កំសៀវអនុស្សាវរីយ៍ផ្តល់ក្តីសង្ឃឹម

I.សេចក្ដីផ្ដើម

 ​ ​ ​ ​ ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​វត្ថុ​មានតម្លៃ​ដូចជា​ ​មាស​ ​ប្រាក់​ ​លុយកាក់​ ​ផ្ទះសម្បែង​ ​ស្រូវ​ ​អង្ករ​ ​និង​ ​គោក្របី​ជាដើម​ ​ត្រូវ​ប្រមូល​ដាក់ជា​សម្បត្តិ​រួម​។​ ​ទោះបីជា​របស់របរ​ទាំងនោះ​មានតម្លៃ​ថ្លៃ​ ​និង​ ​ស្រឡាញ់​យ៉ាងណាក៏ដោយ​ ​ក៏​ប្រជាជន​ដែល​រស់នៅ​ក្នុង​របប​ខ្មែរក្រហម​លែ​លង​គិតថា​ជា​របស់របរ​មានតម្លៃ​និង​ស្រឡាញ់​ដក់ជាប់​ក្នុងចិត្ត​ទៀត​ដែរ​។​ ​អ្វី​ដែល​សំខាន់​ ​មានន័យ​ ​និង​មានតម្លៃ​បំផុត​នោះ​ ​គឺជា​វត្ថុ​ដែល​អាច​ជួយស្រោចស្រង់​អាយុជីវិត​ឲ្យ​ផុត​ពី​សេចក្តី​ស្លាប់​បាន​ ​និង​ជា​វត្ថុ​អនុស្សាវរីយ៍​ដែល​បញ្ជាក់​ពី​ ​ ​ ​ស​ណ្តាន​ចិត្ត​របស់​សមាជិក​គ្រួសារ​ផ្តល់​ឲ្យ​ដើម្បី​រស់​ ​ឬ​ជា​វត្ថុ​ដែល​អាច​ធ្វើឲ្យ​ជីវិត​មាន​សង្ឃឹម​ ​ទោះបីជា​ស្ថិត​ក្នុង​គ្រា​ដ៏​គ្រោះថ្នាក់​យ៉ាងណាក៏ដោយ​។​ ​ដូចនេះ​ ​របស់របរ​ប្រើប្រាស់​ ​និង​វត្ថុ​អនុស្សាវរីយ៍​ដែល​លេចឡើង​ពី​ជីវិត​ប្រចាំថ្ងៃ​ក្នុង​របប​ខ្មែរក្រហម​សម្រាប់​ប្រជាជន​ ​គឺជា​វត្ថុ​មានតម្លៃ​ ​និង​គង់​វង់​បំផុត​នៅក្នុង​ដួងចិត្ត​មនុស្ស​គ្រប់រូប​ដែល​ជួប​រឿងហេតុ​នេះ​។​

     បន្ទាប់ពីទទួលបានឯករាជ្យពីអាណានិគមបារាំង សង្គ្រាមបានកើតមានឡើងដែលបង្កឲ្យមានការខូចខាតដល់បេតិកភណ្ឌរបស់កម្ពុជា។ បន្ទាប់មកទៀត របបខ្មែរក្រហមបានលេចឡើង ព្រមទាំងបាននាំមកនូវការសម្លាប់រង្គាលនិងភាពចលាចលក្នុងប្រទេស។ ក្នុងអំឡុងពេលនៃការកាន់កាប់ប្រទេស របស់ខ្មែរក្រហម បញ្ញវន្តទាំងឡាយត្រូវបានសម្លាប់យ៉ាងរង្គាលស្ទើរផុតពូជ។ មានតែបុរាណវិទូ និងអ្នកអភិរក្សមួយចំនួនតូចតែប៉ុណ្ណោះដែលបានរស់រានមានជីវិត ដើម្បីជួយដល់ការថែរក្សានិងការពារតំបន់

​     ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៧០​ ​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូលក្នុង​សង្គ្រាម​ត្រជាក់​ដ៏​រុំា​រ៉ៃ​ ​រហូត​ឈាន​ដល់​ការ​កើតមាន​អំពើ​កាប់សម្លាប់​ ​បង្អត់អាហារ​ ​ធ្វើការ​ហួសកម្លាំង​ ​បំបែកបំបាក់​ក្រុម​គ្រួសារ​ ​និង​កង្វះខាត​សេវា​សុខភាព​។​ ​ជីវិត​មនុស្ស​ប្រមាណ​ជាង២លាន​នាក់​បាន​ស្លាប់​ក្នុង​ចន្លោះ​ឆ្នាំ១៩៧៥និង១៩៧៩​ ​ក្រោម​ការគ្រប់គ្រង​អំណាច​របស់​ខ្មែរក្រហម​។​ ​ទង្វើ​រទាំង​នេះ​ ​បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ជួបប្រទះ​នូវ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ទាំង​សេដ្ឋកិច្ច​ជាតិ​ ​ ​ចម្បាំងរាំងជល់​ ​សង្គ្រាម​ឈ្លានពាន​ ​និង​ការ​កាប់សម្លាប់​ប្រជាជន​ជាតិសាសន៍​របស់​ខ្លួន​យ៉ាង​រង្គាល​។​ ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ប្រទេស​កម្ពុជា​បាន​ក្លាយជា​របប​វាល​ពិឃាត​មួយ​ដ៏​ខ្មៅ​ងងឹត​។​ ​ជីវិត​អ្នកចេះដឹង​ ​អ្នករៀន​សូត្រ​ ​គ្រូបង្រៀន​ ​សាស្ត្រា​ចារ្យ​ ​មន្ត្រី​រាជ​ ​អ្នកជំនួញ​ ​និង​អ្នកមាន​ជាដើម​ ​ត្រូវ​អង្គការ​ចាត់ទុកជា​ខ្មាំង​ដែល​ត្រូវ​តាមដាន​ ​ឬ​យក​ទៅ​សម្លាប់ចោល​។​ ​មានតែ​ប្រជាជន​ក្រក្រី​ ​ល្ងិ​ត​ល្ងង់ខ្លៅ​ប៉ុណ្ណោះទេ​ ​ដែល​ត្រូវ​អង្គការ​ទុកចិត្ត​។​ ​សម័យ​ ​ប៉ុល​ ​ពត​ ​អង្គការ​បាន​កាត់​ផ្តាច់​ទំនាក់ទំនង​រវាង​បងប្អូន​ ​សាច់ញាតិ​ ​និង​ ​មិត្តភក្ដិ​ ​ព្រោះថា​ការ​ជួបជុំគ្នា​នឹង​ឈាន​ដល់​ការបង្កើត​គំនិត​ក្បត់​នឹង​អង្គការ​។​ ​ជីវិត​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​ត្រូវ​បាន​ផ្លាស់ប្ដូរ​ ​និង​រៀន​រស់​ដោយ​គ្មាន​មនោ​ ​សញ្ចេតនា​ ​គ្មាន​ទីពឹង​ ​តា​មទ្រឹ​ស្តី​របស់​អង្គការ​ថា​ ​“​ខ្លួនទីពឹងខ្លួន​”​ ​ឬ​ ​“​សក់​នរណា​ ​ក្បាល​អ្នក​ហ្នឹង​”​។​ ​មានតែ​អង្គការ​មួយ​គត់​ដែល​អ្នក​ត្រូវ​បម្រើ​ដោយ​ស្មោះត្រង់​។​ ​ក្នុងរយៈពេល​ជិត៤ឆ្នាំ​ ​ប្រជាជន​រស់នៅ​ដោយ​ភាព​ភិតភ័យ​ ​និង​បារម្ភ​ទាំងយប់​ ​ទាំង​ថ្ងៃ​។​ ​ដើម្បី​រក្សា​អាយុជីវិត​ឲ្យបាន​គង់​វង់​ ​មនុស្ស​ទាំងអស់​ត្រូវ​យក​គោលការណ៍​ ​“​លាក់ការណ៍​បាន​ខ្ពស់​ ​រស់​បាន​យូរ​”​ ​មក​ដាក់​ក្នុង​ខ្លួន​។​ ​រសជាតិ​នៃ​ការ​ព្រាត់ប្រាស​ ​ការ​ជម្លៀស​ ​ប្ដី​ប្រាសព្រាត់​ប្រពន្ធ​ ​ប្រពន្ធ​ព្រាត់ប្រាស​ប្ដី​ ​កូនកំព្រា​ឪពុកម្ដាយ​ ​ម្ដាយ​ឪពុក​បាត់បង់​កូន​ ​គ្រួសារ​សាច់​ញាត់​ត្រូវ​ខ្មែរក្រហម​សម្លាប់​ ​“​ជីក​ស្មៅ​ជីក​ទាំង​ឫស​”​ ​គឺ​នៅតែ​ដិតដាម​ជាប់​ក្នុង​សតិអារម្មណ៍​ប្រជាជន​ខ្មែរ​គ្រប់រូប​ដែល​ជា​អ្នក​រស់រាន​មានជីវិត​ពី​របប​ខ្មែរក្រហម​ ​ដោយ​មិន​អាច​បំភ្លេច​បាន​ឡើយ​។​ ​អ្នក​រស់រាន​មានជីវិត​គ្រប់គ្នា​ ​មាន​បន្ទុក​លើស​ពី​មួយ​សម្រាប់​ជីវិត​របស់​ខ្លួន​ក្រោយ​របប​ខ្មែរក្រហម​។​ ​អ្នក​ទាំងនោះ​ ​ត្រូវ​មើលថែ​រក្សា​កូន​ៗ​ ​ដោយ​ប្រឹង​ដើរតួ​ជា​ម្ដាយ​ផង​ ​ជា​ឪពុក​ផង​ ​និង​ត្រូវ​ធ្វើ​កិច្ចការ​សព្វបែបយ៉ាង​ ​ព្រមទាំង​ត្រូវ​ពុះពារ​រាល់​ឧបសគ្គ​គ្រប់​រឿងរ៉ាវ​ដែល​នឹង​កើតមានឡើង​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់​ខ្លួន​។​ ​ជា​លទ្ធផល​ ​អ្នក​រស់រាន​មានជីវិត​ភាគច្រើន​ ​ក្លាយជា​មនុស្ស​ដែល​មាន​ជម្ងឺ​មិន​មាត់​មិន​ក​ ​និង​ត្រូវ​រស់​រងទុក្ខ​តែម្នាក់ឯង​ ​និង​ដោយ​ភាព​អាថ៌កំបាំង​មិន​ហ៊ាន​បង្ហើប​បង្ហាញ​ពី​ជីវប្រវត្តិ​របស់​ខ្លួន​ប្រាប់​នរណា​ម្នាក់​ឡើយ​។​

     ជាក់ស្ដែង​លោកយាយ​ ​ចាន់​ធូ​ ​ដែល​ជា​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​ម្នាក់​ ​ត្រូវ​រងទុក្ខ​វេទនា​យ៉ាង​ខ្លាំង​បំផុត​ជាមួយ​កូន​តូច​ៗ​ក្នុង​ការ​ជម្លៀស​ចាកចេញ​ពី​ភូមិ​អំពិល​ដែល​ខ្លួន​ធ្លាប់​រស់នៅ​តាំងតែ​កើត​រហូតដល់​ធំដឹងក្ដី​ ​ទៅកាន់​ទី​ជនបទ​មួយចំនួន​ដូចជា​ ​ភូមិ​ត្រស់​ ​ ​សំរោង​ ​គោកមន​ ​ភូមិ​ស្រឹង​ ​ពងទឹក​ ​និង​ទី​តាំង​ថ្មី​ៗ​មួយចំនួន​ទៀត​ ​អស់​រយៈកាល​ជាង១៦ឆ្នាំ​ ​គឺ​ចាប់តាំងពី​ឆ្នាំ១៩៧៥ដល់​ឆ្នាំ១៩៩១​។​ ​លោកយាយ​ ​មាន​ស្រុកកំណើត​នៅក្នុង​គ្រួសារ​មួយ​មាន​ជីវភាព​ធូរធារ​ ​មាន​ឪពុក​ធ្វើជា​មេឃុំ​ ​និង​មាន​គោក្របី​រាប់​រយ​ក្បាល​។​ ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របប​ខ្មែរក្រហម​ ​កម្មាភិបាល​ថ្នាក់​មូលដ្ឋាន​បាន​ចាប់ខ្លួន​ ​និង​ចងស​មា​ជិ​ក​គ្រួសារ​គាត់​ចំនួន១៨នាក់​ ​រួម​ទាំង​ឪពុកម្ដាយ​ ​បងប្អូន​ ​និង​ប្ដី​ ​រួច​បណ្ដើរ​យក​ទៅ​សម្លាប់ចោល​ជាមួយ​អ្នកស្រុក​នៅ​ភូមិ​ដទៃទៀត​ជាច្រើន​។​ ​លោកយាយ​ចាន់​ធូ​ ​ត្រូវ​បាន​ខ្មែរក្រហម​ចាត់ទុកជា​ប្រភេទ​ប្រជាជនថ្មី​ ​ដែល​ជា​កូន​របស់​ខ្មាំង​មាន​សែស្រឡាយ​ជាប់​និន្នាការ​ជា​នាយទុន​មូលធននិយម​។​ ​ក្រោម​មូលហេតុ​នេះ​ ​លោកយាយ​ ​ចាន់​ធូ​ ​ត្រូវ​ខ្មែរក្រហម​ជម្លៀស​ចេញពី​ស្រុកកំណើត​ ​ទៅកាន់​ទី​កន្លែង​ផ្សេង​ៗ​ជាច្រើន​ ​ចាប់តាំងពី​ការ​ចូលកាន់​កាប់​អំណាច​របស់​ខ្មែរក្រហម​ ​រហូតដល់​របប​នេះ​ដួល​រលំ​ទៅវិញ​នៅក្នុង​ឆ្នាំ១៩៧៩​។​ ​ទិដ្ឋភាព​នៃ​ការ​ជម្លៀស​នេះ​ ​បាន​ធ្វើឲ្យ​លោកយាយ​នឹកឃើញ​ឡើងវិញ​ពី​ការ​ខ្វះខាត​ការ​ហូបចុក​ ​ការ​ស្លៀកពាក់​ ​ការរស់នៅ​ ​និង​ ​ការ​ប្រាស្រ័យ​ទាក់ទងគ្នា​ជាមួយ​អ្នកផង​។​ ​គាត់​ត្រូវ​ទៅ​រស់នៅ​កន្លែង​ឆ្ងាយ​ពី​គេឯង​ដោយសារតែ​គាត់​មាន​កូន​តូច​ៗ​ដែល​តែងតែ​យំ​រំខាន​គេឯង​។​ ​ក្រោយ​ឆ្នាំ១៩៧៩​ ​យាយ​ចាន់​ធូ​ ​បាន​វិលត្រឡប់​មកកាន់​ស្រុកកំណើត​ជួបជុំ​សាច់ញាតិ​ដែល​នៅ​សេសសល់​របស់​ខ្លួន​វិញ​។​ ​នៅក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​លោកយាយ​ ​ចាន់​ធូ​ ​រឿងរ៉ាវ​កំសត់​នឹកស្មាន​មិនដល់​ ​និង​ជីវិត​ព្យាយាម​របស់​លោកយាយ​ ​ត្រូវ​បាន​បរិយាយ​ប្រាប់​យ៉ាង​ក្បោះក្បាយ​ ​ជាពិសេស​សាច់រឿង​ទាក់ទង​នឹង​កំសៀវ​អនុស្សាវរីយ៍​មួយ​ ​ដែល​ជា​វត្ថុ​ផ្តល់​កម្លាំងចិត្ត​ដល់​គាត់​ឲ្យ​ខិតខំ​ព្យាយាម​រស់​ចិញ្ចឹម​កូន​ៗ​ទាំង៣របស់​គាត់​រហូតមកដល់​សព្វថ្ងៃ​នេះ​។​ ​ដូច្នេះ​ ​សំណេរ​ខាងក្រោម​នេះ​ ​គឺជា​ការ​រៀបរាប់​ពី​វត្ថុ​អនុ​ស្ស​វរីយ៍​របស់​លោកយាយ​ ​ចាន់​ធូ​ ​ដែល​ក្រោយមក​បាន​ក្លាយជា​វត្ថុ​ដ៏​មានតម្លៃ​បំផុត​សម្រាប់​ជីវិត​របស់​គាត់​។​

១.ព្រឹត្តិការណ៍ជម្លៀស និងវត្ថុមានតម្លៃ

     ​នៅពេល​ជម្លៀស​ ​កម្មាភិបាល​ខ្មែរក្រហម​បាន​ប្រាប់​ប្រជាជន​ទាំងអស់​ថា​ ​រាល់​វត្ថុ​ដែល​មានតម្លៃ​ទាំងអស់​ ​រួមមាន​ ​ផ្ទះ​ ​វត្ថុ​ប្រើប្រាស់​ ​គ្រឿងអលង្ការ​ ​មាស​ ​ប្រាក់​ ​ពេជ្រ​កែវកង​ ​ពិ​ទូ​សូរ្យកាន្ត​ ​ស្រូវ​ ​អង្ករ​ ​គោ​ ​ក្របី​ ​មាន់​ ​ទា​ ​គឺ​ត្រូវ​ប្រមូល​ ​និង​ទុកដាក់​ជា​ ​ ​ទ្រព្យសម្បត្តិ​រួម​ទាំងអស់​។​ ​បើសិន​បើ​មាន​នរណា​ម្នាក់​ហ៊ាន​លប​លួច​ឬ​លាក់​របស់របរ​ទាំងនោះ​ទុក​ជាប់នឹង​ខ្លួន​ ​ឬនៅ​កន្លែងណា​មួយ​ ​ហើយ​ត្រូវ​កម្មាភិបាល​ខ្មែរក្រហម​ដឹង​ ​នោះ​អ្នក​ដែល​ធ្វើ​ទង្វើ​របែ​បនេះ​នឹង​ត្រូវ​ចាប់ខ្លួន​ ​រួច​បញ្ជូន​យកទៅកសាង​ ​រៀនសូត្រ​ ​ឬ​សម្លាប់​។​ ​ប៉ុន្តែ​អ្វី​ដែល​អាចយ​ក​ទៅតាម​ខ្លួន​បាន​ ​ហើយ​ត្រូវ​អង្គការ​អនុញ្ញាតិ​ ​នោះ​ទើប​យក​ទៅជាមួយ​ដោយ​ពុំ​មានទោស​ទណ្ឌ​។​

     ​លោកយាយ​ ​ចាន់​ធូ​ ​បាន​ជ្រើសរើស​យក​វត្ថុ​មួយ​ទុកដាក់​ជាប់​តាម​ខ្លួន​ជានិច្ច​នោះ​គឺ​ ​កំសៀវ​ ​ព្រោះ​ជា​កំសៀវ​អនុស្សាវរីយ៍​ដែល​បន្សល់ទុក​ពី​ប្តី​របស់​គាត់​មុន​ពេល​ស្លាប់​។​ ​លោកយាយ​បាន​ប្រាប់​ថា​ ​“​កំសៀវ​នេះ​ជា​វត្ថុ​តែមួយគត់​ដែល​ជា​កម្លាំង​ញើស​ឈាម​របស់​ប្ដី​ខ្ញុំ​។​ ​គាត់​បាន​បន្សល់ទុក​មុន​ពេល​គាត់​ស្លាប់​ទៅ​ ​ហើយ​វា​មាន​អត្ថ​ប្រយោជន៍​ច្រើនណាស់​សម្រាប់​ជីវិត​កម្សត់កម្រ​ទុរគត​របស់​គាត់​ ​ក្នុង​ស្ថាន​ ​ដ៏​សែន​គ្រោះថ្នាក់​មួយ​នេះ​”​។​ ​ ​

     បន្ទាប់ពី​កម្មាភិបាល​ខ្មែរក្រហម​បាន​រឹបអូស​យក​ទ្រព្យសម្បត្តិ​ ​រុះរើ​ផ្ទះសម្បែង​របស់​លោកយាយ​ ​ចាន់​ធូ​ ​រួចមក​ ​កម្មាភិបាល​ខ្មែរក្រហម​បាន​អនុញ្ញាត​ឱ្យ​លោកយាយ​ថែរក្សា​ទុក​កំសៀវ​ចាស់​មួយ​សម្រាប់​ដាំទឹក​ផឹក​។​ ​តែ​ផ្ទុយទៅវិញ​អ្វី​ដែល​មិន​នឹកស្មាន​ដល់​នោះ​គឺ​ ​កំសៀវ​មួយ​នេះ​អាច​ធ្វើ​ឱ្យ​លោកយាយ​ ​ចាន់​ធូ​ ​មានលទ្ធភាព​ប្រើប្រាស់​វា​ដើម្បី​ចិញ្ចឹម​កូន​តូច​ៗ​ ​របស់​គាត់​ឱ្យ​បាន​រស់រាន​មានជីវិត​រហូតដល់​សព្វថ្ងៃ​នេះ​។​ ​លោកយាយ​ចាន់​ធូ​ ​និយាយ​ថា​ ​កំសៀវ​កម្សត់​មួយ​នេះ​បាន​នាំ​សំណាង​ដល់​គាត់​និង​កូន​ៗ​របស់​គាត់​ ​ព្រោះថា​វា​បាន​ជួយ​ឲ្យ​ជីវិត​គ្រួសារ​គាត់​ជៀស​ផុត​ពី​សេចក្ដីស្លាប់​នា​សម័យ​ ​ប៉ុល​ ​ពត​។​ ​លោកយាយ​ ​ចាន់​ធូ​ ​បាន​ប្រើប្រាស់​កំសៀវ​ចាស់​មួយ​នេះ​ជំនួស​ធុង​សម្រាប់​ដាក់​ទឹក​ ​ដាក់​សាច់​ ​ដាក់​ត្រី​ ​ដាក់​អង្ករ​ ​ដាក់ដាំ​ទឹក​ក្ដៅ​ ​ធ្វើជា​ឆ្នាំង​ដាក់ដាំ​បាយ​និង​ស្ល​ ​និង​ ​ជា​ក្រឡ​ចំហុយ​ថ្នាំ​ជាដើម​។​ ​អ្វី​ដែល​ជ​ម្រុ​ញ​ឱ្យ​លោកយាយ​ ​ចាន់​ធូ​ ​សម្រេច​យក​កំសៀវ​នេះ​ដាក់​តាម​ខ្លួន​ជាប់​រហូត​នោះ​ ​គឺ​ព្រោះតែ​កំសៀវ​នេះ​ជា​របស់​ស្រួល​យួរ​ ​និង​ជា​វត្ថុ​អនុស្សាវរីយ៍​ដែល​ប្ដី​គាត់​បាន​ទិញ​តាំងតែពី​ជំនាន់​ ​លន់​ ​នល់​ ​មក​ ​ម្ល៉េះ​។​

     ប្រជាជន​ទាំងអស់​ ​គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​យក​របស់របរ​មានតម្លៃ​ទុក​ជាប់នឹង​ខ្លួន​ឡើយ​។​ ​គ្រប់​ៗ​គ្នា​ ​អាច​ដាក់​តាម​ជាប់​ខ្លួន​បានតែ​សម្លៀកបំពាក់​ប៉ុណ្ណោះ​។​ ​នៅពេល​ដែល​ប្ដី​លោកយាយ​ត្រូវ​ខ្មែរក្រហម​នាំ​យក​ទៅ​សម្លាប់ចោល​ ​គាត់​បានសម្រេច​ចិត្ត​ទុក​កំសៀវ​មួយ​នេះ​រហូត​មក​ ​ដើម្បី​ជា​ការ​ចងចាំ​ ​ក៏ដូចជា​ការ​នឹក​រឭក​ដល់​អនុស្សាវរីយ៍​អតីតកាល​ដែល​គាត់​បាន​សាង​ជាមួយ​ប្ដី​គាត់​។​ ​លោកយាយ​បាន​ ​និយាយ​ថា​ ​“​នៅពេល​ណា​ដែល​ខ្ញុំ​នឹកនា​ដល់​ប្ដី​ខ្ញុំ​ម្ដង​ៗ​ ​ខ្ញុំ​តែងតែ​សំឡឹង​មើល​កំសៀវ​មួយ​នេះ​ដោយ​មនោសញ្ចេតនា​ ​សេចក្ដី​នឹក​រឭក​ ​អារម្មណ៍​អាឡោះអាល័យ​ឥតស្រាក​ស្រាន្ត​ ​ហើយ​នៅពេល​ដែល​ខ្ញុំ​បានឃើញ​កំសៀវ​នេះ​ ​គឺ​ហាក់ដូចជា​បានឃើញ​ប្ដី​ខ្ញុំ​នៅនឹង​មុខ​ខ្ញុំ​អញ្ចឹង​”​។​ ​ ​ក្រៅពី​កំសៀវ​មួយ​នេះ​ ​លោកយាយ​មិនបាន​បន្សល់ទុក​អ្វី​ផ្សេងទៀត​ទេ​ ​សូម្បីតែ​រូបថត​មួយ​សន្លឹក​។​

     លោកយាយ​ ​ចាន់​ធូ​ ​នៅតែ​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ​ចំពោះ​កំសៀវ​នេះ​ ​ទោះជា​ពេលវេលា​បាន​កន្លង​ផុត​ទៅ​ជិត៤០ឆ្នាំ​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួល​រលំ​ទៅ​ក៏ដោយ​។​ ​“​ពី​បច្ចុប្បន្ន​ទៅ​ថ្ងៃមុខ​ ​ខ្ញុំ​មិន​អាច​ធ្វើឲ្យ​បាត់បង់​ ​ឬ​បោះបង់​កំសៀវ​កម្សត់​នេះ​ចោល​បានទេ​ ​ព្រោះ​វា​ជា​ស្នាដៃ​របស់​ប្ដី​ខ្ញុំ​ជា​អ្នកទិញ​ ​ហើយ​ម្យ៉ាងទៀត​ ​វា​ជា​វត្ថុ​ដែល​បាន​ជួយ​ចិញ្ចឹមជីវិត​កូន​ឱ្យ​បាន​រស់រាន​មានជីវិត​ថ្មី​ចេញពី​របប​ខ្មែរក្រហម​។​ ​ពេល​នឹកឃើញ​ដល់​ទិដ្ឋភាព​ ​អនុស្សាវរីយ៍​ទាំងនោះ​ឡើងវិញ​ ​កំសៀវ​នេះ​ពិតជា​មានតម្លៃ​សម្រាប់​ខ្ញុំ​ណាស់​”​។​

III.កំសៀវ​ ​និង​ជីវិត​ប្រចាំថ្ងៃ​ក្រោយ​របប​ខ្មែរក្រហម​ដួល​រលំ​

     បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួល​រលំ​ទៅ​នៅ​ខែមករា​ ​ឆ្នាំ១៩៧៩​ ​អ្វី​ដែល​នៅ​ដិតដាម​ក្នុងចិត្ត​មនុស្ស​ម្នា​ក់ៗ​ ​គឺ​ភាព​សោកសង្រេង​ ​អារម្មណ៍​សោកស្ដាយ​ ​ការ​បែកបាក់​គ្រួសារ​ ​និង​ព្រាត់ប្រាស​កូនចៅ​។​ ​គ្រួសារ​មួយចំនួន​បាន​បាត់បង់​សមាជិក​គ្រួសារ​គ្មាន​សល់​ម្នាក់​ឡើយ​។​ ​ផ្ទះសម្បែង​ ​របស់របរ​ប្រើប្រាស់​ ​គោក្របី​ ​មាន់ទា​ ​និង​ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ​ទៀត​ ​ក៏​ត្រូវ​បំផ្លាញ​និង​ហិនហោច​គ្មាន​សល់​។​ ​ការរស់នៅ​ត្រូវ​បាន​ប្រែប្រួល​ទាំងស្រុង​។​ ​ជីវិត​ត្រូវ​ចាប់ផ្ដើម​រៀបចំ​រៀន​រស់​សារ​ជាថ្មី​ម្ដងទៀត​ ​ដោយ​បាតដៃ​ទទេ​ស្អាត​។​

     លោកយាយ​ ​ចាន់​ធូ​ ​បាន​វិលត្រឡប់​មកកាន់​ភូមិកំណើត​របស់​គាត់​វិញ​ ​ហើយ​បាន​ចាប់ផ្ដើម​សង់​ធ្វើ​ខ្ទម​តូច​មួយ​នៅ​លើ​ទីតាំង​ទឹកដី​កំណើត​របស់​គាត់​ ​ហើយ​រស់នៅ​ជាមួយ​កូនប្រុស​ទាំង៣នាក់​ ​ព្រមទាំង​កំសៀវ​ចាស់​ដែល​បន្សល់ទុក​ពី​ប្តី​របស់​គាត់​។​ ​គ្រប់ពេល​ទាំងអស់​ ​លោកយាយ​ ​តែងតែ​យកចិត្ត​ទុកដាក់​ចំពោះ​ការថែទាំ​កំសៀវ​ ​ដូច​ការ​ថែ​ទាំ​កូន​ៗ​របស់​គាត់​អញ្ចឹង​ដែរ​។​ ​យូរ​ៗ​ម្តង​ ​លោកយាយ​បណ្តោយ​ឲ្យ​កូនប្រុស​ច្បង​របស់​គាត់​ ​ជា​អ្នកថែរក្សា​ជំនួស​គាត់​។​ ​មិនថា​ពេល​ធ្វើដំណើរ​ទៅ​ទីណា​ទេ​ ​កំសៀវ​មួយ​នេះ​តែង​ទៅជាមួយ​និង​នៅ​ក្បែរ​ខ្លួន​គាត់​និង​ក្រុម​គ្រួសារ​គាត់​ជានិច្ច​។​ ​កំសៀវ​នេះ​ ​មិន​ត្រឹមតែ​ជា​វត្ថុ​ដ៏​មានតម្លៃ​បំផុត​សម្រាប់​ជីវិត​គ្រួសារ​លោកយាយ​ ​ចាន់​ធូ​ ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ថែមទាំង​ជា​និម្មិត​រូប​ដែល​តែងតែ​ជ​ម្រុ​ញ​លើកទឹកចិត្ត​គាត់​និង​កូន​ៗ​ឲ្យមានកម្លាំង​ចិត្ត​ក្នុង​ការ​ប្រកបរបរ​កសិកម្ម​តទៅទៀត​សម្រាប់​ជីវិត​បច្ចុប្បន្ន​និង​អនាគត​។​ ​លោកយាយ​ ​ចាន់​ធូ​ ​បាន​ប្រើប្រាស់​កំសៀវ​មួយ​នេះ​តមក​រហូតដល់​កូនប្រុស​របស់​គាត់​ទាំង៣ពេញវ័យ​ ​រៀបការ​ ​និង​ប្រកបការងារ​រៀងខ្លួន​។​ ​រំឭក​ដល់​កំសៀវ​អនុស្សាវរីយ៍​ ​លោកយាយ​បាន​ប្រាប់​ថា​ ​នៅផ្ទះ​គាត់​ប្រើប្រាស់​កំសៀវ​ជា​ឧបករណ៍​ដាក់ដាំ​ទឹក​សម្រាប់​ហូប​។​ ​ពេល​ទៅ​ស្រែ​ ​កំសៀវ​នេះ​ត្រូវ​ប្រើ​សម្រាប់​ដាក់ដាំ​បាយ​ ​ឬ​ស្ល​។​ ​ទម្លាប់​នេះ​ ​នៅ​ស្ថិតស្ថេរ​ក្នុង​ជីវិត​របស់​លោកយាយ​ ​ចាន់​ធូ​ ​រៀង​រហូត​មក​។​ ​ពេល​មួយ​នោះ​ពេល​ដែល​គាត់​ត្រឡប់​មក​ពី​ស្រែ​វិញ​ ​កំសៀវ​នេះ​បាន​ធ្លាក់​នៅ​តាម​ថ្នល់​ ​ហើយ​ត្រូវ​គោយន្ត​កិន​បាក់ដៃ​កំសៀវ​។​ ​លោកយាយ​ប្រាប់​ថា​ ​ពេលនោះ​ជា​ពេល​ដែល​គាត់ទើប​នឹង​មាន​ចៅស្រី​ទី២របស់​គាត់​។​

     ​ថ្វីត្បិតតែ​កំសៀវ​នេះ​ជា​កំសៀវ​ដែក​ធម្មតា​ ​ប៉ុន្តែ​បើ​គ្មាន​កំសៀវ​នេះ​ទេ​ ​កូន​តូច​ៗ​របស់​គាត់​នឹង​ដាច់​បាយ​ស្លាប់​ក្នុង​របប​ ​ប៉ុល​ ​ពត​ ​ជាមិនខាន​ឡើយ​។​ ​ពេលខ្លះ​ ​អ្នកដើរ​ទិញ​អេតចាយ​ ​បាន​សុំ​ទិញ​កំសៀវ​ចាស់​នេះ​ពី​គាត់​។​ ​សព្វថ្ងៃ​នេះ​ ​លោកយាយ​ ​ចាន់​ធូ​ ​មិន​ត្រឹមតែ​មិន​បោះបង់​ ​ឬ​ទុក​កំសៀវ​នេះ​ចោល​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ថែមទាំង​បាន​រក្សា​វា​ទុកជា​វត្ថុ​មានតម្លៃ​បំផុត​ក្នុង​ជីវិត​របស់​គាត់​ ​ហើយ​រាល់ពេល​ដែល​គាត់​សម្លឹង​មើល​កំសៀវ​ដ៏​កំសត់​មួយ​នេះ​ម្តង​ៗ​ ​គាត់​មាន​អារម្មណ៍​នឹក​ស្រណោះ​ដល់​អនុស្សាវរីយ៍​កាលពី​អតីតកាល​ជាមួយ​ប្តី​កាត​ ​និង​បទពិសោធន៍​ឆ្លងកាត់​របប​ខ្មែរក្រហម​ ​ជាពិសេស​ក្នុង​ពេល​ដែល​ប្តី​របស់​គាត់​ត្រូវ​ខ្មែរក្រហម​យក​ទៅ​សម្លាប់ចោល​។​ ​ជាមួយនឹង​ទឹកមុខ​ស្រណោះ​ស្រណោក​គ្រា​ពីអ​តី​ត​កាល​ ​លោកយាយ​បាន​ប្រាប់​ថា​ ​គាត់​ពិតជា​ដឹងគុណ​ចំពោះ​កំសៀវ​នេះ​ណាស់​ ​ដែល​បាន​ចិញ្ចឹមជីវិត​ទាំង​ម្តាយ​ទាំង​កូន​តាំងពី​សម័យ​សង្រ្គាម​រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

IV.សារៈ​ប្រយោជន៍​នៃ​ការ​ចងចាំ​ក្នុង​ការទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​

     ​អំពើ​ប្រល័យ​ពូជសាសន៍​ក្រោម​ការដឹកនាំ​របស់​ ​ប៉ុល​ ​ពត​ ​បាន​កាប់សម្លាប់​ប្រជាជន​អស់​រាប់​លាន​នាក់​។​ ​ស្ទើរតែ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​ ​គ្មាន​ទីកន្លែង​ណាមួយ​ដែល​មិន​មាន​មនុស្ស​ស្លាប់​នោះ​ទេ​ ​ក្នុងរយៈពេល​ជិត៤ឆ្នាំ​ ​(​១៩៧៥​-​១៩៧៩​)​។​ ​អ្នក​ដែល​នៅ​រស់រាន​មានជីវិត​ ​ក្រោយ​របប​ខ្មែរក្រហម​គ្រប់រូប​ ​មាន​អារម្មណ៍​ដិតដាម​យ៉ាង​ស្អិត​ទៅ​ដោយបទ​ពិសោធន៍​ជូរចត់​ឆ្លងកាត់​របប​ខ្មែរក្រហម​ដែល​មិន​អាច​បំភ្លេច​បាន​ ​ហើយ​ភាព​ដិតដាម​ទាំងនេះ​ ​ហាក់​នៅ​ថ្មី​ៗ​នៅក្នុង​ចិត្ត​របស់​ខ្លួន​ដែល​មិន​អាច​លុប​ជ្រះ​។​ ​ការ​ចងចាំ​ពីអ​តី​ត​កាល​ទាំងអស់​នេះ​ ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ដាស់​ ​តឿន​មនុស្ស​ជំនាន់​ក្រោយ​គ្រប់​ៗ​រូប​ ​ឱ្យ​ស្វែងយល់​ពី​លទ្ធផល​ដែល​បាន​កើត​ចេញពី​សង្គ្រាម​និង​អំពើ​ប្រល័យ​ពូជសាសន៍​។​ ​សង្គ្រាម​បង្ក​វិនាសកម្ម​ដល់​មនុស្សជាតិ​ ​និង​គ្មាន​លទ្ធផល​ល្អ​សម្រាប់​សង្គម​ទាំង​ ​មូល​នៅ​ក្រោយ​សង្រ្គាម​ផុតរលត់​ទៅ​ឡើយ​។​ ​ជាក់ស្ដែង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ព្រឹត្តិ​ការណ៍​នានា​ដែល​បង្កើត​ដោយ​កម្មាភិបាល​ជាន់ខ្ពស់​នៃ​របប​នេះ​ ​សុទ្ធតែ​បាន​បំផ្លិច​បំផ្លាញ​ភាពជា​មនុស្ស​របស់​ប្រជាជន​។​ ​ខ្មែរក្រហម​បាន​បំផ្លាញ​ផ្ទះសម្បែង​ ​ស្រែចម្ការ​ ​គោក្របី​ ​សាលារៀន​ ​មន្ទីរពេទ្យ​ ​បំបិទ​សិទ្ធិ​ប្រជាជន​ ​បង្ក​ការ​ធ្វើទារុណកម្ម​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​ ​បង្កើត​ការ​កាប់សម្លាប់​ដោយ​ឥត​ធម៌​មេត្តា​ ​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ផ្លូវ​ ​ថ្នល់​ ​អគារ​ពាណិជ្ជកម្ម​ស្ទើរតែ​ឈប់​ដំណើរការ​ទាំងស្រុង​ ​បង្អត់អាហារ​ ​បំបិទ​ការ​ស្លៀកពាក់​ស៊ីវិល័យ​ ​មិន​គិតគូរ​ពី​ការ​ខ្វះខាត​ថ្នាំ​ព្យាបាល​ ​និង​បង្ខំឲ្យ​ធ្វើការងារ​ធ្ងន់ធ្ងរ​ឥតព្រំដែន​ជាដើម​។​ ​ទាំងនេះ​សុទ្ធតែ​ជា​អំពើ​ ​ឬ​សកម្មភាព​រារាំង​ដល់​ការ​អភិវឌ្ឍ​ជាតិ​មាតុភូមិ​ឱ្យ​រុងរឿង​សម្បូរសប្បាយ​។​ ​ជាពិសេស​ជា​អំពើ​ប្រឆាំង​នឹង​មនុស្សជាតិ​។​

     ​ការ​ចងចាំ​របស់​លោកយាយ​ ​ចាន់​ធូ​ ​នៅតែ​ជា​ការ​ចងចាំ​ជា​អមតៈ​ ​និង​គ្មាន​នរណា​អាច​ធ្វើឲ្យ​គាត់​បំភ្លេច​រឿង​នេះ​បាន​ឡើយ​។​ ​ការចែក​រំលែក​រឿងរ៉ាវ​ជីវិត​ ​និង​បទពិសោធន៍​ជូរចត់​របស់​លោកយាយ​ ​គឺជា​មេរៀន​ជីវិត​ដ៏​មាន​សារៈសំខាន់​បំផុត​សម្រាប់​ក្មេង​ៗ​ជំនាន់​ក្រោយ​ ​ក្នុង​កា​រត្រឹះ​រឹះ​ពិចារណា​ពី​ព្រឹត្តិ​ការណ៍​នានា​ដែល​បាន​កើតឡើង​ចំពោះ​អ្នក​រស់រាន​មានជីវិត​ដែល​ជា​ឪពុក​ម្តាយ​ ​ជីដូនជីតា​ ​និង​សាច់ញាតិ​របស់​ខ្លួន​។​

V.សុ​ក្រិត្យ​ភាព​នៃ​ការ​ចងចាំ​សម្រាប់​មេរៀន​ប្រវត្តិ​សាស្រ្ត​

     មនុស្ស​គ្រប់រូប​រមែង​តែង​មាន​អតីតកាល​ ​អនុស្សាវរីយ៍​ ​ការ​ចងចាំ​ ​បទពិសោធន៍​ ​មនោ​សញ្ចេ​ត​ ​នា​ ​ខុសប្លែក​ពីគ្នា​។​ ​ក្នុង​ដំណើរ​ជីវិត​របស់​មនុស្សយើង​ម្នា​ក់ៗ​ ​តាំងពី​ថ្ងៃកើត​រហូតដល់​ស្លាប់​ ​សុទ្ធតែ​ត្រូវ​ឆ្លងកាត់​រឿងរ៉ាវ​ច្រើនណាស់​ ​មាន​ទាំង​ភាព​ផ្អែមល្ហែម​ ​និង​ភាព​ជូរចត់​។​ ​មនុស្សម្នាក់​មាន​អាយុ​កាន់តែ​ច្រើន​ ​មានចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​ជីវិត​និង​ព្រឹត្តិ​ការណ៍​សង្គម​ ​ក៏​កាន់តែ​ច្រើន​ដែរ​។​ ​យើង​អាច​និយាយ​បាន​ថា​ ​ការ​ចងចាំ​ពីអ​តី​ត​កាល​ទាំងនេះ​គឺជា​មជ្ឈមណ្ឌល​ឯកសារ​ ​ឬសាក្សី​រស់​ដែល​ត្រូវ​ស្វែងយល់​និង​ផ្សព្វផ្សាយ​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​ ​ដើម្បីកុំឲ្យ​ការ​ចងចាំ​ទាំងនេះ​រលាយ​ទៅតាម​អាយុកាល​របស់​ ​ ​ ​មនុស្ស​។​ ​ដូច្នេះ​ ​រសជាតិ​ជីវិត​របស់​ប្រជាជន​ខ្មែរ​ដែល​កំពុង​រស់នៅ​ ​និង​ឆ្លងកាត់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដ៏​ខ្មៅ​ងងឹត​ ​នឹង​ក្លាយជា​ប្រធានបទ​ ​ឬ​មេរៀន​ដែល​ពលរដ្ឋខ្មែរ​គ្រប់រូប​ត្រូវតែ​សិក្សា​ស្វែងយល់​ឱ្យ​បាន​ល្អិតល្អន់​ ​ច្បាស់លាស់​ ​និង​ ​ស៊ីជម្រៅ​បំផុត​ ​ដើម្បី​បញ្ជៀស​ការ​កកើត​ឡើង​នូវ​សង្គ្រាម​ ​ឬ​គំនុំ​គំ​គួន​ ​ឬ​សេចក្ដីវិនាស​អន្តរាយ​ទាំងឡាយ​ណា​។​ ​តាមរយៈ​ការ​ចងចាំ​របស់​លោកយាយ​ ​ចាន់​ធូ​ ​យើង​គួរតែ​សិក្សា​ស្វែងយល់​ ​និង​ចងចាំ​ទុក​ពី​រឿងរ៉ាវ​របស់​គាត់​ ​ដែល​ទាក់ទង​នឹង​ដំណើរ​ជីវិត​ឆ្លងកាត់​សម័យ​ខ្មែរក្រហម​ ​ដែល​រឿងរ៉ាវ​ទាំងនោះ​ត្រូវ​បាន​កត់ត្រា​ទុក​ដូច​ខាងក្រោម​៖​

  • ខ្មែរក្រហម​ ​បាន​ជម្លៀស​គ្រួសារ​គាត់​ ​ចេញពី​ភូមិ​ឃុំ​ដែល​ធ្លាប់​រស់នៅ​ទៅកាន់​ទីកន្លែង​ថ្មី​។​
  • ​ខ្មែរក្រហម​ ​បាន​ប្រមូល​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​គាត់​ ​ដាក់ជា​កម្មសិទ្ធិសមូហភាព​។​
  • ​ខ្មែរក្រហម​ ​បាន​សម្លាប់​ប្តី​របស់​គាត់​ ​ដោយសារ​មូលហេតុ​មូលធននិយម​។​
  • ​ខ្មែរក្រហម​ ​បាន​ធ្វើ​ឲ្យ​កូន​ៗ​របស់​គាត់​កំព្រាឪពុក​។​
  • ​ខ្មែរក្រហម​ ​បាន​បង្ខំ​គាត់​ឱ្យធ្វើ​ការងារ​ស្រែចម្ការ​ ​ជីក​ប្រឡាយ​ ​លើកទំនប់​ជា​ទម្ងន់​។​
  • ​ខ្មែរក្រហម​ ​បាន​ធ្វើឲ្យ​គ្រួសារ​គាត់​ហូបចុក​និង​សម្រាក​មិន​គ្រប់គ្រាន់​។​
  • ​ខ្មែរក្រហម​ ​មិនបាន​ផ្តល់​សិទ្ធិ​ឲ្យ​គាត់​បាន​ស្លៀកពាក់​សមរម្យ​។​
  • ​ខ្មែរក្រហម​ ​បាន​ធ្វើឲ្យ​គាត់​មើលឃើញ​ពី​ការរើសអើង​គ្នា​រវាង​ប្រជាជនថ្មី​ ​និង​ប្រជាជនចាស់​។​ប្រជាជន​គ្មាន​សិទ្ធិ​សេរីភាព​អ្វី​ទាំងអស់​ ​ស្លាប់រស់​ស្ថិតនៅ​លើ​អង្គការ​ជា​អ្នក​កំណត់​។​
  • ​ខ្មែរក្រហម​ ​បាន​ធ្វើឲ្យ​ជីវិត​គាត់​គ្មាន​ទីពឹង​ ​រស់នៅ​យ៉ាង​វេទនា​។​
  • ​ខ្មែរក្រហម​ ​បាន​ធ្វើឲ្យ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ក្នុង​របប​ខ្មែរក្រហម​របស់​គាត់​ជួបប្រទះ​តែ​ការភ័យខ្លាច​ ​ទាំងយប់​ទាំង​ថ្ងៃ​។​
  • ​ខ្មែរក្រហម​ ​បាន​ធ្វើឲ្យ​ក្លាយជា​ស្រ្តី​មេម៉ាយ​ ​ទទួលបន្ទុក​ចិញ្ចឹម​កូន​ទាំង៣តែម្នាក់ឯង​។​ ​ ​
  • ​ខ្មែរក្រហម​ ​បាន​បំផ្លាញ​សុភមង្គល​គ្រួសារ​របស់​គាត់​ ​ដែល​តែងតែ​ស្រមៃ​ចង់​រស់នៅ​ជួបជុំ​ជាមួយ​ប្តី​និង​គ្រួសារ​យ៉ាង​សុខសាន្ត​។​

VI.សេចក្ដីសន្និដ្ឋាន​ផ្ទាល់ខ្លួន​

     មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ​ ​បាន​ដឹកនាំ​ប្រទេសជាតិ​ឈាន​ទៅ​រក​សេចក្ដីវិនាស​និង​អន្តរាយ​ ​តាមរយៈ​ការ​ផ្សព្វផ្សាយ​មនោគមន៍​វិជ្ជា​ជ្រុល​ហួសហេតុ​របស់​ខ្លួន​ ​ដែល​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​កសិកម្ម​ជឿនលឿន​លើ​លោក​។​ ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​ក្នុង​របប​ខ្មែរក្រហម​ ​មាន​សំណួរ​ជាច្រើន​បាន​ចោទសួរ​ពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ ​“​ខ្មែរ​សម្លាប់​ខ្មែរ​”​ ​និង​ ​“​ហេតុអ្វីបានជា​មាន​សង្គ្រាម​ឈ្លានពាន​ពី​បរទេស​”​។​ ​ចំណុច​ទាំងនេះ​ ​គឺ​ពុំ​មាន​ចម្លើយ​ច្បាស់លាស់​ឡើយ​។​ ​ប៉ុន្តែ​យើង​អាច​ពិនិត្យ​ពិចារណា​ពី​មូលហេតុ​ដែល​នាំឲ្យ​សភា​ដក​សេចក្ដីទុកចិត្ត​ពី​សម្ដេចព្រះ​ ​នរោត្តម​ ​សីហនុ​ ​និង​ ​ហេតុអ្វីបានជា​ ​សម្ដេចព្រះ​ ​នរោត្តម​ ​សីហនុ​ ​ប្រកាស​ពីទី​ក្រុង​ប៉េកាំង​ឱ្យ​ប្រជាជន​ខ្មែរ​រត់​ចូលព្រៃ​ម៉ាគី​?​ ​និង​ហេតុអ្វី​ ​ប៉ុល​ ​ពត​ ​ស្វែងរក​ចាប់​និង​សម្លាប់​កម្មាភិបាល​របស់​ខ្លួន​?​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក៏​ការ​សម្លាប់​មនុស្ស​ ​និង​ការ​ធ្វើទារុណកម្ម​ដ៏​ព្រៃផ្សៃ​ ​និង​អមនុស្សធម៌​ ​ពិតជា​បាន​កើតមានឡើង​ប្រាកដ​មែន​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​ ​ត្បិត​តែ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​បាន​ដួល​រលំ​នៅ​ថ្ងៃទី៧​ ​មករា​ ​១៩៧៩​ ​ពិតមែន​ ​ប៉ុន្តែ​កងទ័ព​និង​ឥទ្ធិពល​របស់​ខ្មែរក្រហម​នៅតែ​មាន​ឯ​ជាយដែន​ខ្មែរ​-​ថៃ​ ​រហូតដល់​ឆ្នាំ​ ​១៩៩១​ ​មុន​ពេល​មានការ​អន្តរាគមន៍​ពី​អង្គការសហប្រជាជាតិ​ ​ក្នុង​ការបង្កើត​កិច្ច​ព្រមព្រៀង​មួយ​ ​ដើម្បី​បង្រួបបង្រួម​គ្រប់​ភាគី​ ​តាមរយៈ​ការរៀបចំ​ការបោះឆ្នោត​ជាតិ​ ​ក្នុង​ឆ្នាំ១៩៩៣​។​ ​ចាប់តាំងពី​ពេលនោះ​មក​ ​របប​ខ្មែរក្រហម​ទាំងមូល​ត្រូវ​រលាយ​បន្តិច​ម្តង​ៗ​រហូតដល់​បាត់​ទាំងស្រុង​ក្នុងអំឡុងឆ្នាំ១៩៩៨​។​ ​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​ ​រស់នៅ​ដោយ​ភាព​ឯករាជ្យ​ ​និង​មាន​សិទ្ធិ​គ្រប់បែបយ៉ាង​ក្នុង​ការសម្រេច​ចិត្ត​ធ្វើអ្វី​មួយ​ដែល​ខ្លួន​ចង់​ធ្វើ​។​

      លោកយាយ ចាន់ធូ បានសម្រេចចិត្តថែរក្សាកំសៀវកញ្ចាស់មួយដែលបន្សល់ទុកតាំងពីរបបខ្មែរក្រហម សម្រាប់កំដរជីវិតរបស់គាត់និងកូនៗ ព្រោះគាត់យល់ឃើញថាកំសៀវនេះគឺជាអំណោយរបស់ប្តីគាត់មុននឹងកម្មាភិបាលខ្មែរក្រហមនាំយកប្តីរបស់គាត់ទៅសម្លាប់ចោល។ នៅពេលដែលទ្រព្យសម្បត្តិ ផ្ទះសម្បែង និងអ្វីៗផ្សេងទៀតដែលលោកយាយ ចានធូ មានកាលពីមុនរបបខ្មែរក្រហម ត្រូវបានបំផ្លាញគ្មានសល់ក្នុងរបបខ្មែរក្រហម កំសៀវមួយនេះគឺជាទ្រព្យសម្បត្តិតែមួយគត់ដែលលោកយាយ ចាន់ធូ មាននិងអាចថែរក្សាបាន។ មិនតែប៉ុណ្ណោះ កំសៀវនេះមានតម្លៃមិនអាចកាត់ថ្លៃបានថែមទៀត ព្រោះថាកំសៀវនេះមិនត្រឹមតែជាវត្ថុដ៏មានតម្លៃដែលបន្សល់ទុកពីប្តីរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវត្ថុដែលល្អលើសលុបជាងមនុស្សដែលមានវិចារណញ្ញាណត្រឹមត្រូវ ហើយបែរជាទៅបម្រើឲ្យមនោគមន៍វិជ្ជាកុំម្មុយនីស្តមកកាប់សម្លាប់មនុស្សផ្សេងទៀតដែលគ្មានកំហុស កាលពីក្នុងអំឡុងនៃរបបខ្មែរក្រហម។ លោកយាយ ចាន់ធូ បានប្រើប្រាស់កំសៀវនេះគ្រប់វិធីទាំងអស់ ដើម្បីចិញ្ចឹមជីវិតគាត់និងកូនៗ ទាំងការដាំទឹក ដាំបាយ និង ចំអិនម្ហូបជាដើម។ កំសៀវគឺជាជីវិត។ កំសៀវគឺជាក្តីសង្ឃឹមតែមួយគត់។ កំសៀវគឺជាវត្ថុដែលតំណាងឲ្យវិញ្ញាណប្តីរបស់លោកយាយ។ កំសៀវធ្វើឲ្យលោកយាយសប្បាយចិត្ត និងមានទឹកចិត្តចិញ្ចឹមកូនរហូតដល់ធំពេញវ័យ។ កំសៀវធ្វើឲ្យលោកយាយចងចាំនូវអនុស្សាវរីយ៍ជាច្រើននិងមិនអាចបំភ្លេចបាន។ កំសៀវបានធ្វើឲ្យលោកយាយបន្សល់ទុកនូវចម្ងល់ជាច្រើនរហូតមកដល់សព្វថ្ងៃ។ ឧទាហរណ៍៖ ហេតុអ្វីក៏មានប្រជាជនស្លាប់ច្រើនម្ល៉េះ? ហេតុអ្វីខ្មែរក្រហមសម្លាប់តែអ្នកចេះដឹង មន្ត្រីរាជការ ទាហានដែលបម្រើការពីសង្គមចាស់ ហើយទុកតែជនល្ងង់ខ្លៅ?

      ថ្វីត្បិតតែលោកយាយរងនូវភាពអយុត្តិធម៌ពីសង្គមកម្ពុជាប្រជាធិបតេយ្យក៏ពិតមែន ក៏លោកយាយមិនដែលមានចិត្តគំគួននឹងខ្មែរក្រហម ឬចិត្តចង់ទាមទារសំណងអ្វីពីខ្មែរក្រហមដែរ ប៉ុន្តែលោកយាយគ្រាន់តែសង្ឃឹមថា ប្រទេសកម្ពុជានឹងក្លាយជាសង្គមដែលមានសន្តិភាព និងមានការអភិវឌ្ឍន៍ ហើយកូនចៅរបស់គាត់អាចរស់នៅបានសុខសាន្ត។ “រឿងអតីតកាលជារបស់អតីតកាល បើវារំលងហួសហើយឱ្យវាហួសទៅចុះ។ បើរំឭកឡើងវិញមានតែការឈឺចាប់តែប៉ុណ្ណោះ។ អ្វីដែលសំខាន់នោះគឺបច្ចុប្បន្នវាជារឿងចាំបាច់ដែលយើងត្រូវតែនាំគ្នាគិតគូរដោយខានពុំបាន”

VII.យោលបល់សម្រាប់ស្រាវជ្រាវបន្ដ

      កិច្ចការស្រាវជ្រាវទៅលើកំសៀវអនុស្សាវរីយ៍ ដែលបន្សល់ទុកតាំងពីមុនរបបខ្មែរក្រហម របស់លោកយាយ ចាន់ធូ គឺជាភស្តុតាងច្បាស់លាស់មួយក្នុងចំណោមភស្តុតាងដែលបានបន្សល់ទុកដោយអ្នករស់រានមានជីវិតរាប់លាននាក់ទៀត នៅក្រោយរបបខ្មែរក្រហមដួលរលំទៅ។ ការស្រាវជ្រាវនេះ បានឆ្លុះបញ្ចាំងពីជីវិតប្រជាជនតែមួយជ្រុងរបស់មនុស្សម្នាក់ ដែលមានប្រវត្តិរឿងរ៉ាវ និងបទពិសោធន៍ជូរចត់រស់នៅក្រោមគំនាបគ្រប់បែបយ៉ាងពីខ្មែរក្រហម ក្នុងទឹកដីខេត្តឧត្តរមានជ័យភាគពាយព្យនៃប្រទេសកម្ពុជា។ ពិតណាស់ថា រឿងរ៉ាវបទពិសោធន៍ដែលបានរៀបរាប់ខាងលើ គឺជារឿងរ៉ាវមួយដែលស្រដៀងគ្នាទៅនឹងរឿងរ៉ាវបទពិសោធន៍របស់អ្នករស់រានមានជីវិតដទៃទៀតដែលមិនទានត្រូវបានកត់ត្រាទុក។ ម៉្យាងទៀត រឿងរ៉ាវទាំងនោះនឹងរសាត់ទៅសែនឆ្ងាយពីមនុស្សជំនាន់ក្រោយ ប្រសិនបើយើងមិនអើពើចំពោះការកសាងការចងចាំ ឬការកសាងការសន្ទនាពីមនុស្សជំនាន់មុននិងមនុស្សជំនាន់ក្រោយទេ។

      សំណេរនេះ បានបង្ហាញពីទំនាក់ទំនងប្រចាំថ្ងៃរវាងមនុស្សនិងវត្ថុដែលនៅជុំវិញខ្លួន ហើយដែលក្រោយមកទង្វើរនេះក្លាយជាទម្លាប់ និងអនុស្សាវរីយ៍ដែលមិនអាចកាត់ថ្លៃបាន។ ការចែករំលែកការចងចាំរបស់លោកយាយ ចាន់ធូ ត្រូវបានកត់ត្រា ហើយសាច់រឿងនេះនឹងក្លាយជាសាច់រឿងមួយ ដើម្បីបំពេញបន្ថែមទៅលើសាច់រឿងជាច្រើនទៀតដែលបាននិងកំពុងកត់ត្រាដើម្បីការចងចាំ។

      នៅមានវត្ថុមានតម្លៃជាច្រើនទៀតដែលមិនមែនជាមាស ពេជ្រ ឬវត្ថុដែលមានតម្លៃថ្លៃៗ ដែលនៅមានបន្សល់ទុកជាមួយជនរងគ្រោះនៃរបបខ្មែរក្រហមរាប់លាននាក់ទៀត ដែលអ្នកទាំងនោះយល់ឃើញថាជាវត្ថុដែលមិនអាចអត់បានក្នុងគ្រាដ៏មានអាសន្នដែលបានប្រព្រឹត្តិទៅក្នុងរបបខ្មែរក្រហម។ ដូច្នេះសំណេរមួយនេះ នឹងក្លាយជាប្រធានបទមួយដែលនាំទៅរកការស្រាវជ្រាវបន្ថែមនិងលម្អិត ហើយ ក៏ជាសញ្ញាមួយសម្រាប់អ្នកស្រាវជ្រាវផ្សេងទៀត ឲ្យត្រឹះរឹះពិចារណា ស្រាវជ្រាវពីលក្ខខណ្ធជីវិត និងវត្ថុអនុស្សាវរីយ៍ដែលមានតម្លៃមិនអាចកាត់ថ្លៃបានរបស់ក្រុមមនុស្សដែលមានបទពិសោធន៍ជីវិតជូរចត់ក្នុងរយៈពេលនៃអំពើប្រល័យពូជសាសន៍។

PAPER OF PRAK SAMBO – EDITED RASY- DCCAM