ទៀត ដែលអ្នកទាំងនោះយល់ឃើញថាជាវត្ថុដែលមិនអាចអត់បានក្នុងគ្រាដ៏មានអាសន្នដែលបាន ប្រព្រឹត្តិទៅក្នុងរបបខ្មែរក្រហម។ ដូច្នេះសំណេរមួយនេះ នឹងក្លាយជាប្រធានបទមួយដែលនាំទៅរកការស្រាវជ្រាវបន្ថែមនិងលម្អិត ហើយ ក៏ជាសញ្ញាមួយសម្រាប់អ្នកស្រាវជ្រាវផ្សេងទៀត ឲ្យត្រឹះរឹះពិចារណា ស្រាវជ្រាវពីលក្ខខណ្ធជីវិត និងវត្ថុអនុស្សាវរីយ៍ដែលមានតម្លៃមិនអាចកាត់ថ្លៃបានរបស់ក្រុមមនុស្សដែលមានបទពិសោធន៍ ជីវិតជូរចត់ក្នុងរយៈពេលនៃអំពើប្រល័យពូជសាសន៍។

PAPER OF PRAK SAMBO – EDITED RASY- DCCAM

Facebook
Twitter
LinkedIn
Pinterest