មជ្ឈមណ្ឌលឯកសារភូមិភាគបូព៌ា ផ្តល់ដល់សាធារណៈនូវប្រភពឯកសារខ្មែរក្រហមជាច្រើនក្នុងភូមិភាគបូព៌ា។ ឯកសារ និងរូបថតជាច្រើន បង្ហាញពីជីវិតរបស់ សោ ភឹម ដែលជាលេខាភូមិភាគបូព៌ានៃបក្សកុម្មុយនិស្តកម្ពុជា ព្រមទាំងខ្សែភាពយន្តដ៏កម្រស្តីពីការចុះចូលជាមួយវៀតណាម បន្ទាប់ពីការធ្វើអត្តឃាតរបស់ សោ ភឹម ក្នុងឆ្នាំ១៩៧៨។ រូបថតចំពីមុខរបស់ជនរងគ្រោះនៅក្នុងតំបន់នានា និងផែនទីភូមិសាស្ត្ររបស់ភូមិភាគបូព៌ា ក៏មានដាក់តាំងបង្ហាញដែរ។ ផ្ទាំងរូបថតដ៏ធំមួយស្ដីពីគម្រោងធារាសាស្ត្រដ៏សម្បើមទី២របស់ខ្មែរក្រហម បង្ហាញពីការធ្វើការហួសកម្លាំង និងទុក្ខវេទនារបស់ប្រជាជន។ មជ្ឈមណ្ឌលឯកសារភូមិភាគបូព៌ា ដែលមានកុំព្យូទ័រសម្រាប់ប្រើប្រាស់ក្នុងកិច្ចការស្រាវជ្រាវផងនោះ គឺត្រូវបានបើកឲ្យដំណើរការដល់សាធារណៈជនទូទៅ។